ជំពូក ៧

លោក​តូប៊ី‌យ៉ា​រៀប​អាពាហ៍‌ពិពាហ៍

1 ពេល​លោក​តូប៊ី‌យ៉ា ចូល​ក្រុង​អែកបាតាន គាត់​មាន​ប្រសាសន៍​ថា៖ «បង​អសារី‌យ៉ា! សូម​នាំ​ប្អូន​ទៅ​ផ្ទះ​លោក​រ៉ាគូ‌អែល ជា​សាច់​ញាតិ​របស់​យើង​ភ្លាម​ទៅ!»។ ទេវទូត​នាំ​គាត់​ទៅ​ផ្ទះ​លោក​រ៉ាគូ‌អែល ឃើញ​លោក​អង្គុយ​នៅ​មាត់​ទ្វារ​ទី​ធ្លា ហើយ​ក៏​នាំ​គ្នា​ជម្រាប​សួរ​លោក។ លោក​ជម្រាប​សួរ​អ្នក​ទាំង​ពីរ​វិញ៖ «ជម្រាប​សួរ​ក្មួយ!»។ លោក​ក៏​នាំ​អ្នក​ទាំង​ពីរ​ចូល​ក្នុង​ផ្ទះ។ 2 គាត់​ប្រាប់​អ្នក​ស្រី​អេដ‌ណា​ជា​ភរិយា​ថា៖ «យុវជន​នេះ មុខ​ដូច​តូប៊ីត​បេះ​បិទ!»។ 3 អ្នក​ស្រី​អេដ‌ណា​សួរ​អ្នក​ទាំង​ពីរ​ថា៖ «តើ​ប្អូន​ទាំង​ពីរ​មក​ពី​ណា?»។ គេ​ឆ្លើយ​ថា៖ «យើង​ជា​កុល‌សម្ព័ន្ធ​ណែប‌ថាលី ដែល​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ក្រុង​នីនីវេ»។ 4 នាង​សួរ​ពួក​គេ​ថា «តើ​ប្អូន​ទាំង​ពីរ​មាន​ស្គាល់​លោក​បង​តូប៊ីត​ឬ​ទេ?»។ ពួក​គេ​តប​ថា៖ «បាទ​អ្នក​ស្រី! យើង​ស្គាល់» 5 នាង​សួរ​ថា៖ «តើ​គាត់​សុខ​សប្បាយ​ឬ​ទេ?»។ ពួក​គេ​ឆ្លើយ​ថា៖ «បាទ​អ្នក​ស្រី! គាត់​សុខ​សប្បាយ​ជា​ទេ! គាត់​នៅ​មាន​ជីវិត​នៅ​ឡើយ!»។ រួច​លោក​តូប៊ី‌យ៉ា​ពោល​ឡើង​ថា៖ «លោក​ឪពុក​របស់​ខ្ញុំ​ទេ​តើ!» 6 លោក​រ៉ាគូ‌អែល​ក្រោក​ឈរ​ឡើង ស្ទុះ​ទៅ​ឱប‌ថើប​តូប៊ី‌យ៉ា ហើយ​សម្រក់​ទឹក​ភ្នែក។ បន្ទាប់​មក លោក​ពោល​ថា៖ សូម​ព្រះ‌ជាម្ចាស់​ប្រទាន‌ពរ​ដល់​កូន! កូន​មាន​ឪពុក​ដ៏​ល្អ​ប្រសើរ! គួរ​ឲ្យ​ស្ដាយ​ណាស់ មនុស្ស​សុចរិត​ដូច​គាត់ ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ទាន​យ៉ាង​ច្រើន បែរ​ជា​ក្លាយ​ខ្លួន​ជា​មនុស្ស​ខ្វាក់​ដូច្នេះ ហើយ​គាត់​ឱប​តូប៊ី‌យ៉ា រួច​យំ។ 7 នាង​អេដ‌ណា​ជា​ភរិយា​ក៏​យំ​អាណិត​លោក​តូប៊ីត រីឯ​នាង​សារ៉ា​ជា​កូន​របស់​លោក​ក៏​យំ​ដែរ។ 8 ក្រោយ​មក លោក​រ៉ាគូ‌អែល​សម្លាប់​ចៀម​ឈ្មោល​មួយ ដើម្បី​ធ្វើ​ម្ហូប​ទទួល​អ្នក​ទាំង​ពីរ​យ៉ាង​រាក់​ទាក់។ 