ជំពូក ៤
ពាក្យបណ្ដាំរបស់លោកតូប៊ីត
1 នៅថ្ងៃនោះ លោកតូប៊ីតនឹកឃើញដល់ប្រាក់ដែលគាត់បានផ្ញើទុក នឹងលោកកាបាអែល ក្នុងក្រុងរ៉ាកែស នៅស្រុកម៉ែដ។ 2 គាត់គិតថា «ខ្ញុំសូមព្រះជាម្ចាស់ដកជីវិតខ្ញុំរួចហើយ មុនពេលខ្ញុំបាត់បង់ជីវិត ខ្ញុំគួរហៅកូនខ្ញុំមកប្រាប់ឲ្យដឹងពីប្រាក់នោះ»។ 3 គាត់ហៅតូប៊ីយ៉ា ជាកូនមក ហើយប្រាប់ថា៖ «កូនប្រុសអើយ! នៅពេលពុកចែកស្ថានទៅ ចូរកូនយកសពពុកទៅបញ្ចុះ ឲ្យបានសមរម្យផង! ចូរគោរពម្ដាយកូន! ចូរថែរក្សាម្ដាយអស់មួយជីវិតរបស់គាត់ កុំបោះបង់ចោលគាត់ឡើយ! ចូរខិតខំធ្វើអ្វីដែលនាំឲ្យគាត់សប្បាយចិត្ត! កុំធ្វើអ្វីដែលបណ្ដាលឲ្យម្ដាយព្រួយចិត្ត 4 កូនអើយ! សូមនឹកថាម្ដាយបានទ្រាំនូវទុក្ខលំបាក ពេលដែលកូននៅក្នុងផ្ទៃរបស់គាត់។ ពេលម្ដាយបាត់បង់ជីវិត ចូរយកសពរបស់គាត់ ទៅបញ្ចុះក្នុងផ្នូរជាមួយពុក។ 5 កូនអើយ! ចូរកូននឹកដល់ព្រះអម្ចាស់អស់មួយជីវិតរបស់កូន កុំបណ្ដោយខ្លួនឲ្យប្រព្រឹត្តអំពើបាប ឬបំពានវិន័យរបស់ព្រះអង្គឡើយ! ចូរប្រព្រឹត្តអំពើសុចរិតជារៀងរាល់ថ្ងៃ អស់មួយជីវិតរបស់កូន។ កុំប្រព្រឹត្តអំពើទុច្ចរិតឡើយ 6 ដ្បិតអ្នកដែលប្រព្រឹត្តអំពើសុចរិត តែងបានចម្រុងចម្រើនឡើង ក្នុងគ្រប់កិច្ចការរបស់ខ្លួន 7 ចូរយកសម្បត្តិរបស់ខ្លួន ដាក់ទានដល់អ្នក ដែលប្រព្រឹត្ត តាមសេចក្ដីសុចរិត។ ពេលកូនដាក់ទាន ចូរកុំនឹកស្ដាយឲ្យសោះ! ចូរកូនកុំងាកចេញពីជនក្រីក្រ នោះព្រះជាម្ចាស់ក៏មិនបែរព្រះភ័ក្រ្តចេញពីកូនដែរ។ 8 ចូរដាក់ទានតាមលទ្ធភាព និងតាមទ្រព្យសម្បត្តិរបស់កូន។ ប្រសិនបើកូនមានសម្បត្តិតិច ចូរកុំខ្លាចយកអ្វីៗដ៏តិចតួចនោះទៅចែកទានដល់គេឡើយ។ 9 ធ្វើដូច្នេះ កូននឹងសន្សំសម្បត្តិដ៏ប្រសើរថ្លៃថ្លា សម្រាប់ថ្ងៃដែលកូនមានទុក្ខវេទនា 10 ព្រោះទាន តែងតែរំដោះមិនឲ្យស្លាប់ ហើយមិនឲ្យធ្លាក់ទៅក្នុងទីងងឹត 11 អស់អ្នកដែលធ្វើទានដល់អ្នកក្រីក្រ ហាក់ដូចជាបានថ្វាយតង្វាយដ៏ប្រសើរចំពោះព្រះដ៏ខ្ពង់ខ្ពស់បំផុត។ 12 កូនអើយ! ចូរកុំរៀបអាពាហ៍ពិពាហ៍ខុសធម្មវិន័យ! ជាបឋម ចូរកូនដណ្ដឹងកូនស្រីក្នុងពូជពង្សដូនតារបស់យើង។ កុំយកប្រពន្ធជាសាសន៍ដទៃឡើយ គឺប្រពន្ធដែលមិនជាប់នឹងកុលសម្ព័ន្ធរបស់យើង ព្រោះយើងជាកូនចៅរបស់អស់លោកព្យាការី។ ចូរកូននឹកគិតដល់លោកណូអេ លោកអប្រាហាំ លោកអ៊ីសាក លោកយ៉ាកុបជាបុព្វបុរសរបស់យើង។ តាំងពីបុរាណកាលមក