ជំពូក ១៨

ព្រះ‌បាទ​យ៉ូសាផាត​ចង​ស្ពាន‌មេត្រី​នឹង​ព្រះ‌បាទ​អខាប់
(១​ពង្សា‌វតារ‌ក្សត្រ ២២.១-៤)

1 ព្រះ‌បាទ​យ៉ូសាផាត​មាន​ទ្រព្យ‌សម្បត្តិ និង​កិត្តិយស​យ៉ាង​ច្រើន។ ស្តេច​បាន​ចង​ស្ពាន‌មេត្រី​នឹង​ព្រះ‌បាទ​អខាប់ តាម​ចំណង​អាពាហ៍‌ពិពាហ៍។ 2 ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ព្រះ‌បាទ​យ៉ូសាផាត​យាង​ទៅ​សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​អខាប់ នៅ​ក្រុង​សាម៉ារី។ ពេល​នោះ ព្រះ‌បាទ​អខាប់​រៀប‌ចំ​ចៀម និង​គោ​មួយ​ចំនួន​ធំ ដើម្បី​ទទួល​ព្រះ‌បាទ​យ៉ូសាផាត និង​អស់​អ្នក​ដែល​អម​ដំណើរ​ស្តេច។ ព្រះ‌បាទ​អខាប់​ក៏​បាន​បបួល​ព្រះ‌បាទ​យ៉ូសាផាត ឡើង​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ 3 ព្រះ‌បាទ​អខាប់ ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសាផាត​ថា៖ «តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​យាង​ទៅ​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ជា​មួយ​ទូល‌បង្គំ​ឬ​ទេ?»។ ព្រះ‌បាទ​យ៉ូសាផាត​តប​វិញ​ថា៖ «ទូល‌បង្គំ​ក៏​ដូច​ព្រះ‌ករុណា ប្រជា‌រាស្ដ្រ​របស់​ទូល‌បង្គំ​ក៏​ដូច​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ករុណា យើង​នឹង​ទៅ​ច្បាំង​រួម​ជា​មួយ​ព្រះ‌ករុណា​ដែរ!»។

ពួក​អ្នក​ប្រកប​របរ​ជា​ព្យាការី​ប្រកាស​អំពី​ជ័យ‌ជម្នះ
(១​ពង្សា‌វតារ‌ក្សត្រ ២២.៥-១២)

4 ព្រះ‌បាទ​យ៉ូសាផាត​ទូល​ទៀត​ថា៖ «ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ទូល​សួរ​ព្រះ‌អម្ចាស់​សិន»។ 5 ស្តេច​អ៊ីស្រា‌អែល​កោះ​ហៅ​ព្យាការី​ចំនួន​បួន‌រយ​នាក់​មក ហើយ​សួរ​ពួក​គេ​ថា៖ «តើ​ពួក​យើង​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ ពួក​គេ​ទូល​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​ចុះ ព្រះ‌ជាម្ចាស់​នឹង​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​មិន​ខាន»។ 6 ព្រះ‌បាទ​យ៉ូសាផាត​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​នៅ​ទី​នេះ​គ្មាន​ព្យាការី​របស់​ព្រះ‌អម្ចាស់ ដែល​យើង​អាច​ទូល​សួរ​ព្រះ‌អង្គ​ទេ​ឬ?»។ 7 ស្តេច​ស្រុក​អ៊ីស្រា‌អែល​ទូល​ព្រះ‌បាទ​យ៉ូសាផាត​ថា៖ «នៅ​មាន​មនុស្ស​ម្នាក់​ទៀត​ដែល​អាច​ទូល​សួរ​ព្រះ‌អម្ចាស់​បាន តែ​ទូល‌បង្គំ​ស្អប់​អ្នក​នោះ​ណាស់ ព្រោះ​គាត់​មិន​ដែល​ទាយ​ពី​ការ​ល្អ​ឲ្យ​ទូល‌បង្គំ​ទេ គឺ​គាត់​ទាយ​តែ​ពី​ការ​អាក្រក់​ប៉ុណ្ណោះ។ អ្នក​នោះ​ឈ្មោះ​មីកា ជា​កូន​របស់​លោក​យីមឡា»។ ព្រះ‌បាទ​យ៉ូសាផាត​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ព្រះ‌ករុណា​កុំ​មាន​រាជ‌ឱង្ការ​បែប​នេះ​ឡើយ!»។ 8 ស្តេច​ស្រុក​អ៊ីស្រា‌អែល​ក៏​ហៅ​មហាតលិក​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ហៅ​លោក​មីកា ជា​កូន​របស់​លោក​យីមឡា មក​ជា​ប្រញាប់!»។
9 ស្តេច​ស្រុក​អ៊ីស្រា‌អែល និង​ព្រះ‌បាទ​យ៉ូសាផាត ជា​ស្តេច​ស្រុក​យូដា ស្លៀក​ពាក់​យ៉ាង​រុង‌រឿង គង់​លើ​បល្ល័ង្ក​រៀងៗ​ខ្លួន គង់​ត្រង់​ព្រលាន​ដែល​នៅ​ទល់​មុខ​ទ្វារ​ក្រុង​សាម៉ារី ព្យាការី​ទាំង​អស់​នាំ​គ្នា​ទស្សន៍‌ទាយ​ថ្វាយ​ស្តេច។ 10 លោក​សេដេខ្យាស​ជា​កូន​របស់​លោក​កេណាណា​ធ្វើ​ស្នែង​ដែក ហើយ​ពោល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដោយ​សារ​ស្នែង​ដែក​ទាំង​នេះ អ្នក​នឹង​វាយ​កង‌ទ័ព​ស៊ីរី​ឲ្យ​វិនាស​សូន្យ!»។ 11 ព្យាការី​ទាំង​អស់​ក៏​ទស្សន៍‌ទាយ​បែប​នោះ​ដែរ ពួក​គេ​ទូល​ស្តេច​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ចុះ ព្រះ‌ករុណា​មុខ​ជា​ទទួល​ជ័យ‌ជម្នះ​មិន​ខាន។ ព្រះ‌អម្ចាស់​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ហើយ!»។

