ជំពូក ៣៦

លោក​អេលីហ៊ូ​ពន្យល់​ពី​របៀប​ដែល​ព្រះ‌ជាម្ចាស់ ប្រៀន‌ប្រដៅ​មនុស្ស​លោក

1 លោក​អេលីហ៊ូ​មាន​ប្រសាសន៍
ទៀត​ថា៖
2 «សូម​រង់‌ចាំ​បន្តិច ខ្ញុំ​នឹង​ពន្យល់​ឲ្យ​លោក​ដឹង
ដ្បិត​ខ្ញុំ​នៅ​មាន​សេចក្ដី​ខ្លះ​ទៀត​ដែល​ត្រូវ​ថ្លែង
ក្នុង​នាម​ព្រះ‌ជាម្ចាស់។
3 ខ្ញុំ​នាំ​យក​ចំណេះ​ដឹង​ដ៏​ជ្រៅ‌ជ្រះ​មក​ជម្រាប​ជូន
ហើយ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​លោក​ឃើញ​ថា
ព្រះ​ដែល​បង្កើត​ខ្ញុំ ព្រះ‌អង្គ​សុចរិត
4 ដ្បិត​សេចក្ដី​ដែល​ខ្ញុំ​ថ្លែង
មិន​មែន​ជា​ពាក្យ​បោក​បញ្ឆោត​ទេ
ខ្ញុំ​និយាយ​ជា​មួយ​លោក
ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​ចេះ​ដឹង​ត្រឹម​ត្រូវ!
5 ព្រះ‌ជាម្ចាស់​ដ៏​ឧត្តុង្គ‌ឧត្ដម
មិន​មើល‌ងាយ​នរណា​ម្នាក់​ឡើយ
ព្រះ‌អង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ឧត្តុង្គ‌ឧត្ដម
ព្រះ‌អង្គ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់។
6 ព្រះ‌អង្គ​មិន​ទុក​ជីវិត​ឲ្យ​មនុស្ស​អាក្រក់​ទេ
ហើយ​ព្រះ‌អង្គ​តែង‌តែ​រក​យុត្តិធម៌​ឲ្យ
ជន‌ទុរគត​ជា‌និច្ច។
7 ព្រះ‌អង្គ​មិន​បែរ​ព្រះ‌ភ័ក្ត្រ​ចេញ​ឆ្ងាយ
ពី​មនុស្ស​សុចរិត​ឡើយ
ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​គ្រង​រាជ្យ
រួម​ជា​មួយ​ស្តេច​នានា
ហើយ​ប្រទាន​ឲ្យ​រាជ​សម្បត្តិ​របស់​គេ
នៅ​ស្ថិត‌ស្ថេរ
ព្រម​ទាំង​លើក​តម្កើង​គេ​ថែម​ទៀត​ផង។
8 ប៉ុន្តែ ប្រសិន​បើ​គេ​ជាប់​ច្រវាក់
ឬ​ជាប់​នៅ​ក្នុង​ចំណង​នៃ​ទុក្ខ​លំបាក
9 គឺ​មក​ពី​ព្រះ‌អង្គ​បង្ហាញ​ឲ្យ​គេ​ស្គាល់
អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត
នៅ​ពេល​មាន​អំនួត គេ​បាន​បះ‌បោរ
ប្រឆាំង​នឹង​ព្រះ‌អង្គ។
10 ព្រះ‌អង្គ​ជួយ​គេ​ឲ្យ​យក​ចិត្ត​ទុក​ដាក់
ស្ដាប់​ដំបូន្មាន
ព្រះ‌អង្គ​ណែ‌នាំ​គេ​ឲ្យ​លះ‌បង់​អំពើ​ទុច្ចរិត។
11 ប្រសិន​បើ​គេ​សុខ​ចិត្ត​ស្ដាប់ ហើយ​គោរព​ចុះ​ចូល
គេ​មុខ​ជា​មាន​សុភមង្គល និង​អំណរ​សប្បាយ
រហូត​ដល់​ថ្ងៃ​លា​ចាក​លោក​នេះ​ទៅ។
12 ប្រសិន​បើ​គេ​មិន​ព្រម​ស្ដាប់​ទេ
គេ​មុខ​ជា​ត្រូវ​វិនាស​ដោយ​មុខ​លំពែង
គេ​នឹង​រលត់​វិញ្ញាណ​ទៅ ទាំង​អាប់​ប្រាជ្ញា។
13 មនុស្ស​ទមិឡ​រមែង​ចូល​ចិត្ត​កំហឹង
ពេល​ព្រះ‌ជាម្ចាស់​យក​ច្រវាក់​មក​ចង​គេ
នោះ​គេ​មិន​ស្រែក​អង្វរ​ព្រះ‌អង្គ​ឡើយ។
14 គេ​ស្លាប់​ទៅ ទាំង​ខ្លួន​នៅ​ក្មេង
គេ​បាត់​បង់​ជីវិត​ជា​មួយ​ពួក​ពេស្យា​សក្ការៈ*។
15 ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ប្រើ​ភាព​ទុរគត
ដើម្បី​រំដោះ​ជន‌ទុរគត
ព្រះ‌អង្គ​ប្រើ​ទុក្ខ​លំបាក ដើម្បី​អប់រំ​គេ។
16 ព្រះ‌អង្គ​នឹង​នាំ​លោក​ឲ្យ​ចៀស​ផុត​ពី
ភាព​អាសន្ន​នេះ
ព្រម​ទាំង​ប្រទាន​ឲ្យ​លោក
បាន​ចម្រុង‌ចម្រើន
ហើយ​តុ​របស់​លោក​នឹង​ពោរ‌ពេញ​ដោយ
ចំណី​អាហារ​ដ៏​ឆ្ងាញ់​ពិសា។
17 ប៉ុន្តែ ដោយ​លោក​វិនិច្ឆ័យ​ដូច​មនុស្ស​អាក្រក់
លោក​នឹង​ទទួល​ទោស ស្រប​តាម​យុត្តិធម៌
ចៀស​មិន​ផុត​ឡើយ។
18 សូម​កុំ​បណ្តោយ​ឲ្យ​កំហឹង​ទាក់‌ទាញ​លោក
រហូត​ដល់​ទៅ​មាក់‌ងាយ​ព្រះ‌អង្គ
ហើយ​ក៏​កុំ​បណ្តោយ​ឲ្យ​សំណូក​ដ៏​ច្រើន
ទាក់‌ទាញ​លោក​ឲ្យ​វង្វេង​ដែរ!
