ជំពូក ២៦

ចម្លើយ​របស់​លោក​យ៉ូប​ទៅ​កាន់​លោក​ប៊ីលដាដ: លោក​ប៉ិន‌ប្រសប់​ជួយ​អ្នក​ដែល​គ្មាន​កម្លាំង​មែន!

1 លោក​យ៉ូប​ឆ្លើយ​វិញ​ថា៖
2 «លោក​ប៉ិន‌ប្រសប់​ជួយ
អ្នក​ដែល​គ្មាន​កម្លាំង​មែន!
លោក​ប៉ិន‌ប្រសប់​ជួយ​ស្រោច​ស្រង់
មនុស្ស​ទន់​ខ្សោយ!
3 លោក​ក៏​ប៉ិន‌ប្រសប់​ជួយ​យោបល់
អ្នក​ដែល​គ្មាន​ប្រាជ្ញា​ដែរ!
លោក​ពូកែ​ណែ‌នាំ​គេ​ឲ្យ​ចេះ​រិះ‌គិត​ណាស់!
4 តើ​លោក​ថ្លែង​សេចក្ដី​ទាំង​នេះ​ប្រាប់​នរណា?
នរណា​បណ្តាល​ចិត្ត​លោក​ឲ្យ​ថ្លែង​ដូច្នេះ?

អំណាច​របស់​ព្រះ‌ជាម្ចាស់

5 អស់​អ្នក​ដែល​ស្លាប់​ទៅ​ហើយ
នាំ​គ្នា​ញ័រ​រន្ធត់​នៅ​ពី​ក្រោម​សមុទ្រ
និង​ក្រោម​អ្វីៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រ។
6 ស្ថាន​មច្ចុរាជ​មិន​លាក់​កំបាំង​ចំពោះ​ព្រះ‌ភ័ក្ត្រ
របស់​ព្រះ‌អង្គ​ឡើយ
ព្រះ‌អង្គ​មើល​ធ្លុះ​ដល់​រណ្ដៅ​នៃ​សេចក្ដី​វិនាស។
7 ព្រះ‌អង្គ​លាត​ត្រដាង​ទិស​ឧត្តរ​នៅ​លើ​អាកាស
ព្រះ‌អង្គ​ព្យួរ​ផែន‌ដី​នៅ​លើ​លំហ។
8 ព្រះ‌អង្គ​បង្ខាំង​ទឹក​ទុក​នៅ​ក្នុង​ពពក
តែ​ពពក​មិន​ធ្លាយ ដោយ‌សារ​ទម្ងន់​ទឹក​ឡើយ។
9 ព្រះ‌អង្គ​លាត​ត្រដាង​ពពក
បាំង​បល្ល័ង្ក​របស់​ព្រះ‌អង្គ។
10 ព្រះ‌អង្គ​គូស​រង្វង់​មួយ​នៅ​លើ​ផ្ទៃ​ទឹក
ត្រង់​ព្រំ‌ប្រទល់​រវាង​ពន្លឺ និង​ងងឹត។
11 សសរ​របស់​មេឃ​រញ្ជួយ និង​ភ័យ​តក់‌ស្លុត
នៅ​ពេល​ឮ​ព្រះ‌អង្គ​ស្រែក​គំរាម។
12 ព្រះ‌អង្គ​បង្ក្រាប​សមុទ្រ
ដោយ‌សារ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ។
ព្រះ‌អង្គ​កម្ទេច​សត្វ​ដ៏​សម្បើម​នៅ​ក្នុង​សមុទ្រ
ដោយ‌សារ​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ។
13 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ប្រែ​ជា​ស្រឡះ
ដោយ‌សារ​ខ្យល់​ដង្ហើម​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ចាក់​ទម្លុះ​ពស់​ដែល​កំពុង​តែ​គេច​ខ្លួន
ដោយ‌សារ​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ។
14 នេះ​គ្រាន់​តែ​ជា​ស្នា​ព្រះ‌ហស្ដ​ដ៏​តូច​របស់​ព្រះ‌អង្គ
ហើយ​យើង​ក៏​បាន​ឮ​តែ​បន្តិច‌បន្តួច​ប៉ុណ្ណោះ
ចំណែក​ឯ​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌អង្គ​វិញ
តើ​នរណា​អាច​ស្វែង​យល់​បាន?»។