ជំពូក ១៤

សម្តេច​យ៉ូណាថាន​មាន​ជ័យ‌ជម្នះ​លើ​ពួក​ភីលីស្ទីន

1 ថ្ងៃ​មួយ សម្តេច​យ៉ូណាថាន ជា​បុត្រា​របស់​ព្រះ‌បាទ​សាអ៊ូល បាន​ប្រាប់​ទៅ​សេនា​ក្មេង​ម្នាក់ ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​របស់​សម្តេច​ថា៖ «ចូរ​យើង​ឆ្លង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​ភីលីស្ទីន​ដែល​នៅ​ទល់​មុខ​នោះ»។ សម្តេច​មិន​បាន​ទូល​បិតា​ឲ្យ​ជ្រាប​ទេ។
2 ព្រះ‌បាទ​សាអ៊ូល​ប្រថាប់​នៅ​ជាយ​ភូមិ​គីបា ក្រោម​ដើម​ទទឹម​មួយ​ដើម គឺ​នៅ​មីក្រូន ហើយ​មាន​ទាហាន​ប្រមាណ​ប្រាំ‌មួយ‌រយ​នាក់​នៅ​ជា​មួយ។ 3 រីឯ​អ្នក​ដែល​ពាក់​អាវ​អេផូដ* ដើម្បី​ទូល​សួរ​ព្រះ‌ជាម្ចាស់​នៅ​ពេល​នោះ គឺ​លោក​អហ៊ីយ៉ា ជា​កូន​របស់​លោក​អហ៊ី‌ទូប ត្រូវ​ជា​បង‌ប្អូន​របស់​អ៊ីកា‌បុដ ជា​កូន​របស់​លោក​ភីនេអាស និង​ត្រូវ​ជា​ចៅ​របស់​លោក​ហេលី ដែល​ជា​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់​នៅ​ស៊ីឡូ។ គ្មាន​នរណា​ម្នាក់​ក្នុង​ជួរ​កង‌ទ័ព​ដឹង​ថា សម្តេច​យ៉ូណាថាន​ចេញ​ទៅ​ទេ។
4 ច្រក​ភ្នំ​ដែល​សម្តេច​យ៉ូណាថាន​បម្រុង​នឹង​ឆ្លង​ទៅ​រក​ខ្សែ​ត្រៀម​របស់​ពួក​ភីលីស្ទីន​នោះ មាន​ថ្ម​ស្រួចៗ​នៅ​អម​សង​ខាង​ផ្លូវ មួយ​ឈ្មោះ​បូសិត មួយ​ទៀត​ឈ្មោះ​សេនេ។ 5 ថ្ម​ស្រួច​មួយ​ស្ថិត​នៅ​ខាង​ជើង ទល់​មុខ​នឹង​មីកម៉ាស់ និង​មួយ​ទៀត​ស្ថិត​នៅ​ខាង​ត្បូង ទល់​មុខ​នឹង​គីបា។
6 សម្តេច​យ៉ូណាថាន​ប្រាប់​ទៅ​សេនា​ក្មេង ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​ថា៖ «តោ៎ះ! យើង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​ទមិឡ ប្រហែល​ព្រះ‌អម្ចាស់​ជួយ​យើង ដ្បិត​គ្មាន​អ្វី​រា‌រាំង​ព្រះ‌អម្ចាស់​មិន​ឲ្យ​ប្រទាន​ជ័យ‌ជម្នះ​ដល់​យើង​ឡើយ ទោះ​បី​យើង​មាន​គ្នា​តិច ឬ​ច្រើន​ក្តី!»។ 7 សេនា​នោះ​ក៏​ឆ្លើយ​តប​វិញ​ថា៖ «សូម​ធ្វើ​តាម​គំនិត​របស់​សម្តេច​ចុះ! កុំ​បង្អង់​ឡើយ ទូល‌បង្គំ​ដើរ​តាម​ក្រោយ​សម្តេច​ជា‌និច្ច»។ 8 សម្តេច​យ៉ូណាថាន​តប​ថា៖ «បើ​ដូច្នេះ ចូរ​យើង​ឆ្លង​ទៅ​រក​អ្នក​ទាំង​នោះ រួច​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ។ 9 បើ​សិន​ជា​ពួក​គេ​ប្រាប់​មក​យើង​ថា “ចូរ​ឈប់​នៅ​ទី​នោះ​ហើយ ពួក​យើង​នឹង​ចុះ​ទៅ​រក​អ្នក!” នោះ​យើង​ត្រូវ​ឈរ​នៅ​នឹង​កន្លែង គឺ​មិន​ត្រូវ​ឡើង​ទៅ​រក​ពួក​គេ​ទេ។ 10 ប៉ុន្តែ បើ​សិន​ជា​ពួក​គេ​ប្រាប់​ថា “ចូរ​ឡើង​មក​រក​យើង!” នោះ​យើង​នឹង​ឡើង​ទៅ​ភ្លាម ដ្បិត​នេះ​ជា​សញ្ញា​សម្គាល់​ឲ្យ​យើង​ដឹង​ថា ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ»។
