ជំពូក ១
លោកតូប៊ីត
បុរេកថា
1 នេះជាសៀវភៅរៀបរាប់អំពីជីវប្រវត្តិរបស់លោកតូប៊ីត ជាកូនរបស់លោកតូប៊ីអែល ជាកូនរបស់លោកអាណានីអែល ជាកូនរបស់លោកអឌូអែល ជាកូនរបស់លោកកាបាអែល ជាកូនរបស់លោករ៉ាផាអែល ជាកូនរបស់រ៉ាគូអែល ជាពូជពង្សរបស់លោកអរីអែល ក្នុងកុលសម្ព័ន្ធណែបថាលី។ 2 លោករស់នៅតំបន់ណែបថាលីនៃស្រុកកាលីឡេប៉ែកខាងលើ ក្នុងភូមិទីសបេ ដែលស្ថិតនៅខាងត្បូងភូមិគីដូស នៅខាងកើតភូមិហាត់ស៊រ និងនៅខាងជើងភូមិផូគរ។ នៅរជ្ជកាលព្រះចៅសាលម៉ាណាសារ ជាស្ដេចស្រុកអាស្ស៊ីរ លោកត្រូវគេកៀរយកទៅជាឈ្លើយ។
លោកតូប៊ីត
3 ខ្ញុំតូប៊ីត បានដើរតាមមាគ៌ានៃសេចក្ដីពិត គោរពប្រណិប័តន៍ព្រះជាម្ចាស់ និងប្រព្រឹត្តអំពើសុចរិតគ្រប់យ៉ាង ជារៀងរាល់ថ្ងៃអស់មួយជីវិត។ ខ្ញុំតែងតែចែកទានដល់បងប្អូន និងដល់ជនរួមជាតិដែលត្រូវខ្មាំងកៀរមកជាមួយខ្ញុំ ទៅក្រុងនីនីវេ ក្នុងស្រុកអាស្ស៊ីរី។
4 កាលពីក្មេង ខ្ញុំរស់នៅលើទឹកដីរបស់ខ្ញុំ គឺនៅស្រុកអ៊ីស្រាអែល។ កុលសម្ព័ន្ធទាំងមូលរបស់ខ្ញុំ គឺកុលសម្ព័ន្ធណែបថាលី បុព្វបុរសរបស់ខ្ញុំ បានឃ្លាតចេញពីរាជវង្សានុវង្សរបស់ព្រះបាទដាវីឌ និងពីក្រុងយេរូសាឡឹម។ ព្រះជាម្ចាស់បានជ្រើសរើសក្រុងនេះ ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាន របស់ជនជាតិអ៊ីស្រាអែល សម្រាប់ធ្វើជាកន្លែងថ្វាយយញ្ញបូជា។ នៅក្រុងនេះ គេសង់ព្រះវិហារ ដែលជាព្រះដំណាក់របស់ព្រះជាម្ចាស់ សម្រាប់មនុស្សគ្រប់ជំនាន់តរៀងទៅ។ 5 ញាតិសន្ដានរបស់ខ្ញុំ និងកុលសម្ព័ន្ធណែបថាលីជាបុព្វបុរសរបស់ខ្ញុំ ធ្លាប់ធ្វើយញ្ញបូជានៅលើភ្នំក្នុងស្រុកកាលីឡេ ថ្វាយរូបកូនគោដែលព្រះបាទយេរ៉ូបោម ជាស្ដេចអ៊ីស្រាអែលបានតម្កល់នៅក្រុងដាន់។ 6 រីឯខ្ញុំវិញ ខ្ញុំតែងតែធ្វើដំណើរម្នាក់ឯង ទៅកាន់ក្រុងយេរូសាឡឹម តាមធម្មវិន័យរបស់លោកម៉ូសេ ដែលបានបញ្ជាឲ្យប្រជាជនអ៊ីស្រាអែលទាំងមូល ទុកជាក្រឹត្យសម្រាប់អនុវត្តរហូតតរៀងទៅ។ ខ្ញុំតែងយកផលដំបូងនៃភោគផលរបស់ខ្ញុំ កូនសត្វកើតមុនគេ សត្វមួយភាគដប់ក្នុងហ្វូងសត្វ ព្រមទាំងរោមចៀមដែលកាត់មុនគេ មកថ្វាយព្រះអង្គ។ 7 ខ្ញុំតែងតែជូនអស់លោកបូជាចារ្យ ជាពូជពង្សលោកអរ៉ុន សម្រាប់ថ្វាយលើអាសនៈ។ ខ្ញុំក៏យកស្រូវ ស្រា ផ្លែអូលីវ ផ្លែទទឹម ផ្លែឧទុម្ពរ និងផ្លែឈើដទៃទៀតមួយភាគដប់ ជូនកូនចៅលោកលេវី ដែលបម្រើក្នុងព្រះវិហារនៅក្រុងយេរូសាឡឹមដែរ។ ជារៀងរាល់ឆ្នាំ ខ្ញុំតែងតែយកប្រាក់មួយភាគដប់របស់ខ្ញុំ ទៅចាយក្នុងក្រុងយេរូសាឡឹម 8 ហើយមួយភាគដប់ទៀត ទៅចែកឲ្យក្មេងកំព្រា ស្ត្រីមេម៉ាយ និងជនបរទេស ដែលរស់នៅជាមួយជនជាតិអ៊ីស្រាអែល។ បីឆ្នាំម្ដង ខ្ញុំតែងយកប្រាក់នេះទៅទិញ អាហារបរិភោគជាមួយគ្នា ដូចមានចែងក្នុងគម្ពីរធម្មវិន័យរបស់លោកម៉ូសេ និងតាមការប្រៀនប្រដៅរបស់អ្នកស្រីដេបូរា ជាម្ដាយលោកអាណានីអែល ដែលត្រូវជាឪពុកខ្ញុំ។ លោកឪពុកខ្ញុំបាត់បង់ជីវិតទៅ ទុកឲ្យខ្ញុំនៅកំព្រាតាំងពីកុមារម៉្លេះ។ 9 ពេលខ្ញុំពេញវ័យចម្រើនឡើង ខ្ញុំរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីម្នាក់ ក្នុងកុលសម្ព័ន្ធរបស់ដូនតាយើង។ នាងបង្កើតបានកូនប្រុសម្នាក់ ដែលខ្ញុំដាក់ឈ្មោះថាតូប៊ីយ៉ា។ 10 ពេលខ្មាំងកៀរប្រជាជនអ៊ីស្រាអែល យកទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី ខ្ញុំក៏ត្រូវគេកៀរទៅជាមួយពួកគេ ហើយមករស់នៅក្នុងក្រុងនីនីវេដែរ។ ញាតិសន្តាន និងជនរួមជាតិរបស់ខ្ញុំ នាំគ្នាបរិភោគចំណីអាហាររបស់សាសន៍ដទៃ។ 11 រីឯខ្ញុំវិញ ខ្ញុំមិនព្រមបរិភោគអាហាររបស់ជាតិសាសន៍ដទៃ ជាដាច់ខាត។ 12 ដោយខ្ញុំនឹកដល់ព្រះរបស់ខ្ញុំយ៉ាងស្មោះអស់ពីដួងចិត្ត 13 ព្រះដ៏ខ្ពង់ខ្ពស់បំផុត ប្រោសប្រទានឲ្យខ្ញុំគាប់ព្រះហឫទ័យព្រះចៅសាលម៉ាណាសារ។ ព្រះរាជាចាត់ខ្ញុំឲ្យទៅទិញរបស់របរដែលព្រះអង្គត្រូវការ។ 14 ដូច្នេះ ខ្ញុំតែងតែធ្វើដំណើរទៅស្រុកម៉ែដ ដើម្បីទិញអីវ៉ាន់ថ្វាយព្រះរាជា រហូតដល់ស្ដេចសោយទិវង្គត។ នៅថ្ងៃមួយ ខ្ញុំយកប្រាក់បីរយគីឡូដាក់ក្នុងថង់ ផ្ញើនឹងលោកកាបាអែល ដែលជាបងប្អូនរបស់លោកកាព្រី រស់នៅស្រុកម៉ែដនោះ។
