ពាក្យ​លំនាំ

ម៉ាកា‌បាយឬ មរណ‌សាក្សី​នៃ​ប្រជាជន​អ៊ីស្រា‌អែល ភាគ​ទី ២

កណ្ឌ «មរណ‌សាក្សី​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ទី ២» មិន​ត​ពី​កណ្ឌ​ទី​១ ទេ។ កណ្ឌ​នេះ​ជា​សេចក្តី​សង្ខេប​របស់​សៀវ‌ភៅ​ប្រាំ ដែល​លោក​យ៉ាសូន ជា​អ្នក​ស្រុក​គីរែន និពន្ធ​ជា​ភាសា​ក្រិក។ ក្នុង​កណ្ឌ​នោះ​មាន​រៀប​រាប់​ពី​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ចាប់​តាំង​ពី​ព្រះ‌បាទ​សេលើ‌គូស (ឡើង​គ្រង​រាជ្យ​មុន​ព្រះ‌បាទ​អន់ទី‌យ៉ូគូស - អេពីផាន) រហូត​ដល់​លោក​នីកាន័រ​បាត់​បង់​ជីវិត នៅ​ឆ្នាំ​១៦០ មុន​គ.ស។

ក្នុង​ភាគ​ទី​១ (ជំពូក ១ និង ២) អ្នក​និពន្ធ​មាន​បំណង​ចង់​ដាស់​តឿន​ជន​ជាតិ​អេស៊ីប ដែល​រស់​នៅ​ស្រុក​អេស៊ីប ឲ្យ​ធ្វើ​បុណ្យ​រំឭក​ថ្ងៃ​ដែល​លោក​យូដា​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌វិហារ​យេរូ‌សាឡឹម ក្រោយ​ពី​ដណ្តើម​យក​ក្រុង​បាន។

ក្នុង​ភាគ​ទី ២ (ជំពូក ៣ ដល់ ៧) មាន​តំណាល​អំពី​ជន​ជាតិ​ក្រិក រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ដែល​កប់​ទុក​ក្នុង​ព្រះ‌វិហារ បង្ខិត​បង្ខំ​ជន​ជាតិ​យូដា​ឲ្យ​លះ​បង់​ចោល​ជំនឿ​របស់​ខ្លួន មក​កាន់​សាសនា​របស់​ជន​ជាតិ​ក្រិក​វិញ។

ក្នុង​ភាគ​ទី​៣ (ជំពូក ៨ ដល់ ១៥) មាន​ដំណាល​អំពី​ការ​បះ​បោរ​របស់​លោក​យូដា‌ម៉ាកាបាយ ដែល​វាយ​ឈ្នះ​កង‌ទ័ព​ក្រិក ហើយ​ជម្រះ​ព្រះ‌វិហារ។

ជួន​កាល អ្នក​និពន្ធ​កណ្ឌ​ទី២​និទាន​តំណាល​អំពី​ព្រឹត្តិ‌ការណ៍​ច្បាស់​ជាង​អ្នក​និពន្ធ​កណ្ឌ​ទី១។ ប៉ុន្តែ លោក​តំណាល​ការ​អស្ចារ្យ​ច្រើន​ពេក ដើម្បី​បញ្ជាក់​ជំនឿ​របស់​លោក​ចំពោះ​ព្រះ‌ជាម្ចាស់ ដែល​គាំ​ទ្រ​ប្រជា‌រាស្រ្ត​របស់​ព្រះ‌អង្គ​ជា‌និច្ច។ លោក​បក​ប្រែ​លិខិត​ប្រាំពីរ​ជា​ភាសា​ក្រិក។ ដោយ​សំបុត្រ​មួយ​ត្រូវ​រាជ​ការ​ផ្ញើ​នៅ​ឆ្នាំ ១២៤ មុន គ.ស. អ្នក​និពន្ធ​បាន​តែង​កណ្ឌ​នេះ ក្រោយ​ពេល​នោះ​ទៅ​ទៀត។

គួរ​ឲ្យ​កត់​សម្គាល់​សេចក្តី​ពីរ​យ៉ាង គឺ​លោក​យូដា​អង្វរ​ព្រះ‌ជាម្ចាស់ ឲ្យ​វិញ្ញាណក្ខ័ន្ធ​របស់​យុទ្ធ​ជន ដែល​បាត់​បង់​ជីវិត​លើ​សមរ‌ភូមិ (ជំពូក ១២)។ លោក​ក៏​ឃើញ​មហា​បូជា‌ចារ្យ​អូនីយ៉ាស និង​ព្យាការី​យេរេមី អង្វរ​ព្រះ‌ជាម្ចាស់​សម្រាប់​ប្រជាជន​ដែរ។ មាន​តែ​ក្នុង​កណ្ឌ​នេះ​ទេ ដែល​មាន​រៀប​រាប់​សេចក្តី​ដូច្នេះ។ ក្រុម​ជំនុំ​ប្រូតេ‌ស្តង់ មិន​ទទួល​ស្គាល់​កណ្ឌ​នេះ​ទុក​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ទេ ក៏​មិន​ទទួល​ស្គាល់​ថា មាន​អ្នក​អាច​ធ្វើ​អន្តរាគមន៍​ចំពោះ​ព្រះ‌ជាម្ចាស់ ក្រៅ​ពី​ព្រះ‌គ្រីស្ត​ឡើយ។