ជំពូក ១០
1 លោកសាមូអែលយកដបប្រេងមក ហើយចាក់ប្រេងលើក្បាលលោកសាអ៊ូល រួចលោកឱបលោកសាអ៊ូល ទាំងមានប្រសាសន៍ថា៖ «ព្រះអម្ចាស់បានចាក់ប្រេង*អភិសេកលោក ឲ្យដឹកនាំប្រជាជនផ្ទាល់របស់ព្រះអង្គ។ 2 នៅថ្ងៃនេះ ពេលលោកចាកចេញពីខ្ញុំទៅ លោកនឹងជួបបុរសពីរនាក់ក្បែរផ្នូររបស់លោកស្រីរ៉ាខែល នៅព្រំប្រទល់ទឹកដីបេនយ៉ាមីន គឺនៅភូមិសែលសា។ អ្នកទាំងពីរនឹងជម្រាបលោកថា “លាញីដែលលោកដើររកនោះ គេបានរកឃើញវិញហើយ។ ឥឡូវនេះ ឪពុករបស់លោកឈប់គិតពីរឿងលា តែព្រួយបារម្ភពីលោកវិញ ដោយពោលថា: កូនខ្ញុំមិនដឹងជាយ៉ាងណាទេ តើឲ្យខ្ញុំធ្វើដូចម្ដេច?”។ 3 ពេលលោកបន្តដំណើរទៅមុខបន្តិច លោកនឹងទៅដល់ដើមជ្រៃតាប៊រ។ នៅទីនោះ លោកនឹងជួបបុរសបីនាក់ ដែលឡើងទៅទីសក្ការៈរបស់ព្រះជាម្ចាស់នៅបេតអែល។ អ្នកទីមួយដឹកកូនពពែបីក្បាល អ្នកទីពីរកាន់នំបុ័ងបីដុំ អ្នកទីបីកាន់ថង់ស្រា។ 4 ពួកគេនឹងនាំគ្នាមកជម្រាបសួរលោក ហើយជូននំបុ័ងពីរដុំមកលោក។ លោកនឹងទទួលយកនំបុ័ងនោះពីដៃរបស់ពួកគេ។ 5 បន្ទាប់មក លោកទៅដល់គីបា-អេឡូអ៊ីម ដែលមានទីតាំងទ័ពរបស់ពួកភីលីស្ទីន។ ពេលលោកចូលទៅក្នុងភូមិ លោកនឹងជួបពួកព្យាការីមួយក្រុម ដែលចុះពីកន្លែងសក្ការៈមក ទាំងមានអ្នកភ្លេងលេងចាប៉ី ស្គរ ខ្លុយ និងពិណ ដើរពីមុខផង ព្យាការីទាំងនោះស្លុងស្មារតី ស្រែកច្រៀង និងរាំថ្វាយព្រះជាម្ចាស់។ 6 ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងមកសណ្ឋិតលើលោក លោកក៏ស្លុងស្មារតីស្រែកច្រៀង និងរាំជាមួយអ្នកទាំងនោះដែរ ហើយលោកនឹងប្រែក្លាយទៅជាបុគ្គលមួយរូបខុសពីមុន។ 7 កាលណាលោកឃើញទីសម្គាល់ទាំងនោះកើតមាន កិច្ចការទាំងប៉ុន្មានដែលលោកយល់ថាត្រូវធ្វើ សូមធ្វើចុះ ដ្បិតព្រះជាម្ចាស់គង់ជាមួយលោកហើយ។ 8 បន្ទាប់មក លោកត្រូវចុះទៅគីលកាល់មុនខ្ញុំ ចំណែកឯខ្ញុំវិញ ខ្ញុំនឹងចុះទៅជួបលោកនៅទីនោះដែរ ដើម្បីថ្វាយតង្វាយដុតទាំងមូល* និងថ្វាយយញ្ញបូជាមេត្រីភាព*។ លោកត្រូវរង់ចាំខ្ញុំប្រាំពីរថ្ងៃ លុះត្រាតែខ្ញុំទៅដល់។ ពេលនោះ ខ្ញុំនឹងជម្រាបលោក អំពីកិច្ចការ ដែលលោកត្រូវធ្វើ»។
9 ពេលលោកសាអ៊ូលចាកចេញពីលោកសាមូអែលទៅ ព្រះជាម្ចាស់ផ្លាស់ប្ដូរចិត្តគំនិតលោក ហើយទីសម្គាល់ទាំងប៉ុន្មានក៏កើតមាននៅថ្ងៃនោះដែរ។ 10 កាលលោកសាអ៊ូល និងអ្នកបម្រើទៅដល់ភូមិគីបា ព្យាការីមួយក្រុមមកជួបលោក។ ពេលនោះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោក ហើយលោកស្លុងស្មារតីស្រែកច្រៀង និងរាំក្នុងចំណោមពួកព្យាការី។ 11 អស់អ្នកដែលធ្លាប់ស្គាល់លោកសាអ៊ូល ឃើញលោកស្លុងស្មារតី ស្រែកច្រៀង និងរាំជាមួយពួកព្យាការី គេក៏សាកសួរគ្នាទៅវិញទៅមកថា «តើមានកើតអ្វីចំពោះកូនប្រុសលោកគីស? សាអ៊ូលចូលក្រុមព្យាការីដែរតើ!»។ 12 មានអ្នកស្រុកម្នាក់ពោលឡើងថា៖ «តើគ្រូបាធ្យាយរបស់ពួកនេះនៅឯណា?»។ ហេតុនេះបានជាមានពាក្យស្លោកថា «សាអ៊ូលចូលក្រុមព្យាការីដែរតើ!»។ 13 កាលលោកសាអ៊ូលដឹងស្មារតីឡើងវិញ លោកអញ្ជើញទៅកន្លែងសក្ការៈនៅទួលខ្ពស់។