15 ពេលព្រះចៅសាលម៉ាណាសារសោយទិវង្គត ព្រះបាទសេណាកេរិប ជារាជបុត្រ ក៏ឡើងស្នងរាជ្យជំនួសបិតា។ ពេលនោះ ការធ្វើដំណើរទៅកាន់ស្រុកម៉ែដ គ្មានសន្តិសុខ ហើយខ្ញុំក៏ពុំអាចទៅស្រុកនោះទៀតដែរ។ 16 ក្នុងរជ្ជកាលព្រះបាទសាលម៉ាណាសារ ខ្ញុំតែងតែធ្វើទានជាច្រើនចំពោះបងប្អូនរួមឈាមរបស់ខ្ញុំ 17 ដោយចែករំលែកអាហាររបស់ខ្ញុំ ឲ្យអ្នកស្រេកឃ្លាន និងចែកសម្លៀកបំពាក់ឲ្យអ្នកដែលគ្មាន។ ប្រសិនបើខ្ញុំឃើញសាកសពរបស់ជនរួមជាតិរបស់ខ្ញុំ ដែលគេទុកចោលក្រៅកំពែងក្រុងនីនីវេ ខ្ញុំតែងតែយកសពទាំងនោះទៅកប់។ 18 ខ្ញុំក៏បានបញ្ចុះសាកសព អស់អ្នក ដែលព្រះបាទសេណាកេរិបប្រហារជីវិត នៅពេលស្ដេចបាក់ទ័ព ស្ដេចត្រឡប់ពីស្រុកយូដាវិញ។ ពេលនោះ ព្រះជាម្ចាស់ ជាព្រះមហាក្សត្រនៃស្ថានបរមសុខ បានដាក់ទោសស្ដេច ព្រោះស្ដេចបានប្រមាថព្រះជាម្ចាស់។ ដូច្នេះ ព្រះរាជាព្រះអង្គព្រះពិរោធយ៉ាងខ្លាំង ហើយសម្លាប់ជនជាតិអ៊ីស្រាអែលជាច្រើននាក់។ ប៉ុន្តែ ខ្ញុំលួចសាកសពរបស់ពួកគេទៅបញ្ចុះ។ ព្រះបាទសេណាកេរិប ឲ្យគេរកសាកសពទាំងនោះ តែរកមិនឃើញ។
19 ពេលនោះ អ្នកក្រុងនីនីវេម្នាក់ ទៅទូលព្រះរាជាថា ខ្ញុំជាអ្នកបញ្ចុះសាកសពទាំងនោះ។ ហេតុនេះ ខ្ញុំត្រូវលាក់ខ្លួន។ កាលខ្ញុំដឹងថា ព្រះរាជាជ្រាបពីរឿងខ្ញុំ ហើយឲ្យគេតាមរកខ្ញុំ ដើម្បីប្រហារជីវិត ខ្ញុំភ័យខ្លាច ហើយក៏រត់គេចខ្លួនទៅ។ 20 រដ្ឋអំណាច រឹបអូសយកទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំ ដាក់ចូលក្នុងឃ្លាំងរាជទ្រព្យ នៅសល់តែនាងហាណ្ណាជាភរិយា និងតូប៊ីយ៉ាជាកូនប៉ុណ្ណោះ។
21 សែសិបថ្ងៃក្រោយមក ព្រះរាជបុត្រពីរអង្គ បានធ្វើគុតព្រះចៅសេណាកេរិបជាបិតា រួចរត់គេចខ្លួនទៅកាន់ភ្នំអរ៉ារ៉ាត់។ ព្រះបាទអសារ៉ាដូន ជាព្រះរាជបុត្រមួយអង្គទៀត ក៏ឡើងស្នងរាជ្យជំនួសបិតា។ ស្ដេចតែងតាំងលោកអហ៊ីការ ដែលជាកូនរបស់លោកអណ្ណាអែល ជាបងប្អូនខ្ញុំ ឲ្យទទួលខុសត្រូវលើផ្នែកហិរញ្ញវត្ថុ ក្នុងរាជាណាចក្រ។ ដូច្នេះ ក្មួយរបស់ខ្ញុំមានអំណាចត្រួតត្រារាជការទាំងមូល។ 22 ក្នុងរជ្ជកាល ព្រះចៅសេណាកេរិប ស្ដេចស្រុកអាស្ស៊ីរី លោកអហ៊ីការទទួលមុខងារជារាជបម្រើ ចាក់ស្រាថ្វាយព្រះរាជា ជាមន្ត្រីក្រសួងយុត្តិធម៌ អ្នកគ្រប់គ្រងរាជការ និងជាមន្ត្រីទទួលខុសត្រូវលើផ្នែកហិរញ្ញវត្ថុ។ ក្រោយមក ព្រះចៅអសារ៉ាដូន តែងតាំងឲ្យលោកបន្តមុខងារទាំងនេះតទៅទៀត។ លោកអហ៊ីការ ជាញាតិសន្តានរបស់ខ្ញុំ ជួយធ្វើអន្តរាគមន៍ឲ្យខ្ញុំ អាចត្រឡប់មករស់នៅក្រុងនីនីវេវិញ។