ជំពូក ៣

ព្រះ‌អម្ចាស់​ត្រាស់​ហៅ​កុមារ​សាមូអែល

1 កុមារ​សាមូអែល​នៅ​បម្រើ​ព្រះ‌អម្ចាស់​ជា​មួយ​លោក​ហេលី។ នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​កម្រ​មាន​ព្រះ‌បន្ទូល​មក​កាន់​ប្រជាជន​អ៊ីស្រា‌អែល​ណាស់ ហើយ​ក៏​កម្រ​ឲ្យ​នរណា​ម្នាក់​និមិត្ត​ឃើញ​ការ​អស្ចារ្យ​មក​ពី​ព្រះ‌អង្គ​ដែរ។ 2 ពេល​នោះ ភ្នែក​របស់​លោក​ហេលី​ចាប់​ផ្តើម​ងងឹត មើល​អ្វី​សឹង​តែ​លែង​ឃើញ​ទៀត។ មាន​យប់​មួយ លោក​ហេលី​សម្រាន្ដ​នៅ​ក្នុង​បន្ទប់​របស់​លោក 3 រីឯ​ចង្កៀង​ដែល​គេ​ដុត​ក្នុង​ទី‌សក្ការៈ មិន​ទាន់​រលត់​នៅ​ឡើយ ហើយ​កុមារ​សាមូអែល​ដេក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ត្រង់​កន្លែង​តម្កល់​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌ជាម្ចាស់។ 4 ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាមូអែល កុមារ​សាមូអែល​ក៏​ឆ្លើយ «បាទ!» 5 ហើយ​រត់​ទៅ​រក​លោក​ហេលី ទាំង​ពោល​ថា៖ «បាទ! លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ លោក​ហេលី​ឆ្លើយ​ថា៖ «តា​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ!»។ កុមារ​សាមូអែល​ក៏​ត្រឡប់​ទៅ​ដេក​វិញ។ 6 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាមូអែល​ម្ដង​ទៀត សាមូអែល​ក្រោក​ឡើង រត់​ទៅ​រក​លោក​ហេលី ទាំង​ពោល​ថា៖ «បាទ!លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ លោក​ឆ្លើយ​ថា៖ «តា​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ កូន​អើយ!»។ 7 កុមារ​សាមូអែល​មិន​ទាន់​ស្គាល់​ព្រះ‌អម្ចាស់​ទេ ដ្បិត​មក​ទល់​ពេល​នោះ ព្រះ‌អង្គ​ពុំ​ធ្លាប់​មាន​ព្រះ‌បន្ទូល​មក​កាន់​គេ​នៅ​ឡើយ។ 8 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាមូអែល​ម្ដង​ទៀត ជា​លើក​ទី​បី។ កុមារ​សាមូអែល​ក៏​ក្រោក​ឡើង រត់​ទៅ​រក​លោក​ហេលី ទាំង​ពោល​ថា៖ «បាទ លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ ពេល​នោះ លោក​ហេលី​យល់​ថា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​ក្មេង​នេះ។ 9 លោក​ហេលី​ប្រាប់​សាមូអែល​ថា៖ «ទៅ​ដេក​វិញ​ចុះ ប្រសិន​បើ​មាន​ឮ​សំឡេង​ហៅ​ម្ដង​ទៀត ត្រូវ​ឆ្លើយ​ថា “បពិត្រ​ព្រះ‌អម្ចាស់ សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូល‌បង្គំ ជា​អ្នក​បម្រើ រង់‌ចាំ​ស្ដាប់​ហើយ”»។ កុមារ​សាមូអែល​ក៏​ត្រឡប់​ទៅ​ដេក​នៅ​កន្លែង​ដដែល​វិញ។ 10 ព្រះ‌អម្ចាស់​យាង​មក​ឈរ​នៅ​ក្បែរ​នោះ ហើយ​មាន​ព្រះ‌បន្ទូល​ហៅ​ដូច​លើក​មុនៗ​ថា៖ «សាមូអែល! សាមូអែល!» កុមារ​សាមូអែល​ឆ្លើយ​ថា៖ «សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូល‌បង្គំ ជា​អ្នក​បម្រើ រង់‌ចាំ​ស្ដាប់​ព្រះ‌អង្គ​ហើយ»។ 11 