19 ទ្រព្យ‌សម្បត្តិ​របស់​លោក​ពុំ​អាច​ជួយ​លោក
ឲ្យ​រួច​ពី​ភាព​អាសន្ន​បាន​ទេ
រីឯ​មាស និង​កម្លាំង​ដ៏​ខ្លាំង​របស់​លោក
ក៏​ពុំ​អាច​ជួយ​លោក​បាន​ដែរ។
20 កុំ​ទន្ទឹង​រង់‌ចាំ​រាត្រី​កាល ជា​ពេល​ដែល
ជាតិ​សាសន៍​ទាំង‌ឡាយ​ត្រូវ​វិនាស​នោះ​ឡើយ។
21 ចូរ​ប្រយ័ត្ន ក្រែង​លោក​បែរ​ទៅ​រក​អំពើ​អាក្រក់
ដ្បិត​លោក​សុខ​ចិត្ត​ប្រព្រឹត្ត​ដូច្នេះ
ជា​ជាង​ស៊ូ‌ទ្រាំ​រង​ទុក្ខ​លំបាក។
22 ព្រះ‌ជាម្ចាស់​សម្ដែង​ភាព​ឧត្តុង្គ‌ឧត្ដម
តាម‌រយៈ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ
តើ​នរណា​ចេះ​ប្រៀន‌ប្រដៅ​ដូច​ព្រះ‌អង្គ?
23 តើ​នរណា​អាច​បញ្ជា​ព្រះ‌អង្គ​អំពី​មាគ៌ា​រស់​នៅ
តើ​នរណា​អាច​ពោល​ថា:
“ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ខុស​ហើយ!”?
24 ហេតុ​នេះ សូម​កុំ​ភ្លេច​លើក​តម្កើង
ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ
ដូច​មនុស្ស‌ម្នា​តែង‌តែ​ច្រៀង​លើក​តម្កើង។
25 មនុស្ស​លោក​ទាំង​អស់​មើល​ឃើញ
ស្នា​ព្រះ‌ហស្ដ​នេះ​ពី​ចម្ងាយ
ហើយ​ស្ងើច​សរសើរ​គ្រប់ៗ​គ្នា។
26 ព្រះ‌ជាម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដម
ដែល​យើង​ពុំ​អាច​ស្វែង​យល់​ឡើយ
ហើយ​យើង​ក៏​ពុំ​អាច​គិត​អំពី​ព្រះ‌ជន្មាយុ
របស់​ព្រះ‌អង្គ​ដែរ។
27 ព្រះ‌អង្គ​ទាញ​យក​ដំណក់​ទឹក​មក​មូល​ផ្តុំ​គ្នា
ជា​ចំហាយ និង​ទឹក​ភ្លៀង។
28 ពពក​បង្អុរ​ភ្លៀង​ចុះ​មក​ស្រោច​ស្រព
បណ្តា‌ជន​នៅ​លើ​ផែន‌ដី។
29 តើ​នរណា​អាច​យល់​ដំណើរ​ពពក​រសាត់
ព្រម​ទាំង​ផ្គរ‌លាន់​ក្នុង​អាកាស‌វេហាស៍?
30 ព្រះ‌អង្គ​ជះ​ពន្លឺ​រស្មី​នៅ​ជុំ‌វិញ​ព្រះ‌អង្គ
តែ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ភាព​ងងឹត
នៅ​បាត​សមុទ្រ។
31 ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​ជាតិ​សាសន៍​ទាំង‌ឡាយ
ដោយ​ប្រទាន​ទឹក​ភ្លៀង
និង​ផ្តល់​ឲ្យ​គេ​មាន​អាហារ​ដ៏​បរិបូណ៌។
32 ព្រះ‌អង្គ​កាន់​ផ្លេក​បន្ទោរ​នៅ​ក្នុង​ព្រះ‌ហស្ដ
ហើយ​បាញ់​តម្រង់​ទៅ​រក​ទិស‌ដៅ។
33 ព្រះ‌អង្គ​ប្រើ​ផ្គរ‌លាន់
ដើម្បី​ប្រកាស​អំពី​វត្ត‌មាន​របស់​ព្រះ‌អង្គ
ពេល​ព្រះ‌អង្គ​យាង​ចូល​មក​ជិត
នោះ​ហ្វូង​សត្វ​នាំ​គ្នា​រត់​ចេញ​ជា​ប្រញាប់។