ជំពូក ៦

លោក​តូប៊ី‌យ៉ា​ចាប់​ត្រី​មួយ

1 យុវជន​តូប៊ី‌យ៉ា​ចេញ​ដំណើរ ដោយ​មាន​ទេវទូត​ទៅ​ជា​មួយ ហើយ​ឆ្កែ​គាត់​ក៏​ទៅ​ជា​មួយ​ដែរ។ នៅ​យប់​ទី​មួយ អ្នក​ទាំង​ពីរ​សម្រាក​នៅ​មាត់​ទន្លេ​ទីគ្រ។ 2 ចំណែក​តូប៊ី‌យ៉ា ចុះ​ទៅ​លាង​ជើង​ក្នុង​ទន្លេ ស្រាប់​តែ​មាន​ត្រី​មួយ​យ៉ាង​ធំ​លោត​ចេញ​ពី​ទឹក​មក ដូច​ជា​ចង់​ត្របាក់​លេប​ជើង​គាត់។ យុវជន​ស្រែក។ 3 ទេវទូត​ប្រាប់​គាត់​ថា៖ «ចូរ​ចាប់​វា! ចូរ​ចាប់​វា​ឲ្យ​ជាប់!»។ តូប៊ី‌យ៉ា​ចាប់​ត្រី​នោះ​ជាប់ ហើយ​អូស​វា​ឡើង​មក​លើ​គោក។ 4 ទេវទូត​ប្រាប់​ថា៖ «ចូរ​វះ​ត្រី​យក​ប្រមាត់ បេះ​ដូង និង​ថ្លើម​ទុក​ដោយ​ឡែក រួច​យក​ពោះ​វៀន​វា​ចោល។ ប្រមាត់ បេះ​ដូង និង​ថ្លើម​វា អាច​យក​ធ្វើ​ជា​ថ្នាំ​ដ៏​ពូកែ​ស័ក្ដិ‌សិទ្ធិ។ 5 យុវជន វះ​ត្រី​យក​ប្រមាត់ បេះ​ដូង និង​ថ្លើម រួច​យក​សាច់​ខ្លះ​មក​អាំង​បរិភោគ ហើយ​ប្រឡាក់​អំបិល​ទុក​ខ្លះ។
6 អ្នក​ទាំង​ពីរ​បន្ត​ដំណើរ​ជា​មួយ​គ្នា ទៅ​ទៀត រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​ម៉ែដ។ 7 ពេល​នោះ យុវជន​សួរ​ទៅ​ទេវទូត​ថា៖ «បង​អាសា‌រីយ៉ា! តើ​ក្នុង​បេះ​ដូង ក្នុង​ថ្លើម និង​ក្នុង​ប្រមាត់​ត្រី មាន​ថ្នាំ​អ្វី​ខ្លះ?» 8 ទេវទូត​ឆ្លើយ​ថា៖ «កាល​ណា​មាន​បុរស​ឬ​ស្រ្តី​ណា​ម្នាក់ ត្រូវ​អារក្ខ​ឬ​ខ្មោច​ចូល ត្រូវ​យក​បេះ​ដូង និង​ថ្លើម​ទៅ​ដុត​នៅ​ចំពោះ​មុខ​អ្នក​នោះ។ ផ្សែង​ដែល​ហុយ​ឡើង​អាច​បណ្ដេញ​អារក្ខ ឬ​ខ្មោច​ឲ្យ​ចេញ​ពី​រូប​អ្នក​នោះ​រហូត។ 9 រីឯ​ប្រមាត់ គេ​យក​ទៅ​លាប​ភ្នែក​អ្នក​ខ្វាក់ រួច​គេ​ផ្លុំ ហើយ​បក​ស្បែក​ស​ដែល​ជាប់​នឹង​ភ្នែក​ចេញ អ្នក​ខ្វាក់​នឹង​ភ្លឺ​វិញ!»។

គម្រោង‌ការ​រៀប​អាពាហ៍‌ពិពាហ៍

