ជំពូក ១០
លោកតូប៊ីត និងអ្នកស្រីហាណ្ណារង់ចាំកូនត្រឡប់មកវិញ
1 ពីមួយថ្ងៃទៅមួយថ្ងៃ លោកតូប៊ីតអង្គុយរាប់ចំនួនថ្ងៃ ដែលកូនធ្វើដំណើរទៅ និងថ្ងៃដែលកូនត្រូវត្រឡប់មកវិញ។ កាលចំនួនថ្ងៃទាំងនោះ បានកន្លងផុតទៅហើយ នៅតែមិនទាន់ឃើញ កូនត្រឡប់មកវិញទៀត។ 2 គាត់នឹកគិតថា «គេប្រហែលជាឃាត់វានៅទីនោះទេដឹង? ឬលោកកាបាអែលប្រហែលជាស្លាប់ ហើយគ្មាននរណាអាចប្រគល់ប្រាក់ឲ្យវាទេមើលទៅ?» 3 គាត់ចាប់ផ្ដើមព្រួយបារម្ភ។ 4 អ្នកស្រីហាណ្ណាជាភរិយាពោលថា៖ 5 «កូនខ្ញុំស្លាប់ហើយ! វាមិនរស់ទៀតទេ!» អ្នកស្រីចាប់ផ្ដើមយំ និងរៀបរាប់អាណិតកូន ដោយប្រាប់ថា៖ «កូនអើយ! ម្ដាយត្រូវតែកើតទុក្ខវេទនា! ម្ដាយបណ្ដោយឲ្យកូនដែលជាកែវភ្នែករបស់ម្ដាយចាកចេញទៅ!»។ 6 លោកតូប៊ីតនិយាយតបទៅគាត់ថា៖ «នៅឲ្យស្ងៀមម៉ែវា! កុំព្រួយបារម្ភអ្វី! កូនយើងសុខសប្បាយទេ! ពួកគេទាំងពីរមុខជាជួបឧបសគ្គអ្វីមួយនៅទីនោះហើយ ព្រោះអ្នកដែលធ្វើដំណើរជាមួយវា ជាមនុស្សគួរឲ្យទុកចិត្ត និងជាសាច់ញាតិរបស់យើងទៀត។ កុំបារម្ភពីកូនអី! បន្តិចទៀត កូនយើងមុខជាត្រឡប់មកវិញមិនខាន!»។ 7 ប៉ុន្តែ អ្នកស្រីឆ្លើយថា៖ «កុំមានប្រសាសន៍ទៀត! សូមឈប់និយាយកុហកខ្ញុំទៅ! កូនខ្ញុំបាត់បង់ជីវិតទៅហើយ!»។ រៀងរាល់ថ្ងៃ អ្នកស្រីហាណ្ណាតែងរូតរះចេញពីផ្ទះតាំងពីព្រលឹម ទៅសម្លឹងមើលផ្លូវដែលកូនរបស់គាត់ចាកចេញទៅ ដ្បិតគាត់មិនទុកចិត្តនរណាទាល់តែសោះ។ ពេលថ្ងៃលិច ទើបគាត់ចូលផ្ទះវិញ ហើយយំសោកសៅពេញមួយយប់សម្រាន្តមិនលក់សោះ។
8 លុះពិធីរៀបមង្គលការកូនស្រីរបស់លោករ៉ាគូអែលក្នុងរយៈពេលដប់បួនថ្ងៃ តាមពាក្យសម្បថរបស់លោក បានចប់សព្វគ្រប់ហើយ លោកតូប៊ីយ៉ា ទៅជម្រាបលោករ៉ាគូអែលថា៖ «សូមលោកឪពុកមេត្តាអនុញ្ញាត ឲ្យកូនចាកចេញទៅផ្ទះរបស់ឪពុកកូនវិញ ដ្បិតកូនដឹងច្បាស់ថា ឪពុកម្ដាយរបស់កូន មុខជាអស់សង្ឃឹមថាបានជួបមុខកូនទៀតហើយ!។ ហេតុនេះ សូមលោកឪពុកមេត្តាអនុញ្ញាតឲ្យកូនត្រឡប់ទៅផ្ទះរបស់ឪពុកកូនវិញផង! ដូចកូនធ្លាប់បានរៀបរាប់ អំពីសភាពរស់នៅរបស់ឪពុកកូន ជូនលោកឪពុកជ្រាបស្រាប់ហើយ!»