ជំពូក ២១
ចម្លើយរបស់លោកយ៉ូបទៅកាន់លោកសូផារ: មនុស្សអាក្រក់តែងតែមានសុភមង្គលរហូតឬ?
1 លោកយ៉ូបឆ្លើយវិញថា៖
2 «សូមអស់លោកត្រងត្រាប់
ស្ដាប់ពាក្យដែលខ្ញុំថ្លែង
ដ្បិតខ្ញុំមិនចង់បានការសម្រាលទុក្ខអ្វីផ្សេងទេ។
3 សូមទ្រាំស្ដាប់ខ្ញុំនិយាយសិន
ពេលណាខ្ញុំនិយាយចប់ សឹមចំអកឲ្យខ្ញុំ។
4 ខ្ញុំមិនត្អូញត្អែរប្រឆាំងនឹងមនុស្សទេ
ខ្ញុំអត់ធ្មត់មិនបានដូច្នេះ មកពីមានមូលហេតុ។
5 សូមក្រឡេកមើលមកខ្ញុំ
នោះអស់លោកនឹងស្រឡាំងកាំង
ហាមាត់និយាយលែងកើត។
6 ពេលណាខ្ញុំនឹកឃើញហេតុការណ៍ដែល
កើតមានចំពោះខ្ញុំ
នោះខ្ញុំក៏ភ័យតក់ស្លុត និងព្រឺសម្បុរ។
7 ហេតុអ្វីបានជាមនុស្សអាក្រក់រស់បានយូរ
ហើយមានកម្លាំងកាន់តែរឹងប៉ឹងឡើងដូច្នេះ?
8 កូនចៅរបស់គេក៏រឹងប៉ឹងជាមួយគេ
ហើយពូជពង្សរបស់គេក៏ចម្រុងចម្រើន
នៅចំពោះមុខគេដែរ។
9 ក្នុងផ្ទះរបស់គេមានតែសេចក្ដីសុខ
គឺគ្មានការភ័យខ្លាចអ្វីឡើយ
ព្រះជាម្ចាស់មិនដែលលើកដំបង
វាយប្រហារពួកគេសោះ។
10 ហ្វូងគោរបស់គេបង្កើតកូនចៅច្រើនឡើង
ឥតដែលមានខូចបង់អ្វីឡើយ។
11 កូនតូចៗរបស់ពួកគេរត់លេង
មានគ្នាច្រើនដូចហ្វូងសត្វ
ហើយកូនធំៗរបស់គេនាំគ្នារាំយ៉ាងសប្បាយ។
12 ពួកគេស្រែកច្រៀងតាមសំឡេងស្គរ និងពិណ
ហើយសប្បាយរីករាយនឹងសំឡេងប៉ី។
13 រៀងរាល់ថ្ងៃ ពួកគេរស់នៅ
ប្រកបដោយសុភមង្គល
រួចចុះទៅស្ថានមនុស្សស្លាប់យ៉ាងស្រួល។
14 អ្នកទាំងនោះធ្លាប់ទូលព្រះជាម្ចាស់ថា
“សូមយាងចេញឆ្ងាយពីយើងខ្ញុំទៅ
យើងខ្ញុំមិនចង់ស្គាល់មាគ៌ារបស់ព្រះអង្គទេ។
15 តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតជាអ្វី
បានជាយើងត្រូវបម្រើព្រះអង្គ?
តើយើងទូលអង្វរព្រះអង្គបានប្រយោជន៍អ្វី?”
16 អ្នកទាំងនោះស្មានថាសុភមង្គលស្ថិតនៅ
ក្នុងកណ្ដាប់ដៃរបស់ខ្លួន។
ហេតុអ្វីបានជាខ្ញុំមិនអាចទទួលយកដំបូន្មាន
របស់មនុស្សអាក្រក់?