10 អ្នក​ទាំង​ពីរ​មក​ដល់​ស្រុក​ម៉ែដ ហើយ​មក​ជិត​ដល់​ក្រុង​អែកបាតាន។ 11 កាល​នោះ ទេវទូត​រ៉ាផា‌អែល​ពោល​ទៅ​កាន់​យុវជន​តូប៊ី‌យ៉ា​ថា៖ «ប្អូន​តូប៊ី‌យ៉ា​អើយ!» លោក​តូប៊ី‌យ៉ា​តប​ថា៖ «មាន​ការ​អ្វី​បង?»។ ទេវទូត​មាន​ប្រសាសន៍​ថា៖ «យប់​នេះ​យើង​ត្រូវ​ស្នាក់​នៅ​ផ្ទះ​លោក​រ៉ាគូ‌អែល។ លោក​ជា​ញាតិ‌សន្តាន​របស់​ប្អូន។ គាត់​មាន​កូន​ស្រី​ម្នាក់​ឈ្មោះ​សារ៉ា។ 12 ក្រៅ​ពី​កូន​ស្រី​នេះ គាត់​គ្មាន​កូន​ឯណា​ទៀត​ទេ។ ប្អូន​ជា​សាច់​ញាតិ​ជិត​ជាង​គេ​ក្នុង​ចំណោម​សាច់​ញាតិ​ទាំង​ប៉ុន្មាន​របស់​នាង ប្អូន​មាន​សិទ្ធិ​ដណ្ដឹង​នាង​ជា​ភរិយា​មុន​គេ។ ប្អូន​ក៏​មាន​សិទ្ធិ​ទទួល​ទ្រព្យ‌សម្បត្តិ​របស់​ឪពុក​នាង​ទុក​ជា​មត៌ក​ដែរ។ នាង​នេះ​មាន​ប្រាជ្ញា​វាង​វៃ មាន​ចិត្ត​ក្លាហាន មាន​រូប​ឆោម​ល្អ​ស្អាត ហើយ​ឪពុក​នាង​ក៏​ជា​មនុស្ស​ល្អ​ដែរ។ 13 ប្អូន​មាន​សិទ្ធិ​រៀប​អាពាហ៍‌ពិពាហ៍ ជា​មួយ​នាង។ ចូរ​ស្ដាប់​បង​សិន! ល្ងាច​នេះ​បង​នឹង​ទៅ​ស្ដី​ដណ្ដឹង​នាង ដើម្បី​ប្អូន​បាន​ភ្ជាប់​ពាក្យ​ជា​មួយ​នាង។ ពេល​យើង​ត្រឡប់​ពី​ក្រុង​រ៉ាកែស​វិញ ប្អូន​នឹង​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​នាង។ បង​ដឹង​ច្បាស់​ថា លោក​រ៉ាគូ​អែល​ពុំ​អាច​បដិ‌សេធ​ប្អូន ឬ​លើក​នាង​ឲ្យ​អ្នក​ផ្សេង​ទៀត​ឡើយ។ តាម​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ ប្រសិន​បើ​គាត់​លើក​នាង​ឲ្យ​អ្នក​ផ្សេង គាត់​ត្រូវ​ទទួល​ទោស​ដល់​ជីវិត ព្រោះ​គាត់​ដឹង​ច្បាស់​ថា ប្អូន​មាន​សិទ្ធិ​ទទួល​នាង​ធ្វើ​ជា​ភរិយា​មុន​អ្នក​ដទៃ។ ហេតុ​នេះ ចូរ​ស្ដាប់​បង​សិន! ល្ងាច​នេះ លោក​រ៉ាគូ‌អែល និង​បង​ពិភាក្សា​ជា​មួយ​គ្នា​អំពី​នាង ហើយ​បង​ស្តី​ដណ្ដឹង​នាង​ឲ្យ​ប្អូន។ ពេល​យើង​ធ្វើ​ដំណើរ​ត្រឡប់​ពី​ក្រុង​រ៉ាកែស​វិញ យើង​នាំ​នាង​ទៅ​នៅ​ផ្ទះ​របស់​ប្អូន»។
14 លោក​តូប៊ី‌យ៉ា​តប​ទៅ​ទេវទូត​រ៉ាផា‌អែល​ថា៖ បង​អសា‌រីយ៉ា! ប្អូន​ឮ​គេ​និយាយ​ថា៖ គេ​លើក​នាង​ឲ្យ​រៀប​អាពាហ៍‌ពិពាហ៍ ចំនួន​ប្រាំពីរ​ដង​រួច​មក​ហើយ! ប៉ុន្តែ ប្ដី​របស់​នាង​ទាំង​ប្រាំពីរ​នាក់ បាន​បាត់​បង់​ជីវិត​ក្នុង​បន្ទប់​រៀប​ការ នៅ​ពេល​ដែល​បុរស​ទាំង​នោះ​ចូល​ទៅ​ជិត​នាង។ ខ្ញុំ​ឮ​គេ​និយាយ​ថា មាន​អារក្ខ​មួយ​សម្លាប់​ពួក​គេ។ 15 