ជំពូក ៨

1 ពេល​បរិភោគ​អាហារ និង​ស្រា​រួច​ហើយ គេ​ក៏​ចង់​ទៅ​សម្រាក។ គេ​នាំ​យុវជន​តូប៊ី‌យ៉ា​ចូល​ក្នុង​បន្ទប់។ 2 ពេល​នោះ​លោក​តូប៊ី‌យ៉ា​នឹក​ឃើញ​ដល់​ពាក្យ​របស់​ទេវទូត​រ៉ាផា‌អែល គាត់​ក៏​យក​ថ្លើម និង​បេះ​ដូង​ត្រី ចេញ​ពី​ថង់​មក​ដាក់​លើ​រងើក​ភ្លើង ក្នុង​ចាន​សម្រាប់​ដុត​គ្រឿង​ក្រអូប។ 3 ក្លិន​ត្រី​ឃាត់​អារក្ខ​មិន​ឲ្យ​ចូល ហើយ​វា​ក៏​រត់​ចេញ​តាម​អាកាស​វេហាស៍ រហូត​ដល់​ស្រុក​អេស៊ីប។ ទេវទូត​រ៉ាផា‌អែល​ដេញ​តាម​ទៅ​ដល់​ស្រុក​នោះ​ដែរ បង្ក្រាប​វា ហើយ​ចាប់​ចង​វា​ភ្លាម។ 4 បន្ទាប់​មក គេ​ទុក​លោក​តូប៊ី‌យ៉ា​នៅ​ក្នុង​បន្ទប់ គេ​ក៏​នាំ​គ្នា​ចេញ ហើយ​បិទ​ទ្វារ។ លោក​តូប៊ី‌យ៉ា​ចុះ​ពី​គ្រែ ហើយ​ពោល​ទៅ​កាន់​នាង​សារ៉ា​ថា៖ «ចូរ​ក្រោក​ឡើង​អូន​អើយ! យើង​នាំ​គ្នា​អធិដ្ឋាន ទូល​អង្វរ​ព្រះ‌អម្ចាស់​នៃ​យើង សូម​ព្រះ‌អង្គ​អាណិត​មេត្តា និង​សង្គ្រោះ​យើង​ផង!»។ 5 នាង​ក្រោក​ឡើង ហើយ​អ្នក​ទាំង​ពីរ​នាំ​គ្នា​អធិដ្ឋាន​ទូល​អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះ‌អង្គ​សង្គ្រោះ​ពួក​គេ។ លោក​តូប៊ី‌យ៉ា​ទូល​អង្វរ​ថា៖ «បពិត្រ​ព្រះ‌ជាម្ចាស់​នៃ​បុព្វ‌បុរស​របស់​យើង​ខ្ញុំ! យើង​ខ្ញុំ​សូម​លើក​តម្កើង​ព្រះ‌អង្គ! សូម​ឲ្យ​មនុស្ស​គ្រប់​ជំនាន់ ក្រោយៗ​ទៀត នាំ​គ្នា​លើក​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អង្គ​ជា​ដរាប​ត​រៀង​ទៅ។ សូម​ឲ្យ​ផ្ទៃ​មេឃ និង​អ្វីៗ​សព្វ​សារ​ពើ​នៅ​លើ​ផែន​ដី​នេះ នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ! 6 ព្រះ‌អង្គ​បាន​បង្កើត​លោក​អដាំ ហើយ​ព្រះ‌អង្គ​ក៏​បាន​បង្កើត​នាង​អេវ៉ា​ជា​ភរិយា​ឲ្យ​ជួយ និង​បាន​ជា​គ្នា គឺ​អ្នក​ទាំង​ពីរ​នេះ​ហើយ ដែល​ផ្ដល់​កំណើត​ឲ្យ​មនុស្ស​ជាតិ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ បើ​មនុស្ស​ប្រុស​នៅ​តែ​ឯង​ដូច្នេះ មិន​ស្រួល​ទេ! យើង​នឹង​បង្កើត​ម្នាក់​ទៀត​ឲ្យ​ជួយ និង​បាន​ជា​គ្នា។ 7 បពិត្រ​ព្រះ‌អម្ចាស់ ឥឡូវ​នេះ ខ្ញុំ​រៀប​ការ​ជា​មួយ​នាង​មិន‌មែន​មាន​បំណង​បំពេញ​តណ្ហា​ទេ គឺ​ដើម្បី​ឲ្យ​ស្រប​តាម​ធម្ម‌វិន័យ! ហេតុ​នេះ សូម​ព្រះ‌អង្គ​ព្រះ‌មេត្តា​អាណិត‌អាសូរ​ដល់​យើង​ខ្ញុំ​ទាំង​ពីរ​នាក់! សូម​ឲ្យ​យើង​ខ្ញុំ​ទាំង​ពីរ​នាក់​នេះ បាន​រស់​នៅ​ជា​មួយ​គ្នា រហូត​ដល់​ចាស់​ជរា​រៀងៗ​ខ្លួន​ផង!»។ 8 បន្ទាប់​មក អ្នក​ទាំង​ពីរ​ឆ្លើយ​ព្រម​គ្នា​ថា៖ «អាម៉ែន! អាម៉ែន!» 9 ហើយ​ក៏​រួម​ដំណេក​ជា​មួយ​គ្នា នៅ​យប់​នោះ​ទៅ។ 10 រីឯ លោក​រ៉ាគូ‌អែល​ក្រោក​ឡើង ហើយ​ប្រមូល​អ្នក​បម្រើ​របស់​គាត់ ដើម្បី​ទៅ​ជីក​រណ្ដៅ ដ្បិត​លោក​រ៉ាគូ‌អែល​នឹក​ថា៖ «ប្រសិន​បើ​ក្មួយ​របស់​យើង​ស្លាប់ គេ​មុខ​ជា​សើច​ចំអក និង​ជេរ​ប្រមាថ​យើង​មិន​ខាន!»។ 11 កាល​ពួក​អ្នក​បម្រើ​ជីក​រណ្ដៅ​រួច លោក​រ៉ាគូ‌អែល​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ហៅ​ភរិយា 12 មក​ប្រាប់​ថា៖ «ចូរ​ចាត់​អ្នក​បម្រើ​ស្រី​ម្នាក់​ទៅ​បន្ទប់​នេះ​មើល តើ​តូប៊ី‌យ៉ា​នៅ​មាន​ជីវិត ឬ​យ៉ាង​ណា? ប្រសិន​បើ​តូប៊ី‌យ៉ា​ស្លាប់​មែន យើង​អាច​យក​សព​របស់​គេ​ទៅ​កប់​ទាំង​យប់ កុំ​ឲ្យ​នរណា​ម្នាក់​ដឹង​ឡើយ»។ 13 លោក​ទាំង​ពីរ​ហៅ​ស្រី​បម្រើ​ម្នាក់​មក​អុជ​ចង្កៀង ហើយ​បើក​ទ្វារ​បន្ទប់។ ស្រី​នោះ​ចូល​ទៅ ឃើញ​អ្នក​ទាំង​ពីរ​កំពុង​តែ​ដេក​លង់‌លក់​ជា​មួយ​គ្នា។ 14 នាង​ចេញ​ទៅ​ជម្រាប​ថា៖ «គាត់​នៅ​មាន​ជីវិត! អ្វីៗ​ទាំង​អស់​ក៏​ស្រួល​បួល​ដែរ!»។ 15 ពេល​នោះ គេ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន‌បរម​សុខ​ដោយ​ពោល​ថា៖ «បពិត្រ​ព្រះ‌ជាម្ចាស់! សូម​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ​ទាំង​អស់ លើក​តម្កើង​ព្រះ‌អង្គ អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ! 16 សូម​លើក​តម្កើង​ព្រះ‌អង្គ ដែល​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​បាន​ពោរ​ពេញ​ដោយ​អំណរ​បរិបូណ៌! ដ្បិត​គ្មាន​រឿង​អ្វី​កើត​ឡើង​ដូច​ខ្ញុំ​នឹក​ស្មាន​នោះ​ឡើយ។ ប៉ុន្តែ ព្រះ‌អង្គ​បាន​ប្រោស​យើង​ខ្ញុំ ស្រប​តាម​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​លើស​លប់​របស់​ព្រះ‌អង្គ។ 17 សូម​លើក​តម្កើង​ព្រះ‌អង្គ ដែល​អាណិត​មេត្តា​ដល់​កូន​ទោល​ទាំង​ពីរ​នាក់​របស់​យើង​ខ្ញុំ​នេះ។ បពិត្រ​ព្រះ‌ជាម្ចាស់! សូម​ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា សង្គ្រោះ​កូន​ទាំង​ពីរ​នាក់​នេះ! និង​សូម​ព្រះ‌អង្គ​ប្រណី​សន្ដោស​ដល់​គេ ឲ្យ​មាន​អំណរ​សប្បាយ​ផង» 18 លោក​រ៉ាគូ‌អែល បង្គាប់​ពួក​អ្នក​បម្រើ​ឲ្យ​លុប​រណ្ដៅ​មុន​ពេល​ថ្ងៃ​រះ។

ពិធី​ជប់​លៀង​ក្នុង​ពេល​រៀប​អាពាហ៍‌ពិពាហ៍

19 លោក​រ៉ាគូ‌អែល​ប្រាប់​ភរិយា ឲ្យ​រៀបចំ​អាហារ​យ៉ាង​បរិបូណ៌ រួច​គាត់​ដើរ​សំដៅ​ទៅ​ហ្វូង​សត្វ ហើយ​ចាប់​គោ​ពីរ​ក្បាល និង​ចៀម​ឈ្មោល​បួន​ក្បាល ឲ្យ​គេ​កាប់​យក​សាច់​ធ្វើ​ម្ហូប។ ពួក​គេ​រៀប​ចំ​ពិធី​មង្គល‌ការ។ 20 លោក​រ៉ាគូ‌អែល​ហៅ​លោក​តូប៊ី‌យ៉ា ហើយ​ប្រកាស​ថា៖ «ក្នុង​អំឡុង​ពេល​ដប់​បួន​ថ្ងៃ​កូន​មិន​ត្រូវ​ចេញ​ពី​នេះ​ទេ! ត្រូវ​បរិភោគ​អាហារ និង​ស្រា​នៅ​ផ្ទះ​អ៊ំ ហើយ​ធ្វើ​ឲ្យ​កូន​ស្រី​អ៊ំ មាន​អំណរ​សប្បាយ​ឡើង​វិញ ព្រោះ​នាង​មាន​ទុក្ខ​ព្រួយ​នៅ​ឡើយ។ 21 ចាប់​ពី​ពេល​នេះ​ទៅ​អ៊ំ​ចែក​ទ្រព្យ‌សម្បត្តិ​របស់​អ៊ំ ចំនួន​ពាក់​កណ្ដាល​ឲ្យ​កូន ហើយ​កូន​ត្រឡប់​ទៅ​ជួប​ឪពុក​របស់​កូន​វិញ ដោយ​សុខ‌សាន្ត​ចុះ! ពេល​អ៊ំ និង​អ៊ំ​ស្រី​ចែក​ស្ថាន​ទៅ ទ្រព្យ‌សម្បត្តិ​ចំនួន​ពាក់​កណ្ដាល​ទៀត ដែល​នៅ​ក្នុង​ផ្ទះ​នេះ នឹង​ទៅ​ជា​កម្ម‌សិទ្ធិ​របស់​កូន​ទាំង​ពីរ​ដែរ។ កូន​អើយ! ចូរ​ក្លាហាន​ឡើង! អ៊ំ​ជា​ឪពុក​របស់​កូន ហើយ​នាង​អេដ‌ណា ក៏​ជា​ម្ដាយ​របស់​កូន​ដែរ។ តាំង​ពី​ពេល​នេះ​ទៅ យើង​ជាប់​ចិត្ត​នឹង​កូន​ទាំង​ពីរ​ជា​រៀង​រហូត! ចូរ​ក្លាហាន​ឡើង​កូន​អើយ!»។