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​កុមារ​សាមូអែល​ថា៖ «មើល៍! យើង​នឹង​ធ្វើ​ឲ្យ​មាន​ហេតុ‌ការណ៍​មួយ​ដ៏​រន្ធត់ កើត​ឡើង​នៅ​ស្រុក​អ៊ីស្រា‌អែល។ នរណា​ក៏​ដោយ ឲ្យ​តែ​ឮ​គេ​និយាយ​អំពី​ហេតុ‌ការណ៍​នេះ ក៏​តក់‌ស្លុត​ដែរ។ 12 នៅ​ថ្ងៃ​នោះ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ហេលី​ស្រប​តាម​សេចក្ដី​ទាំង​អស់ ដែល​យើង​បាន​ព្រមាន​គ្រួសារ​គាត់ តាំង​ពី​ដើម ដល់​ចប់។ 13 យើង​បាន​ប្រាប់​គាត់​រួច​ហើយ​ថា យើង​នឹង​ដាក់​ទោស​គ្រួសារ​របស់​គាត់​រហូត​ត​ទៅ ព្រោះ​តែ​កំហុស​ដែល​កូនៗ​របស់​គាត់​បាន​ប្រព្រឹត្ត ហើយ​គាត់​ដឹង​យ៉ាង​ច្បាស់​ថា កូនៗ​របស់​គាត់​ប្រមាថ​មើល‌ងាយ​យើង តែ​គាត់​មិន​ស្តី​បន្ទោស​កូន​ទេ។ 14 ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រាប់​ក្រុម​គ្រួសារ​ហេលី​យ៉ាង​ម៉ឺង‌ម៉ាត់​ថា យើង​មិន​លើក‌លែង​ទោស​របស់​ពួក​គេ​ទេ ទោះ​បី​ពួក​គេ​យក​យញ្ញ‌បូជា ឬ​តង្វាយ​អ្វី​មក​ថ្វាយ​យើង​ក៏​ដោយ»។
15 កុមារ​សាមូអែល​ដេក​រហូត​ដល់​ព្រឹក រួច​ក៏​បើក​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ កុមារ​សាមូអែល​មិន​ហ៊ាន​ជម្រាប​លោក​ហេលី អំពី​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ ដែល​ព្រះ‌ជាម្ចាស់​សម្ដែង​ឲ្យ​ខ្លួន​ឃើញ​ឡើយ។ 16 លោក​ហេលី​ហៅ​កុមារ​សាមូអែល​ថា៖ «កូន​សាមូអែល​អើយ!»។ សាមូអែល​ឆ្លើយ «បាទ!»។ 17 លោក​សួរ​ថា៖ «តើ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កូន​ឯង​ដូច​ម្ដេច​ខ្លះ? កុំ​លាក់​នឹង​តា​អី ប្រសិន​បើ​កូន​លាក់​ពាក្យ‌ពេចន៍​ណា​មួយ​ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​នោះ សូម​ព្រះ‌អង្គ​ដាក់​ទោស​កូន​យ៉ាង​ធ្ងន់​ចុះ!»។ 18 កុមារ​សាមូអែល​ក៏​រៀប​រាប់​ព្រះ‌បន្ទូល​ទាំង​អស់​ប្រាប់​លោក​ហេលី ដោយ​ឥត​លាក់‌លៀម​ពាក្យ​ណា​មួយ​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់ សូម​ព្រះ‌អង្គ​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ចុះ!»។
19 សាមូអែល​មាន​វ័យ​ចម្រើន​ធំ​ឡើង ព្រះ‌អម្ចាស់គង់​ជា​មួយ​លោក ហើយ​គ្រប់​សេចក្ដី​ដែល​លោក​ថ្លែង​ក្នុង​ព្រះ‌នាម​របស់​ព្រះ‌អង្គ សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។ 20 ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ចាប់​តាំង​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរសេបា ប្រជាជន​គ្រប់ៗ​គ្នា​ទទួល​ស្គាល់​ថា លោក​សាមូអែល​ពិត​ជា​ព្យាការី​របស់​ព្រះ‌អម្ចាស់​មែន។ 21 ព្រះ‌អម្ចាស់​នៅ​តែ​បន្ត​យាង​មក​ស៊ីឡូ។ នៅ​ទី​នោះ ព្រះ‌អម្ចាស់​សម្ដែង​ឲ្យ​លោក​សាមូអែល​ស្គាល់ តាម‌រយៈ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។