ជំពូក ៧
លោកតូប៊ីយ៉ារៀបអាពាហ៍ពិពាហ៍
1 ពេលលោកតូប៊ីយ៉ា ចូលក្រុងអែកបាតាន គាត់មានប្រសាសន៍ថា៖ «បងអសារីយ៉ា! សូមនាំប្អូនទៅផ្ទះលោករ៉ាគូអែល ជាសាច់ញាតិរបស់យើងភ្លាមទៅ!»។ ទេវទូតនាំគាត់ទៅផ្ទះលោករ៉ាគូអែល ឃើញលោកអង្គុយនៅមាត់ទ្វារទីធ្លា ហើយក៏នាំគ្នាជម្រាបសួរលោក។ លោកជម្រាបសួរអ្នកទាំងពីរវិញ៖ «ជម្រាបសួរក្មួយ!»។ លោកក៏នាំអ្នកទាំងពីរចូលក្នុងផ្ទះ។ 2 គាត់ប្រាប់អ្នកស្រីអេដណាជាភរិយាថា៖ «យុវជននេះ មុខដូចតូប៊ីតបេះបិទ!»។ 3 អ្នកស្រីអេដណាសួរអ្នកទាំងពីរថា៖ «តើប្អូនទាំងពីរមកពីណា?»។ គេឆ្លើយថា៖ «យើងជាកុលសម្ព័ន្ធណែបថាលី ដែលត្រូវខ្មាំងកៀរយកទៅក្រុងនីនីវេ»។ 4 នាងសួរពួកគេថា «តើប្អូនទាំងពីរមានស្គាល់លោកបងតូប៊ីតឬទេ?»។ ពួកគេតបថា៖ «បាទអ្នកស្រី! យើងស្គាល់» 5 នាងសួរថា៖ «តើគាត់សុខសប្បាយឬទេ?»។ ពួកគេឆ្លើយថា៖ «បាទអ្នកស្រី! គាត់សុខសប្បាយជាទេ! គាត់នៅមានជីវិតនៅឡើយ!»។ រួចលោកតូប៊ីយ៉ាពោលឡើងថា៖ «លោកឪពុករបស់ខ្ញុំទេតើ!» 6 លោករ៉ាគូអែលក្រោកឈរឡើង ស្ទុះទៅឱបថើបតូប៊ីយ៉ា ហើយសម្រក់ទឹកភ្នែក។ បន្ទាប់មក លោកពោលថា៖ សូមព្រះជាម្ចាស់ប្រទានពរដល់កូន! កូនមានឪពុកដ៏ល្អប្រសើរ! គួរឲ្យស្ដាយណាស់ មនុស្សសុចរិតដូចគាត់ ជាអ្នកដែលធ្វើបុណ្យទានយ៉ាងច្រើន បែរជាក្លាយខ្លួនជាមនុស្សខ្វាក់ដូច្នេះ ហើយគាត់ឱបតូប៊ីយ៉ា រួចយំ។ 7 នាងអេដណាជាភរិយាក៏យំអាណិតលោកតូប៊ីត រីឯនាងសារ៉ាជាកូនរបស់លោកក៏យំដែរ។ 8 ក្រោយមក លោករ៉ាគូអែលសម្លាប់ចៀមឈ្មោលមួយ ដើម្បីធ្វើម្ហូបទទួលអ្នកទាំងពីរយ៉ាងរាក់ទាក់។ 9 កាលអ្នកទាំងពីរងូតទឹក និងធ្វើពិធីជម្រះកាយរួច ពួកគេអង្គុយរួមតុជាមួយគ្នា។ លោកតូប៊ីយ៉ាប្រាប់ទេវទូតរ៉ាផាអែលថា៖ «បងអសារីយ៉ា! សូមស្ដីដណ្ដឹងនាងសារ៉ាជាសាច់ញាតិខ្ញុំ ពីលោករ៉ាគូអែលមក!»។ 10 លោករ៉ាគូអែលឮពាក្យនេះ ហើយប្រាប់យុវជនតូប៊ីយ៉ាថា៖ «អញ្ជើញពិសាសាច់ និងស្រា! ចូរសប្បាយក្នុងរាត្រីនេះ ព្រោះមានតែក្មួយឯងទេ ដែលអាចរៀបការជាមួយសារ៉ាកូនស្រីអ៊ំបាន! ក្រៅពីក្មួយ គ្មាននរណា មានសិទ្ធិដណ្ដឹងនាងបានឡើយ! សូម្បីតែអ៊ំ ក៏អ៊ំគ្មានសិទ្ធិលើកនាងឲ្យនរណាផ្សេង ក្រៅពីក្មួយដែរ ព្រោះក្មួយជាសាច់ញាតិជិតជាងគេ។ ប៉ុន្តែ អ៊ំត្រូវតែប្រាប់ពីសេចក្ដីពិតសព្វគ្រប់ឲ្យក្មួយបានដឹង។ 11 អ៊ំបានលើកកូនស្រីអ៊ំឲ្យទៅជនជាតិអ៊ីស្រាអែលចំនួនប្រាំពីរនាក់រួចទៅហើយ ប៉ុន្តែ បុរសទាំងនោះបាត់បង់ជីវិត នៅពេលយប់ដែលគេបម្រុងនឹងរួមបវេណីជាមួយនាង។ ឥឡូវនេះ ចូរក្មួយបរិភោគសាច់ និងស្រាទាំងនេះទៅ! ព្រះអម្ចាស់មុខជាជួយកូនទាំងពីរមិនខាន»។ 12 លោកតូប៊ីយ៉ាតបថា៖ «ក្មួយមិនព្រមទទួលទានសាច់ និងស្រានៅទីនេះ មុនពេលលោកអ៊ំសម្រេចរឿងនេះឡើយ!»