ជំពូក ៣៥
ព្រះបាទយ៉ូស្យាសរៀបចំពិធីបុណ្យចម្លង*
(២ពង្ស.២៣.២-២៣)
1 ព្រះបាទយ៉ូស្យាសប្រារព្ធពិធីបុណ្យចម្លង* ថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម។ គេបានសម្លាប់កូនចៀមធ្វើពិធីបុណ្យចម្លង នៅថ្ងៃទីដប់បួន ក្នុងខែទីមួយ។ 2 ស្តេចបានតែងតាំងក្រុមបូជាចារ្យ ឲ្យបំពេញមុខងាររបស់ខ្លួន ហើយដាស់តឿនពួកគេឲ្យយកចិត្តទុកដាក់បម្រើការងារនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ 3 ស្តេចបង្គាប់ក្រុមលេវី ដែលគេញែកទុកដោយឡែកថ្វាយព្រះអម្ចាស់ ហើយមានភារកិច្ចប្រៀនប្រដៅប្រជាជននៅស្រុកអ៊ីស្រាអែលទាំងមូលថា៖ «ចូរដាក់ហិបដ៏វិសុទ្ធនៅក្នុងព្រះដំណាក់ដែលព្រះបាទសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ ស្តេចស្រុកអ៊ីស្រាអែល បានសង់។ អ្នករាល់គ្នាមិនត្រូវការសែងហិបនេះទៀតទេ ឥឡូវនេះ ចូរបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយបម្រើអ៊ីស្រាអែលជាប្រជារាស្ដ្ររបស់ព្រះអង្គទៅ។ 4 ចូររៀបចំខ្លួន តាមក្រុមគ្រួសារ និងតាមជាន់ថ្នាក់របស់អ្នករាល់គ្នា ដូចព្រះបាទដាវីឌ ជាស្តេចស្រុកអ៊ីស្រាអែល និងព្រះបាទសាឡូម៉ូន ជាបុត្រ បានចងក្រងជាក្បួនតម្រាទុកមកស្រាប់។ 5 ចូរនាំគ្នាឈរនៅក្នុងទីសក្ការៈតាមលំដាប់លំដោយ គឺក្រុមគ្រួសារលេវីនីមួយៗធ្វើជាតំណាងឲ្យក្រុមគ្រួសារផ្សេងៗនៃជនជាតិអ៊ីស្រាអែល។ 6 ចូរសម្លាប់សត្វដែលត្រូវថ្វាយសម្រាប់ពិធីបុណ្យចម្លង ហើយញែកខ្លួនឲ្យវិសុទ្ធ ដើម្បីរៀបចំពិធីបុណ្យចម្លងជូនបងប្អូនរបស់អ្នករាល់គ្នា ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងតាមរយៈលោកម៉ូសេ»។
7 ព្រះបាទយ៉ូស្យាសយកកូនចៀម និងកូនពពែ ៣០ ០០០ ក្បាល និងគោ ៣ ០០០ ក្បាល ពីហ្វូងសត្វរបស់ស្តេចផ្ទាល់ ដើម្បីថ្វាយជាយញ្ញបូជាក្នុងពិធីបុណ្យចម្លងសម្រាប់ប្រជាជនដែលនៅទីនោះ។ 8 ពួកមន្ត្រីរបស់ស្តេចក៏ស្ម័គ្រចិត្ត យកសត្វរបស់ខ្លួនប្រគល់ជូនប្រជាជន ក្រុមបូជាចារ្យ និងក្រុមលេវីដែរ។ លោកហ៊ីលគីយ៉ា លោកសាការី និងលោកយេហ៊ីអែល ជាអ្នកទទួលខុសត្រូវកិច្ចការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ យកចៀម ២៦០០ ក្បាល ព្រមទាំងគោ ៣០០ ក្បាល ប្រគល់ជូនក្រុមបូជាចារ្យ សម្រាប់ពិធីបុណ្យចម្លង។ 9 លោកកូណានីយ៉ា លោកសេម៉ាយ៉ា និងលោកនេតានេអែល ជាប្អូនរបស់លោក ព្រមទាំងលោកហាសាប៊ីយ៉ា លោកយេអ៊ីអែល និងលោកយ៉ូសេបាដ ជាអ្នកដឹកនាំក្រុមលេវី យកចៀម ៥ ០០០ ក្បាល ព្រមទាំងគោ ៥០០ ក្បាល ប្រគល់ជូនក្រុមលេវី សម្រាប់ពិធីបុណ្យចម្លង។
