ជំពូក ១៦

សង្គ្រាម​រវាង​ព្រះ‌បាទ​អសា និង​ព្រះ‌បាទ​បាសា ស្តេច​ស្រុក​អ៊ីស្រា‌អែល
(១​ពង្សា‌វតារ‌ក្សត្រ ១៥.១៦-២២)

1 នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌មួយ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អសា ព្រះ‌បាទ​បាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល លើក​ទ័ព​មក​វាយ​ស្រុក​យូដា ហើយ​សង់​កំពែង​ជុំ‌វិញ​ក្រុង​រ៉ាម៉ា ដើម្បី​កុំ​ឲ្យ​ប្រជាជន​របស់​ព្រះ‌បាទ​អសា ជា​ស្តេច​ស្រុក​យូដា អាច​ចេញ​ចូល​បាន។ 2 ព្រះ‌បាទ​អសា​យក​មាស ប្រាក់ ពី​ក្នុង​ឃ្លាំង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​នៅ​ក្នុង​ឃ្លាំង​ព្រះ‌រាជ‌វាំង ហើយ​ចាត់​គេ​ឲ្យ​យក​ទៅ​ថ្វាយ​ព្រះ‌បាទ​បេន-‌ហាដាឌ ជា​ស្តេច​ស្រុក​ស៊ីរី ដែល​គង់​នៅ​ក្រុង​ដាម៉ាស ដោយ​ទូល​ថា៖ 3 «ទូល‌បង្គំ​សូម​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ព្រះ‌ករុណា ដូច​បិតា​របស់​ទូល‌បង្គំ​បាន​ចង​ជា​មួយ​បិតា​របស់​ព្រះ‌ករុណា​ដែរ។ ទូល‌បង្គំ​សូម​ផ្ញើ​មាស និង​ប្រាក់​នេះ មក​ថ្វាយ​ព្រះ‌ករុណា។ សូម​ព្រះ‌ករុណា​ផ្ដាច់​ចំណង​សម្ពន្ធ‌មិត្ត​ជា​មួយ​បាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ទៅ ដើម្បី​កុំ​ឲ្យ​ស្តេច​នោះ​ឡើង​មក​វាយ​ទូល‌បង្គំ​ទៀត»។ 4 ព្រះ‌បាទ​បេន-‌ហាដាឌ​យល់​ព្រម​តាម​សំណូម​ពរ​របស់​ព្រះ‌បាទ​អសា ហើយ​ចាត់​មេ‌ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​នានា​របស់​ស្រុក​អ៊ីស្រា‌អែល។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-‌ម៉ាអ៊ីម និង​ក្រុង​ទាំង​ប៉ុន្មាន ព្រម​ទាំង​កន្លែង​ផ្ទុក​ស្បៀង នៅ​ស្រុក​ណែបថា‌លី។ 5 កាល​ព្រះ‌បាទ​បាសា​ជ្រាប​ពី​ដំណឹង​នេះ ទ្រង់​ក៏​ឈប់​សង់​កំពែង​ក្រុង​រ៉ាម៉ា គឺ​ព្រះ‌អង្គ​ផ្អាក​កិច្ច‌ការ​ទាំង​អស់។
6 ពេល​នោះ ព្រះ‌បាទ​អសា​បាន​កេណ្ឌ​ជន​ជាតិ​យូដា​ទាំង​មូល​ឲ្យ​ជញ្ជូន​ថ្ម និង​ឈើ ដែល​ព្រះ‌បាទ​បាសា​ប្រើ‌ប្រាស់​សម្រាប់​សង់​កំពែង​ក្រុង​រ៉ាម៉ា។ ស្តេច​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​កំពែង​ក្រុង​កេបា និង​ក្រុង​មីសប៉ា។

