ជំពូក ៣៤

ព្រះ‌ជាម្ចាស់​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ

1 លោក​អេលីហ៊ូ​មាន​ប្រសាសន៍
ទៀត​ថា៖
2 «អស់​អ្នក​ដែល​មាន​ប្រាជ្ញា​អើយ
សូម​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​នឹង​បរិយាយ!
អស់​អ្នក​ដែល​ចេះ​ដឹង​អើយ
សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​ខ្ញុំ!
3 ដ្បិត​ត្រចៀក​ស្ដាប់​យល់​ពាក្យ​សម្ដី
ដូច​អណ្ដាត​ស្គាល់​រស‌ជាតិ​អាហារ​ដែរ។
4 យើង​ត្រូវ​រិះ​រក​អ្វី​ដែល​ត្រឹម​ត្រូវ
ហើយ​រួម​គ្នា​ទទួល​ស្គាល់​នូវ​អ្វី​ដែល​ល្អ»។
5 លោក​យ៉ូប​មាន​ប្រសាសន៍​ថា៖
«ខ្ញុំ​ជា​មនុស្ស​សុចរិត
តែ​ព្រះ‌ជាម្ចាស់​មិន​ព្រម​រក​យុត្តិធម៌
ឲ្យ​ខ្ញុំ​ទេ។
6 ទោះ​បី​ខ្ញុំ​ជា​មនុស្ស​ត្រឹម​ត្រូវ
ក៏​ព្រះ‌អង្គ​ចាត់​ទុក​ខ្ញុំ​ជា​មនុស្ស​កុហក​ដែរ
របួស​របស់​ខ្ញុំ​ពុំ​អាច​ព្យាបាល​បាន​ទេ
តែ​ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ»។
7 តើ​មាន​នរណា​ម្នាក់​ដូច​លោក​យ៉ូប​ទេ
គាត់​ពោល​ពាក្យ​ប្រមាថ​យ៉ាង​ងាយ
ដូច​គេ​ផឹក​ទឹក។
8 គាត់​សេព‌គប់​ជា​មួយ​មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
ហើយ​ដើរ​ជា​មួយ​មនុស្ស​អាក្រក់
9 ដ្បិត​គាត់​ពោល​ថា តើ​មនុស្ស​ខិត‌ខំ
ផ្គាប់‌ផ្គុន​ព្រះ‌ជាម្ចាស់​បាន​ប្រយោជន៍​អ្វី។
10 «ហេតុ​នេះ អស់​អ្នក​ដែល​ចេះ​គិត‌គូរ​អើយ
សូម​នាំ​គ្នា​ស្ដាប់​ខ្ញុំ!
ព្រះ‌ជាម្ចាស់​មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ
ហើយ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត
ក៏​មិន​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ!
11 ព្រះ‌អង្គ​តប​ស្នង​ចំពោះ​មនុស្ស​លោក
តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត
ព្រះ‌អង្គ​ឲ្យ​ម្នាក់ៗ​ទទួល​ផល
តាម​របៀប​ដែល​ខ្លួន​រស់​នៅ។
12 ពិត​មែន​ហើយ ព្រះ‌ជាម្ចាស់​មិន​ប្រព្រឹត្ត
អំពើ​អាក្រក់​ជា​ដាច់​ខាត
ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត
មិន​ប្រាស​ចាក​យុត្តិធម៌​ឡើយ។
13 តើ​នរណា​ប្រគល់​អំណាច​ឲ្យ​ព្រះ‌អង្គ
គ្រប់‌គ្រង​ផែន‌ដី?
តើ​នរណា​ប្រគល់​ពិភព‌លោក​ទាំង​មូល
មក​ឲ្យ​ព្រះ‌អង្គ​កាន់​កាប់?
