ជំពូក ១

លោក​យ៉ូប​បាត់​បង់​អ្វីៗ​ទាំង​អស់

ទុក្ខ​លំបាក​លើក​ទី​មួយ​របស់​លោក​យ៉ូប

1 កាល​ពី​ដើម នៅ​ស្រុក​អ៊ូស​មាន​បុរស​ម្នាក់ ឈ្មោះ​យ៉ូប ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត។ លោក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​ចៀស‌វាង​ប្រព្រឹត្ត​អំពើ​អាក្រក់។ 2 លោក​យ៉ូប​មាន​កូន​ប្រុស​ប្រាំ​ពីរ​នាក់ និង​កូន​ស្រី​បី​នាក់។ 3 លោក​មាន​ចៀម​ប្រាំ​ពីរ‌ពាន់​ក្បាល អូដ្ឋ​បី​ពាន់​ក្បាល គោ​ប្រាំ‌រយ​នឹម និង​លា​ប្រាំ‌រយ​ក្បាល ហើយ​លោក​ក៏​មាន​អ្នក​បម្រើ​ជា​ច្រើន​ដែរ។ លោក​ជា​មនុស្ស​មាន​ឈ្មោះ​ល្បី​ជាង​គេ នៅ​ស្រុក​ខាង​កើត។
4 កូន​ប្រុសៗ​របស់​លោក​តែង‌តែ​ទៅ​ជប់‌លៀង​នៅ​ផ្ទះ​របស់​ពួក​គេ តាម​វេន​រៀងៗ​ខ្លួន ហើយ​ក៏​អញ្ជើញ​បង‌ប្អូន​ស្រីៗ​ទាំង​បី​នាក់​ទៅ​ចូល​រួម​ដែរ។ 5 ក្រោយ​ពេល​ជប់‌លៀង លោក​យ៉ូប​តែង‌តែ​ហៅ​កូនៗ​របស់​លោក​មក​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​វិសុទ្ធ*។ លោក​ក្រោក​ពី​ព្រលឹម ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​សម្រាប់​កូន​នីមួយៗ ដ្បិត​លោក​ខ្លាច​ក្រែង​កូន​របស់​លោក​ប្រព្រឹត្ត​អំពើ​បាប ហើយ​ប្រមាថ​ព្រះ‌ជាម្ចាស់​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន។ លោក​យ៉ូប​តែង‌តែ​ប្រព្រឹត្ត​បែប​នេះ​ជា‌និច្ច។
6 ថ្ងៃ​មួយ ពពួក​ទេវទូត​របស់​ព្រះ‌អម្ចាស់​នាំ​គ្នា​ចូល​ទៅ​គាល់​ព្រះ‌អង្គ មារ*‌សាតាំង​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ទេវទូត​ទាំង​នោះ​ដែរ។ 7 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មារ​សាតាំង​ថា៖ «តើ​អ្នក​ទើប​នឹង​មក​ពី​ណា?»។ មារ​សាតាំង​ទូល​ព្រះ‌អម្ចាស់​វិញ​ថា៖ «ទូល‌បង្គំ​ទើប​នឹង​ដើរ​កំសាន្ត​នៅ​លើ​ផែន‌ដី»។ 8 ព្រះ‌អម្ចាស់​សួរ​មារ​សាតាំង​ថា៖ «តើ​អ្នក​សង្កេត​ឃើញ​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឬ​ទេ? នៅ​លើ​ផែន‌ដី គ្មាន​នរណា​ម្នាក់​ដូច​យ៉ូប​ឡើយ គេ​ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត គេ​គោរព​កោត​ខ្លាច​យើង ហើយ​ចៀស‌វាង​ប្រព្រឹត្ត​អំពើ​អាក្រក់»។ 9 មារ​សាតាំង​ទូល​ព្រះ‌អម្ចាស់​វិញ​ថា៖ «តើ​យ៉ូប​ពិត​ជា​គោរព​កោត​ខ្លាច​ព្រះ‌អង្គ​ដោយ​សុទ្ធ​ចិត្ត​មែន​ឬ? 10 តាម​ពិត គាត់​គោរព​ព្រះ‌អង្គ​ដូច្នេះ មក​ពី​ព្រះ‌អង្គ​ការ‌ពារ​គាត់ និង​ផ្ទះ​សំបែង​របស់​គាត់ ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន។ ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​គាត់​បាន​ចម្រើន​ក្នុង​កិច្ច‌ការ​ដែល​គាត់​ធ្វើ ហើយ​ក៏​ប្រទាន​ឲ្យ​ហ្វូង​សត្វ​របស់​គាត់​កើន​ចំនួន​ច្រើន​ពាស‌ពេញ​ស្រុក​ដែរ។ 11 ប្រសិន​បើ​ព្រះ‌អង្គ​បំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន នោះ​គាត់​មុខ​ជា​ប្រមាថ​ព្រះ‌អង្គ​មិន​ខាន»។ 12 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មារ​សាតាំង​ថា៖ «អ្វីៗ​ដែល​យ៉ូប​មាន ស្ថិត​នៅ​ក្នុង​អំណាច​របស់​អ្នក​ស្រាប់​ហើយ ប៉ុន្តែ កុំ​ប៉ះ‌ពាល់​រូប​គាត់​ផ្ទាល់​ឲ្យ​សោះ»។ ពេល​នោះ មារ​សាតាំង​ក៏​ចាក​ចេញ​ពី​ព្រះ‌អម្ចាស់​ទៅ។

