ជំពូក ៣
ព្រះអម្ចាស់ត្រាស់ហៅកុមារសាមូអែល
1 កុមារសាមូអែលនៅបម្រើព្រះអម្ចាស់ជាមួយលោកហេលី។ នៅគ្រានោះ ព្រះអម្ចាស់កម្រមានព្រះបន្ទូលមកកាន់ប្រជាជនអ៊ីស្រាអែលណាស់ ហើយក៏កម្រឲ្យនរណាម្នាក់និមិត្តឃើញការអស្ចារ្យមកពីព្រះអង្គដែរ។ 2 ពេលនោះ ភ្នែករបស់លោកហេលីចាប់ផ្តើមងងឹត មើលអ្វីសឹងតែលែងឃើញទៀត។ មានយប់មួយ លោកហេលីសម្រាន្ដនៅក្នុងបន្ទប់របស់លោក 3 រីឯចង្កៀងដែលគេដុតក្នុងទីសក្ការៈ មិនទាន់រលត់នៅឡើយ ហើយកុមារសាមូអែលដេកក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ត្រង់កន្លែងតម្កល់ហិបនៃសម្ពន្ធមេត្រី*របស់ព្រះជាម្ចាស់។ 4 ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលហៅកុមារសាមូអែល កុមារសាមូអែលក៏ឆ្លើយ «បាទ!» 5 ហើយរត់ទៅរកលោកហេលី ទាំងពោលថា៖ «បាទ! លោកតាហៅខ្ញុំមានការអ្វី»។ លោកហេលីឆ្លើយថា៖ «តាមិនបានហៅឯងទេ ទៅដេកវិញទៅ!»។ កុមារសាមូអែលក៏ត្រឡប់ទៅដេកវិញ។ 6 ព្រះអម្ចាស់មានព្រះបន្ទូលហៅកុមារសាមូអែលម្ដងទៀត សាមូអែលក្រោកឡើង រត់ទៅរកលោកហេលី ទាំងពោលថា៖ «បាទ!លោកតាហៅខ្ញុំមានការអ្វី»។ លោកឆ្លើយថា៖ «តាមិនបានហៅឯងទេ ទៅដេកវិញទៅ កូនអើយ!»។ 7 កុមារសាមូអែលមិនទាន់ស្គាល់ព្រះអម្ចាស់ទេ ដ្បិតមកទល់ពេលនោះ ព្រះអង្គពុំធ្លាប់មានព្រះបន្ទូលមកកាន់គេនៅឡើយ។ 8 ព្រះអម្ចាស់មានព្រះបន្ទូលហៅកុមារសាមូអែលម្ដងទៀត ជាលើកទីបី។ កុមារសាមូអែលក៏ក្រោកឡើង រត់ទៅរកលោកហេលី ទាំងពោលថា៖ «បាទ លោកតាហៅខ្ញុំមានការអ្វី»។ ពេលនោះ លោកហេលីយល់ថាព្រះអម្ចាស់មានព្រះបន្ទូលហៅក្មេងនេះ។ 9 លោកហេលីប្រាប់សាមូអែលថា៖ «ទៅដេកវិញចុះ ប្រសិនបើមានឮសំឡេងហៅម្ដងទៀត ត្រូវឆ្លើយថា “បពិត្រព្រះអម្ចាស់ សូមមានព្រះបន្ទូលមកចុះ ទូលបង្គំ ជាអ្នកបម្រើ រង់ចាំស្ដាប់ហើយ”»។ កុមារសាមូអែលក៏ត្រឡប់ទៅដេកនៅកន្លែងដដែលវិញ។ 10 ព្រះអម្ចាស់យាងមកឈរនៅក្បែរនោះ ហើយមានព្រះបន្ទូលហៅដូចលើកមុនៗថា៖ «សាមូអែល! សាមូអែល!» កុមារសាមូអែលឆ្លើយថា៖ «សូមមានព្រះបន្ទូលមកចុះ ទូលបង្គំ ជាអ្នកបម្រើ រង់ចាំស្ដាប់ព្រះអង្គហើយ»។ 11 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់កុមារសាមូអែលថា៖ «មើល៍! យើងនឹងធ្វើឲ្យមានហេតុការណ៍មួយដ៏រន្ធត់ កើតឡើងនៅស្រុកអ៊ីស្រាអែល។ នរណាក៏ដោយ ឲ្យតែឮគេនិយាយអំពីហេតុការណ៍នេះ ក៏តក់ស្លុតដែរ។ 12 នៅថ្ងៃនោះ យើងនឹងប្រព្រឹត្តចំពោះហេលីស្របតាមសេចក្ដីទាំងអស់ ដែលយើងបានព្រមានគ្រួសារគាត់ តាំងពីដើម ដល់ចប់។ 13 យើងបានប្រាប់គាត់រួចហើយថា យើងនឹងដាក់ទោសគ្រួសាររបស់គាត់រហូតតទៅ ព្រោះតែកំហុសដែលកូនៗរបស់គាត់បានប្រព្រឹត្ត ហើយគាត់ដឹងយ៉ាងច្បាស់ថា កូនៗរបស់គាត់ប្រមាថមើលងាយយើង តែគាត់មិនស្តីបន្ទោសកូនទេ។ 14 ហេតុនេះហើយបានជាយើងប្រាប់ក្រុមគ្រួសារហេលីយ៉ាងម៉ឺងម៉ាត់ថា យើងមិនលើកលែងទោសរបស់ពួកគេទេ ទោះបីពួកគេយកយញ្ញបូជា ឬតង្វាយអ្វីមកថ្វាយយើងក៏ដោយ»។
15 កុមារសាមូអែលដេករហូតដល់ព្រឹក រួចក៏បើកទ្វារព្រះដំណាក់របស់ព្រះអម្ចាស់។ កុមារសាមូអែលមិនហ៊ានជម្រាបលោកហេលី អំពីនិមិត្តហេតុដ៏អស្ចារ្យ ដែលព្រះជាម្ចាស់សម្ដែងឲ្យខ្លួនឃើញឡើយ។ 16 លោកហេលីហៅកុមារសាមូអែលថា៖ «កូនសាមូអែលអើយ!»។ សាមូអែលឆ្លើយ «បាទ!»។ 17 លោកសួរថា៖ «តើព្រះអង្គមានព្រះបន្ទូលមកកូនឯងដូចម្ដេចខ្លះ? កុំលាក់នឹងតាអី ប្រសិនបើកូនលាក់ពាក្យពេចន៍ណាមួយដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់នោះ សូមព្រះអង្គដាក់ទោសកូនយ៉ាងធ្ងន់ចុះ!»។ 18 កុមារសាមូអែលក៏រៀបរាប់ព្រះបន្ទូលទាំងអស់ប្រាប់លោកហេលី ដោយឥតលាក់លៀមពាក្យណាមួយឡើយ។ លោកមានប្រសាសន៍ថា៖ «ព្រះអង្គជាព្រះអម្ចាស់ សូមព្រះអង្គសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ!»។
19 សាមូអែលមានវ័យចម្រើនធំឡើង ព្រះអម្ចាស់គង់ជាមួយលោក ហើយគ្រប់សេចក្ដីដែលលោកថ្លែងក្នុងព្រះនាមរបស់ព្រះអង្គ សុទ្ធតែបានសម្រេចទាំងអស់។ 20 ក្នុងស្រុកអ៊ីស្រាអែលទាំងមូល ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា ប្រជាជនគ្រប់ៗគ្នាទទួលស្គាល់ថា លោកសាមូអែលពិតជាព្យាការីរបស់ព្រះអម្ចាស់មែន។ 21 ព្រះអម្ចាស់នៅតែបន្តយាងមកស៊ីឡូ។ នៅទីនោះ ព្រះអម្ចាស់សម្ដែងឲ្យលោកសាមូអែលស្គាល់ តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។