ជំពូក ៨
ការតែងតាំងព្រះមហាក្សត្រ
ប្រជាជនអ៊ីស្រាអែលទាមទារចង់បានស្តេចមួយអង្គ
1 កាលលោកសាមូអែលមានវ័យកាន់តែចាស់ណាស់ហើយ លោកបានតែងតាំងកូនប្រុសៗរបស់លោកឲ្យគ្រប់គ្រងប្រជាជនអ៊ីស្រាអែល។ 2 កូនប្រុសច្បងរបស់លោកឈ្មោះយ៉ូអែល និងកូនទីពីរឈ្មោះអប៊ីយ៉ា។ អ្នកទាំងពីរគ្រប់គ្រងនៅក្រុងបៀរសេបា។ 3 ប៉ុន្តែ កូនប្រុសរបស់លោកសាមូអែលពុំបានដើរតាមគន្លងរបស់ឪពុកទេ។ ពួកគេគិតតែពីចង់បានប្រាក់កាស ស៊ីសំណូក និងកាត់ក្តីដោយអយុត្តិធម៌។ 4 ហេតុនេះ ព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែលបានប្រជុំគ្នា ហើយទៅជួបលោកសាមូអែលនៅរ៉ាម៉ា។ 5 ព្រឹទ្ធាចារ្យទាំងនោះជម្រាបលោកថា៖ «ឥឡូវនេះ លោកចាស់ហើយ រីឯកូនរបស់លោកទៀតសោត ក៏ពុំដើរតាមគន្លងរបស់លោកដែរ។ ដូច្នេះ សូមតែងតាំងឲ្យមានស្តេចមួយអង្គសោយរាជ្យលើយើងខ្ញុំ ដូចប្រជាជាតិទាំងប៉ុន្មានផង»។ 6 ពេលឮពួកព្រឹទ្ធាចារ្យពោលថា «សូមតែងតាំងឲ្យមានស្តេចមួយអង្គសោយរាជ្យលើយើងខ្ញុំ» ដូច្នេះ លោកសាមូអែលមិនសប្បាយចិត្តទេ លោកក៏ទូលអង្វរព្រះអម្ចាស់។ 7 ព្រះអម្ចាស់មានព្រះបន្ទូលតបមកថា៖ «ចូរស្ដាប់តាមពាក្យសម្ដីទាំងប៉ុន្មានរបស់ប្រជាជនដែលបានទាមទារនោះចុះ។ មិនមែនអ្នកទេដែលពួកគេបោះបង់ចោល គឺយើងទេតើដែលពួកគេបោះបង់ចោល ពួកគេមិនចង់ឲ្យយើងសោយរាជ្យលើពួកគេទៀតឡើយ។ 8 តាំងពីថ្ងៃយើងបាននាំពួកគេចេញពីស្រុកអេស៊ីបមករហូតដល់ឥឡូវនេះ ពួកគេបានបោះបង់ចោលយើង ដើម្បីទៅគោរពបម្រើព្រះដទៃទៀត។ ពួកគេប្រព្រឹត្តចំពោះអ្នក ដូចពួកគេធ្លាប់ប្រព្រឹត្តចំពោះយើងដែរ។ 9 ដូច្នេះ ចូរស្ដាប់តាមពាក្យសម្ដីពួកគេឥឡូវនេះចុះ ប៉ុន្តែ ចូរព្រមានពួកគេយ៉ាងម៉ឺងម៉ាត់ជាមុន ព្រមទាំងពន្យល់ពួកគេថា ស្តេចដែលនឹងសោយរាជ្យលើពួកគេនោះ មានសិទ្ធិយ៉ាងណាៗខ្លះ»។
សិទ្ធិរបស់ស្តេច
