ជំពូក ១
រាជ្យរបស់ព្រះបាទសាឡូម៉ូន
ព្រះបាទសាឡូម៉ូនសោយរាជ្យលើស្រុកអ៊ីស្រាអែល ស្តេចទូលសូមប្រាជ្ញាពីព្រះជាម្ចាស់
(១ពង្សាវតារក្សត្រ ៣.៤-១៥)
1 ព្រះបាទសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ មានអំណាចកាន់តែរឹងមាំឡើង។ ព្រះអម្ចាស់ ជាព្រះរបស់ស្តេចគង់នៅជាមួយ ហើយប្រោសប្រទានឲ្យស្តេចបានខ្ពង់ខ្ពស់ថ្កុំថ្កើងបំផុត។
2 ព្រះបាទសាឡូម៉ូនកោះហៅជនជាតិអ៊ីស្រាអែលទាំងមូល ពួកមេកង មេក្រុម ចៅក្រម អ្នកដឹកនាំជនជាតិអ៊ីស្រាអែលទាំងអស់ និងមេក្រុមគ្រួសារ។ 3 ព្រះបាទសាឡូម៉ូន និងអង្គប្រជុំទាំងមូល នាំគ្នាទៅកាន់កន្លែងសក្ការៈទួលខ្ពស់នៅកាបូន ដ្បិតព្រះពន្លាជួបព្រះជាម្ចាស់ដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ បានសង់នៅវាលរហោស្ថាន ស្ថិតនៅទីនោះ។ 4 រីឯហិបរបស់ព្រះជាម្ចាស់ ព្រះបាទដាវីឌដង្ហែពីក្រុងគៀរីយ៉ាត-យេអារីម មកតម្កល់នៅកន្លែងដែលស្តេចត្រៀមទុក ក្នុងពន្លានៅក្រុងយេរូសាឡឹម។ 5 អាសនៈលង្ហិនដែលលោកបេតសាលេអែល ជាកូនរបស់លោកអ៊ូរី និងជាចៅរបស់លោកហួរ បានធ្វើ ក៏ស្ថិតនៅមុខព្រះពន្លានៅកាបូនដែរ។ នៅទីនោះ ព្រះបាទសាឡូម៉ូន និងអង្គប្រជុំទាំងមូល នាំគ្នាទូលសួរព្រះអម្ចាស់។ 6 ព្រះបាទសាឡូម៉ូនឡើងទៅកាន់អាសនៈលង្ហិន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់ពន្លាជួបជាមួយព្រះអង្គ ហើយថ្វាយតង្វាយដុតទាំងមូលចំនួនមួយពាន់។
7 នៅយប់នោះ ព្រះអម្ចាស់បានសម្ដែងឲ្យព្រះបាទសាឡូម៉ូនឃើញ ហើយមានព្រះបន្ទូលថា៖ «បើអ្នកចង់បានអ្វី ចូរសុំមកចុះ យើងនឹងប្រគល់ឲ្យ»។ 8 ព្រះបាទសាឡូម៉ូនទូលព្រះជាម្ចាស់វិញថា៖ «ព្រះអង្គបានសម្ដែងព្រះហឫទ័យមេត្តាករុណាដ៏ធំធេងចំពោះព្រះបាទដាវីឌជាបិតារបស់ទូលបង្គំ ហើយព្រះអង្គក៏ឲ្យទូលបង្គំឡើងគ្រងរាជ្យតពីបិតាទៀត។ 9 បពិត្រព្រះជាម្ចាស់ ឥឡូវនេះ ព្រះអង្គសម្រេចព្រះបន្ទូលដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំហើយ ដ្បិតព្រះអង្គបានតែងតាំងទូលបង្គំឲ្យគ្រងរាជ្យលើប្រជាជនដ៏ច្រើនឥតគណនា ដូចធូលី។ 10 សូមប្រោសប្រទានឲ្យទូលបង្គំមានប្រាជ្ញា និងការយល់ដឹង ដើម្បីឲ្យទូលបង្គំចេះដឹកនាំប្រជារាស្ដ្រនេះ។ បើមិនដូច្នោះទេ តើនរណាអាចគ្រប់គ្រងលើប្រជារាស្ដ្រដ៏ច្រើនរបស់ព្រះអង្គបាន?»