ព្យាការី​មីកា​ប្រកាស​ប្រាប់​ពី​បរា‌ជ័យ
(១​ពង្សា‌វតារ‌ក្សត្រ ២២.១៣-២៨)

12 មហាតលិក​ដែល​ស្តេច​ចាត់​ឲ្យ​ទៅ​តាម​ហៅ​លោក​មីកា បាន​ប្រាប់​លោក​ថា៖ «ព្យាការី​ទាំង​អស់​សុទ្ធ​តែ​ទស្សន៍‌ទាយ​ការ​ល្អ​ព្រម​គ្នា ថ្វាយ​ព្រះ‌រាជា ដូច្នេះ សូម​លោក​ទាយ​ការ​ល្អ​ថ្វាយ​ព្រះ‌រាជា​ដូច​គេ​ដែរ​ទៅ!»។ 13 លោក​មីកា​ឆ្លើយ​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ព្រះ​របស់​ខ្ញុំ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​នឹង​ប្រកាស​យ៉ាង​នោះ!»។
14 ពេល​លោក​មក​ដល់ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​ថា៖ «មីកា​អើយ តើ​ពួក​យើង​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ លោក​មីកា​ទូល​ថា៖ «សូម​ព្រះ‌ករុណា​ទាំង​ពីរ​យាង​ទៅ​ចុះ! ព្រះ‌ករុណា​មុខ​ជា​ទទួល​ជ័យ‌ជម្នះ​មិន​ខាន! ព្រះ‌អម្ចាស់​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ហើយ​តើ!»។ 15 ប៉ុន្តែ ស្តេច​មាន​រាជ‌ឱង្ការ​មក​លោក​វិញ​ថា៖ «តើ​យើង​ត្រូវ​ប្រាប់​អ្នក​ប៉ុន្មាន​ដង​ទៀត​ថា ឲ្យ​អ្នក​និយាយ​តែ​ការ​ពិត​ប្រាប់​យើង ក្នុង​នាម​ព្រះ‌អម្ចាស់?»។ 16 លោក​មីកា​ទូល​ថា៖
«ទូល‌បង្គំ​បាន​ឃើញ​ពល‌ទាហាន​អ៊ីស្រា‌អែល
ទាំង​មូល​បាក់​ទ័ព រត់​ខ្ចាត់‌ខ្ចាយ​នៅ​លើ​ភ្នំ
ពួក​គេ​ប្រៀប​ដូច​ជា​ហ្វូង​ចៀម
ដែល​គ្មាន​នរណា​ឃ្វាល។
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:
អ្នក​ទាំង​នោះ​គ្មាន​មេ​ដឹក​នាំ​ទេ
ចូរ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន
ដោយ​សុខ‌សាន្ត​ចុះ!»។
17 ស្តេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសាផាត​ថា៖ «ទូល‌បង្គំ​បាន​ទូល​ព្រះ‌ករុណា​ហើយ​ថា គាត់​មិន​ដែល​ទាយ​ពី​ការ​ល្អ​ឲ្យ​ទូល‌បង្គំ​ទេ គឺ​ទាយ​តែ​ពី​ការ​អាក្រក់​ប៉ុណ្ណោះ!»។ 18 លោក​មីកា​ទូល​ថា៖ «ពិត​មែន​ហើយ! ដូច្នេះ សូម​សណ្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ទូល‌បង្គំ​ឃើញ​ព្រះ‌អម្ចាស់​គង់​លើ​រាជ​បល្ល័ង្ក ហើយ​មាន​កង‌ពល​នៃ​ស្ថាន​បរម‌សុខ​ទាំង​មូល​ឈរ​គាល់​ព្រះ‌អង្គ ទាំង​ឆ្វេង ទាំង​ស្តាំ​ផង។ 19 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “តើ​អ្នក​ណា​ចង់​ល្បួង​អខាប់ ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ឲ្យ​ទៅ​ច្បាំង​យក​ក្រុង​រ៉ាម៉ូត​នៃ​ស្រុក​កាឡាដ ដើម្បី​ឲ្យ​អខាប់​ដួល​ស្លាប់​នៅ​ទី​នោះ?”