ជំពូក ២០
សម្តេចយ៉ូណាថានការពារលោកដាវីឌ
1 លោកដាវីឌរត់ចេញពីណាយ៉ូត ជិតភូមិរ៉ាម៉ា ទៅជួបសម្តេចយ៉ូណាថាន ហើយសួរថា៖ «តើខ្ញុំបានធ្វើអ្វី? តើខ្ញុំមានកំហុសអ្វី? តើខ្ញុំបានធ្វើអ្វីខុសចំពោះបិតារបស់បង បានជាស្តេចរកសម្លាប់ខ្ញុំដូច្នេះ?»។ 2 សម្តេចយ៉ូណាថានឆ្លើយតបថា៖ «សូមកុំឲ្យកើតមានដូច្នោះអី! ប្អូនមិនត្រូវស្លាប់ទេ! បិតារបស់ខ្ញុំមិនដែលធ្វើអ្វី ដោយឥតប្រាប់ឲ្យខ្ញុំដឹងជាមុនឡើយ ទោះបីការនោះធំ ឬតូចក្តី។ បើបិតាចង់សម្លាប់ប្អូន ព្រះអង្គមុខជាប្រាប់ឲ្យខ្ញុំដឹងមិនខាន ព្រះអង្គមិនលាក់ទេ»។ 3 លោកដាវីឌមានប្រសាសន៍ទៀតថា៖ «បិតារបស់បងដឹងច្បាស់ថា ខ្ញុំជាមិត្តសម្លាញ់របស់បង បានជាស្តេចគិតថា “មិនត្រូវឲ្យយ៉ូណាថានដឹងទេ ក្រែងលោគេពិបាកចិត្ត”។ ប៉ុន្តែ ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ និងក្នុងនាមបងផ្ទាល់ដែលនៅមានជីវិតថា សេចក្ដីស្លាប់នៅឃ្លាតពីខ្ញុំតែមួយចង្អាមប៉ុណ្ណោះ»។
4 សម្តេចយ៉ូណាថានពោលទៅកាន់លោកដាវីឌថា៖ «បើប្អូនចង់ឲ្យខ្ញុំធ្វើអ្វី ខ្ញុំធ្វើតាមទាំងអស់»។ 5 លោកដាវីឌតបទៅសម្តេចយ៉ូណាថានវិញថា៖ «ស្អែកនេះជាថ្ងៃបុណ្យដើមខែ ធម្មតា ខ្ញុំត្រូវទៅបរិភោគរួមតុជាមួយស្ដេច។ សូមឲ្យខ្ញុំចេញទៅពួននៅឯស្រែ រហូតដល់ល្ងាចខានស្អែក។ 6 បិតារបស់បងមុខជាសួររកខ្ញុំ ព្រោះខ្ញុំមិននៅ សូមទូលស្តេចថា “ដាវីឌទទូចសូមអនុញ្ញាតពីទូលបង្គំ ធ្វើដំណើរទៅបេថ្លេហិម ជាភូមិកំណើតរបស់គេយ៉ាងប្រញាប់ ដើម្បីចូលរួមថ្វាយយញ្ញបូជាប្រចាំឆ្នាំ ជាមួយនឹងអំបូរទាំងមូល”។ 7 ប្រសិនបើស្តេចមានរាជឱង្ការថា “មិនអីទេ!” នោះខ្ញុំនឹងបានសុខសាន្ត! ផ្ទុយទៅវិញ បើស្តេចខ្ញាល់ នោះបងនឹងដឹងច្បាស់ថា ស្តេចបានសម្រេចចិត្តធ្វើបាបខ្ញុំហើយ។ 8 ដូច្នេះ សូមបងសម្ដែងចិត្តស្មោះស្ម័គ្រចំពោះខ្ញុំផង ដ្បិតយើងទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នាក្នុងនាមព្រះអម្ចាស់។ ម្យ៉ាងទៀត បើបងឃើញខ្ញុំមានកំហុសអ្វី សូមសម្លាប់ខ្ញុំដោយផ្ទាល់ដៃចុះ កុំចាប់ខ្ញុំទៅថ្វាយបិតារបស់បងអី»។ 9 សម្តេចយ៉ូណាថានពោលឡើងថា៖ «កុំមានគំនិតដូច្នេះឡើយ! ប្រសិនបើខ្ញុំដឹងច្បាស់ថា បិតារបស់ខ្ញុំសម្រេចព្រះហឫទ័យធ្វើបាបប្អូន នោះខ្ញុំមុខជាប្រាប់ប្អូនមិនខាន»។ 10 លោកដាវីឌសួរថា៖ «ប្រសិនបើបិតារបស់បងឆ្លើយមកបងវិញទាំងខ្ញាល់នោះ តើបាននរណានាំដំណឹងមកប្រាប់ខ្ញុំ?»