ជំពូក ៩

ចម្លើយ​របស់​លោក​យ៉ូប: ខ្ញុំ​មិន​អាច​តទល់​នឹង​ព្រះ‌ជាម្ចាស់​ទេ

1 លោក​យ៉ូប​មាន​ប្រសាសន៍​តប​វិញ​ថា៖
2 ពិត​មែន​ហើយ ខ្ញុំ​ដឹង​ថា​ប្រាកដ​ជា​កើត​មាន​ដូច្នោះ​មែន។
មនុស្ស​មិន​អាច​តវ៉ា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ
ព្រះ‌ជាម្ចាស់​ថា​ខ្លួន​សុចរិត​បាន​ឡើយ។
3 បើ​គេ​ចង់​ជជែក​វែក‌ញែក​ជា​មួយ​ព្រះ‌អង្គ
ក្នុង​មួយ​ពាន់​សំណួរ
សូម្បី​តែ​មួយ​ក៏​មនុស្ស​ពុំ​អាច​ឆ្លើយ​ផង​។
4 ព្រះ‌អង្គ​ប្រកប​ទៅ​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ
និង​មហិទ្ធិ‌ឫទ្ធិ
អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ‌អង្គ
មិន​អាច​រួច​ខ្លួន​ទេ។
5 ព្រះ‌អង្គ​រើ​ភ្នំ​ទាំង‌ឡាយ​មិន​ឲ្យ​វា​ដឹង​ខ្លួន
ព្រះ‌អង្គ​រំលើង​ភ្នំ ដោយ‌សារ​ព្រះ‌ពិរោធ
របស់​ព្រះ‌អង្គ។
6 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផែន‌ដី​កក្រើក​នៅ​លើ
គ្រឹះ​របស់​វា
ហើយ​សសរ​របស់​វា​ក៏​រញ្ជួយ​ដែរ។
7 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ថ្ងៃ
នោះ​ថ្ងៃ​មិន​រះ​ទេ
ព្រះ‌អង្គ​ក៏​ឃាត់​ផ្កាយ​មិន​ឲ្យ​ចាំង​ពន្លឺ​ដែរ។
8 ព្រះ‌អង្គ​លាត​សន្ធឹង​ផ្ទៃ​មេឃ
ដោយ​គ្មាន​នរណា​ជួយ
ព្រះ‌អង្គ​យាង​នៅ​លើ​រលក​សមុទ្រ។
9 ព្រះ‌អង្គ​បាន​បង្កើត​ផ្កាយ​ក្រពើ
ផ្កាយ​នង្គ័ល និង​ផ្កាយ​កូន​មាន់
ព្រម​ទាំង​កញ្ចុំ​ផ្កាយ​នៅ​ទិស​ខាង​ត្បូង។
10 ព្រះ‌អង្គ​បាន​ធ្វើ​ការ​ដ៏​ធំ​អស្ចារ្យ
ដែល​ពុំ​អាច​យល់​បាន
ព្រម​ទាំង​ការ​ដ៏​ល្អ​វិសេស​ច្រើន​ឥត​គណនា។
11 ព្រះ‌អង្គ​យាង​មក​ក្បែរ​ខ្ញុំ
ក៏​ខ្ញុំ​មើល​ព្រះ‌អង្គ​មិន​ឃើញ
ព្រះ‌អង្គ​យាង​ទៅ​បាត់ ក៏​ខ្ញុំ​មិន​អាច​យល់​បាន។
12 ពេល​ព្រះ‌អង្គ​ដក​យក​អ្វី​ទៅ​ហើយ
គ្មាន​នរណា​អាច​ឃាត់​ព្រះ‌អង្គ​ទេ
ហើយ​ក៏​គ្មាន​នរណា​អាច​ពោល​ទៅ​ព្រះ‌អង្គ​ថា
“ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ធ្វើ​ដូច្នេះ” ដែរ។
13 ពេល​ព្រះ‌អង្គ​ព្រះ‌ពិរោធ​ហើយ
ព្រះ‌អង្គ​មិន​ប្រែ​ព្រះ‌ហឫទ័យ​ទេ
ព្រះ‌អង្គ​បង្ក្រាប​សត្វ​សម្បើម​នៅ​ក្នុង​សមុទ្រ
និង​បរិវារ​របស់​វា។
14 ហេតុ​នេះ តើ​ឲ្យ​ខ្ញុំ​ឆ្លើយ​តប​ទៅ​ព្រះ‌អង្គ
ដូច​ម្ដេច​បាន?
តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​ទូល​ទៅ​កាន់​ព្រះ‌អង្គ?
15 ទោះ​បី​ខ្ញុំ​សុចរិត​ក្តី ក៏​ខ្ញុំ​ពុំ​អាច​ឆ្លើយ​នឹង
ព្រះ‌អង្គ​ដែរ
គឺ​ខ្ញុំ​មាន​តែ​អង្វរ​សូម​ចៅ‌ក្រម​របស់​ខ្ញុំ
មេត្តា​ប្រណី​សន្ដោស​ខ្ញុំ​ប៉ុណ្ណោះ។
16 ទោះ​បី​ព្រះ‌អង្គ​ឆ្លើយ​តប​មក​ខ្ញុំ
នៅ​ពេល​ខ្ញុំ​ស្រែក​ហៅ​ព្រះ‌អង្គ​ក៏​ដោយ
ក៏​ខ្ញុំ​មិន​ជឿ​ថា ព្រះ‌អង្គ​ផ្ទៀង​ព្រះ‌កាណ៌
ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ​ដែរ។
17 ព្រះ‌អង្គ​វាយ​ប្រហារ​ខ្ញុំ ដោយ​ខ្យល់​ព្យុះ
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​របួស​កាន់​តែ​ច្រើន
ដោយ​ឥត​ហេតុ​ផល។
18 ព្រះ‌អង្គ​មិន​ទុក​ឲ្យ​ខ្ញុំ​មាន​ពេល​ដក​ដង្ហើម​ទេ
ដ្បិត​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សា
ពន់​ប្រមាណ។
19 ប្រសិន​បើ​ខ្ញុំ​ចង់​ប្រើ​កម្លាំង​បាយ
ព្រះ‌អង្គ​មាន​ឫទ្ធា‌នុភាព​ជាង
ប្រសិន​បើ​ខ្ញុំ​ចង់​ប្ដឹង​រក​យុត្តិធម៌
តើ​នរណា​ហៅ​ព្រះ‌អង្គ​មក​កាត់​ក្តី?
20 ទោះ​បី​ខ្ញុំ​សុចរិត​ក្តី
ក៏​ពាក្យ​សម្ដី​របស់​ខ្ញុំ​ដាក់​ទោស​ខ្ញុំ
ទោះ​បី​ខ្ញុំ​ស្លូត​ត្រង់​ក្តី
ក៏​ពាក្យ​សម្ដី​របស់​ខ្ញុំ​ឲ្យ​ខ្ញុំ​ខុស​ដែរ។
21 តើ​ខ្ញុំ​ពិត​ជា​មនុស្ស​ស្លូត​ត្រង់​មែន​ឬ?
ទេ ខ្ញុំ​មិន​ប្រាកដ​ថា​ខ្លួន​ខ្ញុំ​ស្លូត​ត្រង់​ទេ!
ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ជីវិត​របស់​ខ្ញុំ​ណាស់។
22 ណ្ហើយ បណ្តោយ​តាម​ដំណើរ​ទៅ​ចុះ!
ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ពោល​ថា
“ព្រះ‌អង្គ​ប្រហារ ទាំង​មនុស្ស​ស្លូត​ត្រង់
ទាំង​មនុស្ស​អាក្រក់”។
23 ពេល​មាន​មហន្ត‌រាយ​អ្វី​មួយ​កើត​ឡើង​បណ្តាល
ឲ្យ​មនុស្ស​ស្លូត​ត្រង់​ស្លាប់​ភ្លាមៗ​នោះ
ព្រះ‌អង្គ​សើច​ចំអក​ឲ្យ​គេ
នៅ​ពេល​គេ​វេទនា។
24 ផែន‌ដី​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​អាក្រក់
ព្រះ‌ជាម្ចាស់​បិទ​ភ្នែក​ចៅ‌ក្រម​ទាំង‌ឡាយ
បើ​ព្រះ‌អង្គ​មិន​ធ្វើ​បែប​នេះ​ទេ
តើ​នរណា​ជា​អ្នក​ធ្វើ?
