ជំពូក ១៣

រាជ្យ​របស់​ព្រះ‌បាទ​សាអ៊ូល

ព្រះ‌បាទ​សាអ៊ូល​ធ្វើ​សង្គ្រាម​នឹង​ពួក​ភីលីស្ទីន

1 ព្រះ‌បាទ​សាអ៊ូល​បាន​ឡើង​គ្រង​រាជ្យ​នៅ​ពេល​ស្តេច​មាន​ព្រះ‌ជន្មាយុ...វស្សា។ លុះ​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ពីរ​ឆ្នាំ​ហើយ 2 ព្រះ‌បាទ​សាអ៊ូល​ជ្រើស‌រើស​ទាហាន​ចំនួន​បី​ពាន់​នាក់ ពី​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រា‌អែល គឺ​ពីរ‌ពាន់​នាក់​ទុក​ឲ្យ​នៅ​ជា​មួយ​ស្តេច ត្រង់​ភូមិ​មីកម៉ាស់ និង​តំបន់​ភ្នំ​បេតអែល ហើយ​មួយ​ពាន់​នាក់​ទៀត​ឲ្យ​នៅ​ជា​មួយ​សម្តេច​យ៉ូណាថាន នៅ​ភូមិ​គីបា ក្នុង​ស្រុក​បេនយ៉ាមីន។ រីឯ​ប្រជាជន​ដែល​នៅ​សេស‌សល់ ព្រះ‌អង្គ​បញ្ជូន​ឲ្យ​វិល​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។ 3 ថ្ងៃ​មួយ សម្តេច​យ៉ូណាថាន​បាន​វាយ​ទី​តាំង​របស់​ជន​ជាតិ​ភីលីស្ទីន នៅ​ភូមិ​គីបា ហើយ​ជន​ជាតិ​ភីលីស្ទីន​ទទួល​ដំណឹង​នេះ។ ពេល​នោះ ព្រះ‌បាទ​សាអ៊ូល​ចាត់​គេ​ឲ្យ​ផ្លុំ​ស្នែង​នៅ​ក្នុង​ស្រុក​ទាំង​មូល ដោយ​ប្រកាស​ថា៖ «ជន​ជាតិ​ហេប្រឺ​អើយ ចូរ​នាំ​គ្នា​ស្ដាប់!»។ 4 ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​ទទួល​ដំណឹង​ថា ព្រះ‌បាទ​សាអ៊ូល​បាន​វាយ​ទី​តាំង​ទ័ព​របស់​ជន​ជាតិ​ភីលីស្ទីន ធ្វើ​ឲ្យ​ជន​ជាតិ​ភីលីស្ទីន​ខឹង​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង។ ប្រជាជន​ក៏​មក​ប្រមូល​ផ្តុំ​គ្នា​ជុំ‌វិញ​ព្រះ‌បាទ​សាអ៊ូល នៅ​គីលកាល់។ 5 ជន​ជាតិ​ភីលីស្ទីន​ប្រមូល​ទ័ព​ចេញ​មក​ច្បាំង​តទល់​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល។ ពួក​គេ​មាន​រទេះ​ចម្បាំង​ចំនួន​បី‌ម៉ឺន​គ្រឿង មាន​ទ័ព‌សេះ​ប្រាំ‌មួយ​ពាន់ និង​មាន​ពល‌ទាហាន​ច្រើន​កុះ‌ករ ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពួក​គេ​បាន​លើក​ទ័ព​មក​បោះ​ជំរំ​នៅ​មីកម៉ាស់ ខាង​កើត​បេត‌អាវេន។ 6 កាល​ប្រជាជន​អ៊ីស្រា‌អែល​ឃើញ​ថា​ខ្លួន​ស្ថិត​ក្នុង​ភាព​អាសន្ន