។ 11 សម្តេចយ៉ូណាថានពោលមកកាន់លោកដាវីឌថា៖ «មក៍ យើងចេញទៅវាលស្រែ!»។ អ្នកទាំងពីរក៏ចេញទៅវាលស្រែជាមួយគ្នា។
12 សម្តេចយ៉ូណាថានពោលមកកាន់លោកដាវីឌថា៖ «ខ្ញុំសូមសន្យាក្នុងនាមព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលថា ថ្ងៃស្អែក ឬខានស្អែក ពេលថ្មើរនេះ ខ្ញុំនឹងស្ទង់មើលព្រះហឫទ័យបិតារបស់ខ្ញុំ។ ប្រសិនបើព្រះអង្គមានបំណងល្អចំពោះប្អូន ហើយបើខ្ញុំមិនចាត់គេឲ្យនាំដំណឹងមកប្រាប់ប្អូនទេនោះ 13 សូមព្រះអម្ចាស់ដាក់ទោសខ្ញុំចុះ។ ប្រសិនបើបិតាខ្ញុំមានបំណងធ្វើបាបប្អូន ខ្ញុំក៏ជូនដំណឹងឲ្យប្អូនដឹងដែរ។ ខ្ញុំនឹងឲ្យប្អូនចាកចេញទៅដោយសុខសាន្ត។ សូមព្រះអម្ចាស់គង់ជាមួយប្អូន ដូចព្រះអង្គគង់ជាមួយបិតាខ្ញុំកាលពីមុនដែរ។ 14 ពេលក្រោយ ប្រសិនបើខ្ញុំនៅមានជីវិត សូមប្អូនប្រព្រឹត្តចំពោះខ្ញុំ ដោយចិត្តស្មោះស្ម័គ្រមកពីព្រះអម្ចាស់ ដើម្បីកុំឲ្យខ្ញុំបាត់បង់ជីវិតឡើយ។ 15 ទោះបីព្រះអម្ចាស់ផ្ដាច់ជីវិតខ្មាំងសត្រូវរបស់ប្អូនម្ដងមួយៗអស់ពីផែនដីក៏ដោយ សូមប្អូននៅតែសម្ដែងចិត្តស្មោះស្ម័គ្រនេះចំពោះកូនចៅរបស់ខ្ញុំ រហូតតទៅ»។ 16 ដូច្នេះ សម្តេចយ៉ូណាថានចងសម្ពន្ធមេត្រីជាមួយលោកដាវីឌ និងកូនចៅរបស់លោក ដោយពោលថា៖ «បើលោកដាវីឌមិនគោរពសម្ពន្ធមេត្រីនេះទេ សូមព្រះអម្ចាស់ដាក់ទោសលោក តាមរយៈខ្មាំងសត្រូវ!»។ 17 សម្តេចយ៉ូណាថានបានសុំឲ្យលោកដាវីឌស្បថសាជាថ្មី ក្នុងនាមនៃសេចក្ដីស្រឡាញ់ដែលសម្តេចមានចំពោះរូបលោក ដ្បិតសម្តេចយ៉ូណាថានស្រឡាញ់លោកដាវីឌ ដូចស្រឡាញ់ខ្លួនឯង។