លោក​យ៉ូប​បាត់​បង់​កូន និង​ទ្រព្យ‌សម្បត្តិ

13 ថ្ងៃ​មួយ ពេល​កូន​ប្រុស​កូន​ស្រី​របស់​លោក​យ៉ូប​កំពុង​តែ​ជប់‌លៀង​នៅ​ផ្ទះ​កូន​ច្បង 14 នោះ​មាន​អ្នក​បម្រើ​ម្នាក់​មក​ជម្រាប​លោក​ថា៖ «យើង​ខ្ញុំ​កំពុង​តែ​ភ្ជួរ​ស្រែ​ជា​មួយ​គោ ហើយ​ហ្វូង​លា​ក៏​កំពុង​តែ​ស៊ី​ស្មៅ​នៅ​ក្បែរ​នោះ 15 ស្រាប់​តែ​មាន​ជន​ជាតិ​សេបា​មក​វាយ​ពួក​យើង ប្លន់​យក​ហ្វូង​សត្វ​របស់​លោក​ម្ចាស់​អស់។ ពួក​គេ​បាន​សម្លាប់​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​លោក​ម្ចាស់ គឺ​មាន​តែ​ខ្ញុំ​ប្របាទ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត ហើយ​នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក​ម្ចាស់»។ 16 ពេល​អ្នក​នោះ​កំពុង​តែ​និយាយ​នៅ​ឡើយ ស្រាប់​តែ​អ្នក​បម្រើ​ម្នាក់​ទៀត​មក​ដល់ ជម្រាប​លោក​ថា៖ «មាន​រន្ទះ​បាញ់​ពី​លើ​មេឃ ឆេះ​ហ្វូង​ចៀម​របស់​លោក​ម្ចាស់ ហើយ​អ្នក​បម្រើ​ឯ​ទៀតៗ​ក៏​ស្លាប់​អស់​ដែរ។ មាន​តែ​ខ្ញុំ​ប្របាទ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក​ម្ចាស់»។ 17 អ្នក​នោះ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​មាន​អ្នក​បម្រើ​ម្នាក់​ទៀត​មក​ដល់ ជម្រាប​លោក​ថា៖ «មាន​ជន​ជាតិ​ខាល់ដេ លើក​គ្នា​មក​ជា​បី​ក្រុម ហើយ​ប្លន់​យក​ហ្វូង​អូដ្ឋ និង​សម្លាប់​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​លោក​ម្ចាស់ គឺ​មាន​តែ​ខ្ញុំ​ប្របាទ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត ហើយ​នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក​ម្ចាស់»។
18 អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ ស្រាប់​តែ​មាន​អ្នក​បម្រើ​ម្នាក់​ទៀត​មក​ដល់ ជម្រាប​លោក​ថា៖ «កូន​ប្រុស​កូន​ស្រី​របស់​លោក​ម្ចាស់ កំពុង​ជប់‌លៀង​នៅ​ផ្ទះ​កូន​ច្បង 19 ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​មក​ពី​វាល​រហោ‌ស្ថាន ប៉ះ​នឹង​ជ្រុង​ផ្ទះ​ទាំង​បួន ផ្ទះ​ក៏​រលំ​សង្កត់​យុវជន​ទាំង​នោះ​ស្លាប់​អស់​ហើយ។ មាន​តែ​ខ្ញុំ​ប្របាទ​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់ ហើយ​នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក​ម្ចាស់»។
20 ពេល​នោះ លោក​យ៉ូប​ក្រោក​ឡើង ហែក​អាវ​ធំ​របស់​លោក ហើយ​កោរ​សក់។ បន្ទាប់​មក លោក​ផ្តួល​ខ្លួន​ដល់​ដី ក្រាប​ថ្វាយ‌បង្គំ 21 ទាំង​ពោល​ថា៖ «ខ្ញុំ​បាន​ចាក​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ខ្លួន​ទទេ ខ្ញុំ​ក៏​នឹង​វិល​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ​ដែរ។ ព្រះ‌អម្ចាស់​ប្រទាន​អ្វីៗ​មក​ខ្ញុំ ហើយ​ព្រះ‌អង្គ​ក៏​ដក​យក​ពី​ខ្ញុំ​វិញ​ដែរ។ សូម​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់»។ 22 ក្នុង​ស្ថាន‌ភាព​ទាំង​នេះ លោក​យ៉ូប​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ឬ​ពោល​ពាក្យ​ចោទ​ប្រកាន់​ព្រះ‌ជាម្ចាស់​ដែរ។