ពាក្យ​លំនាំ

ម៉ាកា‌បាយឬ មរណ‌សាក្សី​នៃ​ប្រជាជន​អ៊ីស្រា‌អែល ភាគ​ទី១

ចាប់​ពី​ឆ្នាំ ៣៣៣ មុន​គ.ស.​ព្រះ‌បាទ​អឡិច‌សង់​ជា​ស្តេច​ស្រុក​ម៉ាសេ‌ដូន នាំ​កង‌ទ័ព​ទៅ​វាយ​ដណ្តើម​យក​ដែន​ដី​នៃ​មជ្ឈិម​បូព៌ា​ទាំង​មូល គឺ​ចាប់​តាំង​ពី​ប្រទេស​ក្រិក​រហូត​ដល់​ប្រទេស​ឥណ្ឌា។ អារ្យ‌ធម៌ និង​សាសនា​របស់​ជន​ជាតិ​ក្រិក បាន​សាយ​ភាយ​គ្រប់​តំបន់​ទាំង​នោះ។ ក្រោយ​ពី​ព្រះ‌បាទ​អឡិច‌សង់​ចូល​ទិវង្គត (៣៣៣)​ស្រុក​យូដា​ទៅ​ជា​អាណា​ខេត្ត​មួយ​នៃ​រាជា‌ណាចក្រ​ស្រុក​អេ‌ស៊ីប។ ស្តេច​ស្រុក​អេ‌ស៊ីប​ក៏​អនុញ្ញាត​ឲ្យ​ប្រជាជន​យូដា​កាន់​តាម​ប្រពៃណី​របស់​បុព្វ‌បុរស និង​តាម​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ ដែល​ព្រះ‌រាជា​យក​មក​ធ្វើ​ជា​ច្បាប់​រដ្ឋ​សម្រាប់​ពួក​គេ។

នៅ​ឆ្នាំ​១៩៨ មុន​គ.ស ស្រុក​យូដា​ធ្លាក់​ទៅ​ជា​អាណា​ខេត្ត​មួយ​នៃ​រាជា‌ណាចក្រ​ស៊ីរី​វិញ។ នៅ​ឆ្នាំ​១៧៥ មុន​គ.ស ព្រះ‌បាទ​អន់‌យូគូស-អេពី‌ផាន ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​ស៊ីរី។ ស្តេច​ចង់​បង្ខំ​ឲ្យ​ប្រជាជន​យូដា​កាន់​តាម​អរិយ‌ធម៌ និង​តាម​សាសនា​ក្រិក។ នៅ​ឆ្នាំ​១៦៧ មុន​គ.ស ស្តេច​បញ្ជា​ឲ្យ​ប្រហារ​ជីវិត​អស់​អ្នក​ដែល​នៅ​តែ​គោរព​តាម​វិន័យ​របស់​លោក​ម៉ូសេ។ ពេល​នោះ មាន​ជន​ជាតិ​យូដា​ជា​ច្រើន សុខ​ចិត្ត​ធ្វើ​តាម​បញ្ជា​របស់​ស្តេច តែ​មាន​អ្នក​ខ្លះ​ស៊ូ​ប្ដូ​ជីវិត ដើម្បី​កាន់​តាម​ធម្ម‌វិន័យ​នោះ​ត​ទៅ​ទៀត។ អ្នក​ខ្លះ​នាំ​គ្នា​បះ​បោរ​ប្រឆាំង​នឹង​ស្ដេច ហើយ​ប្រយុទ្ធ​ទាមទារ​យក​ឯក‌រាជ្យ​មក​ជូន​ប្រជា‌ជន​របស់​ខ្លួន​វិញ។

ព្រឹត្តិ‌ការណ៍​ទាំង​នេះ​មាន​រៀប​រាប់​ក្នុង​កណ្ឌ «មរណ‌សាក្សី​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល» ដែល​ហៅ​ថា «កណ្ឌ​ម៉ាកា‌បាយ» តាម​ឈ្មោះ​លោក​យូដា ជា​យុទ្ធ​ជន​ម្នាក់​ដ៏​អង់​អាច​ក្លា‌ហាន។
ក្នុង​កណ្ឌ​ទី​មួយ​ដែល​ចែង​ជា​ភាសា​ហេប្រឺ ប្រែ​ជា​ភាសា​ក្រិក មាន​រៀប​រាប់​អំពី​ព្រះ‌បាទ​អន់ទី‌យូគូស-អេពី‌ផាន និង​ស្តេច​ឯ​ទៀតៗ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ប្រជាជន​យូដា​ចាប់​តាំង​ពី​ឆ្នាំ​១៧៥ មុន​គ.ស. រហូត​ដល់​ជន​ជាតិ​យូដា​ដណ្តើម​យក​ឯក‌រាជ្យ​បាន​នៅ​ឆ្នាំ​១៣៥។

  • លោក​យូដា​ម៉ាកា‌បាយ​ប្រយុទ្ធ​នឹង​នាយ​ទាហាន​នៃ​កង‌ទ័ព​នៃ​ជន​ជាតិ​ស៊ីរី : លោក​លីស្សា លោក​បាកឃីដែស និង​លោក​និកាន័រ ពី​ឆ្នាំ​១៦៦ ដល់​ឆ្នាំ​១៦០។
  • កាល​លោក​យូដា​បាត់​បង់​ជីវិត​ក្នុង​សមរ‌ភូមិ លោក​យ៉ូណាថាន​ជា​បង​វាយ​ខ្មាំង​សត្រូវ​ត​ទៅ​ទៀត (ឆ្នាំ​១៦០-១៤០)។ ប៉ុន្តែ លោក​ធ្វើ​នយោ‌បាយ​ជាង​ការ‌ពារ​សាសនា។ ព្រះ‌បាទ​អឡិចសង់‌បាឡាស​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​មហា​បូជា‌ចារ្យ តែ​លោក​ទ្រីផូន​ជា​មេ‌ទ័ព​ស៊ីរី​លួច​សម្លាប់​លោក នៅ​ឆ្នាំ​១៤២។
  • លោក​ស៊ីម៉ូន​ជា​បង បន្ត​ការ​ប្រយុទ្ធ (១៤២-១៣៤)។ ព្រះ‌បាទ​ដេមេ‌ទ្រីយ៉ូ​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​មហា​បូជា‌ចារ្យ។ លោក​វាយ​ប្រយុទ្ធ​ទាម‌ទារ​ឯក‌រាជ្យ​ជាតិ។ លោក​យ៉ូហាន​អ៊ីរកន​ជា​បុត្រ នឹង​ស្នង​រាជ្យ។ ពូជ‌ពង្ស​របស់​លោក​ស៊ីម៉ូន​មាន​ព្រះ‌នាម​ថា ស្តេច «អាសមូ‌នេអាំង»។

កណ្ឌ «មរណ‌សាក្សី​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល» មាន​សារ‌សំខាន់​ធ្វើ​ឲ្យ​ស្គាល់​ប្រវត្តិ​ប្រជាជន​យូដា នៅ​សតវត្ស​ទី២ មុន​គ.ស.នោះ។ មាន​គម្ពីរ​ជា​ច្រើន​ដែល​ជួយ​ពន្យល់​ពី​គម្ពីរ​ដានីអែល (ដន ៧‑១២)។