10 លោកសាមូអែលបាននាំយកព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះអម្ចាស់ មកថ្លែងប្រាប់ប្រជាជន ដែលទាមទារសុំឲ្យមានស្តេចនោះថា៖ 11 «ស្តេចដែលនឹងសោយរាជ្យលើអ្នករាល់គ្នាមានសិទ្ធិដូចតទៅ គឺស្តេចនឹងយកកូនប្រុសរបស់អ្នករាល់គ្នាធ្វើជាទាហាន ខ្លះនៅខាងកងរទេះចម្បាំងរបស់ស្តេច ខ្លះនៅខាងទ័ពសេះរបស់ស្តេច ខ្លះទៀតរត់នៅមុខរាជរថ។ 12 ស្តេចនឹងតែងតាំងមេកងឲ្យត្រួតទាហានមួយពាន់នាក់ ឬមេក្រុមដែលត្រួតទាហានហាសិបនាក់។ ស្តេចប្រើអ្នកខ្លះឲ្យទៅភ្ជួររាស់ ច្រូតកាត់ថ្វាយស្តេច ហើយខ្លះទៀតផលិតគ្រឿងអាវុធ និងគ្រឿងប្រដាប់រទេះចម្បាំងរបស់ស្តេច។ 13 ស្តេចនឹងប្រើកូនស្រីៗរបស់អ្នករាល់គ្នាឲ្យធ្វើជាអ្នកលាបគ្រឿងក្រអូប អ្នកដាំបាយ និងអ្នកធ្វើនំ។ 14 ស្តេចនឹងយកស្រែ ចម្ការទំពាំងបាយជូរ និងចម្ការអូលីវដ៏ល្អៗរបស់អ្នករាល់គ្នា ប្រគល់ទៅឲ្យមេទ័ពរបស់ខ្លួន។ 15 ស្តេចនឹងយកពន្ធមួយភាគដប់នៃភោគផលពីស្រូវ ពីចម្ការទំពាំងបាយជូររបស់អ្នករាល់គ្នា ប្រគល់ទៅឲ្យមហាតលិក រាជការ និងរាជបម្រើរបស់ខ្លួន។ 16 ស្តេចនឹងយកខ្ញុំបម្រើប្រុសស្រី និងពួកយុវជនរបស់អ្នករាល់គ្នា គឺអ្នកដែលមានកម្លាំងកំហែងជាងគេ ព្រមទាំងយកសត្វលារបស់អ្នករាល់គ្នា ឲ្យទៅធ្វើការងាររបស់ខ្លួន។ 17 ស្តេចនឹងយកចៀមចំនួនមួយភាគដប់ពីហ្វូងចៀមរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងក្លាយជាខ្ញុំបម្រើរបស់ស្តេច។ 18 ថ្ងៃមួយ អ្នករាល់គ្នានឹងស្រែកអង្វរព្រះអម្ចាស់ ព្រោះតែស្តេចដែលអ្នករាល់គ្នាបានជ្រើសរើស តែនៅថ្ងៃនោះ ព្រះអង្គមិនឆ្លើយតបមកអ្នករាល់គ្នាឡើយ!»។ 19 ប៉ុន្តែ ប្រជាជនមិនព្រមស្ដាប់តាមពាក្យរបស់លោកសាមូអែលទេ។ ពួកគេប្រកែកថា៖ «ទេ! យើងចង់បានស្តេចមួយអង្គសោយរាជ្យលើយើង 20 ដើម្បីឲ្យយើងបានដូចប្រជាជាតិទាំងប៉ុន្មានទៀតដែរ។ ស្តេចរបស់យើងនឹងគ្រប់គ្រងលើយើង ព្រះអង្គនឹងយាងនាំមុខយើង ហើយចេញទៅច្បាំងជាមួយយើង»។ 21 កាលលោកសាមូអែលឮពាក្យសម្ដីទាំងប៉ុន្មានរបស់ប្រជាជន លោកក៏យកទៅទូលព្រះអម្ចាស់។ 22 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកសាមូអែលថា៖ «ចូរស្ដាប់តាមពាក្យរបស់គេ ហើយតែងតាំងស្តេចមួយអង្គឲ្យគ្រងរាជ្យលើពួកគេចុះ!»។ បន្ទាប់មក លោកសាមូអែលមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ចូរនាំគ្នាវិលត្រឡប់ទៅស្រុកភូមិរៀងៗខ្លួនវិញចុះ!»។