9 កាល​អ្នក​ទាំង​ពីរ​ងូត​ទឹក និង​ធ្វើ​ពិធី​ជម្រះ​កាយ​រួច ពួក​គេ​អង្គុយ​រួម​តុ​ជា​មួយ​គ្នា។ លោក​តូប៊ី‌យ៉ា​ប្រាប់​ទេវទូត​រ៉ាផា‌អែល​ថា៖ «បង​អសារី‌យ៉ា! សូម​ស្ដី​ដណ្ដឹង​នាង​សារ៉ា​ជា​សាច់​ញាតិ​ខ្ញុំ ពី​លោក​រ៉ាគូ‌អែល​មក!»។ 10 លោក​រ៉ាគូ‌អែល​ឮ​ពាក្យ​នេះ ហើយ​ប្រាប់​យុវជន​តូប៊ី‌យ៉ា​ថា៖ «អញ្ជើញ​ពិសា​សាច់ និង​ស្រា! ចូរ​សប្បាយ​ក្នុង​រាត្រី​នេះ ព្រោះ​មាន​តែ​ក្មួយ​ឯង​ទេ ដែល​អាច​រៀប​ការ​ជាមួយ​សារ៉ា​កូន​ស្រី​អ៊ំ​បាន! ក្រៅ​ពី​ក្មួយ គ្មាន​នរណា មាន​សិទ្ធិ​ដណ្ដឹង​នាង​បាន​ឡើយ! សូម្បី​តែ​អ៊ំ ក៏​អ៊ំ​គ្មាន​សិទ្ធិ​លើក​នាង​ឲ្យ​នរណា​ផ្សេង ក្រៅ​ពី​ក្មួយ​ដែរ ព្រោះ​ក្មួយ​ជា​សាច់​ញាតិ​ជិត​ជាង​គេ។ ប៉ុន្តែ អ៊ំ​ត្រូវ​តែ​ប្រាប់​ពី​សេចក្ដី​ពិត​សព្វ​គ្រប់​ឲ្យ​ក្មួយ​បាន​ដឹង។ 11 អ៊ំ​បាន​លើក​កូន​ស្រី​អ៊ំ​ឲ្យ​ទៅ​ជន​ជាតិ​អ៊ីស្រា‌អែល​ចំនួន​ប្រាំពីរ​នាក់​រួច​ទៅ​ហើយ ប៉ុន្តែ បុរស​ទាំង​នោះ​បាត់​បង់​ជីវិត នៅ​ពេល​យប់​ដែល​គេ​បម្រុង​នឹង​រួម​បវេណី​ជា​មួយ​នាង។ ឥឡូវ​នេះ ចូរ​ក្មួយ​បរិភោគ​សាច់ និង​ស្រា​ទាំង​នេះ​ទៅ! ព្រះ‌អម្ចាស់​មុខ​ជា​ជួយ​កូន​ទាំង​ពីរ​មិន​ខាន»។ 12 លោក​តូប៊ី‌យ៉ា​តប​ថា៖ «ក្មួយ​មិន​ព្រម​ទទួល​ទាន​សាច់ និង​ស្រា​នៅ​ទី​នេះ មុន​ពេល​លោក​អ៊ំ​សម្រេច​រឿង​នេះ​ឡើយ!»។ លោក​រ៉ាគូ‌អែល​មាន​ប្រសាសន៍​ថា៖ «យល់​ព្រម! អ៊ំ​នឹង សម្រេច។ នាង​ជា​ភរិយា​របស់​ក្មួយ ស្រប​តាម​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ គឺ​ព្រះ‌ជាម្ចាស់​បាន​សម្រេច​លើក​នាង​ឲ្យ​ក្មួយ។ ដូច្នេះ ចូរ​ក្មួយ​ទទួល​នាង​ធ្វើ​ជា​ភរិយា​ចុះ។ តាំង​ពី​ពេល​នេះ​តទៅ ក្មួយ​ជា​ស្វាមី​របស់​នាង ហើយ​នាង​ក៏​ជា​ភរិយា​របស់​ក្មួយ។ ព្រះ‌ជាម្ចាស់​ប្រទាន​នាង​ឲ្យ​ក្មួយ​ចាប់​តាំង​ពី​ពេល​នេះ​រហូត​ត​រៀង​ទៅ។ ព្រះ‌ជាម្ចាស់​នៃ​ស្ថាន‌បរម​សុខ នឹង​ប្រោស​ឲ្យ​កូន​ទាំង​ពីរ​បាន​សុខ​ស្រួល