ជំពូក ២៨

អាថ៌‌កំបាំង​នៃ​ប្រាជ្ញា

1 មាន​អណ្ដូង​រ៉ែ សម្រាប់​ជីក​យក​ប្រាក់
ហើយ​ក៏​មាន​កន្លែង​បន្សុទ្ធ​មាស​ដែរ។
2 គេ​យក​ដែក​ចេញ​ពី​ដី
ហើយ​យក​លង្ហិន​ចេញ​ពី​ថ្ម។
3 មនុស្ស​ចុះ​រហូត​ទៅ​ដល់​ទី​ងងឹត ជីក​រក​ថ្ម
ដែល​កប់​នៅ​បាត​ដី​ក្នុង​ទី​ងងឹត​អន្ធការ។
4 គេ​ជីក​អណ្ដូង​រ៉ែ​ឆ្ងាយ​ពី​កន្លែង​មនុស្ស​រស់​នៅ
មនុស្ស​ដើរ​ខាង​លើ​ក៏​មិន​ដឹង
គេ​សម្រូត​ខ្លួន​ចុះ​ទៅ​ក្នុង​អណ្ដូង​រ៉ែ
ហើយ​យោល​ចុះ​យោល​ឡើង​នៅ​ទី​នោះ
ឆ្ងាយ​ពី​ស្រុក​ភូមិ។
5 ដី​តែង‌តែ​ផ្តល់​អាហារ​ដល់​មនុស្ស
តែ​នៅ​ខាង​ក្រោម
ដូច​ជា​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​អស់។
6 គេ​រក​ឃើញ​ត្បូង​នៅ​ជា​មួយ​ថ្ម​ក្នុង​ដី
ហើយ​រក​បាន​មាស​ក្នុង​ធូលី​ដី។
7 សត្វ​ត្មាត​មិន​ស្គាល់​ច្រក​ចូល​ទៅ
ក្នុង​អណ្ដូង​រ៉ែ​នោះ​ទេ
ហើយ​សត្វ​រអាត​ក៏​មើល​មិន​ឃើញ​ដែរ។
8 សត្វ​ដ៏​ខ្លាំង​ពូកែ​មិន​ដែល​ចូល​ទៅ​ក្នុង​នោះ​ទេ
សត្វ​សិង្ហ​ក៏​មិន​ដែល​ដើរ​កាត់​តាម​នោះ​ដែរ។
9 មនុស្ស​ជីក​យក​ថ្ម​ដ៏​រឹង
ហើយ​រំលើង​ភ្នំ​រហូត​ដល់​ឫស​របស់​វា។
10 គេ​ចោះ​រូង​នៅ​ក្នុង​ថ្ម‌ដា
ហើយ​ឃើញ​វត្ថុ​ធាតុ​ទាំង​ប៉ុន្មាន​ដ៏​មាន​តម្លៃ។
11 គេ​ទប់​ប្រភព​ទឹក​ឲ្យ​រីង​ស្ងួត
ហើយ​នាំ​យក​អ្វីៗ​ដែល​លាក់​កំបាំង
មក​ដាក់​ក្រោម​ពន្លឺ។
12 រីឯ​ប្រាជ្ញា​វិញ តើ​គេ​អាច​រក​បាន​នៅ​ឯ​ណា?
តើ​ការ​យល់​ដឹង​ស្ថិត​នៅ​កន្លែង​ណា?
