ជំពូក ៥

លោក​តូប៊ី‌យ៉ា​រៀបចំ​ធ្វើ​ដំណើរ

1 ពេល​នោះ តូប៊ី‌យ៉ា​ឆ្លើយ​តប​នឹង​លោក​តូប៊ីត​ជា​ឪពុក​ថា៖ «បាទ​លោក​ឪពុក! កូន​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់ តាម​បណ្ដាំ​របស់​លោក​ឪពុក! 2 ប៉ុន្តែ តើ​កូន​នឹង​យក​ប្រាក់​ទាំង​នេះ​ពី​គេ​ដូច​ម្ដេច បើ​កូន​មិន​ស្គាល់​គេ​ផង ហើយ​គេ​ក៏​មិន​ស្គាល់​កូន​ដែរ!។ តើ​កូន​មាន​អ្វី​អាច​ឲ្យ​គេ​ស្គាល់ និង​ទុក​ចិត្ត​កូន ដើម្បី​ឲ្យ​គេ​ប្រគល់​ប្រាក់​នេះ មក​ឲ្យ​កូន? ម្យ៉ាង​ទៀត កូន​មិន​ស្គាល់​ផ្លូវ​ឆ្ពោះ​ទៅ​ស្រុក​ម៉ែដ​ទេ!»។ 3 លោក​តូប៊ីត​ឆ្លើយ​ទៅ​តូប៊ី‌យ៉ា​ជា​កូន​ថា៖ «លោក​កាបា‌អែល​បាន​ចុះ​ហត្ថ‌លេខា​លើ​សំបុត្រ​ព្រម​ព្រៀង​មួយ ហើយ​ពុក​ក៏​បាន​ចុះ​ហត្ថ‌លេខា​ដែរ។ ពុក​បាន​ហែក​សំបុត្រ​នោះ​ជា​ពីរ ទុក​ម្នាក់​ពាក់​កណ្ដាល ហើយ​ពុក​បាន​ទុក​ពាក់​កណ្ដាល​ទៀត និង​ប្រាក់​នោះ​នៅ​នឹង​គាត់។ ពុក​បាន​ផ្ញើ​ប្រាក់​នោះ​ម្ភៃ​ឆ្នាំ​មក​ហើយ! ឥឡូវ​នេះ ចូរ​កូន​រក​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត​ម្នាក់ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​កូន។ យើង​នឹង​ជូន​ប្រាក់​ឈ្នួល​ឲ្យ​គេ នៅ​ពេល​កូន​វិល​ត្រឡប់​មក​វិញ។ ចូរ​កូន​ទៅ​យក​ប្រាក់​នេះ​ពី​ផ្ទះ​លោក​កាបា‌អែល​មក!»។
4 លោក​តូប៊ី‌យ៉ា ចេញ​ទៅ​រក​មនុស្ស​ម្នាក់ ដែល​ស្គាល់​ផ្លូវ​ច្បាស់ អាច​រួម​ដំណើរ​ជា​មួយ​គាត់​ទៅ​ស្រុក​ម៉ែដ។ ពេល​ចេញ​មក​ក្រៅ​ផ្ទះ គាត់​ជួប​ទេវទូត​រ៉ាផា‌អែល ដែល​ឈរ​នៅ​ពី​មុខ​គាត់ តែ​គាត់​មិន​ដឹង​ថា លោក​ជា​ទេវទូត​របស់​ព្រះ‌ជាម្ចាស់​ទេ!។ 5 គាត់​សួរ​ទេវទូត​ថា៖ «តើ​អ្នក​មក​ពី​ណា?» ទេវទូត​ឆ្លើយ​ថា៖ «ខ្ញុំ​ជា​ជន​ជាតិ​អ៊ីស្រា‌អែល​ម្នាក់ ជា​បង‌ប្អូន​របស់​ប្អូន ខ្ញុំ​មក​រក​ការ‌ងារ​ធ្វើ​នៅ​ទី​នេះ»។ លោក​តូប៊ី‌យ៉ា​សួរ​ថា៖ «តើ​បង​ស្គាល់​ផ្លូវ​ទៅ​កាន់​ស្រុក​ម៉ែដ​ឬ​ទេ?» 