11 អ្នក​ទាំង​ពីរ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​ខ្សែ​ត្រៀម​របស់​ភីលីស្ទីន​ឃើញ។ ពួក​ភីលីស្ទីន​ពោល​ថា៖ «មើល​ហ្ន៎! ពួក​ហេប្រឺ​ចេញ​ពី​រូង​ដែល​គេ​ពួន​ហើយ!»។ 12 ពួក​ទាហាន​នៅ​ខ្សែ​ត្រៀម​ស្រែក​ប្រាប់​សម្តេច​យ៉ូណាថាន និង​សេនា​ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​ថា៖ «ចូរ​ឡើង​មក! យើង​នឹង​ប្រដៅ​អ្នក​ទាំង​ពីរ»។ សម្តេច​យ៉ូណាថាន​ប្រាប់​សេនា​របស់​សម្តេច​ថា៖ «ឡើង​តាម​ខ្ញុំ ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ហើយ»។ 13 សម្តេច​យ៉ូណាថាន​វារ​ឡើង ហើយ​សេនា​ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​របស់​សម្តេច​ក៏​វារ​ឡើង​តាម​ក្រោយ​ដែរ។ សម្តេច​យ៉ូណាថាន​វាយ​ផ្តួល​ពួក​ភីលីស្ទីន ហើយ​សេនា​ដែល​កាន់​អាវុធ​ក៏​សម្លាប់​ពួក​គេ​តាម​ក្រោយ។ 14 នៅ​គ្រា​ដំបូង សម្តេច​យ៉ូណាថាន និង​សេនា បាន​ប្រហារ​ពួក​ភីលីស្ទីន​អស់​ប្រមាណ​ម្ភៃ​នាក់ នៅ​លើ​ផ្ទៃ​ដី​ប្រហែល​មួយ​ស្រែ។ 15 ពេល​នោះ ក៏​កើត​ការ​ភ័យ​ញាប់‌ញ័រ​នៅ​ក្នុង​ជំរំ​របស់​ពួក​ភីលីស្ទីន និង​ក្នុង​ចំណោម​ប្រជាជន​ដែល​នៅ​ជិត​ខាង​នោះ​ផង​ដែរ។ រីឯ​ទាហាន​នៅ​តាម​ខ្សែ​ត្រៀម និង​កង‌ទ័ព​ក៏​ភ័យ​ញាប់‌ញ័រ​ដែរ ដ្បិត​មាន​រញ្ជួយ​ផែន‌ដី បណ្តាល​ឲ្យ​មាន​ការ​ភ័យ​ញាប់‌ញ័រ​ជា​ខ្លាំង។ 16 ពួក​អ្នក​យាម‌ល្បាត​របស់​ស្តេច​សាអ៊ូល នៅ​ក្រុង​គីបា ក្នុង​ស្រុក​បេនយ៉ាមីន ក៏​បាន​ឃើញ​កង‌ទ័ព​ភីលីស្ទីន​រត់​បែក‌ខ្ញែក​គ្នា​ទៅ​គ្រប់​ទិស‌ទី​ដែរ។ 17 ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ទាហាន ដែល​នៅ​ជា​មួយ​ស្តេច​ថា៖ «ចូរ​រាប់​ចំនួន​គ្នា​យើង​មើល តើ​បាត់​នរណា​ខ្លះ»។ គេ​ក៏​រាប់​មើល ហើយ​ឃើញ​បាត់​សម្តេច​យ៉ូណាថាន និង​សេនា​ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​របស់​សម្តេច។ 18 ព្រះ‌បាទ​សាអ៊ូល​បញ្ជា​ទៅ​លោក​អហ៊ីយ៉ា​ថា៖ «ចូរ​ទៅ​យក​ហិប​របស់​ព្រះ‌ជាម្ចាស់​មក!»។ នៅ​គ្រា​នោះ ហិប​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល។ 19 ពេល​ព្រះ‌បាទ​សាអ៊ូល​កំពុង​តែ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​បូជា‌ចារ្យ ការ​ច្របូក‌ច្របល់​កើត​មាន​កាន់​តែ​ខ្លាំង​ឡើងៗ នៅ​ក្នុង​ជំរំ​ពួក​ភីលីស្ទីន។ ព្រះ‌បាទ​សាអ៊ូល​ក៏​ប្រាប់​លោក​បូជា‌ចារ្យ​ថា៖ «មិន​បាច់​ទូល​សួរ​ព្រះ‌ជាម្ចាស់​ទៀត​ទេ»។ 20 ព្រះ‌បាទ​សាអ៊ូល និង​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ​ស្តេច បាន​ប្រមូល​គ្នា រួច​ចេញ​ទៅ​ដល់​ទី‌លាន​ប្រយុទ្ធ។ ម្នាក់ៗ​កាន់​ដាវ​ចូល​ប្រឡូក​ច្បាំង ហើយ​សភាព​ច្របូក‌ច្របល់​ក៏​កើត​មាន​យ៉ាង​ខ្លាំង​ឥត​ឧបមា។ 21 មាន​ពួក​ហេប្រឺ​មួយ​ចំនួន ដែល​ពី​មុន​នៅ​បម្រើ​ពួក​ភីលីស្ទីន ហើយ​បាន​ចេញ​មក​ច្បាំង​រួម​ជា​មួយ​ពួក​គេ​ដែរ​នោះ ក៏​រត់​ចូល​មក​ខាង​ទ័ព​អ៊ីស្រា‌អែល ដែល​នៅ​ជា​មួយ​ព្រះ‌បាទ​សាអ៊ូល និង​សម្តេច​យ៉ូណាថាន។ 22 ទាហាន​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែល​លាក់​ខ្លួន​នៅ​តាម​តំបន់​ភ្នំ​អេប្រាអ៊ីម​ដឹង​ថា ពួក​ភីលីស្ទីន​បាក់​ទ័ព នោះ​ក៏​ចេញ​មក​ដេញ​តាម​ប្រហារ​ពួក​គេ​ដែរ។ 23 នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រា‌អែល ហើយ​ការ​ប្រយុទ្ធ​ក៏​បន្ត​ទៅ​ទៀត រហូត​ដល់​បេត‌អាវេន។

ទាហាន​អ៊ីស្រា‌អែល​ជួយ​សម្តេច​យ៉ូណាថាន​ឲ្យ​រួច​ជីវិត

24 នៅ​ថ្ងៃ​នោះ ទាហាន​អ៊ីស្រា‌អែល​ត្រូវ​វេទនា ព្រោះ​ព្រះ‌បាទ​សាអ៊ូល​បាន​ឲ្យ​ពួក​គេ​ស្បថ​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​បរិភោគ​អាហារ​មុន​ពេល​ល្ងាច គឺ​មុន​ពេល​ដែល​យើង​មិន​ទាន់​បាន​សង‌សឹក​ខ្មាំង​សត្រូវ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​មិន​ខាន»។ ហេតុ​នេះ ក្នុង​ជួរ​កង‌ទ័ព គ្មាន​នរណា​ម្នាក់​ហ៊ាន​បរិភោគ​អាហារ​ឡើយ។ 25 ពួក​គេ​ទាំង​អស់​គ្នា​បាន​ទៅ​ដល់​ក្នុង​ព្រៃ ត្រង់​កន្លែង​មួយ​ដែល​មាន​សំបុក​ឃ្មុំ​នៅ​ផ្ទាល់​នឹង​ដី។ 26 ពេល​ពួក​ទាហាន​ចូល​ដល់​ក្នុង​ព្រៃ ឃើញ​ទឹក​ឃ្មុំ​ហូរ​ដូច្នេះ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​យក​ដៃ​ទៅ​កៀរ​ទឹក​ឃ្មុំ​នោះ​ដាក់​ក្នុង​មាត់​ឡើយ ព្រោះ​ពួក​គេ​គោរព​ពាក្យ​សម្បថ។ 27 សម្តេច​យ៉ូណាថាន​ពុំ​ដឹង​ថា បិតា​បាន​ឲ្យ​ពួក​ទាហាន​ស្បថ​ទេ។ សម្តេច​ក៏​យក​ដំបង​ដែល​ព្រះ‌អង្គ​កាន់​នោះ​ចាក់​ទៅ​លើ​សំបុក​ឃ្មុំ ឆ្កឹះ​ដាក់​ក្នុង​មាត់ ហើយ​សម្តេច​មាន​ទឹក​មុខ​ស្រស់‌បស់។ 28 ពេល​នោះ ទាហាន​ម្នាក់​ទូល​សម្តេច​យ៉ូណាថាន​ថា៖ «បិតា​របស់​សម្តេច​បាន​ឲ្យ​ពួក​ទាហាន​ស្បថ​ថា “នៅ​ថ្ងៃ​នេះ អ្នក​ណា​ហ៊ាន​បរិភោគ​អាហារ អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា​ជា​មិន​ខាន!” ហេតុ​នេះ​បាន​ជា​ទាហាន​ហេវ‌ហត់​ទាំង​អស់​គ្នា»។ 29 សម្តេច​យ៉ូណាថាន​ពោល​ថា៖ «បិតា​របស់​ខ្ញុំ​បាន​នាំ​ឲ្យ​ពួក​យើង​កើត​កង្វល់​ហើយ។ មើល! ខ្ញុំ​មាន​ទឹក​មុខ​ស្រស់‌បស់ ព្រោះ​តែ​បាន​ភ្លក់​ទឹក​ឃ្មុំ​នេះ​បន្តិច។ 30 ថ្ងៃ​នេះ ប្រសិន​បើ​ទាហាន​ទាំង​អស់​បរិភោគ​អាហារ​ដែល​រឹប​អូស​យក​បាន​ពី​ខ្មាំង​នោះ ពួក​ភីលីស្ទីន​ប្រហែល​ជា ទទួល​បរា‌ជ័យ​ធ្ងន់‌ធ្ងរ​ជាង​នេះ​ទៅ​ទៀត!»។
