ជំពូក ១៧

ខ្ញុំ​លែង​មាន​សង្ឃឹម​ទៀត​ហើយ

1 ដង្ហើម​របស់​ខ្ញុំ​ចង់​ផុត
អាយុ​ជីវិត​របស់​ខ្ញុំ​ជិត​រលត់
ហើយ​ផ្នូរ​ក៏​នៅ​រង់‌ចាំ​ខ្ញុំ។
2 ជន​មើល‌ងាយ​ស្ថិត​នៅ​ជុំ‌វិញ​ខ្ញុំ
ពាក្យ​ចំអក​របស់​ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ
ដេក​មិន​លក់។
3 ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ការ‌ពារ​ទូល‌បង្គំ​ផង
ដ្បិត​ក្រៅ​ពី​ព្រះ‌អង្គ គ្មាន​នរណា​ផ្សេង
ហ៊ាន​ធានា​រ៉ាប់​រង​ទូល‌បង្គំ​ទេ។
4 ព្រះ‌អង្គ​បាន​ខ្ទប់​ចិត្ត​របស់​ពួក​គេ
មិន​ឲ្យ​ស្វែង​យល់
ដូច្នេះ សូម​កុំ​ឲ្យ​ពួក​គេ​ឈ្នះ​ឡើយ។
5 ពួក​គេ​ជា​មនុស្ស​ដែល​ហៅ​មិត្ត‌ភក្ដិ
មក​ចែក​ទ្រព្យ‌សម្បត្តិ
តែ​មិន​ទុក​ឲ្យ​កូន​ចៅ​ទទួល​ចំណែក​ទេ។
6 ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ប្រជាជន​ទាំង‌ឡាយ
យក​រឿង​ខ្ញុំ​ទៅ​និយាយ​លេង​សើច
ពួក​គេ​ស្តោះ​ទឹក​មាត់​ដាក់​មុខ​ខ្ញុំ។
7 ភ្នែក​របស់​ខ្ញុំ​ប្រែ​ជា​ស្រវាំង ព្រោះ​តែ​ទុក្ខ​ព្រួយ
រូប​កាយ​របស់​ខ្ញុំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។
8 មនុស្ស​ទៀង​ត្រង់​នាំ​គ្នា​ស្រឡាំង‌កាំង
ហើយ​មនុស្ស​ស្លូត​ត្រង់​ចាត់​ទុក​ខ្ញុំ​ជា
មនុស្ស​ទមិឡ។
9 មនុស្ស​សុចរិត​នៅ​ប្រកាន់​ជំហរ​របស់​ខ្លួន
ត​ទៅ​មុខ​ទៀត
ហើយ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បរិសុទ្ធ
កាន់​តែ​ប្រព្រឹត្ត​អំពើ​បរិសុទ្ធ​ថែម​ទៀត។
10 ចំណែក​ឯ​អស់​លោក សូម​អញ្ជើញ​មក​វិញ
ហើយ​ថ្លែង​សា​ជា​ថ្មី​ចុះ
ខ្ញុំ​មុខ​ជា​ឃើញ​ថា ក្នុង​ចំណោម​អស់​លោក
គ្មាន​អ្នក​ប្រាជ្ញ​សោះ​ឡើយ។
11 អាយុ​ជីវិត​ខ្ញុំ​ដល់​ទី​បញ្ចប់
គម្រោង‌ការ​ផ្សេងៗ​របស់​ខ្ញុំ​រលាយ​សូន្យ
សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ខ្ញុំ​ក៏​ផុត​រលត់​ដែរ។
12 មិត្ត‌ភក្ដិ​របស់​ខ្ញុំ​នាំ​គ្នា​អះ‌អាង​ថា​យប់​ជា​ថ្ងៃ
ហើយ​ពេល​ងងឹត​ចូល​មក​ដល់
ពួក​គេ​ពោល​ថា ជិត​ភ្លឺ​ហើយ។
13 ក៏​ប៉ុន្តែ សេចក្ដី​សង្ឃឹម​តែ​មួយ​របស់​ខ្ញុំ
គឺ​ស្ថាន​មច្ចុរាជ
ខ្ញុំ​រៀប‌ចំ​ដំណេក​របស់​ខ្ញុំ​ក្នុង​ភាព​ងងឹត។
14 ខ្ញុំ​ហៅ​រណ្ដៅ​ថា​ជា​ឪពុក​របស់​ខ្ញុំ
ហៅ​ដង្កូវ​ថា​ជា​ម្ដាយ និង​បង​ស្រី​របស់​ខ្ញុំ។
15 តើ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​នៅ​ឯ​ណា?
មាន​នរណា​ឃើញ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​ឬ​ទេ?
16 សេចក្ដី​សង្ឃឹម​នឹង​ចុះ​ទៅ​កាន់​ស្ថាន​មនុស្ស​ស្លាប់
ហើយ​ស្ថិត​នៅ​ក្នុង​ធូលី​ដី​ជា​មួយ​ខ្ញុំ»។