ជំពូក ២៩

ជន​ជាតិ​ភីលីស្ទីន​ដេញ​លោក​ដាវីឌ​ចេញ​ពី​កង‌ទ័ព​របស់​ពួក​គេ

1 ជន​ជាតិ​ភីលីស្ទីន​បាន​ប្រមូល​ផ្តុំ​ទ័ព​ទាំង​មូល​របស់​ពួក​គេ នៅ​អាផេក។ ចំណែក​ឯ​ពួក​អ៊ីស្រា‌អែល​វិញ​បោះ​ទ័ព​ជិត​ប្រភព​ទឹក នៅ​យីសរេអែល។ 2 ពួក​ស្តេច​ត្រាញ់​នៃ​ជន​ជាតិ​ភីលីស្ទីន​បាន​នាំ​កង‌ពល​តូច និង​កង‌ពល​ធំ​ដើរ​ទៅ​មុខ រីឯ​លោក​ដាវីឌ និង​ទាហាន​របស់​លោក នាំ​គ្នា​ហែ‌ហម​ព្រះ‌បាទ​អគីស​នៅ​ខាង​ក្រោយ។ 3 ពួក​មេ​ដឹក​នាំ​របស់​ជន​ជាតិ​ភីលីស្ទីន​សួរ​ថា៖ «តើ​ពួក​ហេប្រឺ​នេះ​មក​ធ្វើ​អ្វី​ដែរ?»។ ព្រះ‌បាទ​អគីស​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អស់​លោក​មិន​ស្គាល់​ដាវីឌ​ទេ​ឬ? គាត់​ជា​អ្នក​បម្រើ​របស់​សាអ៊ូល ជា​ស្តេច​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។ គាត់​មក​នៅ​ជា​មួយ​ខ្ញុំ​ប្រហែល​មួយ​ឆ្នាំ ពីរ​ឆ្នាំ​ហើយ។ តាំង​ពី​ពេល​គាត់​រត់​មក​នៅ​ជា​មួយ​ខ្ញុំ រហូត​ដល់​សព្វ​ថ្ងៃ ខ្ញុំ​មិន​ឃើញ​ថា​គាត់​ធ្វើ​អ្វី​ខុស​ឡើយ»។ 4 ពួក​មេ​ដឹក​នាំ​នៃ​ជន​ជាតិ​ភីលីស្ទីន​ខឹង​នឹង​ព្រះ‌បាទ​អគីស ហើយ​ទូល​ថា៖ «សូម​ព្រះ‌ករុណា​ដេញ​ជន​នេះ​ឲ្យ​វិល​ត្រឡប់​ទៅ​ក្រុង ដែល​ស្តេច​បាន​ឲ្យ​គេ​ស្នាក់​នៅ​នោះ​វិញ​ទៅ! មិន​ត្រូវ​ឲ្យ​គេ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ពួក​យើង​ឡើយ ព្រោះ​គេ​អាច​បែរ​ខ្នង​មក​ប្រឆាំង​នឹង​យើង​វិញ ក្នុង​ពេល​កំពុង​ច្បាំង។ ជន​នេះ​មុខ​ជា​បំពេញ​ចិត្ត​ចៅហ្វាយ​ចាស់​របស់​គេ ដោយ​សម្លាប់​ទាហាន​របស់​យើង។ 5 គឺ​លោក​ដាវីឌ​នេះ​ហើយ ដែល​គេ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ថា:
“ព្រះ‌បាទ​សាអ៊ូល​ប្រហារ​បាន​រាប់​ពាន់​នាក់ រីឯ​លោក​ដាវីឌ​ប្រហារ​បាន​រាប់‌ម៉ឺន​នាក់”»។
6 ព្រះ‌បាទ​អគីស​ក៏​ហៅ​លោក​ដាវីឌ​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា លោក​ពិត​ជា​មនុស្ស​ត្រឹម​ត្រូវ​មែន។ យើង​ពេញ​ចិត្ត​នឹង​ឲ្យ​លោក​ចេញ​ទៅ​ច្បាំង​ជា​មួយ​យើង ព្រោះ​តាំង​ពី​ពេល​លោក​ស្នាក់​នៅ​នឹង​យើង​រហូត​ដល់​ពេល​នេះ យើង​ពុំ​ដែល​ឃើញ​លោក​ប្រព្រឹត្ត​អ្វី​ខុស​ឆ្គង​ឡើយ។ ប៉ុន្តែ ពួក​ស្តេច​ត្រាញ់​ឯ​ទៀតៗ​នៃ​ជន​ជាតិ​ភីលីស្ទីន ពុំ​ពេញ​ចិត្ត​នឹង​លោក​ទេ។ 7 ដូច្នេះ សូម​លោក​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឥឡូវ​នេះ​ចុះ។ សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត មិន​ត្រូវ​ធ្វើ​ឲ្យ​ស្តេច​ត្រាញ់​ទាំង​នោះ​ទាស់​ចិត្ត​ឡើយ»។ 8 លោក​ដាវីឌ​ទូល​ព្រះ‌បាទ​អគីស​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ តើ​ទូល‌បង្គំ​ធ្វើ​អ្វី​ខ្លះ? ចាប់​តាំង​ពី​ពេល​ទូល‌បង្គំ​មក​បម្រើ​ព្រះ‌ករុណា រហូត​ដល់​ពេល​នេះ តើ​ព្រះ‌អង្គ​ទត​ឃើញ​ថា ទូល‌បង្គំ​មាន​កំហុស​អ្វី​ខ្លះ​ដែរ បាន​ជា​ទូល‌បង្គំ​មិន​អាច​ចេញ​ទៅ​ច្បាំង​នឹង​សត្រូវ​របស់​ព្រះ‌ករុណា​ដូច្នេះ?»។ 9 ព្រះ‌បាទ​អគីស​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​ដាវីឌ​ថា៖ «យើង​ដឹង​ហើយ យើង​ពេញ​ចិត្ត​នឹង​លោក ដូច​ពេញ​ចិត្ត​នឹង​ទេវទូត​របស់​ព្រះ‌ជាម្ចាស់ ប៉ុន្តែ​ពួក​មេ​ដឹក​នាំ​របស់​ជន​ជាតិ​ភីលីស្ទីន​បាន​សម្រេច​ថា មិន​ឲ្យ​លោក​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​ពួក​យើង​ឡើយ។ 10 ដូច្នេះ លោក និង​ទាហាន​របស់​ស្តេច​សាអ៊ូល​ដែល​នៅ​ជា​មួយ​លោក ត្រូវ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ នៅ​ពេល​ថ្ងៃ​រះ»។ 11 ព្រឹក​ឡើង​លោក​ដាវីឌ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ក្រោក​ពី​ព្រលឹម វិល​ត្រឡប់​ទៅ​ស្រុក​ភីលីស្ទីន​វិញ។ ចំណែក​ឯ​កង‌ទ័ព​ភីលីស្ទីន​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​ដល់​យីសរេអែល។