ជំពូក ១២

ចម្លើយ​របស់​លោក​យ៉ូប: គ្មាន​នរណា​អាច​បង្ក្រាប​ព្រះ‌ជាម្ចាស់​បាន​ទេ

1 លោក​យ៉ូប​តប​វិញ​ថា៖
2 «ពិត​មែន​ហើយ
ចំណេះ​ដឹង​ទាំង​ប៉ុន្មាន​របស់​មនុស្ស
ស្ថិត​នៅ​ក្នុង​អស់​លោក​ទាំង​អស់​គ្នា។
ដូច្នេះ ពេល​ណា​អស់​លោក​ស្លាប់
ប្រាជ្ញា​ក៏​សាប‌សូន្យ​ទៅ​ជា​មួយ​ដែរ!
3 ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​ចេះ​គិត‌គូរ​ដូច​អស់​លោក
គឺ​ខ្ញុំ​មិន​អន់​ជាង​អស់​លោក​ទេ។
សេចក្ដី​ដែល​អស់​លោក​ថ្លែង​នោះ
តើ​នរណា​មិន​ដឹង!
4 ខ្ញុំ​ជា​មនុស្ស​ដែល​មិត្ត‌ភក្ដិ​ចំអក​ឲ្យ
ខ្ញុំ​អង្វរ​រក​ព្រះ‌ជាម្ចាស់ សូម​ចម្លើយ​ពី​ព្រះ‌អង្គ
តែ​ទោះ​បី​ខ្ញុំ​ជា​មនុស្ស​សុចរិត ស្លូត​ត្រង់​ក្តី
ក៏​ត្រូវ​គេ​មើល‌ងាយ​ដែរ។
5 អស់​អ្នក​ដែល​ធ្លាប់​រស់​នៅ​ដោយ​សុខ‌សាន្ត
តែង‌តែ​មើល‌ងាយ​មនុស្ស​វេទនា
ហើយ​ពួក​គេ​គិត​ថា អ្នក​ដែល​ភ្លាត់​ជើង​ដួល
ត្រូវ​តែ​វេទនា​ដូច្នេះ។
6 មនុស្ស​ប្លន់​គេ តែង‌តែ​រស់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន
ដោយ​ឥត​កង្វល់
អស់​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់
ហើយ​ចាត់​ទុក​កម្លាំង​ខ្លួន​ឯង​ជា​ព្រះ
តែង‌តែ​រស់​នៅ​ដោយ​ឥត​បារម្ភ។
7 ក៏​ប៉ុន្តែ សូម​លោក​សាក​សួរ​សត្វ​ធាតុ​ទៅ
នោះ​វា​នឹង​ប្រៀន‌ប្រដៅ​លោក
សូម​សួរ​សត្វ​ស្លាប​ទៅ
នោះ​វា​នឹង​ប្រាប់​លោក​ឲ្យ​ដឹង។
8 សូម​សាក​សួរ​ផែន‌ដី​ទៅ
នោះ​ផែន‌ដី​នឹង​ប្រៀន‌ប្រដៅ​លោក
សូម​សួរ​ត្រី​នៅ​ក្នុង​សមុទ្រ
នោះ​វា​នឹង​និទាន​ប្រាប់​លោក។
9 ក្នុង​ចំណោម​សត្វ​ទាំង​នោះ តើ​សត្វ​ណា​មួយ
មិន​ដឹង​ថា អ្វីៗ​ទាំង​អស់​កើត​មក​ពី​ព្រះ‌ជាម្ចាស់!
