ជំពូក ១៩

លោក​យ៉ូប​ឆ្លើយ​តប​ទៅ​លោក​ប៊ីលដាដ: នៅ​ទី​បញ្ចប់ ព្រះ‌អង្គ​មុខ​ជា​ធ្វើ​អន្តរា‌គមន៍​មិន​ខាន!

1 លោក​យ៉ូប​ឆ្លើយ​វិញ​ថា៖
2 «តើ​អស់​លោក​ធ្វើ​ឲ្យ
ខ្ញុំ​កើត​ទុក្ខ​គ្រាំ‌គ្រា ហើយ​កម្ទេច​ខ្ញុំ
ដោយ​ពាក្យ​សម្ដី​ដូច្នេះ​ដល់​កាល​ណា​ទៀត?
3 អស់​លោក​ផ្ចាញ់‌ផ្ចាល​ខ្ញុំ​ដប់​ដង​ទៅ​ហើយ
តើ​អស់​លោក​មិន​ចេះ​ខ្មាស
ដោយ​ធ្វើ​បាប​ខ្ញុំ​បែប​នេះ​ទេ​ឬ?
4 ប្រសិន​បើ​ខ្ញុំ​បាន​ធ្វើ​ខុស​មែន​នោះ
កំហុស​នេះ​ទាក់‌ទង​នឹង​ខ្ញុំ​តែ​ប៉ុណ្ណោះ។
5 ប្រសិន​បើ​អស់​លោក​បន្តុះ‌បង្អាប់​ខ្ញុំ
ដើម្បី​លើក​តម្កើង​ខ្លួន​ឯង
ហើយ​យក​ទុក្ខ​វេទនា​របស់​ខ្ញុំ
មក​ធ្វើ​ជា​ភស្តុតាង​ចោទ​ថា​ខ្ញុំ​មាន​ទោស
6 នោះ​តោង​ដឹង​ថា​ព្រះ‌ជាម្ចាស់​ទេ​តើ
ដែល​ដាក់​កំហុស​នេះ​មក​លើ​ខ្ញុំ
ព្រះ‌អង្គ​បោះ​សំណាញ់​របស់​ព្រះ‌អង្គ​មក​លើ​ខ្ញុំ។
7 ប្រសិន​បើ​ខ្ញុំ​ស្រែក​ហៅ​គេ​ជួយ
ក៏​គ្មាន​នរណា​ឆ្លើយ
ប្រសិន​បើ​ខ្ញុំ​ស្រែក​រក​យុត្តិធម៌
ក៏​គ្មាន​នរណា​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ដែរ។
8 ព្រះ‌អង្គ​ឃាំង​ផ្លូវ​ខ្ញុំ​មិន​ឲ្យ​ទៅ​មុខ​រួច
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផ្លូវ​របស់​ខ្ញុំ​ប្រែ​ជា​ងងឹត។
9 ព្រះ‌អង្គ​ដក​កិត្តិយស​ចេញ​ពី​ខ្ញុំ
ព្រះ‌អង្គ​យក​មកុដ​ចេញ​ពី​ក្បាល​របស់​ខ្ញុំ។
10 ព្រះ‌អង្គ​ប្រហារ​ខ្ញុំ​ពី​គ្រប់​ទិស‌ទី
ធ្វើ​ឲ្យ​ខ្ញុំ​វិនាស
ព្រះ‌អង្គ​រំលើង​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ
ដូច​គេ​រំលើង​ដើម​ឈើ។
11 ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ​ឆាប‌ឆេះ​មក​លើ​ខ្ញុំ
ព្រះ‌អង្គ​ចាត់​ទុក​ខ្ញុំ​ដូច​ជា​បច្ចា‌មិត្ត។
12 កង‌ទ័ព​របស់​ព្រះ‌អង្គ​លើក​គ្នា​មក​វាយ​លុក​ខ្ញុំ
ពួក​គេ​បោះ​ទ័ព​ព័ទ្ធ​ជុំ‌វិញ​លំ‌នៅ​ខ្ញុំ។
13 ព្រះ‌អង្គ​ធ្វើ​ឲ្យ​បង‌ប្អូន​ខ្ញុំ​ចេញ​ទៅ​ឆ្ងាយ​ពី​ខ្ញុំ
អស់​អ្នក​ដែល​ធ្លាប់​ស្គាល់​ខ្ញុំ
បាន​ក្លាយ​ជា​អ្នក​ដទៃ​ទៅ​វិញ។
14 សាច់‌ញាតិ​របស់​ខ្ញុំ​នាំ​គ្នា​បោះ​បង់​ចោល​ខ្ញុំ
អ្នក​ជិត​ស្និទ្ធ​នឹង​ខ្ញុំ បាន​បំភ្លេច​ខ្ញុំ។
15 ភ្ញៀវ​របស់​ខ្ញុំ ព្រម​ទាំង​ស្រី​បម្រើ​របស់​ខ្ញុំ
បាន​ចាត់​ទុក​ខ្ញុំ​ដូច​ជា​អ្នក​ដទៃ
គេ​មើល​មក​ខ្ញុំ​ដូច​មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់។
