ជំពូក ១៩
ព្រះបាទយ៉ូសាផាតតែងតាំងចៅក្រមនៅស្រុកយូដា
1 ព្រះបាទយ៉ូសាផាត ជាស្តេចស្រុកយូដា វិលមកដល់រាជដំណាក់ នៅក្រុងយេរូសាឡឹមវិញ ដោយសុខសាន្ត។ 2 លោកយេហ៊ូដែលត្រូវជាកូនរបស់លោកហាណានី ជាគ្រូទាយ បានចេញមកជួបព្រះបាទយ៉ូសាផាត ទូលស្តេចថា៖ «ហេតុដូចម្ដេចបានជាព្រះករុណាជួយមនុស្សអាក្រក់ ហើយស្រឡាញ់អស់អ្នកដែលស្អប់ព្រះអម្ចាស់ដូច្នេះ? ដោយព្រះករុណាប្រព្រឹត្តបែបនេះ ព្រះអម្ចាស់ព្រះអង្គព្រះពិរោធនឹងព្រះករុណា។ 3 ប៉ុន្តែ ព្រះករុណាបានប្រព្រឹត្តអំពើល្អមួយចំនួនដែរ គឺព្រះករុណាបានលុបបំបាត់បង្គោលរបស់ព្រះអាសេរ៉ាអស់ពីក្នុងស្រុក ហើយព្រះករុណាស្វែងរកព្រះជាម្ចាស់ ដោយស្មោះអស់ពីចិត្ត»។
4 ព្រះបាទយ៉ូសាផាតគង់នៅក្រុងយេរូសាឡឹម។ បន្ទាប់មក ស្តេចយាងទៅសួរសុខទុក្ខប្រជារាស្ដ្រតាំងពីបៀរសេបា រហូតដល់តំបន់ភ្នំអេប្រាអ៊ីម ដើម្បីណែនាំពួកគេឲ្យវិលមករកព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ខ្លួនវិញ។ 5 ស្តេចបានតែងតាំងឲ្យមានចៅក្រម នៅគ្រប់ក្រុងដែលមានកំពែងរឹងមាំក្នុងស្រុកយូដា។ 6 ស្តេចមានរាជឱង្ការទៅកាន់ចៅក្រមទាំងនោះថា៖ «ចូរប្រុងប្រយ័ត្ននឹងកិច្ចការដែលអស់លោកធ្វើ ដ្បិតអស់លោកកាត់ក្តី មិនមែនតាមបែបមនុស្សលោកទេ គឺតាមព្រះអម្ចាស់វិញ ព្រះអង្គនឹងគង់នៅជាមួយអស់លោកក្នុងពេលដែលអស់លោកកាត់ក្តី។ 7 ឥឡូវនេះ ចូរគោរពកោតខ្លាចព្រះអម្ចាស់ ហើយប្រុងប្រយ័ត្នចំពោះរបៀបដែលអស់លោកប្រព្រឹត្ត ដ្បិតព្រះអម្ចាស់ជាព្រះនៃយើងមិនចេះគៃបន្លំ ព្រះអង្គមិនរើសមុខនរណា ឬក៏ទទួលសំណូកឡើយ»។
8 ពេលវិលមកដល់ក្រុងយេរូសាឡឹមវិញ ព្រះបាទយ៉ូសាផាតតែងតាំងក្រុមលេវី ក្រុមបូជាចារ្យ និងមេលើក្រុមគ្រួសារអ៊ីស្រាអែលនៅក្រុងយេរូសាឡឹម ឲ្យកាត់ក្តី ក្នុងនាមព្រះអម្ចាស់ ព្រមទាំងដោះស្រាយជម្លោះដែរ។ 9 ស្តេចបង្គាប់ទៅលោកទាំងនោះថា៖ «សូមអស់លោកប្រព្រឹត្តដោយគោរពកោតខ្លាចព្រះអម្ចាស់ ដោយចិត្តស្មោះត្រង់ និងឥតលំអៀង។ 10 ពេលណាជនរួមជាតិរបស់អស់លោក ដែលរស់នៅតាមក្រុងនានា យករឿងរ៉ាវទាក់ទងទៅនឹងឃាតកម្ម ឬជម្លោះស្តីអំពីវិន័យ បទបញ្ជា ក្រឹត្យវិន័យ និងច្បាប់ណាមួយ មកសុំឲ្យអស់លោកកាត់ក្តី ក្នុងគ្រប់ករណី អស់លោកត្រូវក្រើនរំឭកពួកគេឲ្យដឹងខ្លួន ដើម្បីកុំឲ្យពួកគេប្រព្រឹត្តខុសចំពោះព្រះអម្ចាស់ ហើយកុំឲ្យព្រះអង្គព្រះអង្គព្រះពិរោធចំពោះអស់លោក និងជនរួមជាតិរបស់អស់លោក។ អស់លោកត្រូវតែប្រព្រឹត្តបែបនេះ ដើម្បីកុំឲ្យមានកំហុស។ 11 លោកមហាបូជាចារ្យអម៉ារីយ៉ានឹងដឹកនាំអស់លោកក្នុងការវិនិច្ឆ័យទាំងប៉ុន្មាន ដែលទាក់ទងនឹងព្រះអម្ចាស់។ លោកសេបាឌីយ៉ា ជាកូនរបស់លោកអ៊ីស្មាអែល និងជាទេសាភិបាលរបស់ប្រជាជនយូដា នឹងដឹកនាំអស់លោកក្នុងការវិនិច្ឆ័យទាំងប៉ុន្មាន ដែលទាក់ទងនឹងស្តេច។ រីឯពួកលេវីបំពេញមុខងារជាអាជ្ញាធរ។ ចូរតាំងចិត្តក្លាហាន ហើយបំពេញមុខងារនេះចុះ សូមព្រះអម្ចាស់គង់ជាមួយអ្នកដែលបំពេញមុខងារបានល្អ»។