10 ព្រះ‌អង្គ​ក្តាប់​ព្រលឹង​សត្វ​លោក​ទាំង​អស់
នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ
ហើយ​ដង្ហើម​ជីវិត​របស់​មនុស្ស​ក៏​ស្ថិត​នៅ​ក្នុង
ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ដែរ។
11 ត្រចៀក​ស្ដាប់​យល់​ពាក្យ​សម្ដី
ដូច​អណ្ដាត​ស្គាល់​រស‌ជាតិ​ម្ហូប​អាហារ​ដែរ។
12 មនុស្ស​ចាស់​ជរា​រមែង​មាន​ប្រាជ្ញា
ហើយ​អ្នក​ដែល​មាន​អាយុ​វែង
ក៏​មាន​ការ​យល់​ដឹង​ដែរ។
13 មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ
ដែល​មាន​ប្រាជ្ញា និង​ឫទ្ធា‌នុភាព
ព្រម​ទាំង​យោបល់ និង​ការ​យល់​ដឹង។
14 ប្រសិន​បើ​ព្រះ‌អង្គ​កម្ទេច​អ្វី​មួយ
គ្មាន​នរណា​សង់​ឡើង​វិញ​បាន​ទេ
ប្រសិន​បើ​ព្រះ‌អង្គ​ឃុំ​មនុស្ស​ម្នាក់
នោះ​ក៏​គ្មាន​នរណា​អាច​ដោះ​លែង​បាន​ដែរ។
15 ប្រសិន​បើ​ព្រះ‌អង្គ​ទប់​ទឹក នោះ​នឹង​កើត​រាំង​ស្ងួត
ប្រសិន​បើ​ព្រះ‌អង្គ​បើក នោះ​ទឹក​នឹង​លិច​ផែន‌ដី។
16 ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា
ហើយ​សម្រេច​កិច្ច‌ការ​អ្វីៗ តាម​ព្រះ‌ហឫទ័យ
រីឯ​អ្នក​ដែល​វង្វេង និង​អ្នក​នាំ​គេ​ឲ្យ​វង្វេង
ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ។
17 ព្រះ‌អង្គ​ដក​អ្នក​ធំ​ចេញ​ពី​តំណែង
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ចៅ‌ក្រម​ទៅ​ជា​លេលា។
18 ព្រះ‌អង្គ​ទម្លាក់​ស្តេច​នានា​ចេញ​ពី​អំណាច
ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ជាប់​ជា​ឈ្លើយ​សឹក។
19 ព្រះ‌អង្គ​ដក​ពួក​បូជា‌ចារ្យ​ចេញ​ពី​តំណែង
ព្រះ‌អង្គ​ទម្លាក់​អ្នក​ដែល​មាន​អំណាច​រឹង‌មាំ។
20 ព្រះ‌អង្គ​ដក​ពាក្យ​សម្ដី​ចេញ​ពី​អ្នក​ពូកែ​វោហារ
ព្រះ‌អង្គ​យក​តម្រិះ​ប្រាជ្ញា​ចេញ​ពី
ចាស់​ព្រឹទ្ធា‌ចារ្យ។
21 ព្រះ‌អង្គ​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​ទៅ​ជា​ថោក​ទាប
ហើយ​ដក​អំណាច​ចេញ​ពី​អ្នក​ខ្លាំង​ពូកែ។
22 ព្រះ‌អង្គ​យក​ភាព​ងងឹត​ចេញ​ពី​ទី​ជម្រៅ
ហើយ​លើក​ស្ថាន​មនុស្ស​ស្លាប់
មក​ដាក់​ក្រោម​ពន្លឺ។
23 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា​ចម្រើន​ឡើង
ហើយ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​ទៅ​វិញ
ព្រះ‌អង្គ​ពង្រីក​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានា
យ៉ាង​ទូលាយ
រួច​ព្រះ‌អង្គ​កម្ចាត់‌កម្ចាយ​ពួក​គេ។
24 ព្រះ‌អង្គ​ដក​ប្រាជ្ញា​ចេញ​ពី​មេ​ដឹក​នាំ​ប្រជាជន
នៅ​លើ​ផែន‌ដី
ហើយ​ឲ្យ​ពួក​គេ​វង្វេង​នៅ​ក្នុង​ទី​ស្មសាន
ដែល​គ្មាន​ច្រក​ចេញ។
25 ពួក​គេ​ដើរ​រាវ​ពពើម​នៅ​ក្នុង​ទី​ងងឹត គ្មាន​ពន្លឺ
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​លែង​ដឹង​ខុស​ត្រូវ
ដូច​មនុស្ស​ស្រវឹង​ស្រា។