14 ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ខ្វល់‌ខ្វាយ​តែ
ចំពោះ​ព្រះ‌អង្គ​ផ្ទាល់
ហើយ​បើ​ព្រះ‌អង្គ​ដក​យក​ព្រះ‌វិញ្ញាណ
និង​ដង្ហើម​ជីវិត​ទៅ​វិញ​នោះ
15 សត្វ​លោក​ទាំង​អស់​នឹង​ត្រូវ​វិនាស​ជា​មួយ​គ្នា
មនុស្ស​លោក​នឹង​វិល​ទៅ​ជា​ធូលី​ដី​វិញ។
16 ប្រសិន​បើ​លោក​មាន​ប្រាជ្ញា សូម​ស្ដាប់​ខ្ញុំ​ចុះ
សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​ថ្លែង!
17 ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ស្អប់​យុត្តិធម៌
តើ​ព្រះ‌អង្គ​គ្រប់‌គ្រង​ផែន‌ដី​កើត​ឬ?
តើ​លោក​ហ៊ាន​ថ្កោល​ទោស​ព្រះ​ដ៏​សុចរិត
ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម​ឬ?
18 មិន​ដែល​មាន​នរណា​ហ៊ាន​បន្ទោស​ស្តេច​ថា
“មនុស្ស​ពាល!”
ឬ​ស្តី​ឲ្យ​អ្នក​ធំ​ថា “មនុស្ស​ទុយ៌ស!” ទេ
19 រីឯ​ព្រះ‌ជាម្ចាស់​វិញ
ព្រះ‌អង្គ​មិន​រើស​មុខ​មេ​ដឹក​នាំ​ឡើយ
ហើយ​ព្រះ‌អង្គ​ក៏​មិន​យោគ‌យល់​អ្នក​មាន
ជាង​អ្នក​ក្រ​ដែរ
ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ពួក​គេ​មក​ដូច​គ្នា។
20 ពួក​គេ​នឹង​បាត់​បង់​ជីវិត​តែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក
នៅ​ពាក់​កណ្ដាល​អធ្រាត្រ
ប្រជាជន​កើត​វឹក‌វរ ហើយ​វិនាស​អស់​ទៅ
គេ​ទម្លាក់​អ្នក​កាន់​អំណាច​ដោយ​ងាយ​ស្រួល។
21 ព្រះ‌ជាម្ចាស់​ទត​មើល​ផ្លូវ​ដែល​មនុស្ស​ដើរ
ព្រះ‌អង្គ​ឃ្លាំ​មើល​គ្រប់​ជំហាន​របស់​គេ។
22 គ្មាន​ភាព​ងងឹត ឬ​ភាព​អន្ធការ​ណា
បាំង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
មិន​ឲ្យ​ព្រះ‌អង្គ​ទត​ឃើញ​ឡើយ។
23 ព្រះ‌អង្គ​មិន​ចាំ‌បាច់​ចំណាយ​ពេល​ពិនិត្យ‌ពិច័យ
មុន​នឹង​នាំ​មនុស្ស​ឲ្យ​មក​ឈរ​ក្នុង​ទី​កាត់​ក្តី
របស់​ព្រះ‌អង្គ​ឡើយ។
24 ព្រះ‌អង្គ​ផ្តួល​រំលំ​អ្នក​កាន់​អំណាច
ដោយ​មិន​បាច់​សួរ​នាំ
ហើយ​ព្រះ‌អង្គ​តែង‌តាំង​អ្នក​ផ្សេង​ជំនួស
25 ដ្បិត​ព្រះ‌អង្គ​ជ្រាប​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត
ព្រះ‌អង្គ​ផ្តួល​រំលំ​ពួក​គេ​ឲ្យ​ធ្លាក់​ពី​អំណាច
ក្នុង​ពេល​តែ​មួយ​យប់។
26 ព្រះ‌អង្គ​វាយ​ពួក​គេ​នៅ​ចំពោះ​មុខ​ប្រជាជន
ដូច​វាយ​ជន​ទុច្ចរិត
27 ព្រោះ​ពួក​គេ​ងាក​ចេញ​ពី​ព្រះ‌អង្គ
ហើយ​មិន​ចង់​ស្វែង​យល់​អំពី​មាគ៌ា
របស់​ព្រះ‌អង្គ​ទេ។
28 ពួក​គេ​ធ្វើ​បាប​ជន‌ទុរគត និង​ជន​ក្រីក្រ
រហូត​ដល់​អ្នក​ទាំង​នោះ​ស្រែក​រក​ព្រះ‌អង្គ
ហើយ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​សម្រែក​នេះ។
29 ប្រសិន​បើ​ព្រះ‌ជាម្ចាស់​សំងំ​នៅ​ស្ងៀម
តើ​នរណា​ហ៊ាន​ថ្កោល​ទោស​ព្រះ‌អង្គ?
