ជំពូក ១១
ស្តេចសាអ៊ូលវាយឈ្នះជនជាតិអាំម៉ូន
1 ព្រះបាទណាហាស ជាជនជាតិអាំម៉ូន បានលើកទ័ពមកឡោមព័ទ្ធក្រុងយ៉ាបេស ក្នុងស្រុកកាឡាដ។ អ្នកក្រុងយ៉ាបេសទាំងអស់ទូលព្រះបាទណាហាសថា៖ «សូមចុះសន្ធិសញ្ញាជាមួយយើងខ្ញុំមក យើងខ្ញុំសុខចិត្តបម្រើព្រះរាជាហើយ»។ 2 ព្រះបាទណាហាស ជាជនជាតិអាំម៉ូន មានរាជឱង្ការថា៖ «យើងចុះសន្ធិសញ្ញាជាមួយអ្នករាល់គ្នាបាន ទាល់តែអ្នករាល់គ្នាយល់ព្រមនឹងល័ក្ខខ័ណ្ឌនេះ គឺឲ្យយើងខ្វេះភ្នែកស្តាំរបស់អ្នកទាំងអស់គ្នា ដើម្បីធ្វើឲ្យប្រជាជនអ៊ីស្រាអែលទាំងមូលត្រូវអាម៉ាស់»។
3 អស់លោកព្រឹទ្ធាចារ្យនៅក្រុងយ៉ាបេសទូលអង្វរថា៖ «សូមព្រះករុណាពន្យារពេលឲ្យយើងខ្ញុំប្រាំពីរថ្ងៃសិន យើងខ្ញុំនឹងចាត់អ្នកនាំសារទៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រាអែល។ បើសិនជាគ្មាននរណាម្នាក់មកជួយយើងខ្ញុំទេនោះ យើងខ្ញុំនឹងប្រគល់ខ្លួនថ្វាយព្រះករុណា»។ 4 អ្នកនាំសារទាំងនោះទៅដល់ភូមិគីបា ជាភូមិដែលព្រះបាទសាអ៊ូលគង់នៅ ហើយរៀបរាប់សេចក្ដីទាំងនោះឲ្យប្រជាជនស្ដាប់ ប្រជាជនទាំងមូលក៏នាំគ្នាស្រែកទ្រហោយំ។ 5 គាប់ជួនពេលនោះ ព្រះបាទសាអ៊ូលវិលត្រឡប់មកពីចម្ការវិញ ដើរពីក្រោយគោ ស្តេចសួរគេថា៖ «តើមានរឿងអ្វីបានជាប្រជាជនយំដូច្នេះ?»។ គេក៏រៀបរាប់សេចក្ដីទាំងប៉ុន្មាន ដែលអ្នកស្រុកយ៉ាបេសនិយាយប្រាប់។ 6 កាលស្តេចឮពាក្យទាំងនោះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មកសណ្ឋិតលើស្តេច ហើយស្តេចខ្ញាល់យ៉ាងខ្លាំង។ 7 ព្រះបាទសាអ៊ូលយកគោមួយនឹមមកកាប់ជាដុំៗ ផ្ញើទៅគ្រប់ទីកន្លែងក្នុងទឹកដីអ៊ីស្រាអែល តាមរយៈពួកអ្នកនាំសារ ដោយផ្តាំថា៖ «បើនរណាម្នាក់មិនចេញច្បាំងរួមជាមួយសាអ៊ូល និងលោកសាមូអែលទេ គោរបស់អ្នកនោះនឹងត្រូវកាប់ជាដុំៗដូច្នេះដែរ»។ ព្រះអម្ចាស់បណ្តាលឲ្យប្រជាជនភ័យខ្លាចព្រះអង្គ ពួកគេក៏ចេញទៅច្បាំង ដោយស្រុះគ្នាដូចមនុស្សតែម្នាក់។
8 ព្រះបាទសាអ៊ូលត្រួតពលនៅក្រុងបេសេក ហើយឃើញទ័ពអ៊ីស្រាអែលទាំងអស់មានចំនួន៣០០ ០០០នាក់ និងទ័ពយូដាមានចំនួន៣០ ០០០នាក់។ 9 គេប្រាប់ទៅអ្នកនាំសារដែលនាំដំណឹងមកនោះថា៖ «ចូរទៅប្រាប់អ្នកក្រុងយ៉ាបេសនៅស្រុកកាឡាដថា ស្អែក ពេលថ្ងៃរះពេញកម្ដៅ យើងនឹងរំដោះអ្នករាល់គ្នា»។ អ្នកនាំសារយកដំណឹងនេះទៅប្រាប់អ្នកក្រុងយ៉ាបេស ធ្វើឲ្យពួកគេមានអំណរសប្បាយយ៉ាងខ្លាំង។ 10 អ្នកក្រុងយ៉ាបេសពោលទៅកាន់ជនជាតិអាំម៉ូនថា៖ «ស្អែក យើងខ្ញុំនឹងចេញមកប្រគល់ខ្លួនជូនពួកលោកហើយ សូមប្រព្រឹត្តចំពោះយើងខ្ញុំ តាមពួកលោកយល់ឃើញចុះ»។
11 ស្អែកឡើង ព្រះបាទសាអ៊ូលរៀបចំទ័ពជាបីកង រួចសម្រុកចូលទីតាំងទ័ពពួកអាំម៉ូន តាំងពីព្រលឹមស្រាងៗ ហើយវាយប្រហារខ្មាំងរហូតដល់ថ្ងៃពេញកម្ដៅ។ រីឯខ្មាំងដែលនៅសេសសល់ រត់ខ្ចាត់ខ្ចាយបែកគ្នាអស់។ 12 ពេលនោះ ប្រជាជនអ៊ីស្រាអែលជម្រាបលោកសាមូអែលថា៖ «បើនរណាហ៊ានពោលថា ព្រះបាទសាអ៊ូលមិនត្រូវសោយរាជ្យលើពួកយើងទេនោះ សូមប្រគល់ពួកគេមក យើងខ្ញុំនឹងយកទៅសម្លាប់ចោល»។ 13 ប៉ុន្តែ ព្រះបាទសាអ៊ូលមានរាជឱង្ការថា៖ «ថ្ងៃនេះមិនត្រូវសម្លាប់នរណាម្នាក់ឡើយ ព្រោះជាថ្ងៃដែលព្រះអម្ចាស់សង្គ្រោះជនជាតិអ៊ីស្រាអែល»។ 14 លោកសាមូអែលមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «មក៍ យើងនាំគ្នាទៅគីលកាល់ ដើម្បីប្រកាសតែងតាំងស្តេចសាជាថ្មី»។ 15 ប្រជាជនទាំងមូលនាំគ្នាទៅគីលកាល់ នៅទីនោះ គេបានអភិសេកព្រះបាទសាអ៊ូល ជាព្រះមហាក្សត្រ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រួចថ្វាយយញ្ញបូជាមេត្រីភាពចំពោះព្រះអម្ចាស់។ ព្រះបាទសាអ៊ូល និងប្រជាជនអ៊ីស្រាអែលទាំងអស់ នាំគ្នាធ្វើបុណ្យយ៉ាងអធិកអធម។