ក្នុង​យប់​នេះ សូម​ព្រះ‌អង្គ​អាណិត‌មេត្តា និង​ប្រទាន​សេចក្ដី​សុខ​សាន្ត ដល់​កូន​ទាំង​ពីរ»។ 13 លោក​រ៉ាគូ‌អែល​ហៅ​នាង​សារ៉ា ជា​កូន​មក។ កាល​នាង​មក​ដល់ លោក​រ៉ាគូ‌អែល​ចាប់​ដៃ​កូន​ស្រី នាំ​ទៅ​រក​លោក​តូប៊ី‌យ៉ា ទាំង​ពោល​ថា៖ «ចូរ​ក្មួយ​ទទួល​នាង​ធ្វើ​ជា​ភរិយា ដើម្បី​ឲ្យ​ស្រប​តាម​ធម្ម‌វិន័យ និង​ស្រប​តាម​សេចក្ដី​សម្រេច ដែល​ចែង​ទុក​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ​ចុះ។ ចូរ​ទទួល​នាង ហើយ​នាំ​យក​នាង​ទៅ​ផ្ទះ​ឪពុក​របស់​ក្មួយ​ឲ្យ​បាន​សេចក្ដី​សុខ​សាន្ត​ចុះ។ សូម​ព្រះ​នៃ​ស្ថាន‌បរម​សុខ ដឹក‌នាំ​កូន​ទាំង​ពីរ ឲ្យ​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត»។ 14 បន្ទាប់​មក លោក​ហៅ​ម្ដាយ​របស់​នាង​សារ៉ា ហើយ​ឲ្យ​យក​ក្រដាស និង​ស្លាប​ប៉ាកា​មក​សរសេរ។ គាត់​ធ្វើ​លិខិត​ចុះ​កិច្ច‌សន្យា​អាពាហ៍‌ពិពាហ៍ ដើម្បី​បញ្ជាក់​ថា គាត់​ពិត​ជា​លើក​កូន​ស្រី​របស់​គាត់ ឈ្មោះ​នាង​សារ៉ា ឲ្យ​ធ្វើ​ជា​ភរិយា​របស់​លោក​តូប៊ី‌យ៉ា ស្រប​តាម​ក្រឹត្យ​ដែល​មាន​ចែង​ក្នុង​វិន័យ​របស់​លោក​ម៉ូសេ ចាប់​ពី​ពេល​នេះ​តទៅ។ បន្ទាប់​មក ទើប​ពួក​គេ​ចាប់​ផ្ដើម​បរិភោគ​អាហារ និង​ស្រា។

យប់​ផ្សំ​ដំណេក

15 លោក​រ៉ាគូ‌អែល​ហៅ​នាង​អេដ‌ណា​ជា​ភរិយា​មក ហើយ​ប្រាប់​ថា៖ «ចូរ​រៀប​ចំ​បន្ទប់​មួយ​ទៀត ហើយ​នាំ​សារ៉ា​កូន​របស់​យើង ចូល​ក្នុង​បន្ទប់​នោះ​ទៅ!»។ 16 នាង​អេដ‌ណា​ទៅ​រៀប​ចំ​គ្រែ​ក្នុង​បន្ទប់ តាម​បង្គាប់​របស់​ប្ដី។ គាត់​នាំ​កូន​ស្រី​ទៅ ហើយ​យំ​អាណិត​នាង រួច​គាត់​ជូត​ទឹក​ភ្នែក ពោល​ទៅ​កូន​ស្រី​ថា៖ 17 «កូន​ស្រី​អើយ! ចូរ​ក្លាហាន​ឡើង​ណា​កូន! សូម​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌បរម​សុខ ប្រែ​ទុក្ខ​ព្រួយ​របស់​កូន​ទៅ​ជា​អំណរ​សប្បាយ! ចូរ​ក្លាហាន​ឡើង​ណា​កូន​ស្រី​អើយ!»។ បន្ទាប់​មក គាត់​ក៏​ដើរ​ចេញ​ទៅ។