ជំពូក ៣២

អន្តរា‌គមន៍​របស់​លោក​អេលី‌ហ៊ូ

ប្រសាសន៍​របស់​លោក​អេលី‌ហ៊ូ

1 កាល​មិត្ត‌ភក្ដិ​ទាំង​បី​រូប​របស់​លោក​យ៉ូប​ឃើញ​លោក​ប្រកាន់​ជំហរ​ថា​ខ្លួន​សុចរិត​ដូច្នេះ ពួក​គេ​ក៏​លែង​ឆ្លើយ​ទៅ​លោក​វិញ។ 2 ពេល​នោះ លោក​អេលី‌ហ៊ូ ជា​កូន​របស់​លោក​បារ៉ាកែល ក្នុង​អំបូរ​ប៊ូស​នៃ​ត្រកូល​រ៉ាម ក៏​ចាប់​ផ្តើម​ខឹង​ជា​ខ្លាំង។ គាត់​ខឹង​នឹង​លោក​យ៉ូប ព្រោះ​លោក​ប្រកាន់​ថា​ខ្លួន​លោក​សុចរិត​ជាង​ព្រះ‌ជាម្ចាស់។ 3 គាត់​ក៏​ខឹង​នឹង​មិត្ត‌ភក្ដិ​ទាំង​បី​របស់​លោក​យ៉ូប​ដែរ ព្រោះ​លោក​ទាំង​បី​ពុំ​អាច​រក​ពាក្យ​ឆ្លើយ​ទៅ​លោក​វិញ​បាន ធ្វើ​ហាក់​ដូច​ជា​ព្រះ‌ជាម្ចាស់​មាន​កំហុស​មែន។ 4 ដោយ​លោក​អេលីហ៊ូ​ក្មេង​ជាង​គេ គាត់​រង់‌ចាំ​និយាយ​ជា​មួយ​លោក​យ៉ូប​ក្រោយ​គេ។ 5 ប៉ុន្តែ ពេល​គាត់​ឃើញ​លោក​ទាំង​បី​គ្មាន​ពាក្យ​អ្វី​ឆ្លើយ​ទៅ​លោក​យ៉ូប​ទៀត​នោះ គាត់​ក៏​ខឹង​ជា​ខ្លាំង។
6 លោក​អេលីហ៊ូ ជា​កូន​របស់​លោក​បារ៉ាកែល ក្នុង​អំបូរ​ប៊ូស ពោល​ឡើង​ថា៖
«ខ្ញុំ​នៅ​ក្មេង ហើយ​អស់​លោក​សុទ្ធ​តែ​ជា​ចាស់​ទុំ
ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ភ័យ​ញាប់‌ញ័រ
មិន​ហ៊ាន​ជម្រាប​អស់​លោក​ពី​ចំណេះ​របស់​ខ្ញុំ។
7 ខ្ញុំ​តែង​គិត​ថា មនុស្ស​មាន​អាយុ​វែង
រមែង​ប្រសប់​និយាយ
អ្នក​រស់​បាន​ច្រើន​ឆ្នាំ​ប្រសប់​ផ្តល់​យោបល់។
8 ប៉ុន្តែ តាម​ពិត មាន​តែ​វិញ្ញាណ​នៅ​ក្នុង​មនុស្ស
គឺ​ខ្យល់​ដង្ហើម​មក​ពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព
ខ្ពង់‌ខ្ពស់​បំផុត​ប៉ុណ្ណោះ
ទើប​ផ្តល់​ឲ្យ​គេ​យល់​ដឹង​បាន។
9 រស់​បាន​ច្រើន​ឆ្នាំ​មិន​ផ្តល់​ឲ្យ​មនុស្ស
មាន​ប្រាជ្ញា​ឡើយ
ហើយ​មនុស្ស​ចាស់​ជរា​ក៏​មិន​ស្គាល់
ការ​វិនិច្ឆ័យ​ដែរ។
10 ហេតុ​នេះ សូម​អស់​លោក​ស្ដាប់​ខ្ញុំ​ម្ដង
ខ្ញុំ​សូម​បង្ហាញ​ចំណេះ​ដឹង​របស់​ខ្ញុំ។
ខ្ញុំ​បាន​រង់‌ចាំ​អស់​លោក​មាន​ប្រសាសន៍