17 ដ្បិតជាច្រើនដង ចង្កៀងរបស់មនុស្សអាក្រក់
តែងតែរលត់
ទុក្ខវេទនាតែងតែធ្លាក់មកលើពួកគេ
ព្រះជាម្ចាស់ដាក់ទោសពួកគេ
ស្របតាមព្រះពិរោធរបស់ព្រះអង្គ។
18 ពួកគេប្រៀបដូចជាចំបើងប៉ើងតាមខ្យល់
និងដូចអង្កាមដែលត្រូវខ្យល់ផាត់បាត់ទៅ។
19 អស់លោកពោលថា
“ព្រះជាម្ចាស់នឹងដាក់ទោសកូនចៅ
ព្រោះតែអំពើអាក្រក់ដែលឪពុកប្រព្រឹត្ត”
ក៏ប៉ុន្តែ សូមព្រះអង្គដាក់ទោស
មនុស្សអាក្រក់វិញ ដើម្បីឲ្យគេដឹងខ្លួន។
20 សូមឲ្យគេឃើញទុក្ខវេទនារបស់ខ្លួន
គឺសូមឲ្យខ្លួនគេផ្ទាល់រងនូវព្រះពិរោធ
របស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។
21 កាលណាចំនួនខែដែលគេត្រូវរស់
ឈានដល់ទីបញ្ចប់ហើយ
គេមិនអាចអំពល់ពីអនាគតនៃក្រុមគ្រួសារ
របស់ខ្លួនទេ។
22 គ្មាននរណាអាចបង្រៀនព្រះជាម្ចាស់
ឲ្យចេះដឹងបានឡើយ
ដ្បិតសូម្បីតែអស់អ្នកដែលនៅស្ថានដ៏ខ្ពស់
ក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់
ព្រះអង្គដែរ។
23 អ្នកខ្លះស្លាប់ ក្រោយពីបានរស់នៅយ៉ាងស្រណុក
ហើយស្គាល់តែសេចក្ដីសុខសាន្ត ឥតទុក្ខកង្វល់
24 សាច់ឈាមនៅស្រស់ល្អ កម្លាំងនៅរឹងប៉ឹង។
25 អ្នកខ្លះទៀតស្លាប់ ក្រោយពីបានរងទុក្ខព្រួយ
ហើយពុំធ្លាប់ស្គាល់សុភមង្គលទាល់តែសោះ។
26 ប៉ុន្តែ សពរបស់អ្នកទាំងពីរត្រូវគេយកទៅកប់
ហើយមានដង្កូវចោះដូចគ្នា។
27 ខ្ញុំស្គាល់គំនិតរបស់អស់លោកច្បាស់ណាស់
ហើយក៏ស្គាល់ការរិះគិតរបស់អស់លោក
ចំពោះខ្ញុំដែរ។
28 អស់លោកសួរថា “ផ្ទះរបស់អ្នកធំនៅឯណា
លំនៅដែលមនុស្សអាក្រក់ធ្លាប់រស់នៅនោះ
នៅឯណា”
29 តើអស់លោកមិនបានសួរអ្នកដើរតាមផ្លូវទេឬ?
តើអស់លោកមិនឮគេប្រាប់ទេឬ ថា
30 នៅថ្ងៃមានទុក្ខវេទនា
នៅថ្ងៃដែលព្រះជាម្ចាស់ព្រះអង្គព្រះពិរោធ
មនុស្សអាក្រក់តែងតែរួចខ្លួន។
31 មិនដែលមាននរណាបន្ទោសអ្នកនោះ
ចំពោះមុខទេ
ហើយក៏គ្មាននរណាធ្វើទោសគេ
តាមអំពើដែលគេបានប្រព្រឹត្តដែរ។
32 គេនឹងសែងសពមនុស្សអាក្រក់ទៅបញ្ចុះ
ហើយមានមនុស្សចាំយាមផ្នូរទៀតផង
33 មានមនុស្សជាច្រើនដង្ហែសពគេពីមុខពីក្រោយ
ហើយគំនរដីនៅជ្រលងភ្នំ
ដែលលុបពីលើសពរបស់គេ
ក៏ហាក់ដូចជាទន់ស្រួលសម្រាប់គេដែរ។
34 ហេតុអ្វីបានជាអស់លោកយកពាក្យសម្ដី
ឥតបានការ មកសម្រាលទុក្ខខ្ញុំដូច្នេះ?
ចម្លើយរបស់អស់លោកសុទ្ធតែពាក្យមិនពិត»។