ជំពូក ១៦
ព្រះជាម្ចាស់ជ្រើសរើសយុវជនដាវីឌជាស្តេចថ្មី
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសាមូអែលថា៖ «តើអ្នកនៅតែយំសោកស្តាយសាអ៊ូលដល់ណាទៀត? យើងបោះបង់គេចោល លែងឲ្យធ្វើជាស្តេចលើជនជាតិអ៊ីស្រាអែលទៀតហើយ។ ចូរយកស្នែងមកចាក់ប្រេងឲ្យពេញ រួចធ្វើដំណើរទៅ។ យើងចាត់អ្នកឲ្យទៅផ្ទះលោកយេសាយ នៅភូមិបេថ្លេហិម ដ្បិតក្នុងចំណោមកូនប្រុសរបស់គាត់ យើងជ្រើសរើសយកម្នាក់ឲ្យធ្វើជាស្តេច ដែលត្រូវចិត្តយើង»។ 2 លោកសាមូអែលទូលថា៖ «តើឲ្យទូលបង្គំទៅម្ដេចកើត? បើព្រះបាទសាអ៊ូលជ្រាប ស្តេចមុខជាសម្លាប់ទូលបង្គំមិនខាន»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរដឹកគោញីស្ទាវមួយទៅ ហើយប្រាប់គេថា ខ្ញុំមកថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់។ 3 ចូរអញ្ជើញលោកយេសាយឲ្យចូលរួមក្នុងពិធីថ្វាយយញ្ញបូជានោះផង។ ពេលនោះ យើងនឹងប្រាប់អ្នកឲ្យដឹងនូវកិច្ចការដែលអ្នកត្រូវធ្វើ គឺត្រូវយកប្រេងចាក់អភិសេកអ្នកដែលយើងនឹងចង្អុលប្រាប់»។
4 លោកសាមូអែលធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ ហើយធ្វើដំណើរទៅភូមិបេថ្លេហិម។ អស់លោកព្រឹទ្ធាចារ្យក្នុងភូមិនោះចេញមកទទួលលោក ទាំងភ័យញាប់ញ័រ ហើយសួរលោកថា៖ «តើលោកអញ្ជើញមកនេះ ក្នុងគោលបំណងល្អឬ?»។ 5 លោកសាមូអែលឆ្លើយតបថា៖ «បាទ! ខ្ញុំមកថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ដូច្នេះ សូមអស់លោកអញ្ជើញធ្វើពិធីជម្រះកាយឲ្យវិសុទ្ធ* ហើយមកថ្វាយយញ្ញបូជាជាមួយខ្ញុំ»។ លោកសាមូអែលក៏ធ្វើពិធីជម្រះកាយជូនលោកយេសាយ ព្រមទាំងកូនប្រុសៗឲ្យវិសុទ្ធ និងអញ្ជើញពួកគេឲ្យចូលរួមក្នុងពិធីថ្វាយយញ្ញបូជាដែរ។ 6 កាលលោកយេសាយ និងកូនប្រុសៗមកដល់ លោកសាមូអែលក្រឡេកឃើញអេលីយ៉ាប ក៏នឹកក្នុងចិត្តថា៖ «ប្រាកដជាម្នាក់នេះហើយ ដែលព្រះអម្ចាស់បានជ្រើសរើស»។ 7 ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «កុំមើលតែសំបកក្រៅ ឬកម្ពស់របស់គេឡើយ យើងមិនបានជ្រើសរើសអ្នកនេះទេ។ ព្រះអម្ចាស់មិនវិនិច្ឆ័យដូចមនុស្សលោក ដែលមើលតែសំបកក្រៅប៉ុណ្ណោះទេ ព្រះអម្ចាស់ទតមើលចិត្តគំនិតវិញ»។ 8 លោកយេសាយហៅអប៊ីណាដាប់ឲ្យដើរនៅមុខលោកសាមូអែល លោកសាមូអែលមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ក៏មិនបានជ្រើសរើសអ្នកនេះដែរ»។ 9 លោកយេសាយឲ្យសាម៉ាដើរនៅមុខលោកសាមូអែល។ លោកសាមូអែលមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ក៏មិនជ្រើសរើសអ្នកនេះដែរ»។ 10 លោកយេសាយឲ្យកូនប្រុសទាំងប្រាំពីរនាក់ដើរនៅមុខលោកសាមូអែល តែលោកមានប្រសាសន៍ទៅកាន់លោកយេសាយថា៖ «ក្នុងចំណោមអ្នកទាំងនេះ ព្រះអម្ចាស់ពុំបានជ្រើសរើសនរណាម្នាក់ឡើយ 11 តើលោកគ្មានកូនណាផ្សេងទេឬ?»