បុព្វបុរសបានយកភរិយាក្នុងចំណោមសាច់ញាតិរបស់គាត់។ ដូច្នេះ ព្រះជាម្ចាស់បានប្រទានឲ្យអស់លោកមានកូនចៅ និងកាន់កាប់ទឹកដីទុកជាមត៌កផង។ 13 កូនអើយ! ចូរស្រឡាញ់បងប្អូនសាច់ញាតិឲ្យខ្លាំងជាងគេ! កុំវាយឫកដាក់បងប្អូន កូនប្រុស កូនស្រី ដែលជាជនរួមឈាមរបស់កូន រហូតដល់មិនយកភរិយា ក្នុងចំណោមជនជាតិរបស់ខ្លួន។ អ្នកវាយឫកខ្ពស់ មុខជាត្រូវអន្តរាយ ហើយត្រូវខកចិត្ត រីឯអ្នកខ្ជិល រមែងក្រតោកយ៉ាកបំផុត ដ្បិតការខ្ជិលជាប្រភពនៃការអត់ឃ្លាន។ 14 កុំទុកប្រាក់ឈ្នួលរបស់កម្មកររហូតដល់ថ្ងៃស្អែកឡើយ គឺត្រូវបើកឈ្នួលឲ្យគេភ្លាម។ ប្រសិនបើកូនបម្រើព្រះជាម្ចាស់ ព្រះអង្គមុខជាសងឲ្យកូនវិញពុំខាន។ ចូរប្រយ័ត្នក្នុងគ្រប់កិច្ចការដែលកូនប្រព្រឹត្ត ហើយកាន់កិរិយាមារយាទ ជាអ្នកទទួលការអប់រំល្អ។ 15 អ្វីៗដែលកូនមិនចូលចិត្ត ចូរកូនកុំធ្វើការនោះលើអ្នកដទៃឲ្យសោះ!។ 16 ចូរចែកអាហាររបស់កូន ដល់អ្នកដែលឃ្លាន និងចែកសម្លៀកបំពាក់ដល់អ្នកដែលគ្មានផង។ ចូរយកអ្វីៗដែលលើសពីសេចក្ដីត្រូវការរបស់កូនទៅចែកទានឲ្យអ្នកក្រីក្រ។ ពេលណាកូនធ្វើទាន ចូរកុំនឹកស្ដាយក្រោយឲ្យសោះ! 17 ចូរយកអាហារ ទៅឲ្យអ្នកកំពុងយំកាន់ទុក្ខមនុស្សសុចរិតស្លាប់ ប៉ុន្តែ កុំយកអាហារ ទៅឲ្យមនុស្សទុច្ចរិតស្លាប់ឡើយ! 18 ចូរសួរយោបល់ពីអ្នកប្រាជ្ញ ហើយកុំមើលងាយអ្នកដែលផ្តល់យោបល់ល្អ។ 19 ចូរលើកតម្កើងព្រះជាម្ចាស់ជាព្រះរបស់អ្នកគ្រប់កាលៈទេសៈ ចូរទូលអង្វរព្រះអង្គឲ្យតម្រង់ផ្លូវកូន និងប្រោសឲ្យកូនបានសម្រេចគ្រប់កិច្ចការ គ្រប់គម្រោងការរបស់កូន។ គ្មានប្រជាជនណាមានប្រាជ្ញាដឹងខុសត្រូវឡើយ គឺមានតែព្រះជាម្ចាស់មួយព្រះអង្គ ប៉ុណ្ណោះដែលប្រោសប្រទានអ្វីៗដ៏ល្អ ព្រះអង្គមានបំណងចង់បន្ទាបនរណា ក៏ព្រះអង្គបន្ទាបគេរហូតដល់ស្លាប់ដែរ។ ឥឡូវនេះ ចូរកូនចងចាំពាក្យបណ្ដាំទាំងនេះនៅក្នុងចិត្តកុំភ្លេចឲ្យសោះ។ 20 ពុកសូមប្រាប់កូនថា ពុកផ្ញើប្រាក់ចំនួនបីរយគីឡូ នឹងលោកកាបាអែល ជាកូនលោកកាព្រី នៅក្រុងរ៉ាកែស ក្នុងស្រុកម៉ែដ។ 21 កូនអើយ ចូរកុំខ្លាច! ប្រសិនបើយើងធ្លាក់ខ្លួនក្រ។ ប្រសិនបើកូនចៀសវាងអំពើបាបគ្រប់បែបយ៉ាង និងប្រព្រឹត្តការដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ជាព្រះរបស់កូន!។ កូននឹងមានសម្បត្តិដ៏ស្ដុកស្ដម្ភ បើកូនគោរពកោតខ្លាចព្រះជាម្ចាស់»។