10 ពិធីបុណ្យចាប់ផ្តើមដូចតទៅ: ក្រុមបូជាចារ្យឈរតាមកន្លែងរបស់គេរៀងៗខ្លួន ហើយក្រុមលេវីក៏ឈរតាមជាន់ថ្នាក់របស់ខ្លួន ស្របតាមបញ្ជារបស់ស្តេច។ 11 គេសម្លាប់សត្វដែលត្រូវថ្វាយក្នុងឱកាសបុណ្យចម្លង។ ក្រុមលេវីប្រគល់ឈាមសត្វទៅក្រុមបូជាចារ្យ ហើយបូជាចារ្យក៏ធ្វើពិធីប្រោះឈាមនោះនៅលើអាសនៈ។ បន្ទាប់មក ក្រុមលេវីនាំគ្នាបកស្បែកសត្វ។ 12 គេដាក់សាច់ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូលដោយឡែក សម្រាប់ប្រគល់ទៅក្រុមគ្រួសារផ្សេងៗរបស់ប្រជាជន ដើម្បីឲ្យពួកគេថ្វាយព្រះអម្ចាស់ ដូចមានចែងទុកក្នុងគម្ពីររបស់លោកម៉ូសេ។ ចំពោះសាច់គោ ក៏គេធ្វើដូច្នោះដែរ។ 13 គេអាំងសាច់កូនចៀមដែលថ្វាយសម្រាប់ពិធីបុណ្យចម្លងនៅលើភ្លើង ស្របតាមក្បួនតម្រា រីឯចំណែកសាច់ដ៏សក្ការៈវិញ គេចម្អិនក្នុងឆ្នាំង ថ្លាង និងខ្ទះ រួចប្រញាប់ប្រញាល់ចែកជូនប្រជាជនទាំងអស់។ 14 បន្ទាប់មក ក្រុមលេវីចម្អិនសាច់ដែលជាចំណែករបស់ពួកគេ និងចំណែករបស់ក្រុមបូជាចារ្យ ដ្បិតក្រុមបូជាចារ្យជាប់រវល់ថ្វាយតង្វាយដុតទាំងមូល និងខ្លាញ់រហូតដល់យប់។ ហេតុនេះហើយបានជាក្រុមលេវីរៀបចំអាហារសម្រាប់ខ្លួនឯងផង និងសម្រាប់ក្រុមបូជាចារ្យ ដែលជាពូជពង្សរបស់លោកអរ៉ុនផង។
15 ក្រុមចម្រៀង ជាពូជពង្សរបស់លោកអសាភ បំពេញមុខងារតាមកន្លែងរបស់គេរៀងៗខ្លួន ដូចព្រះបាទដាវីឌ លោកអសាភ លោកហេម៉ន និងលោកយេឌូទូន ជាគ្រូទាយរបស់ស្តេច បានបង្គាប់ទុក។ រីឯឆ្មាំទ្វារក៏ឈរនៅតាមកន្លែងរបស់ខ្លួនដែរ គ្មាននរណាចាកចេញពីកន្លែងរបស់ខ្លួនឡើយ ព្រោះក្រុមលេវីរៀបចំអាហារជូនពួកគេ។ 16 នៅថ្ងៃនោះ គេបានចាត់ចែងពិធីបុណ្យថ្វាយព្រះអម្ចាស់តាមរបៀបនេះឯង គឺគេប្រារព្ធធ្វើពិធីបុណ្យចម្លង ដោយថ្វាយតង្វាយដុតទាំងមូល ចំពោះព្រះអម្ចាស់ នៅលើអាសនៈ ស្របតាមបញ្ជារបស់ព្រះបាទយ៉ូស្យាស។ 17 ប្រជាជនអ៊ីស្រាអែលដែលនៅទីនោះ នាំគ្នាប្រារព្ធពិធីបុណ្យចម្លង និងពិធីបុណ្យនំបុ័ងឥតមេ អស់រយៈពេលប្រាំពីរថ្ងៃ។ 18 តាំងពីជំនាន់ព្យាការីសាមូអែល គេមិនដែលប្រារព្ធបុណ្យចម្លងរបៀបនេះនៅស្រុកអ៊ីស្រាអែលទេ ហើយក៏ពុំមានស្តេចស្រុកអ៊ីស្រាអែលអង្គណា ប្រារព្ធបុណ្យចម្លងដូចព្រះបាទយ៉ូស្យាស ក្រុមបូជាចារ្យ ក្រុមលេវី រួមជាមួយនឹងអ្នកស្រុកយូដា និងស្រុកអ៊ីស្រាអែល ព្រមទាំងអ្នកក្រុងយេរូសាឡឹម នៅពេលនោះដែរ។ 19 គេប្រារព្ធពិធីបុណ្យចម្លងនេះនៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយ៉ូស្យាស។