6 ទេវទូត​ឆ្លើយ​ថា៖ «បាទ! បង​ធ្លាប់​ទៅ​ទី​នោះ​ជា​ញឹក‌ញាប់ បង​ស្គាល់​ផ្លូវ​ច្បាស់​ណាស់! បង​ធ្លាប់​ទៅ​ស្រុក​ម៉ែដ​ជា​ច្រើន​ដង ហើយ​បង​ធ្លាប់​ស្នាក់​នៅ​ផ្ទះ​លោក​កាបា‌អែល ជា​សាច់​ញាតិ​របស់​យើង​ដែល​រស់​នៅ​ក្រុង​រ៉ា‌កែស ក្នុង​ស្រុក​នោះ​ដែរ។ ពី​ក្រុង​អែកបាតាន​ទៅ​ក្រុង​រ៉ា‌កែស ដើរ​ធម្មតា​ពីរ​ថ្ងៃ​ទើប​ដល់ ដ្បិត​ក្រុង​ទាំង​ពីរ​នោះ​នៅ​តាម​តំបន់​ភ្នំ។ 7 លោក​តូប៊ី‌យ៉ា​ប្រាប់​គាត់​ថា៖ «សូម​បង​ចាំ​ខ្ញុំ​នៅ​ទី​នេះ ខ្ញុំ​ទៅ​ជម្រាប​ឪពុក​ខ្ញុំ​សិន ដ្បិត​ខ្ញុំ​ត្រូវ​ការ​បង​ធ្វើ​ដំណើរ​ជា​មួយ ហើយ​ខ្ញុំ​នឹង​ជូន​ប្រាក់​ឈ្នួល​ដល់​បង» 8 ទេវទូត​តប​ថា៖ «បាទ! បង​ចាំ​នៅ​ទី​នេះ ប៉ុន្តែ​សូម​កុំ​យូរ​ពេក»
9 លោក​តូប៊ី‌យ៉ា​ចូល​ទៅ​ជម្រាប​លោក​តូប៊ីត ជា​ឪពុក​ថា៖ «កូន​រក​បាន​មនុស្ស​ម្នាក់​ហើយ គឺ​គាត់​ជា​ជន​ជាតិ​អ៊ីស្រា‌អែល ជា​បង‌ប្អូន​របស់​យើង»។ លោក​តូប៊ីត​ពោល​ថា៖ «ចូរ​ហៅ​គេ​មក ដើម្បី​ឲ្យ​ពុក​ស្គាល់​ថា តើ​គាត់​នៅ​ក្នុង​អំបូរ​ណា កុល‌សម្ព័ន្ធ​ណា តើ​ពុក​អាច​ទុក​ចិត្ត​គាត់​ឲ្យ​រួម​ដំណើរ​ជា​មួយ​កូន​បាន​ឬ​ទេ?» លោក​តូប៊ី‌យ៉ា​ចេញ​ទៅ​ហៅ​ទេវទូត​ថា៖ «បង​សម្លាញ់​អើយ! ឪពុក​ខ្ញុំ​មាន​ប្រសាសន៍!»។ 10 ទេវ​ទូត​ចូល​ក្នុង​ផ្ទះ ហើយ​លោក​តូប៊ីត​ក៏​លើក​ដៃ​ជម្រាប​សួរ​គាត់​មុន។ ទេវទូត​មាន​ប្រសាសន៍​ថា៖ «សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ សេចក្ដី​សុខ​សាន្ត​យ៉ាង​បរិបូណ៌!។ លោក​តូប៊ីត​តប​ឆ្លើយ​ថា៖ «តើ​ខ្ញុំ​បាន​សេចក្ដី​សុខ​យ៉ាង​ដូច​ម្ដេច បើ​ភ្នែក​ខ្ញុំ​ខ្វាក់​ដូច្នេះ មើល​ពន្លឺ​ថ្ងៃ​ក៏​មិន​ឃើញ ខ្ញុំ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ដូច​មនុស្ស​ស្លាប់​ដែល​មិន​ឃើញ​អ្វី! ទោះ​បី​ខ្ញុំ​មាន​ជីវិត​ក្ដី ក៏​ខ្ញុំ​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទៅ​ហើយ​ដែរ។ ខ្ញុំ​ឮ​សំឡេង​គេ តែ​មើល​គេ​មិន​ឃើញ​សោះ!»។ ទេវទូត​តប​ថា៖ «ចូរ​ក្លា​ហាន​ឡើង! បន្តិច​ទៀត ព្រះ‌ជាម្ចាស់​នឹង​ប្រោស​លោក​ឲ្យ​ជា​មិន​ខាន! ចូរ​ក្លាហាន​ឡើង!»