ជំពូក ៩

លោក​តូប៊ី‌យ៉ា​ទទួល​ប្រាក់​ជា​បញ្ញើ

1 ពេល​នោះ លោក​តូប៊ី‌យ៉ា​ហៅ​ទេវទូត​រ៉ាផា‌អែល​មក​ប្រាប់​ថា៖ 2 «បង​អសារី‌យ៉ា! សូម​យក​អ្នក​បម្រើ​បួន​នាក់ និង​អូដ្ឋ​ពីរ​ក្បាល​ទៅ​ផ្ទះ​លោក​កាបា‌អែល នៅ​ក្រុង​រ៉ាកែស សូម​បង​យក​សំបុត្រ​ផ្ញើ​ប្រាក់​ជូន​គាត់ ហើយ​ទទួល​យក​ប្រាក់​នោះ​មក​វិញ រួច​ចូរ​នាំ​លោក​កាបា‌អែល​មក​ជា​មួយ​បង​ផង ដើម្បី​ចូល​រួម​ពិធី​មង្គល‌ការ។ 3 បង​ដឹង​ស្រាប់​ហើយ​ថា ឪពុក​ខ្ញុំ​មុខ​ជា​ទន្ទឹង​មើល​ផ្លូវ​ខ្ញុំ​ត្រឡប់​ទៅ​វិញ។ ប្រសិន​បើ​ខ្ញុំ​យឺត​តែ​មួយ​ថ្ងៃ​នោះ ខ្ញុំ​មុខ​ជា​ធ្វើ​ឲ្យ​គាត់​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​មិន​ខាន។ 4 ម៉្យាង​ទៀត បង​ជ្រាប​ហើយ​ថា អ៊ំ​រ៉ាគូ‌អែល​បាន​ស្បថ‌ស្បែ មិន​ឲ្យ​ខ្ញុំ​ចាក​ចេញ​ពី​ផ្ទះ​គាត់​ឡើយ។ ហេតុ​នេះ​ខ្ញុំ​មិន​អាច​បំពាន​ពាក្យ​សម្បថ​របស់​គាត់​ទេ!»។ 5 ទេវទូត​រ៉ាផា‌អែល​នាំ​អ្នក​បម្រើ​បួន​នាក់ និង​អូដ្ឋ​ពីរ​ក្បាល​ចេញ​ទៅ​ក្រុង​រ៉ាកែស នៅ​ស្រុក​ម៉ែដ ហើយ​ស្នាក់​នៅ​ផ្ទះ​លោក​កាបា‌អែល​មួយ​យប់។ គាត់​ប្រគល់​សំបុត្រ​ព្រម​ព្រៀង​ផ្ញើ​ប្រាក់ និង​ជម្រាប​លោក​អំពី​លោក​តូប៊ី‌យ៉ា ជា​កូន​លោក​តូប៊ីត ដែល​បាន​រៀប​ការ ហើយ​អញ្ជើញ​លោក ទៅ​ចូល​រួម​ក្នុង​ពិធី​មង្គល‌ការ​នោះ​ផង។ លោក​កាបា‌អែល​រាប់​ថង់ ដែល​មាន​បិទ​ត្រា​ហើយ​យក​ថង់​ប្រាក់​ទាំង​នោះ​ដាក់​លើ​ខ្នង​អូដ្ឋ។ 6 រួច​គេ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​តាំង​ពី​ព្រលឹម ដើម្បី​ចូល​រួម​ក្នុង​ពិធី​អាពាហ៍‌ពិពាហ៍។ ពួក​គេ​ចូល​ទៅ​ដល់​ផ្ទះ​លោក​រ៉ាគូ‌អែល ហើយ​ជួប​លោក​តូប៊ី‌យ៉ា​អង្គុយ​រួម​តុ​ជា​មួយ​គ្នា។ គាត់​ស្ទុះ​ក្រោក​ឡើង ហើយ​ជម្រាប​សួរ​លោក​កាបា‌អែល។ លោក​កាបា‌អែល​យំ ហើយ​ជូន​ពរ​លោក​តូប៊ីត​ដូច​ត​ទៅ៖ «កូន​ដ៏​ប្រពៃ​របស់​មនុស្ស​ម្នាក់​ដ៏​ប្រសើរ​ដែល​សុចរិត និង​ចិត្ត​ល្អ! សូម​ព្រះ‌ជាម្ចាស់​ប្រទាន‌ពរ​ពី​ស្ថាន‌បរម​សុខ មក​ក្មួយ មក​ប្រពន្ធ​របស់​ក្មួយ មក​ឪពុក‌ម្ដាយ​របស់​ប្រពន្ធ​ក្មួយ​ផង! សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ដ្បិត​ខ្ញុំ​បាន​ឃើញ​កូន​គាត់ ក៏​ដូច​ជា​ខ្ញុំ​បាន​ឃើញ​បង​តូប៊ីត​ផ្ទាល់​ដែរ»។