ជំពូក ៣១
ព្រះបាទសាអ៊ូល និងបុត្រាសោយទិវង្គត
1 កងទ័ពភីលីស្ទីនវាយប្រហារកងទ័ពអ៊ីស្រាអែល។ ពលទាហានអ៊ីស្រាអែលបាក់ទ័ព រត់នៅមុខពួកភីលីស្ទីន ហើយទាហានអ៊ីស្រាអែលជាច្រើននាក់បានស្លាប់នៅលើភ្នំគីលបោ។ 2 ពួកភីលីស្ទីនដេញតាមព្រះបាទសាអ៊ូល និងបុត្រាយ៉ាងប្រកិត ពួកគេសម្លាប់សម្តេចយ៉ូណាថាន សម្តេចអប៊ីណាដាប់ និងសម្តេចម៉ាល់គីស៊ូអា ជាបុត្ររបស់ព្រះបាទសាអ៊ូល។ 3 បន្ទាប់មក ពួកគេសម្រុកទៅលើព្រះបាទសាអ៊ូល ទ័ពបាញ់ព្រួញបានដេញតាមទាន់ព្រះបាទសាអ៊ូល ធ្វើឲ្យស្តេចតក់ស្លុតយ៉ាងខ្លាំង។ 4 ស្តេចមានរាជឱង្ការទៅសេនាដែលកាន់គ្រឿងសាស្ត្រាវុធរបស់ស្តេចថា៖ «ចូរហូតដាវរបស់ឯងចាក់យើងមក ព្រោះយើងមិនចង់ស្លាប់ដោយដៃរបស់សាសន៍ដទៃ ហើយឲ្យពួកគេប្រមាថមើលងាយយើងទេ»។ ប៉ុន្តែ សេនានោះមិនហ៊ានសម្លាប់ស្តេចឡើយ ព្រោះគាត់ភ័យខ្លាចយ៉ាងខ្លាំង។ ដូច្នេះ ព្រះបាទសាអ៊ូលក៏ហូតដាវ ហើយផ្តួលខ្លួនទៅលើមុខដាវនោះ។ 5 កាលសេនាដែលកាន់គ្រឿងសស្ត្រារបស់ស្តេចឃើញស្តេចសោយទិវង្គតដូច្នេះ គាត់ក៏ហូតដាវ រួចផ្តួលខ្លួនទៅលើមុខដាវ ស្លាប់ជាមួយស្តេចដែរ។ 6 ដូច្នេះ ព្រះបាទសាអ៊ូល បុត្រាទាំងបីអង្គ សេនាដែលកាន់គ្រឿងសស្ត្រារបស់ស្តេច និងពលទាហានទាំងអស់ បានស្លាប់ជាមួយគ្នា ក្នុងថ្ងៃតែមួយ។
7 កាលទ័ពអ៊ីស្រាអែលដែលស្ថិតនៅលើភ្នំម្ខាងទៀត និងនៅត្រើយខាងនាយទន្លេយ័រដាន់ ដឹងថា អ៊ីស្រាអែលបាក់ទ័ព ហើយព្រះបាទសាអ៊ូល ព្រមទាំងបុត្រាសុគតអស់ នោះពួកគេក៏បោះបង់ទីក្រុងចោល រត់ភៀសខ្លួនអស់។ កងទ័ពភីលីស្ទីនចូលមកកាន់កាប់ក្រុងទាំងនោះ។ 8 ស្អែកឡើង ពួកភីលីស្ទីននាំគ្នាដើរប្រមូលរបស់របរដែលនៅជាប់នឹងសាកសព ហើយឃើញសាកសពរបស់ព្រះបាទសាអ៊ូល និងបុត្រាទាំងបីអង្គ នៅលើភ្នំគីលបោ។ 9 ពួកគេក៏កាត់កស្តេច ព្រមទាំងដោះគ្រឿងសាស្ត្រាវុធចេញពីសពផង រួចផ្ញើទៅគ្រប់ទីកន្លែងក្នុងស្រុកភីលីស្ទីនទាំងមូល។ គេប្រកាសដំណឹងនេះនៅតាមវិហារនៃព្រះរបស់ពួកគេ និងក្នុងចំណោមប្រជាជនផង។ 10 បន្ទាប់មក ពួកគេយកគ្រឿងសាស្ត្រាវុធរបស់ព្រះបាទសាអ៊ូលទៅតម្កល់ទុកក្នុងវិហារនៃព្រះអាស្តារ៉ូត ហើយយកសពរបស់ស្តេចទៅព្យួរនៅកំពែងក្រុងបេតសាន។
11 អ្នកក្រុងយ៉ាបេស ក្នុងស្រុកកាឡាដ បានដឹងអំពីហេតុការណ៍ដែលពួកភីលីស្ទីនប្រព្រឹត្តចំពោះព្រះបាទសាអ៊ូល។ 12 ពួកទាហានដ៏អង់អាចនៅក្រុងនោះក៏នាំគ្នាចេញដំណើរទៅ។ ក្រោយពីដើរអស់រយៈពេលពេញមួយយប់ ពួកគេបានទៅដល់ក្រុងបេតសាន ហើយស្រាយសពរបស់ព្រះបាទសាអ៊ូល និងបុត្រា ចុះពីកំពែងក្រុងនោះ រួចនាំគ្នាវិលត្រឡប់មកក្រុងយ៉ាបេសវិញ យកសពទាំងនោះទៅបូជា។ 13 ពួកគេរើសធាតុយកទៅបញ្ចុះក្រោមដើមជ្រៃនៅក្រុងយ៉ាបេស ហើយនាំគ្នាតមអាហារ ចំនួនប្រាំពីរថ្ងៃ។