ជំពូក ៤១

1 អ្នក​ណា​ប្រាថ្នា​ចង់​ចាប់​វា
អ្នក​នោះ​យល់​ច្រឡំ​ហើយ
ព្រោះ​ពេល​ឃើញ​វា គេ​មុខ​ជា​តក់‌ស្លុត
2 បើ​គ្មាន​នរណា​ម្នាក់​ហ៊ាន​តទល់​នឹង​វា​ដូច្នេះ
តើ​នរណា​អាច​ប្រឈម​មុខ​នឹង​យើង​បាន?
3 គ្មាន​នរណា​ឲ្យ​របស់​មក​យើង​ខ្ចី
ហើយ​យើង​ត្រូវ​សង​ទៅ​គេ​វិញ​នោះ​ឡើយ
ដ្បិត​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែន‌ដី​នេះ
សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​យើង។
4 មក​ដល់​ត្រឹម​ណេះ យើង​មិន​ទាន់​បាន​ថ្លែង
អំពី​អវ‌យវៈ កម្លាំង និង​សរីរាង្គ​ដ៏​ល្អ
របស់​ក្រពើ​នៅ​ឡើយ​ទេ។
5 តើ​នរណា​អាច​ពន្លាត់​ស្បែក​វា​បាន?
តើ​នរណា​ហ៊ាន​ប៉ះ‌ពាល់​ចង្កូម​របស់​វា?
6 តើ​នរណា​ហ៊ាន​បើក​មាត់​របស់​វា?
ដ្បិត​វា​មាន​ធ្មេញ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។
7 ស្រកា​ដ៏​សង្ហា ហើយ​មាំ​របស់​វា ត‌ភ្ជាប់​គ្នា
ទៅ​វិញ​ទៅ​មក​យ៉ាង​ស្អិត‌ល្មួត។
8 ស្រកា​របស់​វា​នៅ​ភ្ជាប់​គ្នា​យ៉ាង​ជិត
សូម្បី​តែ​ខ្យល់​ក៏​ពុំ​អាច​ឆ្លង​កាត់​បាន​ផង។
9 ស្រកា​នីមួយៗ​ត‌ភ្ជាប់​គ្នា​យ៉ាង​មាំ
ដែល​ពុំ​អាច​បំបែក​ចេញ​ពី​គ្នា​ឡើយ។
10 កាល​ណា​វា​ព្រួស​ទឹក​ចេញ​មក
នោះ​មាន​បែក​ជា​ពន្លឺ
ភ្នែក​របស់​វា​ភ្លឺ​ដូច​ជា​ពេល​ថ្ងៃ​រះ។
11 មាន​ភ្លើង​ចេញ​ពី​មាត់​របស់​វា
ហើយ​ផ្កា​ភ្លើង​ក៏​ហើរ​ចេញ​មក​ដែរ។
12 មាន​ផ្សែង​ហុយ​ចេញ​តាម​ច្រមុះ​របស់​វា
ដូច​ផ្សែង​ហុយ​ចេញ​ពី​ថ្លាង​ដែល​កំពុង​ពុះ។
13 ខ្យល់​ដង្ហើម​របស់​វា​អាច​បង្កាត់​ភ្លើង​បាន
ហើយ​ក៏​មាន​អណ្ដាត​ភ្លើង​ផុស​ចេញ​ពី
ក្នុង​មាត់​របស់​វា​ដែរ។
14 ក​របស់​វា​មាន​កម្លាំង​ណាស់
ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ឃើញ​វា ចូល​មក​ជិត
ភ័យ​ខ្លាច​ជា​ខ្លាំង។
15 សាច់​ស្រទាប់​របស់​វា​នៅ​ជាប់​គ្នា​យ៉ាង​រឹង‌មាំ
ដែល​មិន​អាច​ផ្ដាច់​ចេញ​ពី​គ្នា​បាន​ទេ។
16 បេះ‌ដូង​របស់​វា​រឹង​ដូច​ដុំ​ថ្ម
គឺ​រឹង​ដូច​ត្បាល់​ថ្ម។
17 ពេល​ណា​វា​ក្រោក​ឡើង
សូម្បី​តែ​អ្នក​ខ្លាំង​ពូកែ​ក៏​ភ័យ​តក់‌ស្លុត​ដែរ
ហើយ​រត់​ចេញ​ទៅ ទាំង​បាក់‌ស្បាត។
18 ទោះ​បី​គេ​យក​ដាវ លំពែង ស្ន និង​ព្រួញ
មក​ចាក់​ទម្លុះ ក៏​មិន​មុត​ដែរ
19 ដ្បិត​វា​ចាត់​ទុក​ដែក​ដូច​ជា​ចំបើង
ហើយ​លង្ហិន​ដូច​ជា​ឈើ​ពុក។
20 ព្រួញ​មិន​ដែល​ធ្វើ​ឲ្យ​វា​ដក​ខ្លួន​ថយ​ទេ
រីឯ​ថ្ម​ដែល​គេ​បាញ់​ពី​ខ្សែ​ដង្ហក់
ក៏​ប្រៀប​ដូច​ជា​ចំបើង​សម្រាប់​វា​ដែរ។
21 វា​មើល​មក​ព្រនង់​ដូច​ជា​ចំបើង
ហើយ​មិន​ញ‌ញើត​នឹង​សន្ធឹក​ស្ន​ឡើយ។
22 ពោះ​របស់​វា​មុត​ដូច​អំបែង​ឆ្នាំង
ធ្វើ​ឲ្យ​មាន​ដាន​នៅ​លើ​ភក់​ដូច​ដាន​រនាស់។
23 វា​ធ្វើ​ឲ្យ​ទឹក​នៅ​ក្នុង​មហា‌សាគរ
ពុះ​កញ្ជ្រោល​ដូច​ទឹក​ពុះ​នៅ​ក្នុង​ថ្លាង
ហើយ​ធ្វើ​ឲ្យ​សមុទ្រ​ប្រៀប​ដូច​ជា
ឆ្នាំង​រំងាស់​ទឹក​អប់
24 វា​ធ្វើ​ឲ្យ​មាន​ដាន​រលោង​នៅ​ពី​ក្រោយ​វា
គឺ​ប្រៀប​បី​ដូច​ជា​សក់​របស់​ចាស់​ព្រឹទ្ធា‌ចារ្យ។
25 នៅ​លើ​ផែន‌ដី​នេះ គ្មាន​សត្វ​ណា​ដូច​វា​ឡើយ
យើង​បង្កើត​វា​មក មិន​ខ្លាច​អ្វី​ទាំង​អស់។
26 វា​មិន​ញញើត​នឹង​មើល​ទៅ​សត្វ​ដ៏​សម្បើមៗ
ដ្បិត​វា​ជា​ស្តេច​លើ​សត្វ​សាហាវ​ទាំង​អស់»។