រហូត​ដល់​ចប់
11 ខ្ញុំ​បាន​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ
ដែល​អស់​លោក​ថ្លែង
រហូត​ដល់​អស់​លោក​វែក‌ញែក​អស់​សេចក្ដី។
12 ខ្ញុំ​បាន​ផ្ចង់​ចិត្ត​ស្ដាប់​អស់​លោក
ក៏​ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អស់​លោក
ជជែក​ឈ្នះ​លោក​យ៉ូប
ឬ​អាច​ឆ្លើយ​តប​នឹង​ពាក្យ​របស់​គាត់​វិញ​សោះ!
13 ហេតុ​នេះ សូម​កុំ​អះ‌អាង​ថា
អស់​លោក​រក​បាន​ប្រាជ្ញា​នោះ​ឡើយ។
មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ​ដែល​អាច
តទល់​នឹង​គាត់​បាន គឺ​មិន​មែន​មនុស្ស​ទេ។
14 លោក​យ៉ូប​ពុំ​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ផ្ទាល់​ទេ
ដូច្នេះ ខ្ញុំ​នឹង​មិន​ឆ្លើយ​ទៅ​គាត់​វិញ
តាម​របៀប​ដែល​អស់​លោក​ឆ្លើយ​នោះ​ឡើយ។
15 លោក​យ៉ូប​អើយ
លោក​ទាំង​បី​នេះ​មិន​ហ៊ាន​ឆ្លើយ​ទៀត​ទេ
ដ្បិត​ពួក​គាត់​រក​ពាក្យ​និយាយ​ពុំ​បាន។
16 ខ្ញុំ​រង់‌ចាំ​ដែរ តែ​មិន​ឃើញ​ពួក​គាត់​និយាយ​ទេ
ដោយ​ពួក​គាត់​នៅ​ស្ងៀម លែង​ឆ្លើយ​ដូច្នេះ
17 ខ្ញុំ​សូម​ឆ្លើយ​តប​ទៅ​លោក​វិញ​ម្ដង
ខ្ញុំ​ក៏​ចង់​បង្ហាញ​ចំណេះ​ដឹង​របស់​ខ្ញុំ​ដែរ។
18 ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ចង់​និយាយ
គឺ​ខ្ញុំ​មិន​អាច​ទប់​ចិត្ត​ឲ្យ​នៅ​ស្ងៀម
ទៀត​ឡើយ។
19 ប្រសិន​បើ​ខ្ញុំ​មិន​និយាយ​ទេ
ចិត្ត​របស់​ខ្ញុំ​មុខ​តែ​ធ្លុះ‌ធ្លាយ​ដូច​ថង់​ស្បែក
ដែល​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី។
20 ខ្ញុំ​សូម​និយាយ ដើម្បី​ឲ្យ​បាន​ធូរ​ទ្រូង
ខ្ញុំ​ត្រូវ​តែ​បើក​មាត់​ឆ្លើយ​ទៅ​អស់​លោក​វិញ។
21 ខ្ញុំ​មិន​រើស​មុខ​នរណា​ឡើយ
ហើយ​ខ្ញុំ​ក៏​មិន​បញ្ចើច‌បញ្ចើ​នរណា​ម្នាក់​ដែរ។
22 ខ្ញុំ​មិន​ចេះ​បញ្ចើច‌បញ្ចើ​ទេ
បើ​ខ្ញុំ​ធ្វើ​ដូច្នេះ ព្រះ​ដែល​បង្កើត​ខ្ញុំ​មុខ​ជា
ដក​ជីវិត​ខ្ញុំ​យ៉ាង​ឆាប់​មិន​ខាន។