។ លោករ៉ាគូអែលមានប្រសាសន៍ថា៖ «យល់ព្រម! អ៊ំនឹង សម្រេច។ នាងជាភរិយារបស់ក្មួយ ស្របតាមគម្ពីរវិន័យរបស់លោកម៉ូសេ គឺព្រះជាម្ចាស់បានសម្រេចលើកនាងឲ្យក្មួយ។ ដូច្នេះ ចូរក្មួយទទួលនាងធ្វើជាភរិយាចុះ។ តាំងពីពេលនេះតទៅ ក្មួយជាស្វាមីរបស់នាង ហើយនាងក៏ជាភរិយារបស់ក្មួយ។ ព្រះជាម្ចាស់ប្រទាននាងឲ្យក្មួយចាប់តាំងពីពេលនេះរហូតតរៀងទៅ។ ព្រះជាម្ចាស់នៃស្ថានបរមសុខ នឹងប្រោសឲ្យកូនទាំងពីរបានសុខស្រួល ក្នុងយប់នេះ សូមព្រះអង្គអាណិតមេត្តា និងប្រទានសេចក្ដីសុខសាន្ត ដល់កូនទាំងពីរ»។ 13 លោករ៉ាគូអែលហៅនាងសារ៉ា ជាកូនមក។ កាលនាងមកដល់ លោករ៉ាគូអែលចាប់ដៃកូនស្រី នាំទៅរកលោកតូប៊ីយ៉ា ទាំងពោលថា៖ «ចូរក្មួយទទួលនាងធ្វើជាភរិយា ដើម្បីឲ្យស្របតាមធម្មវិន័យ និងស្របតាមសេចក្ដីសម្រេច ដែលចែងទុកក្នុងគម្ពីររបស់លោកម៉ូសេចុះ។ ចូរទទួលនាង ហើយនាំយកនាងទៅផ្ទះឪពុករបស់ក្មួយឲ្យបានសេចក្ដីសុខសាន្តចុះ។ សូមព្រះនៃស្ថានបរមសុខ ដឹកនាំកូនទាំងពីរ ឲ្យប្រកបដោយសេចក្ដីសុខសាន្ត»។ 14 បន្ទាប់មក លោកហៅម្ដាយរបស់នាងសារ៉ា ហើយឲ្យយកក្រដាស និងស្លាបប៉ាកាមកសរសេរ។ គាត់ធ្វើលិខិតចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ ដើម្បីបញ្ជាក់ថា គាត់ពិតជាលើកកូនស្រីរបស់គាត់ ឈ្មោះនាងសារ៉ា ឲ្យធ្វើជាភរិយារបស់លោកតូប៊ីយ៉ា ស្របតាមក្រឹត្យដែលមានចែងក្នុងវិន័យរបស់លោកម៉ូសេ ចាប់ពីពេលនេះតទៅ។ បន្ទាប់មក ទើបពួកគេចាប់ផ្ដើមបរិភោគអាហារ និងស្រា។
យប់ផ្សំដំណេក
15 លោករ៉ាគូអែលហៅនាងអេដណាជាភរិយាមក ហើយប្រាប់ថា៖ «ចូររៀបចំបន្ទប់មួយទៀត ហើយនាំសារ៉ាកូនរបស់យើង ចូលក្នុងបន្ទប់នោះទៅ!»។ 16 នាងអេដណាទៅរៀបចំគ្រែក្នុងបន្ទប់ តាមបង្គាប់របស់ប្ដី។ គាត់នាំកូនស្រីទៅ ហើយយំអាណិតនាង រួចគាត់ជូតទឹកភ្នែក ពោលទៅកូនស្រីថា៖ 17 «កូនស្រីអើយ! ចូរក្លាហានឡើងណាកូន! សូមព្រះអម្ចាស់នៃស្ថានបរមសុខ ប្រែទុក្ខព្រួយរបស់កូនទៅជាអំណរសប្បាយ! ចូរក្លាហានឡើងណាកូនស្រីអើយ!»។ បន្ទាប់មក គាត់ក៏ដើរចេញទៅ។