ដូច្នេះ​នៅ​ពេល​នេះ ខ្ញុំ​ខ្លាច​ណាស់! អារក្ខ​មិន​ធ្វើ​បាប​នាង​ទេ តែ​ពេល​មាន​បុរស​ម្នាក់​ចង់​ទៅ​ជិត​នាង អារក្ខ​នោះ​សម្លាប់​មនុស្ស​នោះ​ភ្លាម។ ឪពុក​ខ្ញុំ​មាន​កូន​តែ​មួយ​គត់ គឺ​រូប​ខ្ញុំ​នេះ។ ប្រសិន​បើ​ខ្ញុំ​ស្លាប់ ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ឪពុក‌ម្ដាយ​ខ្ញុំ​ស្លាប់​យ៉ាង​វេទនា​ដែរ។ គាត់​គ្មាន​កូន​ណា​ទៀត​នឹង​បញ្ចុះ​សព​គាត់​ឡើយ»។ 16 ទេវទូត​ផារ៉ា‌អែល​ប្រាប់​ថា៖ «កុំ​ភ្លេច​ពាក្យ​បណ្ដាំ​ឪពុក​ប្អូន! គឺ​លោក​បាន​ផ្ដាំ​ឲ្យ​ប្អូន​យក​ភរិយា​ក្នុង​ញាតិ‌សន្តាន​របស់​គាត់! ឥឡូវ​នេះ ចូរ​ស្ដាប់​បង! កុំ​បារម្ភ​នឹង​អារក្ខ​នោះ​ឲ្យ​សោះ ហើយ​រៀបការ​ជា​មួយ​នាង​ទៅ! បង​ដឹង​ថា ល្ងាច​នេះ ឪពុក​នាង នឹង​លើក​នាង​ឲ្យ​ប្អូន។ 17 ប៉ុន្តែ ពេល​រៀប​ការ​រួច ពេល​ប្អូន​ចូល​បន្ទប់​នាង ចូរ​យក​ថ្លើម​មួយ​ដុំ និង​បេះដូង​ត្រី​នោះ ទៅ​ដាក់​លើ​រងើក‌ភ្លើង​ក្នុង​ចាន​ដុត​គ្រឿង​ក្រអូប។ ក្លិន​នោះ​នឹង​សាយ​ភាយ​ចេញ​ទៅ នោះ​អារក្ខ​នឹង​ធំ​ក្លិន ហើយ​វា​នឹង​រត់​គេច​ទៅ​ជា​រៀង​រហូត។ អារក្ខ​មិន​មក​រំខាន​នាង​ទៀត​ឡើយ! 18 មុន​ពេល​រួម​បវេណី អ្នក​ទាំង​ពីរ​ត្រូវ​ក្រោក​ឡើង​សិន រួច​អធិដ្ឋាន​អង្វរ​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌បរម​សុខ សូម​ព្រះ‌អង្គ​ព្រះ‌មេត្តា​អាណិត​សង្គ្រោះ​អ្នក​ទាំង​ពីរ។ ចូរ​កុំ​ខ្លាច​អ្វី ដ្បិត​ព្រះ‌ជាម្ចាស់ តម្រូវ​នាង​ឲ្យ​ធ្វើ​ជា​ភរិយា​របស់​ប្អូន​តាំង​ពី​ដើម​រៀង​មក ហើយ​ប្អូន​នឹង​សង្គ្រោះ​នាង។ នាង​នឹង​តាម​ប្អូន ហើយ​ខ្ញុំ​ហ៊ាន​ធានា​អះ​អាង​ថា ប្អូន​នឹង​មាន​កូន​ជា​មួយ​នាង ហើយ​ប្អូន​នឹង​ស្រឡាញ់​កូន​ទាំង​នោះ​យ៉ាង​ខ្លាំង! ចូរ​កុំ​ព្រួយ​បារម្ភ​ឡើយ!»។ 19 ក្រោយ​ពី​បាន​ឮ ទេវទូត​រ៉ាផា‌អែល​មាន​ប្រសាសន៍​ដូច្នេះ​ហើយ និង​ដឹង​ថា​នាង​សារ៉ា​ជា​ជន​រួម​ជាតិ និង​ជា​ញាតិ‌សន្តាន​របស់​ឪពុក លោក​តូប៊ី‌យ៉ា ក៏​ចាប់​ចិត្ត​ស្រឡាញ់​នាង​យ៉ាង​ខ្លាំង។