31 នៅ​ថ្ងៃ​នោះ ពួក​គេ​វាយ​ប្រហារ​ពួក​ភីលីស្ទីន​ចាប់​តាំង​ពី​មីកម៉ាស់ រហូត​ដល់​អាយ៉ា‌ឡូន។ ពួក​ទាហាន​មាន​ការ​ហេវ‌ហត់​យ៉ាង​ខ្លាំង 32 ក៏​ស្ទុះ​តម្រង់​ទៅ​រក​ជ័យ‌ភ័ណ្ឌ។ ពួក​គេ​ចាប់​ចៀម គោ និង​កូន​គោ មក​ចាក់​ក​សម្លាប់​នៅ​ផ្ទាល់​នឹង​ដី ហើយ​នាំ​គ្នា​បរិភោគ​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម។ 33 មាន​គេ​ទូល​ព្រះ‌បាទ​សាអ៊ូល​ថា៖ «ពួក​ទាហាន​បាន​ប្រព្រឹត្ត​ខុស​នឹង​ព្រះ‌អម្ចាស់ ដោយ​បរិភោគ​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម!»។ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​រាល់​គ្នា​ក្បត់​ព្រះ‌អម្ចាស់​ហើយ! ចូរ​ប្រមៀល​ថ្ម​មួយ​ផ្ទាំង​ធំ​មក​ឲ្យ​ខ្ញុំ​ភ្លាម»។ 34 បន្ទាប់​មក ស្តេច​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ក្នុង​ចំណោម​ទាហាន ប្រាប់​ពួក​គេ​ទាំង​អស់​គ្នា​ឲ្យ​នាំ​គោ និង​ចៀម​របស់​ខ្លួន​មក ហើយ​ចាក់​ក​សម្លាប់​នៅ​លើ​ថ្ម​នេះ រួច​នាំ​គ្នា​បរិភោគ​ទៅ។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​មិន​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ដោយ​បរិភោគ​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម​នេះ​ឡើយ»។ នៅ​យប់​នោះ ពួក​ទាហាន​ទាំង​អស់​បាន​នាំ​យក​គោ​របស់​ខ្លួន​មក ហើយ​ចាក់​ក​សម្លាប់​នៅ​ទី​កន្លែង​នោះ។ 35 ព្រះ‌បាទ​សាអ៊ូល​បាន​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ជា​អាសនៈ​ដំបូង​បង្អស់​ដែល​ស្តេច​សង់​ថ្វាយ​ព្រះ‌អម្ចាស់។
36 ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ថា៖ «យប់​នេះ ចូរ​យើង​នាំ​គ្នា​ដេញ​តាម​ពួក​ភីលីស្ទីន ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ពី​ពួក​គេ រហូត​ដល់​ថ្ងៃ​រះ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ»។ ពួក​ទាហាន​ទូល​ស្តេច​វិញ​ថា៖ «សូម​សម្រេច​តាម​ព្រះ‌តម្រិះ​របស់​ព្រះ‌ករុណា​ចុះ»។ ប៉ុន្តែ លោក​បូជា‌ចារ្យ​មាន​ប្រសាសន៍​ថា៖ «យើង​គួរ​តែ​ទូល​សួរ​ព្រះ‌ជាម្ចាស់​សិន»។ 37 ព្រះ‌បាទ​សាអ៊ូល​ទូល​សួរ​ព្រះ‌ជាម្ចាស់​ថា៖ «តើ​ទូល‌បង្គំ​អាច​ដេញ​តាម​ពួក​ភីលីស្ទីន​ឬ​ទេ? តើ​ព្រះ‌អង្គ​ប្រគល់​ពួក​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ឬ​ទេ?»