ជំពូក ៨
ប្រសាសន៍របស់លោកប៊ីលដាដ: កំហុសតែងតែនាំមកនូវទុក្ខទោស
1 លោកប៊ីលដាដ ជាអ្នកស្រុកស៊ូអា
មានប្រសាសន៍ថា៖
2 «តើលោកនៅតែមានប្រសាសន៍បែបនេះ
ដល់កាលណា?
តើលោកបញ្ចេញពាក្យសម្ដី
ដូចខ្យល់កំបុតត្បូងដល់កាលណាទៀត?
3 តើព្រះជាម្ចាស់បង្ខូចយុត្តិធម៌ឬ
តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
បង្ខូចសេចក្ដីសុចរិតឬ?
4 ប្រសិនបើកូនប្រុសរបស់លោកប្រព្រឹត្ត
អំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ
ព្រះអង្គដាក់ទោសពួកគេ
តាមកំហុសដែលខ្លួនបានប្រព្រឹត្ត។
5 ចំណែកឯលោកវិញ បើលោកស្វែងរកព្រះអង្គ
បើលោកអង្វរករព្រះដ៏មានឫទ្ធានុភាព
ខ្ពង់ខ្ពស់បំផុត
6 បើលោកពិតជាត្រឹមត្រូវ និងទៀងត្រង់មែន
ព្រះអង្គមុខជាជួយលោក
ហើយស្តារស្ថានភាពរបស់លោក
ឲ្យបានយុត្តិធម៌ដូចដើមឡើងវិញ។
7 អ្វីៗដែលលោកធ្លាប់មានពីមុន
ហាក់ដូចជាបន្តិចបន្តួចប៉ុណ្ណោះ
ដ្បិតអ្វីៗដែលព្រះអង្គប្រទាននៅពេលខាងមុខ
មានចំនួនច្រើនលើសនោះទៅទៀត។
8 ហេតុនេះ សូមសាកសួរចាស់ទុំនៅជំនាន់មុន
ហើយរំពឹងគិតអំពីបទពិសោធ៍
ដែលដូនតារបស់លោករកឃើញ
9 ដ្បិតយើងជាមនុស្សទើបនឹងដឹងក្តី
យើងមិនដឹងអ្វីទាំងអស់
អាយុជីវិតរបស់យើងនៅលើផែនដីនេះ
ប្រៀបដូចជាស្រមោល។
10 សូមទុកឲ្យចាស់ទុំប្រៀនប្រដៅលោកចុះ
ចាស់ទុំនឹងប្រាប់ឲ្យលោកជ្រាប
នូវអ្វីៗដែលពួកលោកធ្លាប់ដឹង។
11 តើដើមត្រែងអាចដុះនៅក្រៅត្រពាំង
ហើយដើមកក់អាចដុះនៅកន្លែង
ដែលគ្មានទឹកបានឬ?
12 បើមិនដូច្នោះទេ ពេលវានៅខៀវខ្ចី
ទោះបីគ្មាននរណាកាត់ក៏ដោយ
ក៏វាក្រៀមស្ងួត
មុនតិណជាតិទាំងប៉ុន្មានទៅទៀត។
13 រីឯអស់អ្នកដែលបំភ្លេចព្រះជាម្ចាស់
ក៏ធ្លាក់ខ្លួនដូច្នោះដែរ
សេចក្ដីសង្ឃឹមរបស់មនុស្សទមិឡ
នឹងរលាយសូន្យ។
14 បង្អែករបស់គេត្រូវបាក់
អ្វីៗដែលគេទុកចិត្ត
ប្រៀបដូចជាសំបុកពីងពាង។
15 គេផ្អែកលើផ្ទះរបស់ខ្លួន តែផ្ទះរលំ
គេខំប្រឹងតោងផ្ទះ
តែផ្ទះមិននៅស្ថិតស្ថេរឡើយ។
16 គេប្រៀបបាននឹងរុក្ខជាតិដ៏រឹងមាំ
ព្រោះសម្បូណ៌កម្ដៅថ្ងៃ
ហើយបែកមែកសាខាពាសពេញឧទ្យាន។
17 ឫសរបស់គេចាក់ស្រេះទៅក្នុងដីដែលមានថ្ម
ហើយរុកទៅដល់ផ្ទាំងសិលា។
18 ប៉ុន្តែ ពេលណាគេត្រូវរំលើងចេញពីកន្លែង
របស់ខ្លួនហើយនោះ
សូម្បីតែញាតិសន្ដានក៏លែងរាប់រកគេទៀតដែរ!
19 មនុស្សទមិឡរមែងទទួលផលបែបនេះ
ហើយមានអ្នកផ្សេងទទួលកន្លែងជំនួសគេ។
20 ព្រះជាម្ចាស់មិនបោះបង់ចោល
មនុស្សគ្មានកំហុសឡើយ
ហើយព្រះអង្គក៏មិនពង្រឹងអំណាចរបស់
អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
21 បន្តិចទៀត ព្រះអង្គនឹងប្រទានឲ្យលោក
សើចសប្បាយឡើងវិញ
ហើយឲ្យលោកបន្លឺសំឡេងដោយអំណរ។
22 អស់អ្នកដែលស្អប់លោកនឹងត្រូវអាម៉ាស់
ហើយលំនៅរបស់មនុស្សអាក្រក់នឹងរលាយសូន្យ»។