ព្រះ‌បាទ​អសា​ឃុំ‌ឃាំង​ព្យាការី​ហាណានី

7 នៅ​គ្រា​នោះ លោក​ហាណានី ជា​គ្រូ​ទាយ ចូល​ទៅ​គាល់​ព្រះ‌បាទ អសា​ស្តេច​ស្រុក​យូដា ទូល​ថា៖ «ដោយ​ព្រះ‌ករុណា​ពឹង​ផ្អែក​លើ​ស្តេច​ស្រុក​ស៊ីរី គឺ​ពុំ​បាន​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា​ទេ​នោះ កង‌ទ័ព​របស់​ស្តេច​ស្រុក​ស៊ីរី​បាន​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា។ 8 កាល​ជន​ជាតិ​អេត្យូពី និង​ជន​ជាតិ​លីប៊ី លើក​ទ័ព​មក​ជា​មួយ​គ្នា ទោះ​បី​ពួក​គេ​មាន​ពល‌ទ័ព រទេះ​ចម្បាំង និង​ទ័ព‌សេះ ច្រើន​ឥត​គណនា​ក្តី ក៏​ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ដែរ ដ្បិត​ព្រះ‌ករុណា​បាន​ពឹង​ផ្អែក​លើ​ព្រះ‌អង្គ។ 9 ព្រះ‌អម្ចាស់​រំពៃ​មើល​មក​ផែន‌ដី​ទាំង​មូល ដើម្បី​គាំ‌ទ្រ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ លើក​នេះ ព្រះ‌ករុណា​ប្រព្រឹត្ត​ដោយ​គ្មាន​វិចារណ‌ញ្ញាណ។ ដូច្នេះ ចាប់​ពី​ពេល​នេះ​ទៅ ព្រះ‌ករុណា​ជួប​ប្រទះ​តែ​នឹង​សង្គ្រាម​ជា‌និច្ច»។
10 ព្រះ‌បាទ​អសា​ខ្ញាល់​នឹង​គ្រូ​ទាយ​ជា​ខ្លាំង ព្រះ‌អង្គ​ក៏​ឲ្យ​គេ​យក​លោក​ទៅ​ឃុំ‌ឃាំង ដ្បិត​ពាក្យ​របស់​លោក​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ក្រេវ‌ក្រោធ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ព្រះ‌បាទ​អសា​សង្កត់‌សង្កិន​ប្រជាជន​មួយ​ចំនួន។

ព្រះ‌បាទ​អសា​សោយ​ទិវង្គត
(១​ពង្សា‌វតារ‌ក្សត្រ ១៥.២៣-២៤)

11 រាជ‌កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​អសា ចាប់​ពី​ដើម​រហូត​ដល់​ចុង​បញ្ចប់ មាន​កត់‌ត្រា​ទុក​នៅ​ក្នុង​ក្រាំង​របស់​ស្តេច​ស្រុក​យូដា និង​ស្តេច​ស្រុក​អ៊ីស្រា‌អែល។ 12 នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បួន​នៃ​រជ្ជ‌កាល​របស់​ស្តេច ស្ដេច​កើត​រោគា​យ៉ាង​ធ្ងន់​នៅ​ព្រះ‌បាទា ប៉ុន្តែ ទោះ​បី​ស្ដេច​ប្រឈួន​យ៉ាង​នេះ​ក្តី ក៏​ស្ដេច​ពុំ​បាន​ទូល‌អង្វរ​សូម​ព្រះ‌អម្ចាស់​ជួយ​ដែរ គឺ​ស្ដេច​បែរ​ជា​រក​គ្រូ​ពេទ្យ​ព្យាបាល​ទៅ​វិញ។ 13 ព្រះ‌បាទ​អសា​សោយ​ទិវង្គត ទៅ​ជួប‌ជុំ​នឹង​ពួក​អយ្យកោ នៅ​ឆ្នាំ​ទី​សែ‌សិប​មួយ​នៃ​រជ្ជ‌កាល​របស់​ស្តេច។ 14 គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​មួយ ដែល​ព្រះ‌អង្គ​បាន​ឲ្យ​គេ​ជីក​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ គេ​តម្កល់​សព​របស់​ស្តេច​លើ​គ្រែ​មួយ ដោយ​មាន​អប់​គ្រឿង​ក្រអូប​ដែល​រៀប‌ចំ​ឡើង តាម​ក្បួន​តម្រា​របស់​អ្នក​អប់​សព ហើយ​គេ​ក៏​បាន​ដុត​គ្រឿង​ក្រអូប​យ៉ាង​ច្រើន ដើម្បី​ទុក​ជា​គារវ‌កិច្ច​ចំពោះ​ស្តេច។