ជំពូក ៣៦
លោកអេលីហ៊ូពន្យល់ពីរបៀបដែលព្រះជាម្ចាស់ ប្រៀនប្រដៅមនុស្សលោក
1 លោកអេលីហ៊ូមានប្រសាសន៍
ទៀតថា៖
2 «សូមរង់ចាំបន្តិច ខ្ញុំនឹងពន្យល់ឲ្យលោកដឹង
ដ្បិតខ្ញុំនៅមានសេចក្ដីខ្លះទៀតដែលត្រូវថ្លែង
ក្នុងនាមព្រះជាម្ចាស់។
3 ខ្ញុំនាំយកចំណេះដឹងដ៏ជ្រៅជ្រះមកជម្រាបជូន
ហើយខ្ញុំនឹងបង្ហាញឲ្យលោកឃើញថា
ព្រះដែលបង្កើតខ្ញុំ ព្រះអង្គសុចរិត
4 ដ្បិតសេចក្ដីដែលខ្ញុំថ្លែង
មិនមែនជាពាក្យបោកបញ្ឆោតទេ
ខ្ញុំនិយាយជាមួយលោក
ក្នុងនាមខ្ញុំជាមនុស្សចេះដឹងត្រឹមត្រូវ!
5 ព្រះជាម្ចាស់ដ៏ឧត្តុង្គឧត្ដម
មិនមើលងាយនរណាម្នាក់ឡើយ
ព្រះអង្គមានព្រះចេស្ដាដ៏ឧត្តុង្គឧត្ដម
ព្រះអង្គឈ្វេងយល់អ្វីៗទាំងអស់។
6 ព្រះអង្គមិនទុកជីវិតឲ្យមនុស្សអាក្រក់ទេ
ហើយព្រះអង្គតែងតែរកយុត្តិធម៌ឲ្យ
ជនទុរគតជានិច្ច។
7 ព្រះអង្គមិនបែរព្រះភ័ក្ត្រចេញឆ្ងាយ
ពីមនុស្សសុចរិតឡើយ
ព្រះអង្គប្រទានឲ្យគេគ្រងរាជ្យ
រួមជាមួយស្តេចនានា
ហើយប្រទានឲ្យរាជសម្បត្តិរបស់គេ
នៅស្ថិតស្ថេរ
ព្រមទាំងលើកតម្កើងគេថែមទៀតផង។
8 ប៉ុន្តែ ប្រសិនបើគេជាប់ច្រវាក់
ឬជាប់នៅក្នុងចំណងនៃទុក្ខលំបាក
9 គឺមកពីព្រះអង្គបង្ហាញឲ្យគេស្គាល់
អំពើដែលខ្លួនប្រព្រឹត្ត
នៅពេលមានអំនួត គេបានបះបោរ
ប្រឆាំងនឹងព្រះអង្គ។
10 ព្រះអង្គជួយគេឲ្យយកចិត្តទុកដាក់
ស្ដាប់ដំបូន្មាន
ព្រះអង្គណែនាំគេឲ្យលះបង់អំពើទុច្ចរិត។
11 ប្រសិនបើគេសុខចិត្តស្ដាប់ ហើយគោរពចុះចូល
គេមុខជាមានសុភមង្គល និងអំណរសប្បាយ
រហូតដល់ថ្ងៃលាចាកលោកនេះទៅ។
12 ប្រសិនបើគេមិនព្រមស្ដាប់ទេ
គេមុខជាត្រូវវិនាសដោយមុខលំពែង
គេនឹងរលត់វិញ្ញាណទៅ ទាំងអាប់ប្រាជ្ញា។
13 មនុស្សទមិឡរមែងចូលចិត្តកំហឹង
ពេលព្រះជាម្ចាស់យកច្រវាក់មកចងគេ
នោះគេមិនស្រែកអង្វរព្រះអង្គឡើយ។
14 គេស្លាប់ទៅ ទាំងខ្លួននៅក្មេង
គេបាត់បង់ជីវិតជាមួយពួកពេស្យាសក្ការៈ*។
15 ក៏ប៉ុន្តែ ព្រះជាម្ចាស់ប្រើភាពទុរគត
ដើម្បីរំដោះជនទុរគត
ព្រះអង្គប្រើទុក្ខលំបាក ដើម្បីអប់រំគេ។
16 ព្រះអង្គនឹងនាំលោកឲ្យចៀសផុតពី
ភាពអាសន្ននេះ
ព្រមទាំងប្រទានឲ្យលោក
បានចម្រុងចម្រើន
ហើយតុរបស់លោកនឹងពោរពេញដោយ
ចំណីអាហារដ៏ឆ្ងាញ់ពិសា។
17 ប៉ុន្តែ ដោយលោកវិនិច្ឆ័យដូចមនុស្សអាក្រក់
លោកនឹងទទួលទោស ស្របតាមយុត្តិធម៌
ចៀសមិនផុតឡើយ។
18 សូមកុំបណ្តោយឲ្យកំហឹងទាក់ទាញលោក
រហូតដល់ទៅមាក់ងាយព្រះអង្គ
ហើយក៏កុំបណ្តោយឲ្យសំណូកដ៏ច្រើន
ទាក់ទាញលោកឲ្យវង្វេងដែរ!
