ជំពូក ៧

1 អ្នក​ស្រុក​គៀរីយ៉ាត-‌យេអារីម​នាំ​គ្នា​មក ហើយ​យក​ហិប​របស់​ព្រះ‌អម្ចាស់​ទៅ​តម្កល់​ក្នុង​ផ្ទះ​របស់​លោក​អប៊ី‌ណាដាប់ ដែល​ស្ថិត​នៅ​លើ​ភ្នំ។ ពួក​គេ​តែង‌តាំង​លោក​អេឡា‌សារ ជា​កូន​របស់​លោក​អប៊ី‌ណាដាប់ ឲ្យ​ថែ‌រក្សា​ហិប​របស់​ព្រះ‌អម្ចាស់។

ជ័យ‌ជម្នះ​លើ​កង‌ទ័ព​ភីលីស្ទីន

2 ជា​យូរ‌លង់​ក្រោយ​មក គឺ​ប្រមាណ​ម្ភៃ​ឆ្នាំ​ក្រោយ​ពេល​ដែល​គេ​យក​ហិប​ទៅ​តម្កល់​នៅ​គៀរីយ៉ាត-‌យេអារីម ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់។ 3 ពេល​នោះ លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​កាន់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «បើ​សិន​ជា​អ្នក​រាល់​គ្នា​វិល​មក​រក​ព្រះ‌អម្ចាស់​វិញ ដោយ​ស្មោះ ចូរ​បោះ​បង់​ចោល​ព្រះ​របស់​សាសន៍​ដទៃ និង​ព្រះ​អាស្តា‌រ៉ូត* ហើយ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះ‌អម្ចាស់ និង​គោរព​បម្រើ​តែ​ព្រះ‌អង្គ​មួយ​ប៉ុណ្ណោះ នោះ​ព្រះ‌អង្គ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន​ជា​មិន​ខាន»។ 4 ជន​ជាតិ​អ៊ីស្រា‌អែល​បាន​នាំ​គ្នា​បោះ​បង់​ចោល​ព្រះ‌បាល* និង​ព្រះ​អាស្តា‌រ៉ូត ហើយ​គោរព​បម្រើ​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។
5 លោក​សាមូអែល​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រមូល​ផ្តុំ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​មីសប៉ា រួច​ហើយ​ខ្ញុំ​នឹង​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ឲ្យ​អ្នក​រាល់​គ្នា»។ 6 ជន​ជាតិ​អ៊ីស្រា‌អែល​ក៏​ប្រជុំ​គ្នា​នៅ​មីសប៉ា ពួក​គេ​បាន​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​តម​អាហារ​នៅ​ថ្ងៃ​នោះ។ ពួក​គេ​សារ‌ភាព​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​ព្រះ‌អម្ចាស់»។ លោក​សាមូអែល​គ្រប់‌គ្រង​ប្រជាជន​អ៊ីស្រា‌អែល នៅ​មីសប៉ា។
7 កាល​ជន​ជាតិ​ភីលីស្ទីន​បាន​ឮ​ដំណឹង​ថា ជន​ជាតិ​អ៊ីស្រា‌អែល​ប្រជុំ​គ្នា​នៅ​មីសប៉ា ពួក​ស្តេច​ត្រាញ់​របស់​ជន​ជាតិ​ភីលីស្ទីន​ក៏​លើក​ទ័ព​ទៅ​វាយ​ជន​ជាតិ​អ៊ីស្រា‌អែល។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ភ័យ​ខ្លាច​ជា​ខ្លាំង។ 8 ពួក​គេ​ជម្រាប​លោក​សាមូអែល​ថា៖ «សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ! តែ​សូម​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ដើម្បី​ឲ្យ​ព្រះ‌អង្គ​សង្គ្រោះ​យើង​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន»។ 9 លោក​សាមូអែល​បាន​យក​កូន​ចៀម​មួយ​ដែល​នៅ​បៅ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់ រួច​ទូល‌អង្វរ​សូម​ព្រះ‌អម្ចាស់​ជួយ​ជន​ជាតិ​អ៊ីស្រា‌អែល ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​លោក​វិញ។ 10 នៅ​ពេល​លោក​សាមូអែល​កំពុង​តែ​ថ្វាយ​តង្វាយ​ដុត កង‌ទ័ព​ភីលីស្ទីន​ចូល​មក​វាយ​លុក​ជន​ជាតិ​អ៊ីស្រា‌អែល។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់​ឮ​យ៉ាង​ខ្លាំង​ពី​លើ​ពួក​ភីលីស្ទីន បណ្តាល​ឲ្យ​ពួក​គេ​ជ្រួល‌ច្របល់ បាក់​ទ័ព​រត់​នៅ​មុខ​ជន​ជាតិ​អ៊ីស្រា‌អែល។ 11 កង‌ទ័ព​អ៊ីស្រា‌អែល​ចេញ​ពី​មីសប៉ា ដេញ​តាម​ប្រហារ​ពួក​ភីលីស្ទីន រហូត​ដល់​បេតកា។ 12 លោក​សាមូអែល​បាន​យក​ថ្ម​មក​ដាក់​នៅ​ចន្លោះ​មីសប៉ា និង​សេន ហើយ​ដាក់​ឈ្មោះ​ថ្ម​នោះ​ថា អេបេន-‌អេស៊ែរ ដោយ​ពោល​ថា ព្រះ‌អម្ចាស់​បាន​សង្គ្រោះ​យើង​រហូត​ដល់​ពេល​នេះ។
13 កង‌ទ័ព​ភីលីស្ទីន​បាក់‌ស្បាត​លែង​ហ៊ាន​លុក‌លុយ​ទឹក​ដី​អ៊ីស្រា‌អែល​ទៀត។ ព្រះ‌អម្ចាស់​បាន​សម្ដែង​ឫទ្ធា‌នុភាព ប្រឆាំង​នឹង​ជន​ជាតិ​ភីលីស្ទីន អស់​មួយ​ជីវិត​របស់​លោក​សាមូអែល។ 14 ក្រុង​ទាំង​ប៉ុន្មាន​ដែល​ពួក​ភីលីស្ទីន​វាយ​ដណ្ដើម​យក​ពី​អ៊ីស្រា‌អែល​នោះ គឺ​ចាប់​តាំង​ពី​ក្រុង​អេក្រុន​រហូត​ដល់​កាថ និង​តំបន់​ជិត​ខាង បាន​ត្រឡប់​មក​ជា​កម្ម‌សិទ្ធិ​របស់​អ៊ីស្រា‌អែល ជន​ជាតិ​អ៊ីស្រា‌អែល​រំដោះ​យក​ទឹក​ដី​ទាំង​នោះ​ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន។ មួយ​វិញ​ទៀត ជន​ជាតិ​អ៊ីស្រា‌អែល និង​ជន​ជាតិ​អាម៉ូរី ក៏​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ជា​មួយ​គ្នា​ដែរ។ 15 លោក​សាមូអែល​បាន​គ្រប់‌គ្រង​លើ​ជន​ជាតិ​អ៊ីស្រា‌អែល​អស់​មួយ​ជីវិត។ 16 រៀង​រាល់​ឆ្នាំ លោក​តែង​ធ្វើ​ដំណើរ​ជុំ‌វិញ​ស្រុក​អ៊ីស្រា‌អែល ពី​បេតអែល​ទៅ​គីលកាល់ និង​មីសប៉ា ហើយ​លោក​កាត់​ក្តី​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​នៅ​កន្លែង​ទាំង​នោះ។ 17 បន្ទាប់​មក លោក​វិល​ត្រឡប់​ទៅ​គេហ‌ដ្ឋាន​របស់​លោក​នៅ​រ៉ាម៉ា​វិញ គឺ​ទី​នោះ​ហើយ​ដែល​លោក​កាត់​ក្តី​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល និង​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់។