13 មនុស្ស​លោក​មិន​ស្គាល់​តម្លៃ​របស់​ប្រាជ្ញា​ទេ
ហើយ​ប្រាជ្ញា​ក៏​មិន​ស្ថិត​នៅ​លើ​ផែន‌ដី​ដែរ។
14 ទី​ជម្រៅ​ពោល​ថា “ប្រាជ្ញា​មិន​នៅ​ក្នុង​ខ្ញុំ​ទេ”
មហា​សមុទ្រ​ពោល​ថា
“ប្រាជ្ញា​ក៏​មិន​នៅ​ជា​មួយ​ខ្ញុំ​ដែរ”
15 គេ​មិន​អាច​យក​មាស​សុទ្ធ​ទៅ​ដូរ​យក​ប្រាជ្ញា
ហើយ​យក​ប្រាក់​ទៅ​ទិញ​ប្រាជ្ញា​បាន​ទេ។
16 គេ​មិន​អាច​យក​ប្រាជ្ញា​ទៅ​ថ្លឹង​ជា​មួយ
កែវ‌មរកត ពេជ្រ
ឬ​ត្បូង​កណ្ដៀង​ឡើយ។
17 គ្មាន​មាស ឬ​ពេជ្រ​ណា​ផ្ទឹម​ស្មើ​នឹង​ប្រាជ្ញា​ទេ
ហើយ​គេ​ក៏​មិន​អាច​យក​ប្រាជ្ញា​ទៅ​ដូរ​ជា​មួយ
ភាជន៍​ដែល​ធ្វើ​ពី​មាស​សុទ្ធ​ដែរ។
18 ផ្កា​ថ្ម និង​គុជ រឹត​តែ​ផ្ទឹម​នឹង​ប្រាជ្ញា​មិន​បាន
ហើយ​មាន​ប្រាជ្ញា​ប្រសើរ​ជាង​មាន
កែវ‌មុក្ដា​ទៅ​ទៀត។
19 ត្បូង​ជម្ពូ‌រ័ត្ន​ពី​ស្រុក​អេត្យូពី​ក៏​មិន​អាច​ប្រដូច
ទៅ​នឹង​ប្រាជ្ញា
ហើយ​ប្រាជ្ញា​មិន​អាច​យក​ទៅ​ថ្លឹង
ជា​មួយ​មាស​ទេ។
20 ដូច្នេះ តើ​ប្រាជ្ញា​មាន​ប្រភព​នៅ​ឯ​ណា
តើ​ការ​យល់​ដឹង​ស្ថិត​នៅ​កន្លែង​ណា?
21 មនុស្ស​លោក​មិន​អាច​មើល​ឃើញ​ប្រាជ្ញា​ទេ
រីឯ​សត្វ​ដែល​ហើរ​នៅ​លើ​មេឃ
ក៏​មិន​អាច​មើល​ឃើញ​ដែរ។
22 រណ្ដៅ​នៃ​សេចក្ដី​វិនាស និង​មច្ចុរាជ​ពោល​ថា
“យើង​បាន​ឮ​គេ​និយាយ​ពី​ប្រាជ្ញា”។
23 មាន​តែ​ព្រះ‌ជាម្ចាស់​ទេ​ដែល​ស្គាល់​ផ្លូវ
ហើយ​ជ្រាប​ថា ប្រាជ្ញា​ស្ថិត​នៅ​កន្លែង​ណា
24 ដ្បិត​ព្រះ‌អង្គ​មើល​ធ្លុះ​រហូត​ដល់​ទៅ
ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី
និង​ទត​ឃើញ​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​មេឃ។
25 ពេល​ណា​ព្រះ‌អង្គ​កំណត់​កម្លាំង​របស់​ខ្យល់
និង​ទំហំ​របស់​សមុទ្រ
26 ពេល​ណា​ព្រះ‌អង្គ​កំណត់​ច្បាប់​មួយ
សម្រាប់​ទឹក​ភ្លៀង
ព្រម​ទាំង​កំណត់​ផ្លូវ​សម្រាប់​ផ្លេក​បន្ទោរ និង​ផ្គរ
រួច​ស្រេច​ហើយ
27 ព្រះ‌អង្គ​ក៏​ទត​ឃើញ​ប្រាជ្ញា
ព្រះ‌អង្គ​លើក​តម្លៃ​ប្រាជ្ញា​នោះ
ព្រះ‌អង្គ​តាំង​ប្រាជ្ញា​ឡើង
ហើយ​ពិនិត្យ‌ពិច័យ​មើល​យ៉ាង​ល្អិត‌ល្អន់។
28 បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល
មក​កាន់​មនុស្ស​លោក​ថា:
“ការ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ជា​ប្រាជ្ញា
ការ​ងាក​ចេញ​ពី​អំពើ​អាក្រក់​ជា​ការ​យល់​ដឹង”»។