ជំពូក ៣៦

ព្រះ‌បាទ​យ៉ូអាខាស់​សោយ​រាជ្យ​នៅ​ស្រុក​យូដា
(២​ពង្ស.២៣.៣០-៣៥)

1 ប្រជាជន​យូដា​នាំ​គ្នា​តែង‌តាំង​ព្រះ‌បាទ​យ៉ូអាខាស់ ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូស្យាស​ឲ្យ​ឡើង​ស្នង​រាជ្យ​បិតា នៅ​ក្រុង​យេរូ‌សាឡឹម។ 2 កាល​ព្រះ‌បាទ​យ៉ូអាខាស់​ឡើង​សោយ​រាជ្យ ស្តេច​មាន​ជន្មាយុ​ម្ភៃ​បី​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូ‌សាឡឹម។ 3 ស្តេច​ស្រុក​អេស៊ីប​បាន​ទម្លាក់​រាជ្យ​របស់​ព្រះ‌បាទ​យ៉ូអាខាស់ ហើយ​តម្រូវ​ឲ្យ​ស្រុក​យូដា​បង់​សួយសារ‌អាករ​ជា​ប្រាក់​ហា‌សិប​ហាប និង​មាស​កន្លះ​ហាប​ទៀត​ផង។ 4 ព្រះ‌ចៅ​ផារ៉ោន‌នេកូ​បាន​តែង‌តាំង​ព្រះ‌បាទ​អេលី‌យ៉ាគីម ជា​អនុជ​របស់​ព្រះ‌បាទ​យ៉ូអាខាស់ ឲ្យ​សោយ​រាជ្យ​លើ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ហើយ​ដូរ​នាម​ថា យ៉ូយ៉ាគីម​វិញ។ រីឯ​ព្រះ‌បាទ​យ៉ូអាខាស់ ព្រះ‌ចៅ​នេកូ​នាំ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អេស៊ីប។

ព្រះ‌បាទ​យ៉ូយ៉ាគីម​សោយ​រាជ្យ​នៅ​ស្រុក​យូដា
(២​ពង្ស.២៣.៣៦-២៤.៧)

5 កាល​ព្រះ‌បាទ​យ៉ូយ៉ាគីម​ឡើង​សោយ​រាជ្យ ព្រះ‌អង្គ​មាន​ជន្មាយុ​ម្ភៃ‌ប្រាំ​ព្រះ‌វស្សា ហើយ​ព្រះ‌អង្គ​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្តេច​ទេ។ 6 ព្រះ‌ចៅ​នេប៊ូ‌កានេ‌សារ ជា​ស្តេច​ស្រុក​បាប៊ីឡូន បាន​លើក​ទ័ព​ចេញ​មក​ច្បាំង​នឹង​ព្រះ‌បាទ​យ៉ូយ៉ាគីម ហើយ​ចាប់​ស្តេច​ចង​នឹង​ច្រវាក់​ធ្វើ​ពី​លង្ហិន នាំ​យក​ទៅ​ស្រុក​បាប៊ីឡូន។ 7 ព្រះ‌ចៅ​នេប៊ូ‌កានេ‌សារ​ក៏​បាន​នាំ​យក​វត្ថុ​ផ្សេងៗ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​ទុក​ក្នុង​វាំង​របស់​ស្តេច​នៅ​ក្រុង​បាប៊ីឡូន​ដែរ។
8 រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូយ៉ា‌គីម គឺ​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម ដែល​ស្តេច​ផ្ទាល់​បាន​ប្រព្រឹត្ត សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល និង​ស្តេច​ស្រុក​យូដា។ ព្រះ‌បាទ​យ៉ូយ៉ា‌គីន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

ព្រះ‌បាទ​យ៉ូយ៉ា‌គីន​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២​ពង្ស.២៤.៨-១៧)