ប្រសិន​បើ​ព្រះ‌អង្គ​លាក់​ព្រះ‌ភ័ក្ត្រ​នោះ
តើ​នរណា​មើល​ព្រះ‌អង្គ​ឃើញ?
ព្រះ‌អង្គ​ពិនិត្យ​មើល​មនុស្ស​ម្នាក់
ក៏​ដូច​ជា​ប្រជា‌ជាតិ​មួយ​ដែរ
30 ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ
ជន‌ពាល​គ្រង​រាជ្យ
ហើយ​ធ្វើ​ជា​អន្ទាក់​ដល់​ប្រជា‌រាស្ដ្រ​ឡើយ។
31 បើ​មាន​នរណា​ម្នាក់​ទូល​ព្រះ‌ជាម្ចាស់​ថា:
“ទូល‌បង្គំ​បាន​រង​ទុក្ខ​ទោស​រួច​ស្រេច​ហើយ
ទូល‌បង្គំ​នឹង​មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត​ទេ។
32 សូម​បង្ហាញ​កំហុស​ណា​ដែល​ទូល‌បង្គំ
មើល​មិន​ឃើញ
ប្រសិន​បើ​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នោះ
ទូល‌បង្គំ​រាង‌ចាល​ហើយ”
33 តាម​យោបល់​របស់​លោក តើ​ព្រះ‌អង្គ​ត្រូវ
ដាក់​ទោស​អ្នក​ពោល​ដូច្នេះ​ឬ​ទេ?
ខ្ញុំ​សួរ​បែប​នេះ ព្រោះ​លោក​ជា​អ្នក​តិទៀន
គឺ​លោក​ទេ​តើ​ដែល​បាន​សម្រេច​ដូច្នេះ
មិន​មែន​ខ្ញុំ​ទេ
ហេតុ​នេះ​បើ​លោក​ដឹង សូម​និយាយ​មក​ចុះ!
34 មនុស្ស​មាន​សុភ‌និច្ឆ័យ​នឹង​យល់​ស្រប​ជា​មួយ​ខ្ញុំ
មនុស្ស​មាន​ប្រាជ្ញា​នឹង​ចុះ​សំរុង​ជា​មួយ​ខ្ញុំ​ថា
35 លោក​យ៉ូប​នេះ​និយាយ​មិន​ដឹង​ខុស​ត្រូវ
ពាក្យ​សម្ដី​របស់​គាត់​គ្មាន​ខ្លឹម‌សារ​សោះ។
36 សូម​សួរ​ចម្លើយ​លោក​យ៉ូប
រហូត​ដល់​ចប់​ចុង​ចប់​ដើម
ព្រោះ​គាត់​និយាយ​ដូច​មនុស្ស​ទុច្ចរិត!
37 ដ្បិត​គាត់​បន្ថែម​កំហុស​មួយ​ដ៏​ធ្ងន់
ពី​លើ​អំពើ​បាប​របស់​ខ្លួន
គឺ​គាត់​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់
ហើយ​បង្ក​ឲ្យ​មាន​ការ​សង្ស័យ
ក្នុង​ចំណោម​ពួក​យើង»។