។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ ព្រះ‌ជាម្ចាស់​ពុំ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​តប​ឡើយ។ 38 ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ថា៖ «សុំ​អស់​លោក ដែល​ជា​មេ​ដឹក​នាំ​របស់​ប្រជាជន អញ្ជើញ​ចូល​មក! សុំ​អស់​លោក​ពិនិត្យ​ឲ្យ​ម៉ត់‌ចត់​មើល តើ​ថ្ងៃ​នេះ ពួក​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​អ្វី?។ 39 ខ្ញុំ​សុំ​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ជា​ព្រះ‌សង្គ្រោះ​ជន​ជាតិ​អ៊ីស្រា‌អែល​ថា បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​ខុស អ្នក​នោះ​នឹង​មាន​ទោស​ដល់​ជីវិត ទោះ​បី​យ៉ូណាថាន​ជា​បុត្រ​របស់​ខ្ញុំ​ក៏​ដោយ»។ នៅ​ក្នុង​ជួរ​ទ័ព​ទាំង​មូល គ្មាន​នរណា​ម្នាក់​ឆ្លើយ​តប​ទេ។ 40 ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ឈរ​នៅ​ម្ខាង​ទៅ ចំណែក​យ៉ូណាថាន ជា​បុត្រ​ខ្ញុំ និង​ខ្ញុំ ឈរ​នៅ​ម្ខាង»។ ពួក​ទាហាន​ទូល​ថា៖ «សូម​សម្រេច​តាម​ព្រះ‌តម្រិះ​របស់​ព្រះ‌ករុណា​ចុះ»។ 41 ព្រះ‌បាទ​សាអ៊ូល​ទូល​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​អើយ! សូម​សម្ដែង​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ការ​ពិត​ផង!»។ ពេល​នោះ គេ​ផ្សង​ចំ​លើ​សម្តេច​យ៉ូណាថាន និង​ព្រះ‌បាទ​សាអ៊ូល។ ដូច្នេះ ពួក​ទាហាន​ក៏​រួច​ខ្លួន។ 42 ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «ចូរ​ផ្សង​រវាង​ខ្ញុំ និង​បុត្រ​ខ្ញុំ​មើល៍» នោះ​ក៏​ចំ​លើ​សម្តេច​យ៉ូណាថាន។ 43 ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​សម្តេច​យ៉ូណាថាន​ថា៖ «ចូរ​ប្រាប់​បិតា​មើល៍ តើ​បុត្រ​បាន​ធ្វើ​អ្វី?»។ សម្តេច​យ៉ូណាថាន​ក៏​រៀប​រាប់​ទូល​បិតា តាម​ដំណើរ​រឿង ជា​ហូរ‌ហែ​ថា៖ «ទូល‌បង្គំ​បាន​ភ្លក់​ទឹក​ឃ្មុំ​បន្តិច នៅ​ចុង​ដំបង​ដែល​ទូល‌បង្គំ​កាន់។ ឥឡូវ​នេះ ទូល‌បង្គំ​សុខ​ចិត្ត​ស្លាប់​ហើយ!»។ 44 ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ថា៖ «យ៉ូណាថាន​អើយ បុត្រ​ត្រូវ​តែ​ស្លាប់? បើ​មិន​ដូច្នោះ​ទេ សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​បិតា​យ៉ាង​ធ្ងន់​ទៅ!»