។ លោក​តូប៊ីត​ពោល​ថា៖ «តូប៊ី‌យ៉ា​កូន​ខ្ញុំ​ចង់​ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ែដ។ តើ​លោក​អាច​រួម​ដំណើរ​ជា​មួយ ព្រម​ទាំង​ណែនាំ​ផ្លូវ​កូន​ខ្ញុំ​បាន​ទេ? ខ្ញុំ​នឹង​ជូន​ប្រាក់​ឈ្នួល​ដល់​លោក»។ ទេវទូត​តប​ថា៖ «ខ្ញុំ​អាច​រួម​ដំណើរ​ទៅ​ជា​មួយ​បាន ខ្ញុំ​ស្គាល់​ផ្លូវ​ទាំង​អស់ ខ្ញុំ​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ែដ​ជា​ញឹក‌ញាប់ ខ្ញុំ​ធ្លាប់​ដើរ​កាត់​វាល និង​ភ្នំ​ទាំង​ប៉ុន្មាន ខ្ញុំ​ស្គាល់​ផ្លូវ​ទាំង​អស់!»។ 11 លោក​តូប៊ីត​សួរ​ថា៖ «តើ​លោក​ជា​កូន​ចៅ​អ្នក​ណា? ក្នុង​កុល‌សម្ព័ន្ធ​ណា? សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង»។ 12 ទេវទូត​តប​ថា៖ «តើ​លោក​ចង់​ដឹង​កុល‌សម្ព័ន្ធ​របស់​ខ្ញុំ​ធ្វើ​អ្វី?»។ លោក​តូប៊ីត​ពោល​ថា៖ «ខ្ញុំ​ចង់​ដឹង​ការ​ពិត លោក​ជា​កូន​ចៅ​អ្នក​ណា? ហើយ​មាន​ឈ្មោះ​អ្វី? 13 ទេវ​ទូត​ឆ្លើយ​តប​ថា៖ ខ្ញុំ​ឈ្មោះ​អសារី‌យ៉ា ជា​កូន​របស់​លោក​អណា‌នីយ៉ា​ដ៏​ប្រសើរ​ឧត្ដម ដែល​ជា​សាច់​ញាតិ​របស់​លោក»។ 14 លោក​តូប៊ីត​ពោល​ថា៖ «ល្អ​ណាស់​ប្អូន! សូម​កុំ​ខឹង ព្រោះ​ខ្ញុំ​ចង់​ដឹង​ការ​ពិត ពី​ញាតិ‌សន្តាន​របស់​លោក។ លោក​ច្បាស់​ជា​ជាប់​សាច់​ញាតិ​យើង ហើយ​កើត​ក្នុង​វង្ស​ត្រកូល​ដ៏​ប្រសើរ! ខ្ញុំ​ធ្លាប់​ស្គាល់​លោក​អណា‌នីយ៉ា និង​លោក​ណា‌ថាន ជា​កូន​ទាំង​ពីរ​របស់​លោក​សេមេ‌លីយ៉ា​ដ៏​ប្រសើរ​ឧត្ដម។ លោក​ទាំង​ពីរ​ធ្លាប់​ធ្វើ​ដំណើរ ទៅ​ថ្វាយ​បង្គំ​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ខ្ញុំ។ លោក​ទាំង​ពីរ​មិន​វង្វេង​ជំនឿ​ដូច​គេ​ទេ! ញាតិ‌សន្តាន​របស់​លោក​ជា​មនុស្ស​ល្អ​ត្រឹម​ត្រូវ លោក​ជា​មនុស្ស​មាន​ពូជ‌ពង្ស​ល្អ។ សូម​ឲ្យ​លោក​បាន​សេចក្ដី​សុខ‌សាន្ត!»។ 15 លោក​ពោល​តទៅ​ទៀត​ថា៖ «ខ្ញុំ​ជូន​ប្រាក់​ឈ្នួល​ដ៏​សម​រម្យ​ដល់​លោក គឺ​មួយ​ថ្ងៃ​មួយ​ដួង។ ខ្ញុំ​នឹង​ផ្ដល់​ស្បៀង​អាហារ​ជូន​លោក ដូច​ខ្ញុំ​ឲ្យ​កូន​របស់​ខ្ញុំ​ដែរ។ 16 ចូរ​នាំ​ផ្លូវ​កូន​ខ្ញុំ ឲ្យ​បាន​ល្អ​ផង ខ្ញុំ​នឹង​ជូន​រង្វាន់​បន្ថែម​ទៀត​ពី​លើ​ប្រាក់​ឈ្នួល!»