14 ឪពុកមារបស់លោកសាអ៊ូលសួរលោក និងអ្នកបម្រើថា៖ «តើពួកឯងទើបនឹងមកពីណា?»។ លោកសាអ៊ូលតបថា៖ «ពួកខ្ញុំទៅរកលា តែរកមិនឃើញទេ ដូច្នេះ ពួកខ្ញុំទៅជួបលោកសាមូអែល»។ 15 ឪពុកមារបស់លោកសាអ៊ូលពោលទៀតថា៖ «រៀបរាប់ប្រាប់មាមើល៍ លោកសាមូអែលមានប្រសាសន៍ប្រាប់ពួកឯងអំពីអ្វីខ្លះ»។ 16 លោកសាអ៊ូលតបទៅឪពុកមាវិញថា៖ «លោកបញ្ជាក់ប្រាប់ពួកខ្ញុំថា លាទាំងនោះ គេរកឃើញហើយ»។ លោកសាអ៊ូលមិនបានរៀបរាប់ប្រាប់ឪពុកមាអំពីរាជសម្បត្តិ ដែលលោកសាមូអែលមានប្រសាសន៍នោះឡើយ។
ប្រជាជនអ៊ីស្រាអែលតែងតាំងលោកសាអ៊ូលជាស្តេច
17 លោកសាមូអែលបានកោះហៅប្រជាជនមកប្រជុំគ្នានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅមីសប៉ា។ 18 លោកមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “អ៊ីស្រាអែលអើយ យើងបាននាំអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប យើងបានរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប និងពីកណ្ដាប់ដៃរបស់នគរទាំងប៉ុន្មានដែលសង្កត់សង្កិនអ្នករាល់គ្នា”។ 19 ថ្ងៃនេះ អ្នករាល់គ្នាបែរជាបោះបង់ចោលព្រះរបស់អ្នករាល់គ្នា គឺព្រះដែលតែងតែសង្គ្រោះអ្នករាល់គ្នាពីទុក្ខវេទនា និងការលំបាកគ្រប់យ៉ាង។ អ្នករាល់គ្នាទូលព្រះអង្គថា “សូមតែងតាំងស្តេចមួយអង្គឲ្យសោយរាជ្យលើយើងខ្ញុំ”។ ដូច្នេះ ចូរនាំគ្នាមកបង្ហាញខ្លួននៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ តាមកុលសម្ព័ន្ធ តាមអំបូរ ឥឡូវនេះចុះ»។
20 លោកសាមូអែលប្រាប់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ឲ្យចូលមក ហើយចាប់ឆ្នោតប៉ះចំកុលសម្ព័ន្ធបេនយ៉ាមីន។ 21 បន្ទាប់មក លោកឲ្យកុលសម្ព័ន្ធបេនយ៉ាមីនចូលមកតាមអំបូរ ហើយចាប់ឆ្នោតប៉ះចំអំបូរម៉ាទ្រី រួចប៉ះចំឈ្មោះលោកសាអ៊ូល ជាកូនរបស់លោកគីស។ គេនាំគ្នារកលោក តែរកពុំឃើញទេ។ 22 គេក៏ចូលទៅទូលសួរព្រះអម្ចាស់ទៀតថា៖ «តើបុរសនោះមកទីនេះហើយឬនៅ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នុ៎ះន៎! គេកំពុងពួននៅក្បែរអីវ៉ាន់»។ 23 គេរត់ទៅរកលោក នាំលោកចេញពីទីនោះមក លោកក៏ឈរនៅកណ្ដាលចំណោមប្រជាជន។ លោកមានកម្ពស់ខ្ពស់ជាងគេ គឺប្រជាជនទាំងអស់បានត្រឹមតែស្មារបស់លោកប៉ុណ្ណោះ។ 24 លោកសាមូអែលមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «អ្នករាល់គ្នាឃើញបុរសដែលព្រះអម្ចាស់ជ្រើសរើសនេះឬទេ! ក្នុងចំណោមប្រជាជនទាំងមូល គ្មាននរណាម្នាក់ដូចលោកទេ»។ ប្រជាជនទាំងអស់ក៏នាំគ្នាស្រែកជ័យឃោសឡើងថា៖ «ជយោ! ព្រះមហាក្សត្រ!»។
25 លោកសាមូអែលប្រកាសប្រាប់ឲ្យប្រជាជនដឹងអំពីសិទ្ធិរបស់ស្តេច រួចលោកកត់ត្រាក្នុងក្រាំង ហើយតម្កល់ទុកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ បន្ទាប់មក លោកសាមូអែលប្រាប់ឲ្យប្រជាជនទាំងអស់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។
26 ព្រះបាទសាអ៊ូលយាងត្រឡប់ទៅភូមិដ្ឋាននៅគីបាវិញ ដោយមានមនុស្សដ៏អង់អាចមួយក្រុម ដែលព្រះជាម្ចាស់បានបណ្តាលចិត្ត ហែរហមទៅជាមួយផង។ 27 ប៉ុន្តែ មានមនុស្សពាលខ្លះពោលថា «តើជននេះឬដែលសង្គ្រោះយើង!»។ ពួកគេប្រមាថមើលងាយព្រះបាទសាអ៊ូល ហើយមិនបាននាំយកតង្វាយអ្វីមកថ្វាយស្តេចទេ តែស្តេចមិនរវីរវល់នឹងគេឡើយ។