ព្រោះ​ទ័ព​អ៊ីស្រា‌អែល​ត្រូវ​ខ្មាំង​ឡោម‌ព័ទ្ធ​ជិត​ដូច្នេះ ពួក​គេ​ក៏​នាំ​គ្នា​រត់​ទៅ​ពួន​នៅ​តាម​រអាង​ភ្នំ តាម​គុហា តាម​ក្រហែង​ថ្ម តាម​រូង​ភ្នំ និង​នៅ​តាម​ជ្រោះ។ 7 មាន​ជន​ជាតិ​ហេប្រឺ​ខ្លះ​ឆ្លង​ទន្លេ​យ័រដាន់​រត់​ទៅ​ស្រុក​កាដ និង​ស្រុក​កាឡាដ។ រីឯ​ព្រះ‌បាទ​សាអ៊ូល​វិញ ព្រះ‌អង្គ​គង់​នៅ​គីលកាល់​នៅ​ឡើយ ហើយ​កង‌ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ស្តេច ញ័រ​រន្ធត់​យ៉ាង​ខ្លាំង។ 8 ព្រះ‌បាទ​សាអ៊ូល​រង់‌ចាំ​ជួប​លោក​សាមូអែល អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ តែ​មិន​ឃើញ​លោក​អញ្ជើញ​មក​គីលកាល់ ដូច​បាន​កំណត់​ទេ។ ពួក​ទាហាន​ក៏​នាំ​គ្នា​រត់​គេច​ខ្លួន ចេញ​ឆ្ងាយ​ពី​ស្តេច។
9 ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​យក​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព មក​ឲ្យ​ខ្ញុំ»។ ស្តេច​ក៏​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នោះ​ទៅ។ 10 នៅ​ពេល​ស្តេច​ថ្វាយ​តង្វាយ​ដុត​រួច​ស្រេច​ហើយ លោក​សាមូអែល​អញ្ជើញ​មក​ដល់។ ព្រះ‌បាទ​សាអ៊ូល​ក៏​យាង​ទៅ​ទទួល និង​ជម្រាប​សួរ​លោក។ 11 លោក​សាមូអែល​មាន​ប្រសាសន៍​ថា៖ «តើ​ព្រះ‌ករុណា​ធ្វើ​អ្វី​ហ្នឹង?»។ ព្រះ‌បាទ​សាអ៊ូល​ឆ្លើយ​ថា៖ «កាល​ខ្ញុំ​ឃើញ​ពល‌ទាហាន​រត់​គេច​ខ្លួន​ចេញ​ឆ្ងាយ​ពី​ខ្ញុំ រីឯ​លោក​សោត​ក៏​ពុំ​ឃើញ​អញ្ជើញ​មក​ដូច​កំណត់។ ខ្ញុំ​ឃើញ​ពួក​ភីលីស្ទីន​ប្រមូល​ផ្តុំ​គ្នា​នៅ​មីកម៉ាស់ 12 នោះ​ខ្ញុំ​គិត​ថា “ពួក​ភីលីស្ទីន​នឹង​ចុះ​មក​វាយ​ខ្ញុំ​នៅ​គីលកាល់​ជា​មិន​ខាន តែ​ខ្ញុំ​មិន​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់”។ ដូច្នេះ ខ្ញុំ​ក៏​បង្ខំ​ចិត្ត​ថ្វាយ​តង្វាយ​ដុត​នេះ​ទៅ»។ 13 លោក​សាមូអែល​ទូល​ព្រះ‌បាទ​សាអ៊ូល​ថា៖ «ព្រះ‌ករុណា​បាន​ប្រព្រឹត្ត ដោយ​ឥត​ពិចារណា! គឺ​ព្រះ‌ករុណា​មិន​ធ្វើ​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា បាន​បង្គាប់​មក​ទេ។ បើ​ព្រះ‌ករុណា​ធ្វើ​តាម​នោះ ម៉្លេះ​សម​ព្រះ‌អម្ចាស់​ពង្រឹង​រាជ្យ​របស់​ព្រះ‌ករុណា ឲ្យ​នៅ​ស្ថិត‌ស្ថេរ​លើ​ជន​ជាតិ​អ៊ីស្រា‌អែល​មិន​ខាន។ 14 ឥឡូវ​នេះ រាជ្យ​របស់​ព្រះ‌ករុណា​មិន​អាច​គង់‌វង្ស​ឡើយ ព្រះ‌អម្ចាស់​ស្វែង​រក​មនុស្ស​ម្នាក់​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ រួច​តែង‌តាំង​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ព្រោះ​ព្រះ‌ករុណា​មិន​បាន​ធ្វើ​តាម​បញ្ជា ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​ទេ»។ 15 លោក​សាមូអែល​ចាក​ចេញ​ពី​គីលកាល់​ឆ្ពោះ​ទៅ​ភូមិ​គីបា ក្នុង​ស្រុក​បេនយ៉ាមីន។ ព្រះ‌បាទ​សាអ៊ូល​រាប់​ចំនួន​ទាហាន​ដែល​នៅ​ជា​មួយ ឃើញ​ថា​មាន​ប្រហែល​ប្រាំ‌មួយ‌រយ​នាក់។ 16 ព្រះ‌បាទ​សាអ៊ូល និង​សម្តេច​យ៉ូណាថាន ជា​បុត្រា ព្រម​ទាំង​ទាហាន​ដែល​នៅ​ជា​មួយ បោះ​ទ័ព​នៅ​ភូមិ​គីបា ក្នុង​ស្រុក​បេនយ៉ាមីន រីឯ​ពួក​ភីលីស្ទីន​បោះ​ទ័ព​នៅ​មីកម៉ាស់។ 17 ពេល​នោះ មាន​កង‌ទ័ព​ស្រួច​បី​ក្រុម​ចេញ​ពី​ជំរំ​ភីលីស្ទីន ក្រុម​ទី​មួយ​សំដៅ​ទៅ​ក្រុង​អូប្រា នៅ​ស្រុក​ស៊ូអាល 18 ក្រុម​ទី​ពីរ​ទៅ​តាម​ផ្លូវ​ក្រុង​បេតហូរ៉ូន និង​ក្រុម​ទី​បី​ទៅ​តាម​ផ្លូវ​ព្រំ‌ប្រទល់ ដែល​ចុះ​ទៅ​ច្រក​ភ្នំ​សេបូអ៊ីម ប៉ែក​ខាង​វាល​រហោ‌ស្ថាន។ 19 នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល​គ្មាន​ជាង​ដែក​ទេ ដ្បិត​ជន​ជាតិ​ភីលីស្ទីន​បាន​បញ្ជា​ថា៖ «មិន​ត្រូវ​ឲ្យ​ពួក​ហេប្រឺ​ធ្វើ​ដាវ ឬ​លំពែង​ឡើយ»។ 20 ដូច្នេះ ជន​ជាតិ​អ៊ីស្រា‌អែល​គ្រប់ៗ​រូប​តែង‌តែ​ទៅ​រក​ជាង​ភីលីស្ទីន ដើម្បី​ច្រុង​ផាល​នង្គ័ល ចប ពូថៅ ឬ​ដឹង។ 21 តម្លៃ​ច្រុង​ផាល​នង្គ័ល និង​ចប គឺ​ពីរ​ស្លឹង ហើយ​តម្លៃ​សំលៀង​ពូថៅ និង​តម្រង់​រនាស់ គឺ​មួយ​ស្លឹង។ 22 ហេតុ​នេះ នៅ​ថ្ងៃ​ប្រយុទ្ធ ក្នុង​កង‌ទ័ព​អ៊ីស្រា‌អែល គ្មាន​នរណា​មាន​ដាវ ឬ​លំពែង​ទេ លើក‌លែង​តែ​ព្រះ‌បាទ​សាអ៊ូល និង​សម្តេច​យ៉ូណាថាន ជា​បុត្រ​ប៉ុណ្ណោះ​ដែល​មាន​អាវុធ។ 23 ជន​ជាតិ​ភីលីស្ទីន​បញ្ជូន​ទាហាន​មួយ​ក្រុម​ឲ្យ​ទៅ​ត្រៀម​នៅ​ច្រក​មីកម៉ាស់។