9 កាល​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​ឡើង​សោយ​រាជ្យ ស្តេច​មាន​ជន្មាយុ​ប្រាំ‌បី​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ទេ។ 10 នៅ​ពេល​ចូល​ឆ្នាំ ព្រះ‌ចៅ​នេប៊ូ‌កានេសារ​ចាប់​ស្តេច ព្រម​ទាំង​យក​ទ្រព្យ‌សម្បត្តិ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នាំ​ទៅ​ស្រុក​បាប៊ីឡូន។ ព្រះ‌ចៅ​នេប៊ូ‌កានេសារ​បាន​តែង‌តាំង​ព្រះ‌បាទ​សេដេខ្យាស ជា​អនុជ​របស់​ព្រះ‌បាទ​យ៉ូយ៉ា‌គីម ឲ្យ​សោយ​រាជ្យ​លើ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។

ព្រះ‌បាទ​សេដេខ្យាស​សោយ​រាជ្យ​លើ​ស្រុក​យូដា ចុង​បញ្ចប់​នៃ​អាណា‌ចក្រ​យូដា
(២​ពង្ស.២៤.១៨-២៥.២១, យរ ៣៩.១-១០, ៥២.១-២៧)

11 កាល​ព្រះ‌បាទ​សេដេខ្យាស​ឡើង​សោយ​រាជ្យ ស្តេច​មាន​ជន្មាយុ​ម្ភៃ‌មួយ​ព្រះ‌វស្សា ស្តេច​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ 12 ព្រះ‌បាទ​សេដេខ្យាស​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្តេច​ទេ ហើយ​ពេល​ព្យាការី​យេរេមី​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​នាម​ព្រះ‌អម្ចាស់ ក៏​ស្តេច​ពុំ​ព្រម​សារ‌ភាព​កំហុស​ដែរ។ 13 ព្រះ‌ចៅ​នេប៊ូ‌កានេសារ​បាន​ឲ្យ​ស្តេច​ស្បថ​ក្នុង​នាម​ព្រះ‌ជាម្ចាស់ ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្តី ក៏​ស្តេច​នៅ​តែ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ចៅ​នេប៊ូ‌កានេសារ​ដែរ។ ស្តេច​តាំង​ចិត្ត​មានះ មិន​ព្រម​វិល​ត្រឡប់​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ទេ។ 14 មេ​ដឹក​នាំ​ទាំង​អស់​របស់​ក្រុម​បូជា‌ចារ្យ ព្រម​ទាំង​ប្រជាជន នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​ក្បត់​ព្រះ‌ជាម្ចាស់​កាន់​តែ​ច្រើន​ឡើងៗ ពួក​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​នានា ហើយ​បន្ថោក​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដែល​ព្រះ‌អង្គ​បាន​ញែក​ជា​សក្ការៈ​នៅ​ក្រុង​យេរូ‌សាឡឹម។
15 ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ពួក​គេ បាន​ចាត់​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ឲ្យ​ទៅ​ដាស់‌តឿន​ពួក​គេ​ជា​ច្រើន​ដង ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ប្រជា‌រាស្ដ្រ និង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ផ្ទាល់។ 16 ប៉ុន្តែ ពួក​គេ​បែរ​ជា​ប្រមាថ​អ្នក​ដែល​ព្រះ‌អង្គ​ចាត់​ឲ្យ​ទៅ ពួក​គេ​មើល‌ងាយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ព្រម​ទាំង​ប្រមាថ​ពួក​ព្យាការី រហូត​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ​ទាស់​នឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​យ៉ាង​ខ្លាំង មិន​អាច​ប្រែ‌ប្រួល​បាន។
17 ពេល​នោះ ព្រះ‌អម្ចាស់​ក៏​បាន​ចាត់​ស្តេច​នៃ​ជន​ជាតិ​ខាល់ដេ ឲ្យ​លើក​ទ័ព​មក​វាយ​ពួក​គេ។ ស្តេច​នោះ​សម្លាប់​យុវ‌ជន​របស់​ពួក​គេ​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​សម្លាប់​រង្គាល​ប្រជាជន​ទាំង​អស់ ឥត​សំចៃ​នរណា​ម្នាក់​ឡើយ គឺ​សម្លាប់​យុវ‌ជន​ទាំង​ប្រុស ទាំង​ស្រី និង​មនុស្ស​ចាស់​ជរា សក់​ស្កូវ។ ព្រះ‌អង្គ​ប្រគល់​ពួក​គេ​ទាំង​អស់​គ្នា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​នោះ។ 18 ព្រះ‌ចៅ​នេប៊ូ‌កានេសារ​ប្រមូល​វត្ថុ​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​របស់​ទាំង​តូច ទាំង​ធំ ព្រម​ទាំង​ទ្រព្យ‌សម្បត្តិ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដំណាក់​ស្តេច និង​ផ្ទះ​របស់​ពួក​មន្ត្រី នាំ​យក​ទៅ​ស្រុក​បាប៊ីឡូន។ 19 កង‌ទ័ព​បាប៊ីឡូន​បាន​ដុត​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ផ្តួល​រំលំ​កំពែង​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ដុត​វិមាន​ផ្សេងៗ និង​កម្ទេច​វត្ថុ​ដ៏​មាន​តម្លៃ​ទាំង​អស់​ចោល។ 20 ព្រះ‌ចៅ​នេប៊ូ‌កានេ‌សារ​កៀរ​ប្រជាជន ដែល​នៅ​សេស‌សល់​ពី​សង្គ្រាម យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ីឡូន។ អ្នក​ទាំង​នោះ​ធ្វើ​ជា​ទាសករ​របស់​ព្រះ‌ចៅ​នេប៊ូ‌កានេសារ និង​បុត្រ​របស់​ស្តេច រហូត​ដល់​អាណា‌ចក្រ​ពែរ្ស​គ្រប់‌គ្រង​ស្រុក។ 21 ហេតុ‌ការណ៍​នេះ​កើត​មាន​ស្រប​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម‌រយៈ​ព្យាការី​យេរេមី​ថា «ស្រុក​ទេស​នឹង​ក្លាយ​ទៅ​ជា​ទី​ស្ម‌សាន អស់‌រយៈ​ពេល​ចិត‌សិប​ឆ្នាំ ដូច្នេះ ក្នុង​អំឡុង​ពេល​នោះ ទឹក​ដី​នឹង​បាន​សម្រាក ជំនួស​ឆ្នាំ​សប្ប័ទ*​ដែល​ប្រជាជន​ពុំ​បាន​គោរព»។

