ជំពូក ២៤
ព្រះជាម្ចាស់បណ្តោយឲ្យមនុស្សអាក្រក់ធ្វើតាមចិត្ត
1 ហេតុអ្វីបានជាព្រះដ៏មាន
ឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
មិនកំណត់ពេលសម្រាប់វិនិច្ឆ័យទោសមនុស្ស?
ហេតុអ្វីបានជាអស់អ្នកដែលស្គាល់ព្រះអង្គ
មិនឃើញព្រះអង្គរកយុត្តិធម៌ឲ្យ?
2 មនុស្សតែងតែលួចបង្ខិតបង្គោលរបង
គេលួចសត្វរបស់អ្នកដទៃយកទៅទុក
ក្នុងក្រោលរបស់ខ្លួន។
3 គេជំរឹតយកលារបស់ក្មេងកំព្រា
គេរឹបអូសយកគោរបស់ស្ត្រីមេម៉ាយ
ទុកជារបស់បញ្ចាំ។
4 គេដេញជនក្រីក្រឲ្យចេញពីផ្លូវ
ហើយបង្ខំជនទុរគតនៅក្នុងស្រុក
ឲ្យរត់ពួនទាំងអស់គ្នា។
5 ជនក្រីក្រទាំងនោះចេញទៅរកអាហារ
មកចិញ្ចឹមកូនចៅរបស់ខ្លួន
ដូចសត្វលាព្រៃ នៅវាលរហោស្ថាន។
6 ពួកគេទៅរើសកួរស្រូវដែលជ្រុះនៅតាមស្រែ
និងបេះផ្លែទំពាំងបាយជូរដែលនៅសេសសល់
ក្នុងចម្ការរបស់មនុស្សអាក្រក់។
7 នៅពេលយប់ ពួកគេដេកខ្លួនទទេ
គ្មានសម្លៀកបំពាក់
គ្មានភួយដណ្តប់នៅពេលរងា។
8 រូបកាយរបស់ពួកគេទទឹកជោកទៅដោយ
ភ្លៀងដែលធ្លាក់នៅតាមភ្នំ
ហើយពួកគេគ្មានអ្វីជាជម្រក
ក្រៅពីដេកឱបផ្ទាំងថ្មនោះឡើយ។
9 មានអ្នកខ្លះទៀត ចាប់កូនក្មេងកំព្រា
ផ្ដាច់ចេញពីដោះម្ដាយ
ហើយយកកូនរបស់ជនក្រីក្រ
ទុកជារបស់បញ្ចាំ។
10 ជនក្រីក្រទាំងនោះដើរខ្លួនទទេ
គ្មានសម្លៀកបំពាក់បិទបាំងកាយ
ហើយត្រូវគេបង្ខំឲ្យលីស្រូវ
តែគ្មានអ្វីបរិភោគ។
11 ពួកគេចម្រាញ់ប្រេងអូលីវ
និងបញ្ជាន់ផ្លែទំពាំងបាយជូរឲ្យអ្នកដទៃ
តែខ្លួនឯងផ្ទាល់គ្មានអ្វីផឹក។
12 អ្នករបួស និងអ្នកជិតស្លាប់នាំគ្នាថ្ងូរ
ស្រែកអង្វរព្រះជាម្ចាស់ពីទីក្រុង
ប៉ុន្តែ ព្រះអង្គធ្វើព្រងើយ
មិនដាក់ទោសអ្នក
ដែលប្រព្រឹត្តអំពើដ៏អាក្រក់ទាំងនេះឡើយ។
13 មានអ្នកខ្លះទៀតបះបោរប្រឆាំងនឹងពន្លឺ
ពួកគេមិនស្គាល់ផ្លូវរបស់ពន្លឺទេ
ហើយក៏មិនដើរនៅក្នុងមាគ៌ានៃពន្លឺដែរ។
14 ឃាតកក្រោកឡើងពីព្រលឹម
គេសម្លាប់ជនក្រីក្រ និងជនទុរគត
នៅពេលយប់ គេធ្វើជាចោរប្លន់។
15 មនុស្សផិតក្បត់រង់ចាំមើលពេលថ្ងៃលិច
ពួកគេយកក្រណាត់បិទមុខ
កុំឲ្យនរណាមើលស្គាល់។
16 នៅពេលងងឹត ពួកគេចូលប្លន់ផ្ទះនានា
នៅពេលថ្ងៃ ពួកគេលាក់ខ្លួន
គឺពួកគេមិនស្គាល់ពន្លឺសោះឡើយ។
17 ពួកគេខ្លាចពន្លឺនៅពេលព្រឹក ដូចខ្លាចមច្ចុរាជ
ហើយចូលចិត្តតែភាពងងឹតអន្ធការ។
18 អស់លោកពោលថា “មនុស្សអាក្រក់
មុខជាត្រូវទឹកហូរនាំយកបាត់ទៅ
ដីជាចំណែកមត៌ករបស់គេទទួលបណ្ដាសា
ហើយគេមិនចូលទៅក្នុងចម្ការ
ទំពាំងបាយជូរទៀតទេ។
19 ការរាំងស្ងួត និងកម្ដៅ
ធ្វើឲ្យទឹកកករលាយយ៉ាងណា
ស្ថានមនុស្សស្លាប់ក៏នឹងធ្វើឲ្យមនុស្សបាប
រលាយសូន្យយ៉ាងនោះដែរ។
20 ម្ដាយបង្កើតរបស់គេនឹងភ្លេចគេ
ដង្កូវនឹងស៊ីសពគេ ទុកជាអាហារយ៉ាងឆ្ងាញ់
គ្មាននរណានឹកដល់គេទៀតទេ។
អំពើអាក្រក់នឹងត្រូវគេកាប់រំលំ
ដូចដើមឈើ!”។
21 ពួកគេធ្វើបាបស្ត្រីអារ
ហើយគ្មានចិត្តមេត្តាដល់ស្ត្រីមេម៉ាយទេ។
22 ប៉ុន្តែ ព្រះជាម្ចាស់ប្រកបដោយព្រះចេស្ដា
ដកមនុស្សមានអំណាចចេញ
ពេលព្រះអង្គក្រោកឡើង ពួកគេគ្មានសង្ឃឹមថា
នឹងរស់តទៅទៀតឡើយ។
23 ព្រះអង្គបណ្តោយឲ្យពួកគេស្មានថា
ខ្លួនរស់នៅយ៉ាងសុខសាន្ត
ប៉ុន្តែ ព្រះអង្គទតមើលអំពើ
ដែលពួកគេប្រព្រឹត្តជានិច្ច។
24 ពួកគេបានថ្កើងឡើងតែមួយភ្លែត
រួចហើយវិនាសបាត់ទៅ
ពួកគេដូចជាផ្កាដែលធ្លាក់ចុះពីទង
ហើយស្លោកអស់ទៅ
និងដូចកួរស្រូវដែលគេផ្ដាច់ចេញពីដើម។
25 បើពាក្យរបស់ខ្ញុំមិនពិតទេ
សូមតវ៉ា និងបង្ហាញថា
ខ្ញុំពិតជានិយាយខុសមែន»។