។ អ្នក​ខ្លះ​ពោល​យ៉ាង​នេះ អ្នក​ខ្លះ​ពោល​យ៉ាង​នោះ។ 20 ពេល​នោះ មាន​វិញ្ញាណ​មួយ​ចេញ​មក​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ទូល​ថា “ទូល‌បង្គំ​នឹង​ទៅ​ល្បួង!” ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សួរ​ថា “តើ​អ្នក​ធ្វើ​ដូច​ម្ដេច?”។ 21 វិញ្ញាណ​នោះ​ទូល​ថា “ទូល‌បង្គំ​នឹង​បណ្តាល​ចិត្ត​ព្យាការី​ទាំង​អស់​របស់​ស្តេច ឲ្យ​ពោល​តែ​ពាក្យ​ភូត​កុហក”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “នេះ​ជា​មធ្យោ‌បាយ​ដ៏​ប្រសើរ​សម្រាប់​ល្បួង​គេ ដូច្នេះ ចូរ​ទៅ​ធ្វើ​ចុះ!”។ 22 ឥឡូវ​នេះ ព្រះ‌អម្ចាស់​ដាក់​វិញ្ញាណ​ភូត​កុហក ក្នុង​មាត់​ព្យាការី​ទាំង​អស់​របស់​ព្រះ‌ករុណា ដ្បិត​ព្រះ‌អម្ចាស់​បាន​សម្រេច​ដាក់​ទោស​ព្រះ‌ករុណា​ឲ្យ​រង​ទុក្ខ​វេទនា​ហើយ»។
23 ពេល​នោះ លោក​សេដេខ្យាស ជា​កូន​របស់​លោក​កេណាណា​ចូល​មក​ជិត ហើយ​ទះ​កំផ្លៀង​លោក​មីកា ទាំង​ពោល​ថា៖ «តើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​ចេញ​ពី​ខ្លួន​ខ្ញុំ មក​និយាយ​ជា​មួយ​អ្នក​តាម​ផ្លូវ​ណា?»។ 24 លោក​មីកា​ឆ្លើយ​ថា៖ «ថ្ងៃ​ដែល​អ្នក​រត់​ទៅ​ពួន នៅ​បន្ទប់​ខាង​ក្នុង​ផ្ទះ​របស់​អ្នក នោះ​អ្នក​គង់​តែ​ដឹង​ទេ!»។ 25 ស្តេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ចាប់​លោក​មីកា​នាំ​យក​ទៅ​ប្រគល់​ឲ្យ​លោក​អាម៉ូន ជា​ចៅហ្វាយ​ក្រុង និង​សម្តេច​យ៉ូអាស ជា​បុត្រ​របស់​យើង​ទៅ! 26 រួច​ប្រាប់​គេ​ថា “ព្រះ‌ករុណា​បញ្ជា​ឲ្យ​យក​មនុស្ស​នេះ​ទៅ​ដាក់​គុក ហើយ​ផ្តល់​នំបុ័ង និង​ទឹក​បន្តិច‌បន្តួច​ប៉ុណ្ណោះ រហូត​ដល់​ថ្ងៃ​ព្រះ‌ករុណា​វិល​មក​ពី​ច្បាំង​វិញ ដោយ​សុខ‌សាន្ត”»។ 27 លោក​មីកា​ទូល​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​ពិត​ជា​យាង​ត្រឡប់​មក​វិញ ដោយ​សុខ‌សាន្ត​មែន​នោះ បាន​សេចក្ដី​ថា ព្រះ‌អម្ចាស់​ពុំ​មាន​ព្រះ‌បន្ទូល​តាម‌រយៈ​ទូល‌បង្គំ​ទេ»។ បន្ទាប់​មក លោក​ពោល​ទៀត​ថា៖ «ប្រជាជន​ទាំង​អស់​គ្នា ចូរ​ស្ដាប់​ចុះ!»។