។ 17 ទេវទូត​ពោល​ថា៖ «បាទ! ខ្ញុំ​នឹង​រួម​ដំណើរ​ជា​មួយ​កូន​របស់​លោក! សូម​កុំ​ខ្លាច​អ្វី​ឡើយ! យើង​នឹង​ត្រឡប់​មក​ជួប​លោក​វិញ​ដោយ​សេចក្ដី​សុខ‌សាន្ត ដូច​ពេល​យើង​ចេញ​ដំណើរ​ទៅ​ដែរ ដ្បិត​តាម​ផ្លូវ​មាន​សន្តិ‌សុខ​ល្អ​ទេ។ លោក​តូប៊ីត​មាន​ប្រសាសន៍​ថា៖ «សូម​ព្រះ‌ជាម្ចាស់​ប្រទាន‌ពរ​ដល់​លោក!» រួច​លោក​ហៅ​កូន​មក​ប្រាប់​ថា៖ «ចូរ​រៀប​ចំ​អ្វី​ដែល​កូន​ត្រូវ​ការ​សម្រាប់​ធ្វើ​ដំណើរ រួច​ចេញ​ទៅ​ជា​មួយ​បង​ប្រុស​ឯង​ចុះ! សូម​ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​ស្ថាន‌បរម​សុខ តាម​ថែ​រក្សា​អ្នក​ទាំង​ពីរ​នៅ​ស្រុក​នោះ ព្រម​ទាំង​នាំ​អ្នក​ទាំង​ពីរ​មក​រក​ខ្ញុំ​វិញ ដោយ​សុវត្ថិ‌ភាព! សូម​ឲ្យ​ទេវទូត​របស់​ព្រះ‌អង្គ រួម​ដំណើរ​ជា​មួយ និង​តាម​ថែ​រក្សា​អ្នក​ទាំង​ពីរ​ផង»។ លោក​តូប៊ី‌យ៉ា​រៀបចំ​ខ្លួន​ចេញ​ដំណើរ រួច​ឱប​ថើប​ឪពុក‌ម្ដាយ។ លោក​តូប៊ីត​ប្រាប់​កូន​ថា៖ ចូរ​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិ‌ភាព! 18 ម្ដាយ​របស់​តូប៊ី‌យ៉ា​យំ ហើយ​ពោល​ទៅ​លោក​តូប៊ីត​ថា៖ «ហេតុ​អ្វី​ក៏​លោក​ឲ្យ​កូន​ខ្ញុំ​ចេញ​ទៅ​ដូច្នេះ! មាន​តែ​វា​ទេ​ដែល​ជួយ​ផ្គត់‌ផ្គង់ និង​គាំ​ទ្រ​យើង! 19 លោក​គិត​តែ​ពី​ប្រាក់ សូម​ចោល​ប្រាក់​នេះ​ទៅ! ទុក​ជីវិត​កូន​យើង​ប្រសើរ​ជាង! 20 យើង​ស្កប់​ចិត្ត​នឹង​ជីវភាព ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ»។ 21 ប៉ុន្តែ​លោក​តូប៊ីត ប្រាប់​ភរិយា​របស់​គាត់​ថា៖ «កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ! កូន​យើង​នឹង​ត្រឡប់​មក​ជួប​យើង​វិញ ដោយ​សេចក្ដី​សុខ‌សាន្ត​ដូច​នៅ​ពេល​នេះ​ដែរ! ម៉ែ​វា​នឹង​ឃើញ​កូន​ដោយ​ផ្ទាល់​ភ្នែក នៅ​ថ្ងៃ​គេ​ត្រឡប់​មក​វិញ​ជា​មិន​ខាន! 22 កុំ​បារម្ភ​អ្វី​ឡើយ! ចូរ​ឈប់​ខ្លាច​កើត​មាន​អ្វី ដល់​អ្នក​ទាំង​ពីរ​ទៀត​ទៅ! ទេវទូត​ដ៏​ល្អ​មួយ​អង្គ មុខ​ជា​រួម​ដំណើរ​ជា​មួយ​គេ ហើយ​កិច្ច‌ការ​ទាំង​អស់​នឹង​សម្រេច​ដូច​បំណង ហើយ​គេ​នឹង​ត្រឡប់​មក​ជួប​យើង​វិញ​ដោយ​សុខ‌សាន្ត»។ 23 ពេល​នោះ អ្នក​ស្រី​ហាណ្ណា​ក៏​ឈប់​យំ។