។ 45 ពួក​ទាហាន​ទូល​ព្រះ‌បាទ​សាអ៊ូល​ថា៖ «សម្តេច​យ៉ូណាថាន​មិន​ត្រូវ​សុគត​ឡើយ! ដ្បិត​សម្តេច​ទេ​តើ​ដែល​ដណ្ដើម​បាន​ជ័យ‌ជម្នះ​ដ៏​ធំ‌ធេង​នេះ​ឲ្យ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល។ យើង​ខ្ញុំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា យើង​ខ្ញុំ​មិន​ព្រម​ឲ្យ​សក់​មួយ​សរសៃ​ជ្រុះ​ពី​សិរសា​របស់​សម្តេច​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ជួយ​សម្តេច​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ នៅ​ថ្ងៃ​នេះ»។ ពួក​ទាហាន​ក៏​បាន​សង្គ្រោះ​សម្តេច​យ៉ូណាថាន​ឲ្យ​រួច​ពី​ស្លាប់។ 46 បន្ទាប់​មក ព្រះ‌បាទ​សាអ៊ូល​ឈប់​ដេញ​តាម​ពួក​ភីលីស្ទីន ហើយ​ពួក​នោះ​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គេ​វិញ។

ជ័យ‌ជម្នះ​របស់​ព្រះ‌បាទ​សាអ៊ូល និង​រាជ‌វង្ស

47 ក្រោយ​ពេល​ព្រះ‌បាទ​សាអ៊ូល​ឡើង​គ្រង​រាជ្យ​លើ​អាណា‌ចក្រ​អ៊ីស្រា‌អែល​ហើយ ស្តេច​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ គឺ​ច្បាំង​នឹង​ជន​ជាតិ​ម៉ូអាប់ ជន​ជាតិ​អាំម៉ូន ជន​ជាតិ​អេដុម ពួក​ស្តេច​នៅ​សូបា និង​ជន​ជាតិ​ភីលីស្ទីន។ នៅ​គ្រប់​សមរ‌ភូមិ ស្តេច​តែង‌តែ​ទទួល​ជ័យ‌ជម្នះ​លើ​ពួក​គេ​ជា‌និច្ច។ 48 ព្រះ‌បាទ​សាអ៊ូល​ធ្វើ​សង្គ្រាម​ដោយ​ទឹក​ចិត្ត​អង់‌អាច ព្រះ‌អង្គ​បាន​វាយ​ប្រហារ​ជន​ជាតិ​អាម៉ា‌ឡេក ហើយ​រំដោះ​អ៊ីស្រា‌អែល ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​សត្រូវ ដែល​បាន​ឈ្លាន‌ពាន​ស្រុក​គេ។
49 បុត្រា​របស់​ព្រះ‌បាទ​សាអ៊ូល​មាន​យ៉ូណាថាន យីសវី និង​ម៉ាល់គី‌ស៊ូអា។ រីឯ​បុត្រី​ទាំង​ពីរ​របស់​ព្រះ‌បាទ​សាអ៊ូល គឺ​ម៉េរ៉ាប ជា​បុត្រី​ច្បង និង​មិកាល់ ជា​បុត្រី​ពៅ។ 50 ព្រះ‌ជាយា​របស់​ព្រះ‌បាទ​សាអ៊ូល​ព្រះ‌នាម​អហ៊ី‌ណូអាំ ត្រូវ​ជា​កូន​ស្រី​របស់​លោក​អហ៊ី‌ម៉ាអាត់។ មេ‌ទ័ព​របស់​ស្តេច​ឈ្មោះ​លោក​អាប់នែរ ជា​កូន​របស់​លោក​នែរ ដែល​ត្រូវ​ជា​ឪពុក‌មា​របស់​ព្រះ‌បាទ​សាអ៊ូល។ 51 លោក​គីស​ជា​ឪពុក​របស់​ព្រះ‌បាទ​សាអ៊ូល លោក​នែរ​ជា​ឪពុក​របស់​លោក​អាប់នែរ លោក​ទាំង​ពីរ​ត្រូវ​ជា​កូន​របស់​លោក​អប៊ីអែល។ 52 ក្នុង​មួយ​ជីវិត ព្រះ‌បាទ​សាអ៊ូល​ធ្វើ​សង្គ្រាម​យ៉ាង​សាហាវ​ទល់​នឹង​ពួក​ភីលីស្ទីន។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌បាទ​សាអ៊ូល​តែង‌តែ​សង្កេត​រក​មើល​ជន​ណា​ដែល​មាន​កម្លាំង​ខ្លាំង‌ក្លា និង​ទឹក​ចិត្ត​អង់‌អាច ដើម្បី​យក​មក​ធ្វើ​ជា​ពល‌ទ័ព​របស់​ស្តេច។