ព្រះ‌ចៅ​ស៊ីរូស​អនុញ្ញាត​ឲ្យ​សង់​ព្រះ‌វិហារ​ឡើង​វិញ
(អែសរ៉ា ១.១-៣)

22 ក្នុង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​ស៊ីរូស ជា​ស្តេច​ស្រុក​ពែរ្ស ព្រះ‌អម្ចាស់​បាន​ជំរុញ​ព្រះ‌ហឫទ័យ​ព្រះ‌ចៅ​ស៊ីរូស ឲ្យ​ចេញ​ប្រកាស និង​រាជ‌ក្រឹត្យ​ក្នុង​អាណា‌ចក្រ​របស់​ស្តេច​ទាំង​មូល ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​ថ្លែង តាម‌រយៈ​លោក​យេរេមី មាន​សេចក្ដី​ដូច​ត​ទៅ៖
23 «ព្រះ‌ចៅ​ស៊ីរូស ជា​ស្តេច​ស្រុក​ពែរ្ស មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ: ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ស្ថាន​បរម‌សុខ បាន​ប្រគល់​នគរ​ទាំង​អស់​នៅ​លើ​ផែន‌ដី​មក​ឲ្យ​យើង​គ្រប់‌គ្រង។ ព្រះ‌អង្គ​បញ្ជា​ឲ្យ​យើង​សង់​ព្រះ‌ដំណាក់​មួយ​នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា ថ្វាយ​ព្រះ‌អង្គ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ អ្នក​នោះ​វិល​ទៅ​កាន់​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​សូម​ឲ្យ​ព្រះ​របស់​គេ​គង់​នៅ​ជា​មួយ​គេ»។