16 ខ្ញុំ​ស្រែក​ហៅ​អ្នក​បម្រើ​របស់​ខ្ញុំ
តែ​គេ​មិន​ឆ្លើយ​តប​វិញ​ទេ
ទោះ​បី​ខ្ញុំ​ទទូច​អង្វរ​ហៅ​យ៉ាង​ណា​ក៏​ដោយ។
17 ដង្ហើម​របស់​ខ្ញុំ​ជះ​ក្លិន​អសោច
ធ្វើ​ឲ្យ​ប្រពន្ធ​របស់​ខ្ញុំ​ទ្រាំ​មិន​បាន
បង‌ប្អូន​បង្កើត​របស់​ខ្ញុំ​ក៏​ខ្ពើម​ខ្ញុំ​ដែរ។
18 សូម្បី​តែ​ក្មេង‌ក្មាង ក៏​មើល‌ងាយ​ខ្ញុំ
ពេល​ខ្ញុំ​ងើប​ឈរ​ឡើង
នោះ​ពួក​វា​នាំ​គ្នា​និយាយ​ឡក‌ឡឺយ​ដាក់​ខ្ញុំ។
19 អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ នាំ​គ្នា​ស្អប់​ខ្ពើម​ខ្ញុំ
អស់​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​បែរ​ជា​នាំ​គ្នា
ប្រឆាំង​នឹង​ខ្ញុំ។
20 ខ្ញុំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង
ហើយ​វិះ‌តែ​នឹង​ស្លាប់​ទៀត​ផង។
21 មិត្ត‌ភក្ដិ​របស់​ខ្ញុំ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ
សូម​អាណិត​មេត្តា​ខ្ញុំ​ផង!
ដ្បិត​ព្រះ‌ជាម្ចាស់​យក​ព្រះ‌ហស្ដ​វាយ​ខ្ញុំ។
22 ហេតុ​អ្វី​បាន​ជា​អស់​លោក​ដេញ​តាម​ខ្ញុំ
ដូច​ព្រះ‌ជាម្ចាស់​យ៉ាង​នេះ
អស់​លោក​ធ្វើ​ទុក្ខ​ខ្ញុំ​ប៉ុណ្ណឹង​ហើយ​មិន​ល្មម​ទេ​ឬ?
23 សូម​ឲ្យ​ពាក្យ‌ពេចន៍​របស់​ខ្ញុំ​បាន​សរសេរ​ទុក
គឺ​ចារ​ទុក​នៅ​ក្នុង​ក្រាំង​មួយ!
24 សូម​ឲ្យ​គេ​ចារឹក​ពាក្យ​នេះ
ដោយ​ដែក​ឆ្លាក់ និង​សំណ
ទុក​នៅ​លើ​ផ្ទាំង​ថ្ម​រហូត​ត​ទៅ។
25 ប៉ុន្តែ ខ្ញុំ​ដឹង​ថា​ព្រះ​ដែល​លោះ​ខ្ញុំ
ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ
ព្រះ‌អង្គ​នឹង​ក្រោក​ឈរ​ឡើង​ក្រោយ​គេ​បង្អស់
នៅ​លើ​ផែន‌ដី។
26 ក្រោយ​ពេល​រូប​កាយ​របស់​ខ្ញុំ​រលាយ​បាត់​ទៅ
នោះ​ខ្ញុំ​ផ្ទាល់​នឹង​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់
27 ខ្ញុំ​នឹង​ឃើញ​ព្រះ‌អង្គ​ផ្ទាល់​នឹង​ភ្នែក
គឺ​ព្រះ‌អង្គ​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់
ចិត្ត​ខ្ញុំ​រំជួល​រង់‌ចាំ​ពេល​នោះ។
28 អស់​លោក​ពោល​ថា
“យើង​មិន​បាន​តាម​ធ្វើ​បាប​គាត់​ទេ
ទុក្ខ​ទោស​របស់​គាត់​បណ្តាល​មក​ពី
ខ្លួន​គាត់​ផ្ទាល់​ទេ​តើ!”
29 ចូរ​ខ្លាច​មុខ​ដាវ​ទៅ
ដ្បិត​ការ​ចោទ​ប្រកាន់​របស់​អស់​លោក
តែង‌តែ​ទទួល​ទោស​ដ៏​សាហាវ​បែប​នេះ​ឯង។
ពេល​នោះ អស់​លោក​មុខ​ជា​ដឹង​ថា
ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស»។