។ 11 ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖ «អ្នកមិនបានទូលសូមឲ្យមានទ្រព្យសម្បត្តិស្តុកស្តម្ភ ភាពថ្កុំថ្កើងរុងរឿង ឬឲ្យបច្ចាមិត្តរបស់អ្នកត្រូវស្លាប់ ហើយក៏មិនបានទូលសូមឲ្យមានអាយុវែងដែរ តែអ្នកទូលសូមឲ្យមានប្រាជ្ញា និងការយល់ដឹង ដើម្បីគ្រប់គ្រងលើប្រជារាស្ដ្រ ដែលយើងបានតែងតាំងអ្នកឲ្យគ្រងរាជ្យលើពួកគេ។ ដោយអ្នកមានបំណងដូច្នេះ 12 យើងឲ្យអ្នកមានប្រាជ្ញា និងការយល់ដឹង។ លើសពីនេះ យើងក៏ផ្តល់ឲ្យអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ភាពថ្កុំថ្កើងរុងរឿង គ្មានស្តេចណាម្នាក់អាចប្រៀបស្មើនឹងអ្នកបានឡើយ ទោះបីពីមុនក្តី ឬទៅអនាគតក្តី»។
13 ព្រះបាទសាឡូម៉ូនយាងពីកន្លែងសក្ការៈតាមទួលខ្ពស់ នៅកាបូន គឺត្រង់ពន្លាជួបព្រះអម្ចាស់ វិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។
អំណាច និងរាជទ្រព្យរបស់ព្រះបាទសាឡូម៉ូន
(១ពង្សាវតារក្សត្រ ១០.២៦-២៩, ២របាក្សត្រ ៩.២៥-២៨)
14 ព្រះបាទសាឡូម៉ូនប្រមូលរទេះចម្បាំង និងពលទ័ពសេះទាំងអស់មក ឃើញមានរទេះចម្បាំងចំនួនមួយពាន់បួនរយ និងពលទ័ពសេះចំនួនមួយម៉ឺនពីរពាន់នាក់។ ស្តេចទុកមួយចំនួនឲ្យនៅជាមួយស្តេច ក្នុងក្រុងយេរូសាឡឹម និងមួយចំនួនទៀតឲ្យទៅនៅតាមក្រុងនានា ដែលស្តេចបម្រុងសម្រាប់ទ័ពទាំងនោះ។ 15 ព្រះរាជាបានធ្វើឲ្យក្រុងយេរូសាឡឹម មានប្រាក់ មាស សម្បូណ៌ដូចដុំថ្ម និងមានឈើតាត្រៅសម្បូណ៌ ដូចដើមរាំងដែលដុះនៅតាមវាលទំនាប។ 16 ពួកឈ្មួញនាំគ្នាទៅទិញសេះពីស្រុកអេស៊ីប និងស៊ីលីស៊ី មកថ្វាយព្រះបាទសាឡូម៉ូន។ 17 ពួកគេនាំរទេះមកពីស្រុកអេស៊ីប រទេះមួយមានតម្លៃជាប្រាក់សុទ្ធប្រាំមួយរយស្លឹង និងសេះមួយតម្លៃមួយរយហាសិបស្លឹង។ ពួកឈ្មួញក៏បាននាំសេះ និងរទេះទៅលក់ថ្វាយស្តេចទាំងប៉ុន្មាននៃជនជាតិហេត និងស្តេចនៃជនជាតិស៊ីរីដែរ។
ព្រះបាទសាឡូម៉ូនសង់ព្រះវិហារ
(១ពង្សាវតារក្សត្រ ៥.១៥-៣២, ៧.១៣-១៤)
18 ព្រះបាទសាឡូម៉ូនបញ្ជាឲ្យគេសង់ព្រះដំណាក់មួយ ថ្វាយព្រះនាមព្រះអម្ចាស់ និងដំណាក់មួយ សម្រាប់ស្តេចផ្ទាល់។