។ 9 ប៉ុន្តែ លោករ៉ាគូអែលប្រាប់លោកតូប៊ីយ៉ាថា៖ «កូនអើយ! ចូរនៅទីនេះជាមួយឪពុកហើយ! ពុកនឹងចាត់អ្នកនាំសារ ឲ្យយកដំណឹងនេះ ទៅប្រាប់ឪពុករបស់កូន»។ លោកតូប៊ីយ៉ាតបថា៖ «ទេ! សូមលោកឪពុកមេត្តាអនុញ្ញាតឲ្យកូនត្រឡប់ទៅផ្ទះឪពុករបស់កូនវិញផង!»។ 10 ពេលនោះ លោករ៉ាគូអែលប្រគល់នាងសារ៉ាជាភរិយាទៅឲ្យលោកតូប៊ីយ៉ា ព្រមទាំងទ្រព្យសម្បត្តិចំនួនពាក់កណ្ដាលរបស់លោក អ្នកបម្រើប្រុសស្រី គោ ចៀម លា អូដ្ឋ សម្លៀកបំពាក់ មាស ប្រាក់ និងរបស់របរផ្សេងៗទៀតជាច្រើន។ 11 លោកបានអនុញ្ញាតឲ្យពួកគេចាកចេញទៅ ទាំងសប្បាយរីករាយ។ លោកជូនពរលោកតូប៊ីយ៉ាដូចតទៅ៖ «សូមឲ្យកូនមានសុខភាពល្អ! កូនអើយ សូមធ្វើដំណើរទៅដោយសុវត្តិភាព! សូមព្រះអម្ចាស់នៃស្ថានបរមសុខដឹកនាំកូន និងនាងសារ៉ាជាភរិយារបស់កូនផង! សូមឲ្យពុកអាចឃើញមុខចៅ មុនពេលពុកចែកស្ថានទៅ!»។ 12 លោកពោលទៅកាន់នាងសារ៉ាជាកូនស្រីគាត់ថា៖ «ចូរកូនទៅផ្ទះឪពុកក្មេករបស់កូនចុះ! តាំងពីពេលនេះតទៅ ឪពុកម្ដាយរបស់ប្ដីកូនក៏ដូចជាឪពុកម្ដាយបង្កើតរបស់កូនដែរ។ ចូរទៅឲ្យបានសុខសាន្តចុះ! កូនស្រីអើយ! សូមឲ្យពុកឮគេនិយាយល្អអំពីកូនស្រី គ្រប់ពេលដែលឪពុកនៅមានជីវិត»។ បន្ទាប់មក គាត់លើកដៃជូនពរគេ ហើយឲ្យពួកគេចាកចេញទៅ។ 13 អ្នកស្រីអេដណាពោលទៅកាន់លោកតូប៊ីយ៉ាថា៖ «កូនដ៏ជាទីស្រឡាញ់! សូមព្រះអម្ចាស់នាំកូនត្រឡប់មកវិញ! សូមព្រះអង្គប្រោសប្រទានឲ្យម្ដាយមានអាយុវែង ដើម្បីបានឃើញមុខចៅ មុននឹងម្ដាយចែកស្ថានទៅ។ ដោយមានព្រះអម្ចាស់ជាសាក្សី ម្ដាយសូមប្រគល់កូនស្រី ឲ្យកូនថែរក្សានាង។ ចូរកូនកុំធ្វើឲ្យនាងពិបាកចិត្តអស់មួយជីវិតកូនអើយ! សូមអញ្ជើញទៅដោយសុខសាន្តចុះ! ចាប់តាំងពីថ្ងៃនេះទៅ ម្ដាយគឺជាម្ដាយរបស់កូន ហើយនាងសារ៉ាជាភរិយារបស់កូន។ សូមឲ្យយើងទាំងអស់គ្នាជួបតែសេចក្ដីសុខ ជារៀងរាល់ថ្ងៃអស់មួយជីវិត ដូចនៅថ្ងៃនេះ!»។ រួចគាត់ឱបថើបកូនទាំងពីរ និងឲ្យគេចេញដំណើរដោយសប្បាយរីករាយ។ 14 ដូច្នេះ លោកតូប៊ីយ៉ាចាកចេញពីផ្ទះលោករ៉ាគូអែលទាំងចិត្តអំណរសប្បាយ និងលើកតម្កើងព្រះអម្ចាស់នៃផ្ទៃមេឃ និងផែនដី គឺជាព្រះមហាក្សត្រនៃពិភពទាំងមូល ព្រោះព្រះអង្គបានប្រោសឲ្យគាត់ធ្វើដំណើរប្រកបដោយជោគជ័យ។ លោករ៉ាគូអែលប្រាប់លោកតូប៊ីយ៉ាថា៖ «សូមឲ្យកូនមានអំណរសប្បាយ ដោយគោរពបម្រើឪពុកម្ដាយជារៀងរាល់ថ្ងៃអស់មួយជីវិត»។