25 ពេល​វេលា​របស់​ខ្ញុំ​ខិត​ទៅ​មុខ
លឿន​ជាង​អ្នក​ដែល​រត់​ទៅ​ទៀត
គឺ​ពេល​វេលា​នេះ​ចេះ​តែ​រត់​ទៅ​មុខ
ដោយ​ខ្ញុំ​មិន​បាន​ឃើញ​សុភមង្គល​ឡើយ។
26 ពេល​វេលា​របស់​ខ្ញុំ​អណ្ដែត​ទៅ​មុខ
លឿន​ជាង​នាវា
ឬ​បោះ‌ពួយ​ដូច​ខ្លែង​ហោះ​តម្រង់​ទៅ​ចាប់​រំពា។
27 ប្រសិន​បើ​ខ្ញុំ​ពោល​ថា:
“ខ្ញុំ​នឹង​បំភ្លេច​ការ​សោក​សង្រេង
ខ្ញុំ​នឹង​ធ្វើ​ទឹក​មុខ​រីក‌រាយ
ហើយ​ខំ​ប្រឹង​សើច​សប្បាយ​ឡើង​វិញ”
28 នោះ​ការ​ឈឺ​ចាប់​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ
ធ្វើ​ឲ្យ​ខ្ញុំ​តក់‌ស្លុត
ដ្បិត​ខ្ញុំ​ដឹង​ថា ព្រះ‌អង្គ​មិន​ចាត់​ទុក​ខ្ញុំ​ជា
មនុស្ស​គ្មាន​ទោស​ឡើយ។
29 ទោះ​បី​ធ្វើ​យ៉ាង​ណា ក៏​ខ្ញុំ​នៅ​តែ​មាន​ទោស
ដូច្នេះ តើ​ខ្ញុំ​នៅ​តែ​ខំ​ប្រឹង​ដោះ‌សា​ខ្លួន
បាន​ការ​អ្វី?
30 ទោះ​បី​ទូល‌បង្គំ​យក​ទឹក​មក​លាង​ខ្លួន
ទោះ​បី​ទូល‌បង្គំ​យក​សាប៊ូ​មក​លាង​ដៃ
31 ក៏​ព្រះ‌អង្គ​បោះ​ទូល‌បង្គំ​ទៅ​ក្នុង​ភក់​ជ្រាំ
ហើយ​សូម្បី​តែ​សម្លៀក‌បំពាក់​របស់​ទូល‌បង្គំ
ក៏​ខ្ពើម​ទូល‌បង្គំ​ដែរ។
32 ព្រះ‌អង្គ​មិន​មែន​ជា​មនុស្ស​ដូច​ខ្ញុំ
ដែល​ខ្ញុំ​អាច​តវ៉ា
និង​ហៅ​ឡើង​ទៅ​តុលា​ការ​បាន​ឡើយ។
33 គ្មាន​នរណា​អាច​ធ្វើ​ជា​អាជ្ញា​កណ្ដាល
សម្រុះ‌សម្រួល​រឿង‌រ៉ាវ​រវាង
ព្រះ‌អង្គ និង​ខ្ញុំ​បាន​ទេ។
34 សូម​ព្រះ‌អង្គ​មេត្តា​ឈប់​យក​ដំបង​វាយ​ខ្ញុំ
សូម​កុំ​ឲ្យ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ
ធ្វើ​ឲ្យ​ខ្ញុំ​ញ័រ​រន្ធត់​ទៀត​ឡើយ
35 ពេល​នោះ ទើប​ខ្ញុំ​និយាយ​ស្តី​បាន
ដោយ​លែង​ភិត‌ភ័យ។
ប៉ុន្តែ តាម​ពិត ខ្ញុំ​នៅ​តែ​ម្នាក់​ឯង!