18 សម្តេចយ៉ូណាថានបញ្ជាក់បន្ថែមថា៖ «ស្អែក នៅពេលបុណ្យដើមខែ គេនឹងសង្កេតឃើញថាបាត់រូបប្អូន ព្រោះកៅអីរបស់ប្អូននៅទំនេរ។ 19 ខានស្អែក ប្អូនត្រូវចុះទៅកន្លែងដែលប្អូនបានលាក់ខ្លួនកាលពីថ្ងៃមុននោះ គឺប្អូនត្រូវទៅពួននៅក្បែរផ្ទាំងថ្មអេសែល។ 20 ខ្ញុំនឹងបាញ់ព្រួញបីដើមទៅរកថ្មនោះ គឺខ្ញុំបាញ់តម្រង់ឆ្ពោះទៅរកទិសដៅមួយ។ 21 បន្ទាប់មក ខ្ញុំប្រើក្មេងបម្រើខ្ញុំឲ្យទៅរើស។ បើខ្ញុំស្រែកថា “មើលហ្ន៎! ព្រួញនៅមិនឆ្ងាយទេ ចូរទៅរើសមក” នោះបានសេចក្ដីថា ប្អូនអាចវិលមកវិញដោយសុខសាន្ត! ខ្ញុំសុំស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា គ្មានបញ្ហាអ្វីទេ! 22 ប៉ុន្តែ បើខ្ញុំប្រាប់ទៅក្មេងបម្រើនោះថា “ព្រួញនៅឆ្ងាយឯនាយ” នោះចូរប្អូនទៅចុះ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យប្អូនចាកចេញទៅហើយ។ 23 ព្រះអម្ចាស់ធ្វើជាសាក្សីដឹងឮរហូតតទៅ ចំពោះពាក្យដែលយើងបានសន្យាជាមួយគ្នា»។ 24 លោកដាវីឌក៏ចេញទៅពួននៅឯវាលស្រែ។ លុះដល់ពេលបុណ្យដើមខែ ព្រះបាទសាអ៊ូលគង់សោយព្រះស្ងោយក្នុងពិធីជប់លៀង។ 25 ស្តេចគង់នៅជិតជញ្ជាំងដូចសព្វមួយដង សម្តេចយ៉ូណាថានគង់នៅទល់មុខ លោកអាប់នែរអង្គុយនៅក្បែរស្តេច តែកន្លែងរបស់លោកដាវីឌនៅទំនេរ។ 26 នៅថ្ងៃនោះ ព្រះបាទសាអ៊ូលមិនសួរនាំអ្វីឡើយ ដោយស្តេចនឹកស្មានថា មានហេតុអ្វីមួយកើតឡើងចំពោះលោកដាវីឌ ធ្វើឲ្យលោកក្លាយទៅមិនបរិសុទ្ធ គឺលោកពិតជាមិនបរិសុទ្ធមែន។ 27 នៅថ្ងៃបន្ទាប់ ជាថ្ងៃទីពីរនៃពិធីបុណ្យដើមខែ កន្លែងរបស់លោកដាវីឌនៅទំនេរដដែល។ ព្រះបាទសាអ៊ូលសួរសម្តេចយ៉ូណាថាន ជាបុត្រថា៖ «ហេតុអ្វីបានជាកូនលោកយេសាយមិនមកជប់លៀង ទាំងម្សិលមិញ ទាំងថ្ងៃនេះដូច្នេះ?»។ 28 សម្តេចយ៉ូណាថានទូលថា៖ «ដាវីឌបានទទូចអង្វរសូមអនុញ្ញាតពីទូលបង្គំទៅឯបេថ្លេហិម 29 ដោយប្រាប់ថា “សូមអនុញ្ញាតឲ្យខ្ញុំចេញទៅ ដ្បិតអំបូររបស់យើងខ្ញុំត្រូវថ្វាយយញ្ញបូជា នៅទីនោះ ហើយបងប្រុសខ្ញុំបានផ្តាំឲ្យខ្ញុំទៅចូលរួម។ បើសម្តេចយល់អធ្យាស្រ័យដល់ខ្ញុំ សូមអនុញ្ញាតឲ្យខ្ញុំទៅជួបជុំបងប្អូនផង”។ ហេតុនេះហើយបានជាគេមិនមកចូលរួមក្នុងពិធីជប់លៀងរបស់បិតា»។ 30 ព្រះបាទសាអ៊ូលខ្ញាល់នឹងសម្តេចយ៉ូណាថានយ៉ាងខ្លាំង ស្តេចស្រែកជេរថា៖ «អាកូនឥតពូជ ឥតអំបូរ! អញដឹងថា ឯងកាន់ជើងកូនរបស់លោកយេសាយ។ ឯងមុខជាត្រូវអាម៉ាស់ ទាំងកូនទាំងម្ដាយមិនខាន! 31 តោងដឹងថា ដរាបណាកូនលោកយេសាយនៅមានជីវិតលើផែនដី នោះឯងច្បាស់ជាមិនអាចឡើងសោយរាជ្យឡើយ។ ដូច្នេះ ចូរចាត់គេឲ្យទៅចាប់វានាំមកឲ្យអញនៅទីនេះ ដ្បិតវាត្រូវតែស្លាប់»។ 32 សម្តេចយ៉ូណាថានទូលព្រះបាទសាអ៊ូល ជាបិតាថា៖ «ហេតុអ្វីបានជាគេត្រូវស្លាប់ តើគេបានធ្វើអ្វី?»។ 33 ព្រះបាទសាអ៊ូលក៏គប់លំពែងតម្រង់ទៅសម្តេចយ៉ូណាថាន ដើម្បីប្រហារជីវិត។ ពេលនោះ សម្តេចយ៉ូណាថានជ្រាបថា បិតាពិតជាបានសម្រេចព្រះហឫទ័យសម្លាប់លោកដាវីឌ។ 34 សម្តេចក្រោកចេញពីតុ ដោយខ្ញាល់យ៉ាងខ្លាំង ហើយមិនខ្ចីសោយអាហារនៅថ្ងៃទីពីរនៃពិធីបុណ្យដើមខែនោះឡើយ ព្រោះសម្តេចព្រួយបារម្ភអំពីលោកដាវីឌ ដែលបិតាបានជេរប្រមាថ។ 35 ព្រឹកឡើង សម្តេចយ៉ូណាថានចេញទៅវាលស្រែ ឆ្ពោះទៅកន្លែងដែលលោកបានណាត់ជាមួយលោកដាវីឌ។ សម្តេចនាំក្មេងម្នាក់ទៅជាមួយផង។ 36 សម្តេចប្រាប់វាថា៖ «ចូររត់ទៅរើសព្រួញដែលអញនឹងបាញ់ឥឡូវនេះ»។ ក្មេងនោះក៏រត់ទៅមុខ ហើយសម្តេចយ៉ូណាថានបាញ់ព្រួញរំលងឲ្យឆ្ងាយពីវា។ 37 ពេលក្មេងនោះរត់ទៅដល់កន្លែងដែលព្រួញធ្លាក់ សម្តេចយ៉ូណាថានស្រែកឡើងថា៖ «ព្រួញធ្លាក់នៅឆ្ងាយពីឯងមែនទេ! 38 ចូរប្រញាប់រត់ទៅ កុំឈប់ឡើយ!»។ ក្មេងនោះក៏រើសព្រួញ ហើយត្រឡប់មករកចៅហ្វាយវិញ។ 39 វាពុំដឹងអ្វីទាំងអស់ គឺមានតែសម្តេចយ៉ូណាថាន និងលោកដាវីឌប៉ុណ្ណោះដែលដឹងរឿងនេះ។ 40 សម្តេចយ៉ូណាថានប្រគល់ធ្នូ និងព្រួញឲ្យក្មេងបម្រើ ហើយប្រាប់វាឲ្យយកទៅទីក្រុងវិញ។ 41 ពេលក្មេងនោះចេញផុតទៅ លោកដាវីឌក៏ចេញពីកន្លែងលាក់ខ្លួននៅខាងត្បូងផ្ទាំងថ្ម ហើយក្រាបចុះ ឱនមុខដល់ដី ថ្វាយបង្គំសម្តេចយ៉ូណាថានបីដង។ លោកទាំងពីរឱបគ្នា ហើយមិត្តសម្លាញ់ទាំងពីរនាក់នាំគ្នាយំយ៉ាងខ្លាំង ជាពិសេសលោកដាវីឌ។ 42 បន្ទាប់មក សម្តេចយ៉ូណាថានមានប្រសាសន៍ទៅកាន់លោកដាវីឌថា៖ «សូមទៅឲ្យបានសុខសាន្តចុះ! ដ្បិតយើងបានស្បថជាមួយគ្នាក្នុងនាមព្រះអម្ចាស់ថា “សូមព្រះអម្ចាស់ធ្វើជាសាក្សីដឹងឮអំពីមិត្តភាពរវាងខ្ញុំ និងប្អូន ព្រមទាំងកូនចៅខ្ញុំ និងកូនចៅប្អូនរហូតតទៅ”»។