ជំពូក ១៩
ព្រះបាទសាអ៊ូលរកសម្លាប់លោកដាវីឌ
1 ព្រះបាទសាអ៊ូលបានប្រាប់សម្តេចយ៉ូណាថានជាបុត្រ ព្រមទាំងនាម៉ឺនមន្ត្រី ពីបំណងដែលស្តេចចង់សម្លាប់លោកដាវីឌ។ ប៉ុន្តែ សម្តេចយ៉ូណាថាន ជាបុត្ររបស់ព្រះបាទសាអ៊ូល ស្រឡាញ់លោកដាវីឌណាស់។ 2 សម្តេចយ៉ូណាថាននាំដំណឹងទៅប្រាប់លោកដាវីឌថា៖ «ព្រះបាទសាអ៊ូល ជាបិតារបស់ខ្ញុំ មានបំណងចង់សម្លាប់លោកប្អូន។ ដូច្នេះ ព្រឹកស្អែកនេះ ចូរប្រុងប្រយ័ត្ន ហើយរកកន្លែងលាក់ខ្លួនទៅ។ 3 ខ្ញុំនឹងចេញមក ហើយឈរជាមួយបិតារបស់ខ្ញុំ ជិតចម្ការដែលលោកប្អូនលាក់ខ្លួន។ ខ្ញុំនឹងទូលបិតាអំពីរឿងលោកប្អូន ពេលណាខ្ញុំដឹងពីគោលបំណងរបស់បិតាហើយ ខ្ញុំនឹងប្រាប់ឲ្យលោកប្អូនដឹងដែរ»។ 4 សម្តេចយ៉ូណាថានទូលព្រះបាទសាអ៊ូល ជាបិតា អំពីគុណសម្បត្តិរបស់លោកដាវីឌថា៖ «សូមបិតាកុំធ្វើបាបលោកដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គឡើយ ដ្បិតគ្នាពុំបានប្រព្រឹត្តអំពើខុសឆ្គងចំពោះបិតាទេ ផ្ទុយទៅវិញ ស្នាដៃអស្ចារ្យដែលដាវីឌធ្វើ សុទ្ធតែមានផលប្រយោជន៍យ៉ាងខ្លាំងដល់បិតា។ 5 ដាវីឌបានប្រថុយជីវិតទៅសម្លាប់ជនភីលីស្ទីន គឺនៅថ្ងៃនោះ ព្រះអម្ចាស់បានប្រោសប្រទានជ័យជម្នះដ៏ធំធេងបំផុតដល់ប្រជាជនអ៊ីស្រាអែលទាំងមូល ដូចបិតាបានទតឃើញ និងសប្បាយព្រះហឫទ័យស្រាប់ហើយ។ ហេតុអ្វីបានជាបិតាចង់ប្រព្រឹត្តអំពើបាប ដោយបង្ហូរឈាមមនុស្សម្នាក់ដែលគ្មានទោសពៃរ៍ គឺចង់សម្លាប់ដាវីឌ ដោយគ្មានមូលហេតុដូច្នេះ?»។ 6 ព្រះបាទសាអ៊ូលព្រះអង្គព្រះសណ្ដាប់ពាក្យរបស់សម្តេចយ៉ូណាថាន ហើយមានរាជឱង្ការថា៖ «បិតាសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា ដាវីឌមិនត្រូវស្លាប់ឡើយ!»។ 7 បន្ទាប់មក សម្តេចយ៉ូណាថានទៅហៅលោកដាវីឌមក ហើយរៀបរាប់សេចក្ដីទាំងនោះប្រាប់លោក រួចនាំលោកចូលមកគាល់ព្រះបាទសាអ៊ូល។ លោកដាវីឌក៏នៅបម្រើព្រះបាទសាអ៊ូល ដូចពីមុន។
ព្រះនាងមិកាល់ជួយសង្គ្រោះលោកដាវីឌ
8 សង្គ្រាមចេះតែកើតមានតទៅមុខទៀត។ លោកដាវីឌចេញទៅច្បាំងជាមួយពួកភីលីស្ទីន ធ្វើឲ្យពួកគេបរាជ័យយ៉ាងធ្ងន់ ហើយបាក់ទ័ពរត់ចំពោះមុខលោក។ 9 ថ្ងៃមួយ ព្រះបាទសាអ៊ូលកំពុងគង់នៅក្នុងដំណាក់ ទាំងកាន់លំពែងផង។ ពេលនោះ មានខ្មោចពីព្រះអម្ចាស់មកចូលស្តេច ក្នុងពេលលោកដាវីឌកំពុងតែលេងពិណ។ 10 រំពេចនោះ ព្រះបាទសាអ៊ូលចង់ប្រហារលោកដាវីឌ ដោយគប់លំពែងភ្ជាប់លោកទៅនឹងជញ្ជាំង តែលោកដាវីឌគេចផុត ហើយលំពែងនោះដោតជាប់នឹងជញ្ជាំង។ លោកដាវីឌរត់គេចខ្លួននៅយប់នោះ។ 11 ព្រះបាទសាអ៊ូលចាត់ទាហានឲ្យទៅផ្ទះលោកដាវីឌ ឃ្លាំចាំសម្លាប់លោកនៅពេលព្រឹក។ ប៉ុន្តែ ព្រះនាងមិកាល់ជាភរិយា ជម្រាបលោកថា៖ «បើសិនជាបងមិនរត់នៅយប់នេះទេ ស្អែក បងមុខជាស្លាប់មិនខាន»។ 12 ព្រះនាងសម្រូតលោកចុះតាមបង្អួច ហើយលោករត់គេចខ្លួន ដើម្បីឲ្យរួចជីវិត។ 13 បន្ទាប់មក ព្រះនាងមិកាល់យករូបបដិមាមួយមកដាក់លើគ្រែ ព្រមទាំងយកស្បែកពពែមកដាក់លើខ្នើយ និងយកភួយមកដណ្តប់ឲ្យផង។ 14 នៅពេលព្រះបាទសាអ៊ូលចាត់ទាហានឲ្យទៅចាប់លោកដាវីឌនោះ ព្រះនាងមិកាល់ប្រាប់ថា៖ «លោកឈឺ»។ 15 ព្រះបាទសាអ៊ូលចាត់ទាហានឲ្យវិលទៅរកលោកដាវីឌវិញ ដោយមានរាជឱង្ការថា៖ «ចូរសែងទាំងគ្រែ នាំគេយកមក ដើម្បីឲ្យយើងសម្លាប់ចោល!»។ 16 ពួកទាហានវិលទៅវិញ ហើយឃើញតែរូបបដិមានៅលើគ្រែ និងស្បែកពពែនៅលើខ្នើយ។ 17 ព្រះបាទសាអ៊ូលសួរព្រះនាងមិកាល់ថា៖ «ហេតុដូចម្ដេចបានជាឯងបញ្ឆោតបិតាបែបនេះ? ហេតុដូចម្ដេចបានជាឯងទុកឲ្យសត្រូវរបស់បិតារត់រួច?»។ ព្រះនាងមិកាល់ទូលថា៖ «គឺគាត់ទេតើដែលប្រាប់ខ្ញុំម្ចាស់ថា “ទុកឲ្យអញទៅចុះ! បើមិនដូច្នោះទេ អញនឹងសម្លាប់ឯងចោល”»។ 18 ពេលនោះ លោកដាវីឌរត់គេចខ្លួន ទៅជ្រកជាមួយលោកសាមូអែលនៅភូមិរ៉ាម៉ា ហើយរៀបរាប់អំពីហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះបាទសាអ៊ូលបានប្រព្រឹត្តចំពោះរូបលោក។ បន្ទាប់មក លោកទាំងពីរនាំគ្នាទៅនៅកន្លែងមួយ ឈ្មោះណាយ៉ូត។ 19 មានគេទូលព្រះបាទសាអ៊ូលថា លោកដាវីឌទៅនៅណាយ៉ូត ជិតភូមិរ៉ាម៉ា។ 20 ព្រះបាទសាអ៊ូលចាត់ទាហានឲ្យទៅចាប់លោកដាវីឌ។ កាលពួកគេទៅដល់ ឃើញក្រុមព្យាការីដែលមានលោកសាមូអែលជាអ្នកនាំមុខ កំពុងស្លុងស្មារតី ស្រែកច្រៀង និងរាំ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតលើទាហានទាំងនោះ ធ្វើឲ្យពួកគេស្លុងស្មារតី ស្រែកច្រៀង និងរាំដែរ។ 21 មានគេនាំដំណឹងនេះទៅទូលព្រះបាទសាអ៊ូល ស្តេចក៏ចាត់ទាហានមួយក្រុមទៀតឲ្យទៅ ប៉ុន្តែ ពួកគេស្លុងស្មារតី ស្រែកច្រៀង និងរាំដែរ។ ព្រះបាទសាអ៊ូលចាត់ក្រុមទីបីឲ្យទៅ តែពួកនេះស្លុងស្មារតី ស្រែកច្រៀង និងរាំ ដូចពួកមុនៗ។ 22 ដូច្នេះ ព្រះបាទសាអ៊ូលក៏យាងទៅភូមិរ៉ាម៉ាដោយផ្ទាល់។ កាលទៅដល់ស្រះធំ នៅភូមិសេគូស្តេចសួរគេថា៖ «តើលោកសាមូអែល និងដាវីឌនៅឯណា?»។ គេទូលថា៖ «លោកនៅឯណាយ៉ូត ជិតភូមិរ៉ាម៉ា»។ 23 ស្តេចក៏យាងទៅទីនោះ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មកសណ្ឋិតលើស្តេច ហើយស្តេចយាងរហូតដល់ណាយ៉ូត នៅភូមិរ៉ាម៉ា ទាំងស្លុងស្មារតី ស្រែកច្រៀង និងរាំ។ 24 ស្តេចដោះព្រះភូសាចេញដូចគេឯងដែរ ហើយស្លុងស្មារតី ស្រែកច្រៀង និងរាំ នៅចំពោះមុខលោកសាមូអែល។ ស្តេចដួលដេក ទាំងអាក្រាត នៅលើដីពេញមួយថ្ងៃមួយយប់។ ហេតុនេះហើយបានជាមានពាក្យស្លោកថា៖ «តើព្រះបាទសាអ៊ូលចូលក្រុមព្យាការីដែរឬ?»។