ជំពូក ២៧
ព្រះបាទយ៉ូថាមសោយរាជ្យលើស្រុកយូដា
(២ពង្សាវតារក្សត្រ ១៥.៣២-៣៨)
1 ព្រះបាទយ៉ូថាមឡើងសោយរាជ្យ ក្នុងជន្មាយុម្ភៃប្រាំព្រះវស្សា ព្រះអង្គសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថា យេរូសា ជាកូនរបស់លោកសាដុក។ 2 ស្តេចបានប្រព្រឹត្តអំពើសុចរិតជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទអសារីយ៉ា ជាបិតាដែរ។ ប៉ុន្តែ ស្តេចមិនបានចូលទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ទេ។ ពេលនោះ ប្រជាជនប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ។
3 ព្រះបាទយ៉ូថាមបានសង់ទ្វារដែលនៅខាងលើព្រះដំណាក់របស់ព្រះអម្ចាស់ និងពង្រឹងកន្លែងផ្សេងៗនៃកំពែងក្រុង ត្រង់អូផែល ឲ្យរឹតតែមាំថែមទៀត។ 4 ស្តេចបានសង់ក្រុងនៅតាមតំបន់ភ្នំនៃស្រុកយូដា ព្រមទាំងសង់បន្ទាយ និងប៉មចាំយាមនៅតាមព្រៃផង។ 5 ស្តេចបានធ្វើសង្គ្រាមទល់នឹងស្តេចស្រុកអាំម៉ូន ហើយយកជ័យជម្នះលើពួកគេ។ នៅឆ្នាំនោះ ជនជាតិអាំម៉ូនយកប្រាក់ចំនួនបីតោន ស្រូវបីពាន់តោន និងពោតបីពាន់តោន មកថ្វាយជាសួយសារអាករដល់ព្រះបាទយ៉ូថាម។ នៅឆ្នាំបន្ទាប់ និងឆ្នាំទីបី ពួកគេក៏ថ្វាយបែបនោះដែរ។ 6 ព្រះបាទយ៉ូថាមមានអំណាចកាន់តែខ្លាំងឡើងៗ ព្រោះព្រះអង្គប្រព្រឹត្តតាមមាគ៌ារបស់ព្រះអម្ចាស់យ៉ាងជាប់លាប់។
7 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូថាម ព្រមទាំងសង្គ្រាម និងអ្វីៗទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកអ៊ីស្រាអែល និងស្តេចស្រុកយូដា។ 8 នៅពេលឡើងសោយរាជ្យ ស្តេចមានជន្មាយុម្ភៃប្រាំព្រះវស្សា ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ 9 ព្រះបាទយ៉ូថាមសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សនៅបុរីព្រះបាទដាវីឌ ហើយព្រះបាទអខាស ជាបុត្រ ឡើងស្នងរាជ្យ។