។ លោកយេសាយឆ្លើយថា៖ «បាទ! នៅសល់កូនពៅម្នាក់ទៀត ដែលកំពុងតែឃ្វាលចៀម»។ លោកសាមូអែលមានប្រសាសន៍ទៅកាន់លោកយេសាយថា៖ «ចូរឲ្យគេទៅហៅវាមក បើវាមិនទាន់មកដល់ទេ យើងនឹងមិនបរិភោគឡើយ»។ 12 លោកយេសាយចាត់គេឲ្យទៅហៅកូននោះមក។ កូននោះមានថ្ពាល់ក្រហម មានភ្នែកភ្លឺថ្លា និងមានទឹកមុខស្រស់ល្អគួរជាទីពេញចិត្ត។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គឺម្នាក់នេះហើយ! ចូរចាក់ប្រេងអភិសេកគេចុះ!»។ 13 លោកសាមូអែលយកស្នែងប្រេងមក ហើយចាក់ប្រេងអភិសេកយុវជនដាវីឌ នៅចំពោះមុខបងៗ។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់យាងមកសណ្ឋិតលើយុវជនដាវីឌ ចាប់តាំងពីពេលនោះមក។ បន្ទាប់មក លោកសាមូអែលធ្វើដំណើរត្រឡប់ទៅភូមិរ៉ាម៉ាវិញ។
យុវជនដាវីឌចូលបម្រើព្រះបាទសាអ៊ូល
14 ព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានចាកចេញពីព្រះបាទសាអ៊ូល ហើយមានខ្មោចមួយមកពីព្រះអម្ចាស់ ធ្វើឲ្យស្តេចវិលវល់ស្មារតី។ 15 ពួកមន្ត្រីរបស់ព្រះបាទសាអ៊ូលទូលស្តេចថា៖ «មានខ្មោចមកពីព្រះជាម្ចាស់ បណ្តាលឲ្យព្រះករុណាវិលវល់ស្មារតីដូច្នេះ។ 16 សូមព្រះករុណាមានរាជឱង្ការមកចុះ យើងខ្ញុំរង់ចាំធ្វើតាមបញ្ជាជានិច្ច យើងខ្ញុំនឹងរកមនុស្សម្នាក់ ដែលចេះដេញពិណ មកថ្វាយព្រះករុណា។ កាលណាខ្មោចពីព្រះជាម្ចាស់មកសង្កត់លើព្រះករុណា អ្នកនោះនឹងដេញពិណ ដើម្បីឲ្យព្រះករុណាបានធូរស្រាល»។ 17 ព្រះបាទសាអ៊ូលមានរាជឱង្ការទៅពួកមន្ត្រីថា៖ «ចូរទៅរកអ្នកលេងភ្លេងដ៏ចំណានម្នាក់ ហើយនាំមកជួបខ្ញុំ»។ 18 រាជបម្រើម្នាក់ទូលថា៖ «ទូលបង្គំស្គាល់យុវជនម្នាក់ ជាកូនរបស់លោកយេសាយ អ្នកភូមិបេថ្លេហិម។ គេចេះលេងភ្លេង ជាអ្នកក្លាហានអង់អាច ជាអ្នកចម្បាំងដ៏ខ្លាំងក្លា ឈ្លាសវៃក្នុងការនិយាយស្តី មានរូបសម្បត្តិល្អស្អាត ហើយព្រះអម្ចាស់ក៏គង់នៅជាមួយដែរ»។ 19 ព្រះបាទសាអ៊ូលចាត់អ្នកនាំសារទៅប្រាប់លោកយេសាយ នៅភូមិបេថ្លេហិមថា៖ «សូមឲ្យដាវីឌ ជាកូនប្រុសរបស់លោក ដែលជាអ្នកឃ្វាលចៀមនោះ មកជួបយើង»។ 20 លោកយេសាយយកលាមួយមក លោករៀបចំនំបុ័ង ស្រាមួយថង់ស្បែក និងកូនពពែស្ទាវមួយ រួចបញ្ជូនដាវីឌជាកូនឲ្យយកទៅថ្វាយព្រះបាទសាអ៊ូល។ 21 យុវជនដាវីឌទៅដល់ ចូលគាល់ព្រះបាទសាអ៊ូល ហើយនៅបម្រើស្តេច។ ព្រះបាទសាអ៊ូលស្រឡាញ់ដាវីឌណាស់ ព្រះអង្គឲ្យដាវីឌធ្វើជាអ្នកកាន់គ្រឿងសាស្ត្រាវុធរបស់ស្តេច។ 22 ព្រះបាទសាអ៊ូលចាត់គេឲ្យទៅប្រាប់លោកយេសាយថា៖ «សូមឲ្យដាវីឌនៅបម្រើខ្ញុំទៅ ព្រោះខ្ញុំពេញចិត្តនឹងយុវជននេះណាស់»។ 23 កាលណាខ្មោចពីព្រះជាម្ចាស់មកសង្កត់លើព្រះបាទសាអ៊ូល ដាវីឌទាញពិណយកមកដេញ។ ពេលនោះ ព្រះបាទសាអ៊ូលបានធូរស្រាល និងស្រួលខ្លួនឡើងវិញ ហើយខ្មោចក៏ដកថយចេញពីស្តេចដែរ។