ព្រះ‌បាទ​អខាប់​សោយ​ទិវង្គត​ក្នុង​សមរ‌ភូមិ
(១​ពង្សា‌វតារ‌ក្សត្រ ២២.២៩-៤០)

28 ស្តេច​ស្រុក​អ៊ីស្រា‌អែល និង​ព្រះ‌បាទ​យ៉ូសាផាត ជា​ស្តេច​ស្រុក​យូដា នាំ​គ្នា​យាង​ឆ្ពោះ​ទៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ 29 ស្តេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសាផាត​ថា៖ «ទូល‌បង្គំ​នឹង​ក្លែង​ខ្លួន​ជា​ពល‌ទាហាន រីឯ​ព្រះ‌ករុណា​វិញ សូម​ព្រះ‌អង្គ​ព្រះ‌ភូសា​យ៉ាង​រុង‌រឿង​ចុះ!»។ ដូច្នេះ ស្តេច​ស្រុក​អ៊ីស្រា‌អែល​ក៏​បាន​ក្លែង​ខ្លួន​ជា​ពល‌ទាហាន រួច​ស្តេច​ទាំង​ពីរ​យាង​ចេញ​ទៅ​ច្បាំង។ 30 ស្តេច​ស្រុក​ស៊ីរី​ចេញ​បញ្ជា​ដល់​មេ​បញ្ជា‌ការ​កង​រទេះ​ចម្បាំង​ថា៖ «មិន​បាច់​ប្រយុទ្ធ​នឹង​ពល‌ទាហាន ឬ​នាយ​ទាហាន​ឡើយ ចូរ​ប្រយុទ្ធ​តែ​នឹង​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ប៉ុណ្ណោះ»។ 31 កាល​មេ​បញ្ជា‌ការ​រទេះ​ចម្បាំង​ទាំង​នោះ​ឃើញ​ព្រះ‌បាទ​យ៉ូសាផាត ពួក​គេ​ពោល​ថា “នុ៎ះ ស្តេច​អ៊ីស្រា‌អែល” ពួក​គេ​ក៏​ឡោម‌ព័ទ្ធ ដើម្បី​វាយ​ប្រហារ​ស្តេច ប៉ុន្តែ ពេល​ព្រះ‌បាទ​យ៉ូសាផាត​ស្រែក​ឡើង។ ព្រះ‌អម្ចាស់​យាង​មក​ជួយ​ស្តេច ដោយ​ធ្វើ​ឲ្យ​មេ‌ទ័ព​ទាំង​នោះ​ចេញ​ឆ្ងាយ​ពី​ស្តេច។ 32 ពួក​មេ​បញ្ជា‌ការ​រទេះ​ចម្បាំង​ដឹង​ថា​មិន​មែន​ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ទេ ពួក​គេ​ក៏​ឈប់​ដេញ​តាម។ 33 ប៉ុន្តែ មាន​ទាហាន​ស៊ីរី​ម្នាក់​យឹត​ធ្នូ​បាញ់​ព្រាវ​ទៅ ត្រូវ​ចំ​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ត្រង់​ចន្លោះ​អាវ‌ក្រោះ។ ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​បរ​រាជ‌រថ​ថា៖ «ចូរ​បក​ក្រោយ នាំ​យើង​ចេញ​ពី​សមរ‌ភូមិ​ភ្លាម ព្រោះ​យើង​ត្រូវ​របួស​ហើយ»។ 34 នៅ​ថ្ងៃ​នោះ ការ​ប្រយុទ្ធ​មាន​សភាព​ធ្ងន់‌ធ្ងរ​កាន់​តែ​ខ្លាំង​ឡើង គេ​ពុំ​អាច​នាំ​ស្តេច​អ៊ីស្រា‌អែល​ចេញ​ពី​សមរ‌ភូមិ​បាន​ឡើយ។ ដូច្នេះ ស្តេច​ស្ថិត​នៅ​ក្នុង​រាជ‌រថ​រហូត​ដល់​ល្ងាច ហើយ​ស្តេច​ក៏​សោយ​ទិវង្គត​នៅ​ពេល​ថ្ងៃ​លិច។