ដំណាក់ចុងក្រោយនៃរាជ្យព្រះបាទយ៉ូស្យាស
(២ពង្ស.២៣.២៨-៣០)
20 ក្រោយព្រឹត្តិការណ៍ទាំងនោះមក គឺក្រោយពេលព្រះបាទយ៉ូស្យាសជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ ព្រះចៅនេកូ ជាស្តេចស្រុកអេស៊ីប បានលើកទ័ពទៅវាយក្រុងកាកេមីស នៅតាមដងទន្លេអឺប្រាត ព្រះបាទយ៉ូស្យាសបានលើកទ័ពមកវាយស្ទាក់ផ្លូវ។ 21 ប៉ុន្តែ ព្រះចៅនេកូចាត់អ្នកនាំសារឲ្យមកទូលព្រះបាទយ៉ូស្យាសថា៖ «បពិត្រព្រះមហាក្សត្រស្រុកយូដា តើទូលបង្គំ និងព្រះករុណាមានរឿងអ្វីនឹងគ្នា? ទូលបង្គំលើកទ័ពមកថ្ងៃនេះ មិនមែនដើម្បីច្បាំងនឹងព្រះករុណាទេ គឺទូលបង្គំទៅច្បាំងជាមួយខ្មាំងសត្រូវរបស់ទូលបង្គំទេតើ។ ព្រះជាម្ចាស់បង្គាប់ទូលបង្គំឲ្យទៅយ៉ាងរូតរះ។ ដូច្នេះ សូមកុំជំទាស់នឹងព្រះជាម្ចាស់ដែលគង់នៅជាមួយទូលបង្គំឡើយ ក្រែងលោព្រះអង្គធ្វើឲ្យព្រះករុណាវិនាស»។ 22 ប៉ុន្តែ ព្រះបាទយ៉ូស្យាសនៅតែចង់តទល់នឹងព្រះចៅនេកូ គឺស្តេចមិនព្រមស្ដាប់ពាក្យរបស់ព្រះចៅនេកូ ដែលជាពាក្យមកពីព្រះជាម្ចាស់ឡើយ។ ស្តេចក៏ក្លែងខ្លួន ចូលច្បាំងនឹងស្តេចស្រុកអេស៊ីប នៅជ្រលងភ្នំមេគីដូ។ 23 ទាហានបាញ់ព្រួញរបស់ទ័ពអេស៊ីបបានបាញ់ចំព្រះបាទយ៉ូស្យាស។ ស្តេចបញ្ជាទៅរាជបម្រើថា៖ «ចូរនាំយើងចេញទៅ ដ្បិតយើងត្រូវរបួសខ្លាំងណាស់»។ 24 រាជបម្រើលើកស្តេចចេញពីរាជរថដែលស្តេចជិះ ដាក់ក្នុងរាជរថមួយទៀត ដឹកទៅក្រុងយេរូសាឡឹម។ ស្តេចក៏សោយទិវង្គត ហើយគេបញ្ចុះសពស្តេចក្នុងផ្នូររបស់ព្រះរាជវង្ស។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល នាំគ្នាកាន់ទុក្ខព្រះបាទយ៉ូស្យាស។ 25 លោកយេរេមីបានតែងបទទំនួញមួយ រំឭកដល់ព្រះបាទយ៉ូស្យាស។ អ្នកចម្រៀងប្រុសស្រីនាំគ្នាស្មូត្រទំនួញរំឭកដល់ព្រះបាទយ៉ូស្យាស រហូតដល់សព្វថ្ងៃ ហើយក៏ក្លាយជាទំនៀមទម្លាប់មួយនៅស្រុកអ៊ីស្រាអែល។ ទំនុកនេះមានចងក្រងនៅក្នុងសៀវភៅទំនួញ។
26 រាជកិច្ចផ្សេងទៀតរបស់ព្រះបាទយ៉ូស្យាស និងភក្តីភាពដែលស្តេចសម្ដែងចំពោះព្រះបន្ទូលដែលមានចែងទុក ក្នុងគម្ពីរវិន័យរបស់ព្រះអម្ចាស់ 27 គឺកិច្ចការផ្សេងៗដែលស្តេចបានធ្វើតាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកអ៊ីស្រាអែល និងស្តេចស្រុកយូដា។