ជំពូក ១២

សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​សាមូអែល

1 លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ខ្ញុំ​បាន​យល់​ព្រម​តាម​សំណូម​ពរ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា​ហើយ គឺ​ខ្ញុំ​បាន​តែង‌តាំង​ស្តេច​មួយ​អង្គ​ឲ្យ​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា។ 2 អំណើះ​ត​ទៅ ស្តេច​នោះ​នឹង​ដឹក​នាំ​អ្នក​រាល់​គ្នា រីឯ​ខ្ញុំ​វិញ ខ្ញុំ​ចាស់​ជរា​ហើយ កូន​ប្រុស​របស់​ខ្ញុំ​ក៏​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ។ ខ្ញុំ​បាន​ដឹក​នាំ​អ្នក​រាល់​គ្នា​តាំង​ពី​ក្មេង​រហូត​មក​ដល់​សព្វ​ថ្ងៃ។ 3 ឥឡូវ​នេះ ខ្ញុំ​ឈរ​នៅ​មុខ​អ្នក​រាល់​គ្នា​ស្រាប់​ហើយ សូម​ចោទ​ប្រកាន់​ខ្ញុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ និង​នៅ​ចំពោះ​ស្តេច ដែល​ព្រះ‌អង្គ​ចាក់​ប្រេង​អភិសេក​ចុះ ថា តើ​ខ្ញុំ​ដែល​យក​គោ ឬ​លា​របស់​អ្នក​ណា​ខ្លះ? តើ​ខ្ញុំ​បាន​កេង‌ប្រវ័ញ្ច និង​សង្កត់‌សង្កិន​នរណា​ខ្លះ? តើ​ខ្ញុំ​បាន​ទទួល​សំណូក​ពី​នរណា ហើយ​បិទ​ភ្នែក​បណ្តោយ​ឲ្យ​គេ​ធ្វើ​តាម​ចិត្ត? ប្រសិន​បើ​ខ្ញុំ​បាន​ធ្វើ​ដូច្នោះ​មែន ខ្ញុំ​នឹង​សង​ទៅ​គេ​វិញ»។ 4 ប្រជាជន​ស្រែក​ឡើង​ថា៖ «លោក​មិន​បាន​កេង‌ប្រវ័ញ្ច​សង្កត់‌សង្កិន​យើង​ខ្ញុំ ឬ​ក៏​ទទួល​សំណូក​ពី​នរណា​ម្នាក់​ឡើយ»។ 5 លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ទៀត​ថា៖ «ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ធ្វើ​ជា​សាក្សី ហើយ​ស្តេច​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក ក៏​ធ្វើ​ជា​សាក្សី​ដែរ​ថា អ្នក​រាល់​គ្នា​គ្មាន​អ្វី​ចោទ​ប្រកាន់​ខ្ញុំ​ទេ»។ ពួក​គេ​ស្រែក​ឡើង​ថា៖ «ពិត​មែន​ហើយ យើង​មាន​ព្រះ‌អង្គ​ជា​សាក្សី!»។
6 លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទៀត​ថា៖ «ព្រះ‌អម្ចាស់​បាន​ប្រើ​លោក​ម៉ូសេ និង​លោក​អរ៉ុន ដើម្បី​នាំ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។ 7 ឥឡូវ​នេះ ចូរ​បង្ហាញ​ខ្លួន​មក ខ្ញុំ​នឹង​កាត់​ក្តី​ឲ្យ​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ ខ្ញុំ​សូម​រំឭក​អ្នក​រាល់​គ្នា​នូវ​អំពើ​ដ៏​សុចរិត​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា និង​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា។ 8 ក្រោយ​ពេល​ដែល​លោក​យ៉ាកុប​ទៅ​ដល់​ស្រុក​អេស៊ីប បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់។ ព្រះ‌អង្គ​ក៏​ចាត់​លោក​ម៉ូសេ និង​លោក​អរ៉ុន​ឲ្យ​ទៅ​នាំ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប មក​រស់​នៅ​ក្នុង​ស្រុក​នេះ។ 9 ប៉ុន្តែ ពួក​គេ​បាន​ភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ព្រះ‌អង្គ​ក៏​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ស៊ី‌សេរ៉ា ជា​មេ‌ទ័ព​នៅ​ក្រុង​ហា‌សោរ ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន និង​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​ជន​ជាតិ​ម៉ូអាប់ ដែល​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​ពួក​គេ។ 10 ពេល​នោះ ពួក​គេ​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់ ជា​ថ្មី​ទៀត​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដ្បិត​យើង​ខ្ញុំ​បោះ​បង់​ចោល​ព្រះ‌អម្ចាស់​ទៅ​គោរព​បម្រើ​ព្រះ‌បាល និង​ព្រះ‌អាស្តារ៉ូត។ ឥឡូវ​នេះ សូម​មេត្តា​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ផង យើង​ខ្ញុំ​នឹង​គោរព​បម្រើ​ព្រះ‌អង្គ​វិញ”។ 11 ព្រះ‌អម្ចាស់​ក៏​ចាត់​លោក​យេរូ‌បាល លោក​បេដន លោក​យ៉ែប‌ថា និង​ខ្ញុំ សាមូអែល ឲ្យ​មក។ ព្រះ‌អង្គ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ដែល​នៅ​ជុំ‌វិញ ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​រស់​នៅ​ក្នុង​ស្រុក​នេះ​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។ 12 ពេល​អ្នក​រាល់​គ្នា​ឃើញ​ព្រះ‌បាទ​ណា‌ហាស ជា​ស្តេច​របស់​ជន​ជាតិ​អាំម៉ូន មក​ច្បាំង​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ទាម‌ទារ​ឲ្យ​ខ្ញុំ​តែង‌តាំង​ស្តេច​មួយ​អង្គ​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ហាក់​ដូច​ជា​បដិសេធ​មិន​ទទួល​ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា​ក្សត្រ​របស់​អ្នក​រាល់​គ្នា​ទេ។ 13 ដូច្នេះ នេះ​នែ៎ ស្តេច​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស‌រើស ស្តេច​ដែល​អ្នក​រាល់​គ្នា​សុំ! ព្រះ‌អម្ចាស់​ប្រទាន​ស្តេច​នោះ​មក​អ្នក​រាល់​គ្នា​ហើយ! 14 ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​បម្រើ​ព្រះ‌អង្គ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ដោយ​ឥត​ប្រឆាំង​នឹង​ព្រះ‌បញ្ជា​របស់​ព្រះ‌អង្គ ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា និង​ស្តេច​ដែល​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា នៅ​តែ​ដើរ​តាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ​សប្បាយ។ 15 ប៉ុន្តែ ប្រសិន​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ហើយ​បែរ​ជា​ប្រឆាំង​នឹង​បញ្ជា​របស់​ព្រះ‌អង្គ នោះ​ព្រះ‌អម្ចាស់​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​បាន​ដាក់​ទោស​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ដែរ។ 16 ឥឡូវ​នេះ ចូរ​បង្ហាញ​ខ្លួន​មក ហើយ​មើល​ការ​អស្ចារ្យ​មួយ​យ៉ាង​ធំ ដែល​ព្រះ‌អម្ចាស់​នឹង​សម្ដែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក។ 17 ពេល​នេះ​ជា​រដូវ​ចម្រូត​មែន ឬ​ទេ? ខ្ញុំ​នឹង​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្គរ មាន​ភ្លៀង។ ដូច្នេះ អ្នក​នឹង​យល់​ឃើញ​នូវ​កំហុស​ដ៏​ធ្ងន់ ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដោយ​សុំ​ឲ្យ​មាន​ស្តេច​មួយ​អង្គ​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា»។
18 លោក​សាមូអែល​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្គរ មាន​ភ្លៀង។ ប្រជាជន​ទាំង​មូល​ស្ញែង​ខ្លាច​ព្រះ‌អម្ចាស់ និង​លោក​សាមូអែល​យ៉ាង​ខ្លាំង។ 19 ប្រជាជន​ទាំង​នោះ​ជម្រាប​លោក​សាមូអែល​ថា៖ «សូម​លោក​ជួយ​អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក ក្នុង​នាម​យើង​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​យើង​ខ្ញុំ​ត្រូវ​ស្លាប់ ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ ថែម​ពី​លើ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ ដោយ​ទាម‌ទារ​សុំ​ឲ្យ​មាន​ស្តេច»។ 20 លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ទាំង​នោះ​មែន ប៉ុន្តែ កុំ​ងាក​ចេញ​ពី​ព្រះ‌អម្ចាស់ គឺ​ត្រូវ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ឲ្យ​អស់​ពី​ចិត្ត។ 21 កុំ​ងាក​ចេញ​ពី​ព្រះ‌អង្គ​ទៅ​គោរព​ព្រះ​ក្លែង‌ក្លាយ​ឡើយ ព្រះ​ទាំង​នោះ​ពុំ​អាច​ផ្តល់​ផល​ប្រយោជន៍ ឬ​ជួយ​រំដោះ​អ្នក​រាល់​គ្នា​ទេ ព្រោះ​សុទ្ធ​តែ​ជា​ព្រះ​ឥត​បាន​ការ។ 22 ដោយ​យល់​ដល់​ព្រះ‌នាម​ដ៏​ខ្ពង់‌ខ្ពស់​របស់​ព្រះ‌អង្គ ព្រះ‌អម្ចាស់​មិន​បោះ​បង់​ចោល​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ទេ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។ 23 ម្យ៉ាង​ទៀត ចំពោះ​រូប​ខ្ញុំ​វិញ ដាច់​ខាត​ខ្ញុំ​មិន​ប្រព្រឹត្ត​អំពើ​បាប​ចំពោះ​ព្រះ‌អម្ចាស់ ដោយ​ឈប់​ទូល‌អង្វរ​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ! ខ្ញុំ​នឹង​ណែ‌នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​តាម​ផ្លូវ​ល្អ និង​ទៀង​ត្រង់។ 24 ចូរ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​បម្រើ​ព្រះ‌អង្គ​យ៉ាង​ស្មោះ​អស់​ពី​ដួង‌ចិត្ត។ ចូរ​ពិចារណា​មើល​កិច្ច‌ការ​ដ៏​ធំ‌ធេង ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ចំពោះ​អ្នក​រាល់​គ្នា! 25 ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​រួម​ជា​មួយ​ស្តេច​របស់​អ្នក​រាល់​គ្នា​មិន​ខាន»។