ជំពូក ១៣

ព្រះ‌បាទ​អប៊ីយ៉ា​សោយ​រាជ្យ​នៅ​ស្រុក​យូដា
(១​ពង្សា‌វតារ‌ក្សត្រ ១៥.១-៨)

1 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ‌បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យេរ៉ូបោម ព្រះ‌បាទ​អប៊ីយ៉ា​ឡើង​សោយ​រាជ្យ នៅ​ស្រុក​យូដា។ 2 ស្តេច​សោយ​រាជ្យ​បាន​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម មាតា​របស់​ស្តេច​មាន​នាម​ថា ម៉ាកា‌យ៉ាហ៊ូ ជា​កូន​របស់​លោក​អ៊ូរីអែល អ្នក​ក្រុង​គីបា។ ព្រះ‌បាទ​អប៊ីយ៉ា និង​ព្រះ‌បាទ​យេរ៉ូបោម តែង‌តែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក។ 3 ព្រះ‌បាទ​អប៊ីយ៉ា​បាន​លើក​ទ័ព​ចំនួន ៤០០ ០០០ នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ពូកែ​អង់‌អាច​ចេញ​ទៅ​ប្រយុទ្ធ។ រីឯ​ព្រះ‌បាទ​យេរ៉ូបោម​ក៏​បាន​លើក​ទ័ព​ចំនួន ៨០០ ០០០ នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ពូកែ​អង់‌អាច ចេញ​មក​តទល់​នឹង​វិញ​ដែរ។
4 ព្រះ‌បាទ​អប៊ីយ៉ា​បាន​ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​ភ្នំ​សេម៉ា‌រ៉ាអ៊ីម ដែល​ស្ថិត​នៅ​តាម​ជួរ​ភ្នំ​អេប្រាអ៊ីម ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យេរ៉ូបោម និង​កង‌ទ័ព​អ៊ីស្រា‌អែល​ថា៖ «ចូរ​ស្ដាប់​យើង! 5 អ្នក​រាល់​គ្នា​ត្រូវ​ដឹង​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ៊ីស្រា‌អែល ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ និង​រាជ‌វង្ស សោយ​រាជ្យ​លើ​អាណា‌ចក្រ​អ៊ីស្រា‌អែល​រហូត​ត​ទៅ គឺ​ជា​សម្ពន្ធ‌មេត្រី*​ដែល​មិន​អាច​ប្រែ‌ប្រួល​បាន​ឡើយ។ 6 ប៉ុន្តែ យេរ៉ូបោម កូន​របស់​លោក​នេបាត ជា​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន ដែល​ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ បាន​ក្រោក​ឡើង​បះ‌បោរ​ប្រឆាំង​នឹង​ម្ចាស់​របស់​ខ្លួន។ 7 មនុស្ស​ពាល និង​មនុស្ស​មិន​បាន​ការ បាន​ចូល​ដៃ​ជា​មួយ​ស្តេច​យេរ៉ូបោម ហើយ​ពួក​គេ​មាន​ប្រៀប​លើ​ព្រះ‌បាទ​រ៉ូបោម ជា​បុត្រ​របស់​ព្រះ‌បាទ​សាឡូម៉ូន។ ព្រះ‌បាទ​រ៉ូបោម​នៅ​ក្មេង​ខ្ចី ខ្វះ​បទ​ពិសោធ ពុំ​អាច​ទប់​ទល់​នឹង​ពួក​គេ​បាន​ទេ។ 8 ឥឡូវ​នេះ អ្នក​រាល់​គ្នា​គិត​ប្រឆាំង​តទល់​នឹង​រាជ​អំណាច​របស់​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​នៃ​កូន​ចៅ​របស់​ព្រះ‌បាទ​ដាវីឌ​ទៀត។ អ្នក​រាល់​គ្នា​មាន​កង‌ទ័ព​យ៉ាង​ច្រើន​សន្ធឹក‌សន្ធាប់ ហើយ​ក៏​មាន​រូប​កូន​គោ​មាស ដែល​ស្តេច​យេរ៉ូបោម​បាន​សិត​ធ្វើ​ជា​ព្រះ​ឲ្យ​អ្នក​រាល់​គ្នា​គោរព​បម្រើ នៅ​ជា​មួយ​ដែរ។ 9 អ្នក​រាល់​គ្នា​បាន​បណ្តេញ​ពួក​បូជា‌ចារ្យ*​របស់​ព្រះ‌អម្ចាស់ ជា​ពូជ‌ពង្ស​របស់​លោក​អរ៉ុន និង​ពួក​លេវី​ចេញ រួច​ជ្រើស‌រើស​បូជា‌ចារ្យ​តាម​របៀប​សាសន៍​ដទៃ គឺ​ឲ្យ​តែ​នរណា​យក​គោ​បា​មួយ និង​ចៀម​ឈ្មោល​ប្រាំ​ពីរ​មក នោះ​គេ​មុខ​តែ​បាន​ទទួល​ការ​តែង‌តាំង​ជា​បូជា‌ចារ្យ​នៃ​វត្ថុ​ដែល​មិន​មែន​ជា​ព្រះ។ 10 រីឯ​ពួក​យើង​វិញ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង ហើយ​យើង​មិន​បោះ​បង់​ចោល​ព្រះ‌អង្គ​ឡើយ។ ពួក​បូជា‌ចារ្យ​ដែល​បំពេញ​មុខ‌ងារ​បម្រើ​ព្រះ‌អម្ចាស់ សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អរ៉ុន ហើយ​ក៏​មាន​ពួក​លេវី​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ដែរ។ 11 ពួក​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​គ្រឿង​ក្រអូប ចំពោះ​ព្រះ‌អម្ចាស់ រាល់​ព្រឹក រាល់​ល្ងាច។ ពួក​គេ​ក៏​តម្កល់​នំបុ័ង​នៅ​លើ​តុ​ដ៏​បរិសុទ្ធ ព្រម​ទាំង​អុជ​ចង្កៀង​ដែល​ស្ថិត​នៅ​លើ​ជើង​ចង្កៀង​មាស​ជា​រៀង​រាល់​ល្ងាច។ ពួក​យើង​ប្រណិ‌ប័តន៍​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង បាន​បង្គាប់។ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អង្គ។ 12 មើល​ចុះ ព្រះ‌ជាម្ចាស់ និង​ពួក​បូជា‌ចារ្យ​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ជា​មួយ​ពួក​យើង ហើយ​នាំ​មុខ​ពួក​យើង។ ពួក​បូជា‌ចារ្យ​ត្រៀម​ខ្លួន​នឹង​ផ្លុំ​ត្រែ ដើម្បី​ប្រកាស​វាយ​លុក​អ្នក​រាល់​គ្នា។ កូន​ចៅ​អ៊ីស្រា‌អែល​អើយ! ចូរ​កុំ​ធ្វើ​សឹក​ទល់​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ពុំ​អាច​ឈ្នះ​ជា​ដាច់​ខាត!»។
13 ព្រះ‌បាទ​យេរ៉ូបោម​បាន​ចាត់​ទ័ព​ខ្លះ​ឲ្យ​វាង​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​ក្រោយ​ទ័ព​យូដា ដូច្នេះ មាន​កង‌ទ័ព​អ៊ីស្រា‌អែល​ស្ថិត​នៅ​ពី​មុខ​កង‌ទ័ព​យូដា​ផង ហើយ​ក៏​មាន​ទ័ព​បង្កប់​នៅ​ខាង​ក្រោយ​កង‌ទ័ព​យូដា​ដែរ។ 14 កាល​កង‌ទ័ព​យូដា​ក្រឡេក​មើល​ទៅ ឃើញ​មាន​ទ័ព​នៅ​ពី​មុខ​ផង ពី​ក្រោយ​ផង ដូច្នេះ ពួក​គេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ហើយ​ពួក​បូជា‌ចារ្យ​ក៏​ផ្លុំ​ត្រែ​ឡើង​ដែរ។ 15 កង‌ទ័ព​យូដា​បន្លឺ​ជយ‌ឃោស ហើយ​នៅ​ពេល​ដែល​កង‌ទ័ព​យូដា​ស្រែក​ឡើង ព្រះ‌អម្ចាស់​បាន​វាយ​ប្រហារ​ព្រះ‌បាទ​យេរ៉ូបោម និង​កង‌ទ័ព​អ៊ីស្រា‌អែល នៅ​មុខ​ព្រះ‌បាទ​អប៊ីយ៉ា និង​កង‌ទ័ព​យូដា។ 16 ទាហាន​អ៊ីស្រា‌អែល​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​កង‌ទ័ព​យូដា ព្រះ‌ជាម្ចាស់​បាន​ប្រគល់​ពួក​គេ​ក្នុង​កណ្ដាប់​ដៃ​របស់​កង‌ទ័ព​យូដា។ 17 ព្រះ‌បាទ​អប៊ីយ៉ា និង​កង‌ទ័ព​យូដា ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​បរា‌ជ័យ​យ៉ាង​ធ្ងន់ គឺ​គេ​បាន​ប្រហារ​ទាហាន​ដ៏​ពូកែ​នៃ​កង‌ទ័ព​អ៊ីស្រា‌អែល អស់ ៥០០ ០០០ នាក់។ 18 នៅ​គ្រា​នោះ កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​អាម៉ាស់​យ៉ាង​ខ្លាំង រីឯ​កូន​ចៅ​យូដា​វិញ ពួក​គេ​បាន​ទទួល​ជោគ‌ជ័យ ព្រោះ​ពួក​គេ​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូន‌តា​របស់​ខ្លួន។
19 ព្រះ‌បាទ​អប៊ីយ៉ា​ដេញ​តាម​ព្រះ‌បាទ​យេរ៉ូបោម ហើយ​ដណ្ដើម​យក​បាន​ក្រុង​ខ្លះ​ពី​ព្រះ‌បាទ​យេរ៉ូបោម គឺ​ក្រុង​បេតអែល និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​យេសា‌ណា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​អេប្រុន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។
20 ក្នុង​រជ្ជ‌កាល​របស់​ព្រះ‌បាទ​អប៊ីយ៉ា ព្រះ‌បាទ​យេរ៉ូបោម​ចុះ​ទន់​ខ្សោយ ហើយ​បន្ទាប់​មក ព្រះ‌អម្ចាស់​បាន​ប្រហារ​ស្តេច​ឲ្យ​សោយ​ទិវង្គត​ទៅ។ 21 ផ្ទុយ​ទៅ​វិញ ព្រះ‌បាទ​អប៊ីយ៉ា​ពង្រឹង​អំណាច​យ៉ាង​រឹង‌មាំ។ ស្តេច​មាន​មហេសី​ដប់‌បួន​អង្គ មាន​បុត្រា​ម្ភៃ​ពីរ​អង្គ និង​បុត្រី​ដប់​ប្រាំ‌មួយ​អង្គ។
22 រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អប៊ីយ៉ា គឺ​អ្វីៗ​ដែល​ស្តេច​បាន​ធ្វើ និង​រាជ‌ឱង្ការ​ដែល​ស្តេច​បាន​ថ្លែង សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​អត្ថា‌ធិប្បាយ​របស់​ព្យាការី​អ៊ីដូ។ 23 កាល​ព្រះ‌បាទ​អប៊ីយ៉ា​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​អសា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។ ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​អសា ស្រុក​ទេស​បាន​សុខ‌សាន្ត‌ត្រាណ អស់‌រយៈ​ពេល​ដប់​ឆ្នាំ។