19 ទ្រព្យសម្បត្តិរបស់លោកពុំអាចជួយលោក
ឲ្យរួចពីភាពអាសន្នបានទេ
រីឯមាស និងកម្លាំងដ៏ខ្លាំងរបស់លោក
ក៏ពុំអាចជួយលោកបានដែរ។
20 កុំទន្ទឹងរង់ចាំរាត្រីកាល ជាពេលដែល
ជាតិសាសន៍ទាំងឡាយត្រូវវិនាសនោះឡើយ។
21 ចូរប្រយ័ត្ន ក្រែងលោកបែរទៅរកអំពើអាក្រក់
ដ្បិតលោកសុខចិត្តប្រព្រឹត្តដូច្នេះ
ជាជាងស៊ូទ្រាំរងទុក្ខលំបាក។
22 ព្រះជាម្ចាស់សម្ដែងភាពឧត្តុង្គឧត្ដម
តាមរយៈព្រះចេស្ដារបស់ព្រះអង្គ
តើនរណាចេះប្រៀនប្រដៅដូចព្រះអង្គ?
23 តើនរណាអាចបញ្ជាព្រះអង្គអំពីមាគ៌ារស់នៅ
តើនរណាអាចពោលថា:
“ព្រះអង្គធ្វើដូច្នេះ ខុសហើយ!”?
24 ហេតុនេះ សូមកុំភ្លេចលើកតម្កើង
ស្នាព្រះហស្ដរបស់ព្រះអង្គ
ដូចមនុស្សម្នាតែងតែច្រៀងលើកតម្កើង។
25 មនុស្សលោកទាំងអស់មើលឃើញ
ស្នាព្រះហស្ដនេះពីចម្ងាយ
ហើយស្ងើចសរសើរគ្រប់ៗគ្នា។
26 ព្រះជាម្ចាស់ជាព្រះដ៏ឧត្ដម
ដែលយើងពុំអាចស្វែងយល់ឡើយ
ហើយយើងក៏ពុំអាចគិតអំពីព្រះជន្មាយុ
របស់ព្រះអង្គដែរ។
27 ព្រះអង្គទាញយកដំណក់ទឹកមកមូលផ្តុំគ្នា
ជាចំហាយ និងទឹកភ្លៀង។
28 ពពកបង្អុរភ្លៀងចុះមកស្រោចស្រព
បណ្តាជននៅលើផែនដី។
29 តើនរណាអាចយល់ដំណើរពពករសាត់
ព្រមទាំងផ្គរលាន់ក្នុងអាកាសវេហាស៍?
30 ព្រះអង្គជះពន្លឺរស្មីនៅជុំវិញព្រះអង្គ
តែព្រះអង្គធ្វើឲ្យមានភាពងងឹត
នៅបាតសមុទ្រ។
31 ព្រះអង្គគ្រប់គ្រងលើជាតិសាសន៍ទាំងឡាយ
ដោយប្រទានទឹកភ្លៀង
និងផ្តល់ឲ្យគេមានអាហារដ៏បរិបូណ៌។
32 ព្រះអង្គកាន់ផ្លេកបន្ទោរនៅក្នុងព្រះហស្ដ
ហើយបាញ់តម្រង់ទៅរកទិសដៅ។
33 ព្រះអង្គប្រើផ្គរលាន់
ដើម្បីប្រកាសអំពីវត្តមានរបស់ព្រះអង្គ
ពេលព្រះអង្គយាងចូលមកជិត
នោះហ្វូងសត្វនាំគ្នារត់ចេញជាប្រញាប់។