ជំពូក ២២
ព្រះបាទអហាស៊ីយ៉ាសោយរាជ្យនៅស្រុកយូដា
(២ពង្សាវតារក្សត្រ ៨.២៥-២៩, ៩.២១-២៩)
1 ប្រជាជននៅក្រុងយេរូសាឡឹមនាំគ្នាលើកសម្តេចអហាស៊ីយ៉ា ជាបុត្រពៅរបស់ព្រះបាទយ៉ូរ៉ាម ឲ្យឡើងស្នងរាជ្យបិតា ដ្បិតបុត្របងៗត្រូវជនជាតិអារ៉ាប់សម្លាប់អស់ នៅពេលពួកគេមកលុកលុយស្រុក។ ហេតុនេះហើយបានជាព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូរ៉ាម ឡើងសោយរាជ្យលើស្រុកយូដា។ 2 ព្រះបាទអហាស៊ីយ៉ាឡើងសោយរាជ្យក្នុងជន្មាយុម្ភៃព្រះវស្សា ព្រះអង្គសោយរាជ្យបានមួយឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថា អថាលី ជាចៅរបស់ព្រះបាទអូមរី។ 3 ព្រះបាទអហាស៊ីយ៉ាក៏បានដើរតាមផ្លូវរបស់រាជវង្សព្រះបាទអខាប់ដែរ ដ្បិតមាតាជួយគំនិតស្តេចឲ្យប្រព្រឹត្តអំពើអាក្រក់។ 4 ស្តេចប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាង មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចរាជវង្សរបស់ព្រះបាទអខាប់ដែរ ដ្បិតក្រោយពេលបិតាសោយទិវង្គត រាជវង្សរបស់ព្រះបាទអខាប់ជួយគំនិតព្រះបាទអហាស៊ីយ៉ា ដែលជំរុញឲ្យស្តេចត្រូវវិនាស។ 5 ស្តេចធ្វើតាមយោបល់របស់ពួកគេ ហើយចូលដៃជាមួយព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទអខាប់ ស្តេចស្រុកអ៊ីស្រាអែល ចេញទៅច្បាំងនឹងព្រះបាទហាសាអែល ជាស្តេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ ពេលនោះ កងទ័ពស៊ីរីវាយព្រះបាទយ៉ូរ៉ាមរបួស។ 6 ព្រះបាទយ៉ូរ៉ាមត្រឡប់មកក្រុងយីសរេអែលវិញ ដើម្បីព្យាបាលរបួសដែលកងទ័ពស៊ីរីបានវាយ នៅក្រុងរ៉ាម៉ា ក្នុងពេលស្តេចប្រយុទ្ធជាមួយព្រះបាទហាសាអែល ស្តេចស្រុកស៊ីរី។ ពេលនោះ ព្រះបាទអហាស៊ីយ៉ា ជាបុត្រព្រះបាទយ៉ូរ៉ាម ស្តេចស្រុកយូដា យាងចុះទៅក្រុងយីសរេអែល សួរសុខទុក្ខព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទអខាប់ដែលកំពុងតែប្រឈួនយ៉ាងខ្លាំង។
7 ព្រះបាទអហាស៊ីយ៉ាយាងទៅសួរសុខទុក្ខព្រះបាទយ៉ូរ៉ាមដូច្នេះ មកពីព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើឲ្យព្រះបាទអហាស៊ីយ៉ាវិនាស។ ពេលទៅដល់ ព្រះបាទអហាស៊ីយ៉ាយាងទៅជាមួយព្រះបាទយ៉ូរ៉ាម ដើម្បីជួបនឹងលោកយេហ៊ូ ជាកូនរបស់លោកនីមស៊ី។ មុននោះ ព្រះអម្ចាស់បានចាក់ប្រេងអភិសេកលោកយេហ៊ូជាស្តេច ដើម្បីឲ្យលោករំលាយរាជវង្សព្រះបាទអខាប់។ 8 លោកយេហ៊ូធ្វើទោសរាជវង្សព្រះបាទអខាប់ ថ្វាយព្រះជាម្ចាស់ ហើយពេលលោកជួបពួកមន្ត្រីរបស់ជនជាតិយូដា ព្រមទាំងក្មួយៗរបស់ព្រះបាទអហាស៊ីយ៉ា ដែលជារាជបម្រើរបស់ស្តេច នោះលោកក៏ប្រហារជីវិតពួកគេទាំងអស់គ្នា។ 9 លោកយេហ៊ូឲ្យគេតាមរកព្រះបាទអហាស៊ីយ៉ា ហើយគេចាប់ស្តេចបាននៅក្រុងសាម៉ារី ព្រោះស្តេចពួននៅទីនោះ។ គេនាំស្តេចទៅជួបលោកយេហ៊ូ ហើយលោកក៏ធ្វើគុតស្តេចទៅ។ បន្ទាប់មក គេធ្វើពិធីបញ្ចុះសពស្តេច ដ្បិតគេគិតថា ស្តេចត្រូវជារាជវង្សរបស់ព្រះបាទយ៉ូសាផាត ដែលស្វែងរកព្រះអម្ចាស់យ៉ាងអស់ពីចិត្ត។ នៅក្នុងរាជវង្សរបស់ព្រះបាទអហាស៊ីយ៉ា គ្មាននរណាម្នាក់មានសមត្ថភាពអាចនឹងឡើងគ្រងរាជ្យឡើយ។
ព្រះនាងអថាលីដណ្ដើមអំណាចនៅក្រុងយេរូសាឡឹម
(២ពង្សាវតារក្សត្រ ១១.១-៣)
10 កាលព្រះនាងអថាលី ជាមាតារបស់ព្រះបាទអហាស៊ីយ៉ា ជ្រាបថា ព្រះរាជបុត្រសោយទិវង្គតហើយ ព្រះនាងសម្រេចចិត្តប្រល័យពូជពង្សទាំងអស់របស់ស្តេចស្រុកយូដា។ 11 ពេលនោះ ម្ចាស់ក្សត្រិយ៍យេហូសេបាបានយកព្រះអង្គម្ចាស់យ៉ូអាស ជាបុត្រារបស់ព្រះបាទអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្តេច ដែលត្រូវគេសម្លាប់នោះ ទៅលាក់ទុក។ ព្រះនាងបាននាំបុត្រនោះ ព្រមទាំងមេដោះទៅលាក់នៅបន្ទប់ដេកមួយ ក្នុងព្រះវិហារនៅជាមួយផង។ ម្ចាស់ក្សត្រិយ៍យេហូសេបា ជាបុត្រីរបស់ព្រះបាទយ៉ូរ៉ាម និងជាអនុជរបស់ព្រះបាទអហាស៊ីយ៉ា ហើយត្រូវជាភរិយារបស់លោកបូជាចារ្យយេហូយ៉ាដា បានលាក់រាជកុមារនោះ មិនឲ្យព្រះនាងអថាលីឃើញ ដូច្នេះ រាជកុមារក៏បានរួចពីស្លាប់។ 12 ក្នុងពេលដែលព្រះនាងអថាលីគ្រងរាជ្យលើស្រុក រាជកុមារលាក់ខ្លួនជាមួយគេ ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ អស់រយៈពេលប្រាំមួយឆ្នាំ។