Skip to content
- លោកយ៉ូបជាមនុស្សម្នាក់ដែលគោរពកោតខ្លាចព្រះជាម្ចាស់ ហើយក៏ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ពោរពេញដោយសុភមង្គលដែរ។ ប៉ុន្តែ មារសាតាំងចោទប្រកាន់ថា គាត់គោរពកោតខ្លាចព្រះជាម្ចាស់ដូច្នេះ ព្រោះតែព្រះអង្គប្រទានពរឲ្យគាត់។ ក្រោយមក គាត់បាត់បង់អ្វីៗទាំងអស់ដ៏ជាទីស្រឡាញ់ និងមានតម្លៃសម្រាប់គាត់ គឺកូនៗស្លាប់អស់ ទ្រព្យសម្បត្តិក៏ត្រូវវិនាសហិនហោចអស់ ហើយខ្លួនក៏មានជំងឺទៀត។ ក្នុងពេលរងទុក្ខលំបាកដូច្នេះ តើគាត់នៅតែគោរពកោតខ្លាចព្រះជាម្ចាស់តទៅទៀតឬ?
តើព្រះជាម្ចាស់ជានរណា? ប្រសិនបើព្រះអង្គជាព្រះដ៏សុចរិតមែន ហេតុអ្វីបានជាព្រះអង្គបណ្តោយឲ្យលោកយ៉ូបរងទុក្ខលំបាកបែបនេះ? មិត្តភក្ដិបីរូបរបស់លោកយ៉ូបចង់ពន្យល់ឲ្យលោកយ៉ូបទទួលស្គាល់ថា ទុក្ខវេទនាជាលទ្ធផលនៃកំហុសដែលគាត់បានប្រព្រឹត្ត។ ប៉ុន្តែ លោកយ៉ូបជំទាស់នឹងគំនិតរបស់មិត្តភក្ដិទាំងបីនាក់ គាត់ប្រកាន់ជំហរថា គាត់ពុំបានប្រព្រឹត្តអ្វីខុសឡើយ ហើយគាត់ចោទមិត្តភក្ដិរបស់គាត់ថា ពួកគេយល់ខុសអំពីព្រះជាម្ចាស់។ ពីចំពូក៣ដល់៣១ ដែលចងក្រងឡើងជាកំណាព្យ លាតត្រដាងនូវការជជែកវែកញែករបស់លោកយ៉ូប និងមិត្តភក្ដិរបស់លោក ម្នាក់ៗរកហេតុផលការពារគោលជំហររបស់ខ្លួន។
បន្ទាប់មក មានបុរសម្នាក់ទៀតឈ្មោះលោកអេលីហ៊ូ (ចំពូក៣២‑៣៧) បានប្រឡូកចូលមកក្នុងការជជែកវែកញែកនេះដែរ។ លោកអេលីហ៊ូអះអាងថា ព្រះជាម្ចាស់ធ្វើឲ្យមនុស្សរងទុក្ខវេទនា ដើម្បីព្រមានពួកគេ ហើយគ្មាននរណាម្នាក់អាចសួរថា ហេតុអ្វីបានជាព្រះអង្គធ្វើដូច្នេះឡើយ។
នៅទីបញ្ចប់ ព្រះជាម្ចាស់ផ្ទាល់បានធ្វើអន្តរាគមន៍ (៣៨.១‑៤២.៦) ក្នុងការជជែកវែកញែកនេះ។ ព្រះអង្គមិននាំចម្លើយមកទេ តែព្រះអង្គចោទសួរជាសំណួរ ដើម្បីឲ្យមានការរិះគិតទៅវិញ។ ពេលនោះ លោកយ៉ូបទទួលស្គាល់ថា លោកភ័ន្តច្រឡំ គឺលោកបាននិយាយពីព្រះជាម្ចាស់ដោយពុំដឹងច្បាស់ថា ព្រះអង្គមានលក្ខណៈបែបណា។
ចុងបញ្ចប់នៃគម្ពីរនេះ ព្រះជាម្ចាស់អះអាងថា លោកយ៉ូបបាននិយាយអំពីព្រះអង្គយ៉ាងត្រឹមត្រូវ។ នៅទីបំផុត ព្រះអង្គប្រទានឲ្យលោកយ៉ូបទទួលអ្វីៗដែលបាត់បង់មួយទ្វេជាពីរ។